ដោយមានជំនឿថា ភាពសក្តិសិទ្ធិនៃដើមពោធិ៍ ឬពោធិព្រឹក្ស
(សំស្ក្រឹត)
ដែលជាដើមឈើប្រកបដោយបារមីដ៏ខ្លាំងក្លាជាងដើមឈើនានាទាំងពួងនោះ
ទើបជនជាតិខ្មែរគោរពបូជាដើមឈើនេះតាំងពីបរមបុរាណរហូតមកទល់សព្វថ្ងៃ។
តាមអ្នកបុរាណវិទ្យាបានឲ្យដឹងថា ដើមពោធិ៍ឬដើមជ្រៃ
មានការពាក់ព័ន្ធទៅនឹងជំនឿជីវចលនិយមឬព្រលឹងនិយមដែលមានអាយុកាល
ច្រើនពាន់ឆ្នាំមុនកំណើតនៃលទ្ធិព្រហ្មញ្ញសាសនា
និងព្រះពុទ្ធសាសនាទៅទៀត។
ជំនឿបែបនេះក៏ត្រូវបានគេបញ្ចូលក្នុងប្រព័ន្ធជំនឿសាសនាបែបព្រាហ្ម
និយម និងពុទ្ធនិយម។
ជនជាតិខ្មែរយើងរមែងតែងចាត់ទុកដើមពោធិ៍ គឺជាលំនៅស្ថានរបស់អ្នកតាចាស់ស្រុក។ ការសន្មត់ដូចនេះហើយ បានជាខ្មែរបុរាណនាំគ្នាដុតធូប ទៀន ប្រគេនថ្វាយអាហារមានជាចំណីចម្អាបជាដើម។ ខ្មែរបុរាណទាំងឡាយពេលជួបវិបត្តិក្នុងជីវិតម្តងៗក៏តែងទៅបន់ស្រន់ ដល់អ្នកតាដើម្បីសុំសេចក្តីសុខសប្បាយ ឬក៏សុំឲ្យលោកតាធ្វើជាសក្សីចំពោះសេចក្តីស្នេហារបស់កំលោះក្រមុំ ជាដើម។ ការសែនព្រេនបន់ស្រន់ គេធ្វើឡើងដោយច្រូចស្រា ឬការប្រើទឹកផ្សេងទៀតតាមការនិយមរបស់ប្រជាជននៃតំបន់នីមួយ។
ដើមពោធិ៍ក្នុងពុទ្ធប្រវត្តិ គំនូរស.វទី២០ (ម.ត ២០១០)
ជំនឿរបស់ខ្មែរបុរាណលើរុក្ខជាតិ និងអច្ឆរិយភាពទៅលើវត្តមានរបស់អ្នកតានេះ បានកើតមានឡើងក្រោមឥទ្ធិពលរបស់លទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនានាដើមសតវត្សរ៍ទី១នៃគ្រិស្តសករាជ។ ក្នុងសម័យវប្បធម៌ឥណ្ឌា-ខ្មែរ ជនជាតិខ្មែរយើងបានជ្រើសរើសដើមពោធិ៍ជានិមិត្តរូបនៃការត្រាស់ដឹង របស់ព្រះសម្មាសម្ពុទ្ធដោយហេតុថា ព្រះពុទ្ធអង្គបានត្រាស់ដឹងនៅក្រោមដើមពោធិ៍ព្រឹក្ស។ រីឯអ្នកកាន់ព្រាហ្មសាសនាវិញ គេនៅតែចាត់ទុកថា ដើមពោធិ៍ ជាពិសេសស្លឹកពោធិ៍ជានិមិត្តរូបរបស់យោនីរបស់ព្រះនាងឧមា ឬបរវត្តី ដែលនេះគឺជាប្រភពនៃសិរីសួស្តី និងភាពត្រជាក់ត្រជុំ។
គំនូសលើថ្ម និង ចម្លាក់នៃស្លឹកពោធិ៍ សំណ អង្គរបុរី (ម.ត ១៩៩៥) និង ស្លឹកពោធិ៍មកពីឥណ្ឌា
អត្ថន័យខាងលើ ត្រូវបានកំណត់តាមរយៈរូបរាងស្លឹកពោធិ៍ ដែលមានការប្រៀបធៀបទៅជាលក្ខណៈកេរ្តិ៍ខ្មាសអង្គជាតិរបស់ស្ត្រីភេទ ដែលជាមាតារបស់មនុស្សជាតិ។ ក្នុងសម័យវប្បធម៌នគរភ្នំ ពិធីសាសនាខ្មែរបុរាណបានប្រើប្រាស់ស្លឹកពោធិ៍ធ្វើអំពីសំណ កែវ ឬមាសអាស្រ័យដោយមូលហេតុនិមិត្តរូបរបស់វា។ ទោះយ៉ាងណាក៏ដោយ ក៏គេមិនទាន់ដឹងនៅឡើយថា តើស្លឹកពោធិ៍ដែលគេបានជួបប្រទះក្នុងស្ថានីយ៍ប្រវត្តិសាស្ត្រ ឬបុរេអង្គរដូចជានៅអូរកែវ អ៊ូរថង និងអង្គរបុរីជាដើមត្រូវបានសាសនា ឬជនជាតិនិកាយណាប្រើប្រាស់នៅក្នុងពិធីសាសនារបស់ខ្លួនផងទេ៕
(ម.ត្រាណេ)
ប្រភព ៖ cen.com.kh
No comments:
Post a Comment