បើរំឭកដល់ថ្ងៃចូលឆ្នាំថ្មីកាលពីជំនាន់មុន
ប្រជាពលរដ្ឋខ្មែរភាគច្រើនទាំងកំលោះក្រមុំ និងក្មេងចាស់
តែងតែមកជួបគ្នាលេងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយ។
បច្ចុប្បន្ននេះ
ល្បែងប្រជាប្រិយដែលធ្លាប់តែទទួលបានការពេញនិយមរបស់ប្រជាពលរដ្ឋ
ខ្មែរទូទៅបែរជាពុំសូវត្រូវបានយកចិត្ដទុកដាក់ទៅវិញ។
យុវវ័យខ្មែរមួយចំនួន
មិនបានដឹងថាអ្វីទៅជាល្បែងប្រជាប្រិយខ្មែរហើយមិនដឹងថាលេងយ៉ាង
ដូចម្ដេចផង។
ក្នុងនាមជាយុវជនសម័យថ្មីដែលមកពីខេត្ដកណ្ដាល លោក រ៉ាន់ សុធា
អាយុ២៣ឆ្នាំ បានប្រាប់ពីវិធីលេងបោះអង្គញ់ដែលលោកធ្លាប់លេងថា
អ្នកលេងត្រូវចែកជា២ក្រុមដែលក្រុមទី១ជាអ្នកដាំកោយអង្គញ់រីឯ
ក្រុមទី២ជាអ្នកចាំបោះ។
លោកបានបន្តថានៅពេលដែលក្រុមទី២ចោលត្រូវគ្រាប់អង្គញ់ទាំង
អស់ពួកគេត្រូវផ្លាស់មកដាំកោយអង្គញ់វិញ។
ក្រោយពេលផ្លាស់ប្ដូរគ្នាចោលអង្គញ់រួចមក
ប្រសិនបើក្រុមណាមួយចោលមិនត្រូវអង្គញ់ទាំងអស់នោះទេ
ក្រុមមួយទៀតមានសិទ្ធិជោះជង្គង់។
ជាទូទៅ យើងសង្កេតឃើញយុវជនបច្ចុប្បន្នតែងតែប្រើវិធីលេងដូចខាងលើនេះ។ តើការលេងដ៏ត្រឹមត្រូវគេលេងយ៉ាងដូចម្ដេច?
ចំពោះការបកស្រាយអំពីវិធីលេងបោះអង្គញ់នេះ លោក អន ឈាវហេង
ជាអនុប្រធានការិយាល័យសិល្បៈទស្សនីយភាព បានឲ្យដឹងថាបច្ចុប្បន្ននេះ
យុវជនខ្មែរមួយចំនួនតែងតែយកផ្នែកងាយស្រួលនៃល្បែងបោះអង្គញ់មក
លេងប៉ុណ្ណោះ។ ជាការពិត
ល្បែងនេះអាចលេងចាប់ពីមនុស្ស២នាក់ឬច្រើននាក់ដែលបែងចែកជា២
ក្រុមក្នុងចំនួនសមាជិកស្មើគ្នា។ ម្ខាងជាអ្នកដាំកោយអង្គញ់
(កោយ៣ ឬ៥) រីឯក្រុមម្ខាងទៀត ជាអ្នកចាំបោះផ្ដួលគ្រាប់អង្គញ់។
លោក
បានពន្យល់ថាការបោះអង្គញ់ត្រូវបែងចែកជា៦ថ្នាក់រួមមានការបោះ
ពីទីតម្រង់ទៅកោយដាំការបាញ់ដោយម្រាមដៃដាក់លើក្បាលជង្គង់ការ
បាញ់ដោយប្រើម្រាមដៃដាក់ផ្ទាល់នឹងដី
ការប្រមៀលអង្គញ់មកពីទីដាក់អង្គញ់លើខ្នងជើងដើររួចគ្រវាត់ទៅ
គ្រាប់អង្គញ់និងការបោះជោះជាចុងក្រោយបំផុត។
រីឯការលេងក្នុងដំណាក់កាលនីមួយៗនៃល្បែងប្រជាប្រិយនេះ
មានលក្ខខណ្ឌជាច្រើនផ្សេងទៀតហើយបើអ្នកលេងធ្វើខុសនូវលក្ខខណ្ឌណា
មួយ ពួកគេនឹងត្រូវទទួលពិន័យដូចជា
ការធ្វើភ្នែកស្រលៀងឬធ្មេចភ្នែកបោះអង្គញ់ជាដើម។
លុះដល់ពេលបោះចប់សព្វគ្រប់ភាគីខាងអ្នកផ្ដួលកោយអង្គញ់អស់មាន
សិទ្ធិមកជោះក្រុមម្ខាងទៀតតាមអ្វីដែលពួកគេបានសន្យាទុក។
នេះគ្រាន់តែជាទម្រង់នៃការលេងល្បែងបោះអង្គញ់ក្នុងចំណោមល្បែង
ប្រជាប្រិយខ្មែរជាច្រើនទៀត។
បើការបំប្លែងល្បែងណាមួយឲ្យកាន់តែទទួលបានការពេញនិយមវាមិនអាច
ចោទជាបញ្ហានោះទេ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះ
យុវជនបច្ចុប្បន្នបែរជាលេងល្បែងប្រជាប្រិយខុសបែបបទដែលមិនទទួល
បានការគាំទ្រទេ។ ជាក់ស្ដែង
ការលេងគប់ឬវាយគ្នាស្ទើរធ្លាក់ក្អួតក្នុងល្បែងចោលឈូងនិងលាក់
កន្សែងបានរអាដល់យុវជនដទៃមិនចង់លេងទៀតទេ។
លោក ផល សារាវុធ
ជាអនុប្រធានការិយាល័យសិក្សានៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈបាន
លើកឡើងថាធម្មតាខណៈពេលពួកគាត់មានការស្និទ្ធស្នាលគ្នាមកលេង
ជាមួយគ្នាដូចជា ជាដេញវាយខ្លាំងៗ
ពួកគាត់ពុំគិតថាវាជាបញ្ហាអ្វីធំដុំនោះទេ។
លោកបានបន្តថានៅពេលដែលពួកគាត់លេងបែបនេះញឹកញយវាប្រហែលជា
អាចប៉ះពាល់ដល់អារម្មណ៍អ្នកដទៃឬរហូតអាចក្លាយទៅជាការឈ្លោះ
ប្រកែកគ្នាទៀតផង។
តាមពិតទៅល្បែងប្រជាប្រិយខ្មែរយើងដូចជាការលេងលាក់កន្សែងគឺគេ
ដេញវាយគ្នាដោយប្រើកម្លាំងតិចៗល្មមដើម្បីបង្កើតជាបរិយាកាសសប្បាយ
រីករាយនិងហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹងរហ័សរហួនតែប៉ុណ្ណោះ។
វាពុំមែនដើម្បីឲ្យពួកគេបញ្ចេញកំហឹងដោយការរត់ដេញវាយគ្នា
ខ្លាំងៗនោះឡើយ។
នៅក្នុងចំណោមល្បែងប្រជាប្រិយខ្មែរទាំងអស់ល្បែងសីជាល្បែងដែល
គេនិយមឃើញកំលោះ
ឬក្មេងប្រុសជំទង់ៗតែងតែលេងនៅលើទីវាលនាពេលថ្ងៃត្រជាក់នៅរដូវ
រំហើយនោះក៏ត្រូវយុវជនខ្មែរយើងមួយចំនួនយល់ច្រឡំពីរបៀបនៃការ
លេងផងដែរ។
បើយោងតាមសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» ដែលសរសេរ
និងរៀបរៀងដោយក្រុមជំនុំទំនៀមទម្លាប់ខ្មែរនាគ្រិស្ដសករាជ១៩៦៤
បានឲ្យដឹងថា សីខ្មែរត្រូវបានចែកចេញជា៣ប្រភេទ
«សីមេលោង»«សីដក់» និង«សីពែន»
ដែលមានរូបរាងនិងរបៀបនៃការលេងខុសប្លែកពីគ្នា។ សីមេលោង និងសីដក់
ផលិតឡើងពីបន្ទះផ្តៅនិងមានរូបរាងមូលប៉ុន្ដែសីដក់មានរូបរាង
និងក្រឡាធំជាងត្រូវបានលេងដោយប្រើកែងដៃក្បាលជង្គង់ឬស្មា
រីឯសីមេលោងវិញគេលេងវាដោយប្រើខ្នងជើង។
សីពែនមានរូបរាងមិនខុសគ្នាប៉ុន្មានពីសីជ័ររោមសត្វដែលគេ
ដាក់តាំងលក់នៅតាមទីផ្សារប៉ុន្មាននោះទេ។
ជាទូទៅយុវជនខ្មែរលេងដោយប្រើកែងដៃក្បាលស្មងជើងជង្គង់ឬបាតដៃ។
ប៉ុន្តែល្បែងសីមួយប្រភេទនេះខ្មែរយើងលេងដោយប្រើបាតជើងប៉ុណ្ណោះ។
យុវជនខ្លះទៀតមិនបានស្គាល់សីមេលោងនិងសីដក់នោះឡើយពួកគេបែរជា
យកវាលេងដូចជាបាល់ទាត់ទៅវិញ។
ក្រៅពីការលេងបោះអង្គញ់ ចោលឈូង លាក់កន្សែង
និងល្បែងសីខ្មែរយើងក៏មាននូវល្បែងប្រជាប្រិយរាប់សិបប្រភេទផ្សេង
ទៀតរួម មានខ្លែងចាប់កូនមាន់ លោតអន្ទាក់ ស្តេចចង់ឬអៀវ ឱបត្រឡាច
បញ្ជល់មាន់ គ្របមាន់បិទពួន គោះពព្លាក់ កូនគោល រាវបង្កង ចោះប្រមាត់
បាយខុំលាក់កូនកាស លាក់ធ្យូង ប៉ក់ចាប វាយក្អម និងចត្រង្គជាដើម។
ល្បែងប្រជាប្រិយខ្មែរស្ទើរតែទាំងអស់សុទ្ធតែបានផ្តល់នូវអត្ថ
ប្រយោជន៍ខាងកាយសម្បទា ផ្លូវចិត្តកម្លាំងស្មារតី
និងបង្កើនភាពសប្បាយរីករាយ។
ជាចុងក្រោយលោក អន ឈាវហេង បានលើកឡើងថា៖
«កាលដែលយុវជនខ្មែរចូលរួមលេង
និងអភិរក្សល្បែងប្រជាប្រិយខ្មែរយើងនោះវាជាការល្អណាស់ហើយ។
ប៉ុន្តែពួកគាត់គួរតែចូលរួមសិក្សាស្រាវជ្រាវបន្ថែម
និងលេងល្បែងប្រជាប្រិយទាំងនេះតាមក្បួនច្បាប់ដែលបានចែងពីដូនតា
ចៀសវាងការយកត្រឹមតែផ្នែកងាយស្រួលមួយចំនួនមកលេង។
ទម្លាប់លេងខុសក្បួនខ្នាតនេះមិនយូរប៉ុន្មានល្បែងប្រជាប្រិយខ្មែរ
នឹងអាចបាត់បង់ជាក់ជាមិនខាន»។
ជាការពិតល្បែងប្រជាប្រិយ
របស់ខ្មែរយើងក៏ជាវត្ថុតាងមួយដ៏សំខាន់ដែលអាចបញ្ជាក់ប្រាប់ទៅ
ពិភពលោកពីវប្បធម៌ដ៏អស្ចារ្យនិងរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា
យើងតាំងពីបុរាណកាលមក។
ប៉ុន្តែបើប្រជាជនខ្មែរយើងជាពិសេសយុវវ័យមិនយកចិត្តទុកដាក់
ថែរក្សានិងព្យាយាមលេងល្បែងទាំង
នេះឲ្យត្រូវតាមក្បួនតម្រាត្រឹមត្រូវនោះទេ
មិនយូរប៉ុន្មានកូនខ្មែរយើងជំនាន់ក្រោយប្រាកដជាពុំយល់ឬក៏
ស្គាល់នូវល្បែងប្រជាប្រិយទាំងនេះនោះឡើយ៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment