សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Tuesday, April 16, 2013

ការកាត់ថ្លៃទំនិញខ្ពស់កប់ពពកចង់កោរអ្នកទិញមិនដាក់ទឹកមែនទេ?

បច្ចុប្បន្ន មាន​ទំនិញ​ជា​ច្រើន​ប្រភេទ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៃ​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​ហើយ​ទំនិញ​នាំ​ចូល​ទាំង​នោះ​កំពុង​តែ​ទាក់​ទាញ​អតិថិជន​ជា​ពិសេស​ យុវវ័យ​យ៉ាង​ច្រើន​។ យ៉ាង​ណា​មិញ​នៅ​ក្នុង​ការ​ជ្រើស​រើស​ទំនិញដ៏​សម្បូរ​បែប​នោះ​អ្វី​ដែល​ជា​ បញ្ហា​ចោទ​សម្រាប់​អ្នក​ទិញ​នោះ​គឺ​តម្លៃ​ដ៏​សមរម្យ​នៅ​ពេល​ដែល​អ្នក​លក់​ ទំនិញ​មួយ​ចំនួន​កំណត់​តម្លៃ​ទំនិញ​ថ្លៃ​ហួស​ហេតុ​ពេក។ វា​ធ្វើ​ឲ្យ​អ្នក​ទិញ​ពិបាក​ត​ថ្លៃ​ហើយ​ពួក​គេ​មាន​អារម្មណ៍​ថា​វា​ថ្លៃ​ ជ្រុល​ពេក​ហើយ​ត្រូវ​បាន​អ្នក​លក់​កោរ​មិន​ដាក់​ទឹក​។
វា​ពិបាក​តថ្លៃ​ទំនិញ​ក្នុង​តម្លៃ​មួយ​ដែល​សមរម្យ។​បើ​អ្នក​ទិញ​មិន​ ធ្លាប់​មាន​បទ​ពិសោធ​ទិញ​ទំនិញ​ប្រភេទ​នោះ​ពី​មុន​មក​ទេ​តើ​ពួក​គាត់​ត្រូវ​ ធ្វើ​ដូច​ម្តេច​ទើប​មិន​ត្រូវ​បាន​អ្នក​លក់​កោរ​?​អ្នក​លក់​មួយ​ចំនួន​ឆ្លៀត ​លក់​ទំនិញ​ក្នុង​តម្លៃ​មួយ​ដែល​ខ្ពស់​ខុស​ពី​ធម្មតា​ដែល​ភាសា​សាមញ្ញ​ហៅ​ថា «កោរ»​។ ដូច្នេះ អ្នក​ទិញ​ត្រូវ​ត​ថ្លៃ​មុន​នឹង​ទិញ​វា​។ បើ​និយាយ​ពី​តម្លៃ​នៅ​តាម​ទីផ្សារ​ធម្មតា វា​គ្មាន​តម្លៃ​ថេរ ឬ​ជាក់​លាក់​ណា​មួយ​ដែល​ត្រូវ​បាន​កំណត់​នោះ​ទេ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​អ្នក​ទិញ​ជួប​ប្រទះ​នូវ​ផល​វិបាក​ក្នុង​ការ​តថ្លៃ។

អ្នក នាង អ៊ុល ស្រីមុំ វ័យ​៣៥​ឆ្នាំ ដែល​ធ្លាប់​ជួប​បទ​ពិសោធ​នេះ​បាន​រអ៊ូរទាំ​ថា​ថ្វី​ដ្បិត​តែ​អ្នក​នាង​តែង​ តែ​ទៅ​ផ្សារ​ទិញ​ទំនិញ​ជា​រៀង​រាល់​ថ្ងៃ​ក៏​ដោយ​ក៏​គាត់​នៅ​តែ​ជួប​ផល​វិបាក ​ក្នុង​ការ​តថ្លៃ​ជាមួយ​នឹង​អ្នក​លក់​ដែរ ។​ពេល​ខ្លះ​រូប​គាត់​មាន​ការ​ស្តាយ​ក្រោយ​ក្នុង​ការ​ទិញ​អីវ៉ាន់​មួយ​ចំនួន​ ដោយ​សារ​តែ​គាត់​ខឹង​ថា​វា​មាន​តម្លៃ​ថ្លៃ​ជាង​អ្នក​ដទៃ​ដែល​ទិញ​នូវ​ទំនិញ​ ដូច​គ្នា​ប៉ុន្តែ​មាន​តម្លៃ​ថោក​ជាង​។
អ្នក​នាង បាន​អះអាង​ថា៖ «ខ្ញុំ​មាន​បទ​ពិសោធ​ក្នុង​ការ​ដើរ​ទិញ​អីវ៉ាន់​ច្រើន​ឆ្នាំ​មក​ហើយ។​វា​បាន ​ក្លាយ​ជា​ការ​ទទួល​ខុស​ត្រូវ​និង​ការ​ងារ​ជា​ប្រចាំ​របស់​ខ្ញុំ​នៅ​ក្នុង​ គ្រួសារ​ទៅ​ហើយ​។​បើ​សិន​ជា​ខ្ញុំ​ទិញ​ទំនិញ​ដែល​មាន​តម្លៃ​ស្មើ​នឹង​អ្នក​ ដទៃ​ចំពោះ​មុខ​ទំនិញ​ដូច​គ្នា វា​មិន​ថ្វី​ទេ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អន់​ចិត្ត​នោះ​គឺ​ទំនិញ​ ប្រភេទ​ដូច​គ្នា​ទាំង​ស្រុង​បែរ​ជា​ខ្ញុំ​ទិញ​ថ្លៃ​ជាង​អ្នក​ដទៃ​ទៅ​វិញ​។ វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​អន់​ចិត្ត និង​មួម៉ៅ​ណាស់​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​បែប​នេះ​ពី​ព្រោះ​ខ្ញុំ​មាន​ អារម្មណ៍​ថា​ខ្ញុំ​ត្រូវ​បាន​គេ​កោរ​»។
វា​នៅ​តែ​ជា​បញ្ហា​សម្រាប់​តម្លៃ​នៃ​ផលិតផល​ទូទៅ​នៅ​ក្នុង​ទីផ្សារ​។​ជា​ ការ​ពិត​យើង​ប្រហែល​ជា​ធ្លាប់​បាន​ឮ​នូវ​ពាក្យ​មួយ​ឃ្លា​ថា៖ «អ្នក​លក់​តែង​តែ​ចង់​ចំណេញ រី​ឯ​អ្នក​ទិញ​តែង​តែ​ចង់​ចំណាយ​តិច​សម្រាប់​ផលិតផល​គុណភាព​ល្អ»។ ប្រយោគ​មួយ​ឃ្លា​នេះ​គឺជា​ការ​ពិត​ប៉ុន្តែ​អ្នក​លក់​ផ្ទាល់​គួរ​តែ​កំណត់​ នូវ​តម្លៃ​មួយ​ដែល​សមរម្យ​នៅ​លើ​ទីផ្សារ​សម្រាប់​អ្នក​ទិញ​ដោយ​ពួកគេ​មិន​ គួរ​ដាក់​តម្លៃ​ខ្ពស់​ហួស​ហេតុ​ពេក​ទេ។
នារី​វ័យ​២១​ឆ្នាំ​ម្នាក់​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ដើរ​ផ្សារ​ហើយ​តែង​ តែ​ចាត់​ទុក​ថា​ការ​ដើរ​ផ្សារ​ជា​សកម្មភាព​ជា​ប្រចាំ កញ្ញា ម៉ុល ចាន់ណា បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ចូល​ចិត្ត​ការ​ដើរ​ទិញ​អីវ៉ាន់​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ចូល​ចិត្ដ​អ្នក​លក់​ដែល​តែង​តែ​កំណត់​តម្លៃ ទំនិញ​ខ្ពស់ៗ​ពេក​នោះ​ទេ​។ ជាក់​ស្តែង​ខ្ញុំ​ចង់​ទិញ​ខោ​មួយ​កាត់​ថ្លៃ​២២​ដុល្លារ។ ដំបូង​ខ្ញុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទិញ​វា និង​តថ្លៃ​អ្នក​លក់​ពីព្រោះ​វា​ហាក់​បី​ដូច​ជា​មាន​តម្លៃ​ខ្ពស់​ជាង​ការ​គិត ​របស់​ខ្ញុំ​ពេក។ ខ្ញុំ​គិត​មួយ​ភ្លែត​ហើយ​ក៏​សម្រេច​ចិត្ត​ថា ឲ្យ​ថ្លៃ​ត្រឹម​តែ​១៣​ដុលា្លរ ដោយ​មិន​សង្ឃឹម​ថា គេ​នឹង​លក់​នោះ​ទេ​ប៉ុន្តែ​អ្នក​លក់​បែរ​ជា​លក់​ក្នុង​តម្លៃ​នោះ​ភ្លាម»។
កញ្ញា ចាន់ណា បាន​បន្ថែម​ថា​កញ្ញា​សោក​ស្តាយ​ណាស់​បន្ទាប់​ពី​បាន​សម្រេច​ចិត្ត​ទិញ​នៅ​ ក្នុង​តម្លៃ​នោះ​ដោយ​សារ​តែ​កញ្ញា​យល់​ថា​ទំនិញ​នោះ​អាច​មាន​តម្លៃ​ថោក​ជាង​ នេះ​។ ដូច្នេះ​ការ​តថ្លៃ​របស់​កញ្ញា​នៅ​តែ​ថ្លៃ​ជាង​តម្លៃ​ដែល​អ្នក​លក់​អាច​លក់​ បាន​ឆ្ងាយ​ពេក​ដូច្នេះ​កញ្ញា​គិត​ថា​កញ្ញា​ត្រូវ​បាន​អ្នក​លក់​កោរ​ដោយ​សារ​ មិត្ត​ភក្ដិ​ទិញ​ទំនិញ​តែ​មួយ​ដូច​គ្នា​ប៉ុន្តែ​ទទួល​បាន​តម្លៃ​ថោក​ជាង​ កញ្ញា​ទិញ​។
ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ លោក ជា ម៉ុច ប្រធាន​ផ្សារ​ពោធិ៍ចិនតុង បាន​និយាយ​ថា៖ «ជា​ការ​ពិត​ណាស់​សម្រាប់​ផ្សារ​ទូទៅ យើង​ធ្វើ​ការ​គ្រប់​គ្រង​ទៅ​លើ​សន្តិសុខ និង​សណ្តាប់​ធ្នាប់​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​តម្លៃ​នៃ​ការ​លក់​នោះ វា​អាស្រ័យ​ទៅ​លើ​អ្នក​លក់​ខ្លួន​ឯង​ផ្ទាល់​ជា​អ្នក​កំណត់»។
ដូច​ដែល​យើង​បាន​ដឹង​រួច​មក​ហើយ​ថា ការ​ទិញ​ទំនិញ​នៅ​ផ្សារ​ធម្មតា​តែង​តែ​ជួប​ប្រទះ​បញ្ហា​បែប​នេះ​ខុស​ពី​ការ​ ដើរ​ទិញ​ទំនិញ​នៅ​តាម​ផ្សារ​ទំនើប​ដែល​មាន​កំណត់​តម្លៃ​រួច​ជា​ស្រេច​ដោយ​ អតិថិជន​មិន​ចាំ​បាច់​ត្រូវ​ត​ថ្លៃ​ឬ​ក៏​បារម្ភ​ថា​ទំនិញ​ដែល​ខ្លួន​ទិញ​មាន ​តម្លៃ​ថ្លៃ​ជាង​អ្នក​ដទៃ​នោះ​ទេ​។
តាម​រយៈ​បញ្ហា​នេះ​លោក​ស្រី អ៊ិន ផល្លា ដែល​ជា​អាជីវករ​លក់​សម្លៀក​បំពាក់​ក្មេងៗ​នៅ​ផ្សារ​ពោធិ៍ចិនតុង​បាន​និយាយ​ ថា៖​«វា​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​លក់​ធ្វើ​ការ​កាត់​ថ្លៃ​ដោយ​សារ​តែ​វា​ ជា​ប្រពៃណី​ទៅ​ហើយ​បើ​សិន​ជា​យើង​មិន​កាត់​ថ្លៃ​ខ្ពស់ អ្នក​ទិញ​បែរ​ជា​បន្ទាប​តម្លៃ​យើង​ពេក​។ ដូច្នេះ​យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​បែប​នេះ។​មួយ​វិញ​ទៀត​ការ​លក់​អីវ៉ាន់​ នៅ​ទី​ផ្សារ​ធម្មតា​វា​គឺជា​រឿង​សាមញ្ញ​ដែល​អ្នក​លក់​ស្ទើរ​តែ​ទាំង​អស់​ ធ្វើ​បែប​នេះ​ដូច្នេះ​ខ្ញុំ​មិន​អាច​លក់​ដូរ​ឲ្យ​ខុស​ពី​គេ​នោះ​ទេ​»។
អ្នក​ស្រី បាន​បន្ថែម​ថា តាម​ពិត​ការ​លក់​នៅ​ផ្សារ​ធម្មតា តែង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​បែប​នេះ​ពីព្រោះ​អ្នក​លក់​ផ្សេង​គ្នា រីឯ​នៅ​ផ្សារ​ទំនើប​វិញ អ្នក​គ្រប់​គ្រង​តែ​ម្នាក់​សម្រាប់​ផលិត​ផល​ប្រើ​ប្រាស់​ទូទៅ​។ ដូច្នេះ​វា​មាន​លក្ខណៈ​ខុស​គ្នា បែប​នេះ។
បញ្ហា​នេះ​មិន​ត្រឹម​តែ​កើត​ឡើង​នៅ​ថ្ងៃ​ធម្មតា​នោះ ទេ វា​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ទៀត​ចំពោះ​ឱកាស​ពិសេស​ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ ខ្មែរ ចូល​ឆ្នាំ ចិន និង​ភ្ជុំបិណ្ឌ​ជា​ដើម។​អ្នក​លក់ មួយ​ចំនួន​ចាប់​យក​ឱកាស នេះ​ដើម្បី​ទាញ​ផល​ចំណេញ​លើស​លប់​ពី​អ្នក​ទិញ​ដោយ​ដំឡើង តម្លៃ​ខ្ពស់​ទេ្វ​ដង​។
ទំនិញ​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ថ្វី​ដ្បិត​តែ​មាន​ការ​ឡើង​ ថ្លៃ​ខ្លះៗ​ក៏​ដោយ អ្នក​ផ្តល់​សេវាកម្ម ផ្សេងៗ និង​អ្នក​លក់​គួរ​តែ​កំណត់​តម្លៃ​មួយ​សមរម្យ​ដែល​អតិថិជន​អាច​ទទួល​យក​បាន​ កុំ​ឲ្យ​កាត់​ខ្ពស់​ហួស​ហេតុ​ពេក​។ ជាង​នេះ​ទៅ​ទៀត​ការ​ជឿ​ទុក​ចិត្ត​គឺ​ជា​កត្តា​សំខាន់​មួយ​ដែល​អ្នក​លក់​និង​ អ្នក​ផ្តល់​សេវាកម្ម​អាច​អូស​ទាញ​និង​ឱកាស​ទាញ​យក​អតិថិជន​បន្ថែម​ដូច្នេះ​ អ្នក​លក់​ទំនិញ​គួរ​តែ​កំណត់​តម្លៃ​មួយ​សមរម្យ​ដើម្បី​កសាង​ទំនាក់​ទំនង​និង ​ទំនុក​ចិត្ត​ជា​មួយ​អតិថិជន​។
ការ​ជឿ​ទុក​ចិត្ត​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដែល​អាច​រក្សា​នូវ​អតិថិជន​បាន៕

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment