សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Thursday, March 28, 2013

កង្វះសុជីវជម៌ក្នុងការបើកបរ និងគ្មានការទទួលខុសត្រូវ អាចបង្កគ្រោះថ្នាក់យ៉ាងសង្វេគ

ជារៀងរាល់​ថ្ងៃ​នៅ​តាម​បណ្ដា​កាសែត ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ និង​គេហទំព័រ​សារព័ត៌មាន​នានា ​តែងតែ​ចុះ​ផ្សាយ​អត្ថបទ​ពីគ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​រង​របួស​​ស្រាល ​ធ្ងន់ ​ឬក៏​រហូត​ដល់​​បាត់​បង់​ជីវិត​យ៉ាង​សង្វេគ​ទៀត​ផង។
ហេតុ​ដែល​បណ្តាល​ឲ្យ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​ច្រើន​តែ​បណ្តាល​មក​ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ និង​កង្វះ​សុជីវធម៌​ក្នុង​ការ​បើកបរ។ បើ​តាម​របាយការណ៍​របស់​ប៉ូលិស​ចរាចរ​ផ្លូវ​គោក​បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​​ចរាចរណ៍​បណ្តាល​មក​ពី​កត្តា​មនុស្ស ​មាន​រហូត​ដល់​៩៤​ភាគរយ ​ដែល​​ក្នុង​នោះ​រួម​មាន​ការ​បើកបរ​ហួស​ល្បឿន​កំណត់​ ការ​បើកបរ​ក្នុង​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការ​ប្រជែង ធ្វេស​ប្រហែស មិន​គោរព​សិទ្ធិ​អាទិភាព និង​មិន​គោរព​ភ្លើង​សញ្ញា​ជាដើម​។

ជាក់ស្តែង កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន នៅ​តាម​គេហទំព័រ​ហ្វេសប៊ុក និង​បណ្តាញ​សារ​ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ និង​ចែក​រំលែក​នូវ​ព័ត៌មាន​ស្តីពី​និស្សិត​ពេទ្យ​ម្នាក់​បាន​បើកបរ​ រថយន្ត​ទំនើប​បង្ក​បញ្ហា​គ្រោះថ្នាក់​​ចរាចរណ៍​សម្លាប់​កុមារ​តូច​ៗ​យ៉ាង ​អាណោច​អាធ័ម​នៅ​ក្បែរ​វិមាន​ឯករាជ្យរ​រហូត​ដល់​មុខ​ក្រសួង​មហាផ្ទៃ​។ ​
ទង្វើ ​បើកបរ​ដ៏​គឃ្លើន​នេះ​ វា​ស​បញ្ជាក់​ថា ទាំង​អត្ដសចរិត​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​និស្សិត​ស្រី​ម្នាក់​នេះ​ បាន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ពី​ម្នាក់​ហើយ​​ទៅ​​ម្នាក់ និង​ច្រីន​នាក់​ទៀត​ដែល​កើត​ចេញ​ពីការ ព្យាយាម​បើក​រថយន្ដ​រត់​គេច។
រីឯ ​ករណី​មួយ​ទៀត ដែល​ទើប​តែ​កើត​ឡើង​ក្ដៅ​ៗ​ វា​បង្ក​ពី​ការ​ប្រណាំង​រថយន្ដ​កណ្ដាល​ទី​ក្រុង​​របស់​ចាស់​​ទំនើង​ដែល​ មាន​តួនាទី​ធំ​ក្នុង​ក្រសួង​យុត្ដិធម៌ បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ពេល​កណ្តាល​អាធ្រាត។ ជាង​នេះ​ទៅ​ទៀត​​ នៅ​ពេល​អ្នក​កា​សែត​ទៅ​ផ្តិត​យក​រូប​ភាព​នៅ​កន្លែង​កើត​ហេតុ ក្រុម​ប្រណាំង​រថយន្ដ​ទាំង​នោះ​​បាន​វាយ​​អ្នក​សារ​ព័ត៌មាន​រហូត​ដល់​ របួស​ចូល​មន្ទីរ​ពេទ្យ​ ​នេះ​បើ​យោង​តាម​សារ​ព័ត៌​មាន​ផ្សេង​ៗ​ និង​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២១​ ខែ​មីនា កន្លង​ទៅ​នេះ។​
ទាំង​ពីរ​ករណី​ខាង​លើ វា​​គ្រាន់​តែ​ជា​ឧទាហរណ៍​ជាក់​​ស្តែង​ ​ដែល​បង្ហាញ​អំ​ពី​ចរិត​ និង​សុជីវ​ធម៌​របស់​អ្នក​បើក​បរ ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​មួយ​​ចំនួន​ប៉ុណ្ណោះ​។​
ពាក់​ ព័ន្ធ​នឹង​ការបើក​បរ​នេះ យុវជន​ ទេព ពិសិដ្ឋ ​អាយុ​២៨​ឆ្នាំ​ បាន​លើក​ឡើង​នូវ​ឧទាហរណ៍​ពី​អតីត​ភាព​ដ៏​អាក្រក់​មួយ​ចំពោះ​គ្រួសារ​របស់​ លោក​​ថា នៅ​ពេល​ដែល​ពូ និង​ម្តាយ​មីង​របស់​លោក​កំពុង​តែ​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​​ត្រូវ​បាន​ ម៉ូតូ​ធំ​ដែល​បើកបរ​វ៉ា​គេ​វ៉ា​ឯង​បញ្ច្រាស​ទិស​បុក​យ៉ាង​ពេញ​ទំហឹង​។​
លើក ​បា​នបន្ដ​ថា ជា​អកុសល​ ពូ​របស់​លោក​បាន​បាត់​​បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​ រី​ឯ​ម្ដាយ​មីង​វិញ​ បាន​ទទួល​មរណភាព​នៅ​ពេល​បញ្ជូន​ទៅ​ដល់​​មន្ទីរពេទ្យ​។
ការ​ពិត​ទៅ ​មិន​ត្រឹមតែ​លោក ពិសិដ្ឋ​ ​ម្នាក់​​ទេ​ដែល​ត្រូវ​ទទួល​រង​ទុក្ខ និង​ជួប​បញ្ហា​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ​ក៏មាន​ប្រជាជន​កម្ពុជា​ជា​ច្រើន​នាក់​​​ទៀត​​​បាន​ជួប​បញ្ហា​ស្រដៀង​គ្នា​ រហូត​មាន​គ្រួសារ​មួយ​ចំនួន​​បាន​ធ្លាក់​ខ្លួន​ក្រីក្រ ដោយ​សារ​តែអ្នក​ទាំង​នោះ​ជា​​ជំហរ​បង្គោល​គ្រួសារ​បាន​បាត់បង់​ជីវិត ឬ​ពិការ​​ពុំ​អាច​​រក​ចំណូល​ដើម្ប​ផ្គត់ផ្គង់​គ្រួសារ​បាន។
ទោះ​បី​ជា អ្នក​បើកបរ​មួយ​ចំនួន​ធ្វេស​ប្រហែស​ក៏​ដោយ​ ក៏​មាន​អ្នក​បើក​បរ​ផ្សេង​ទៀត​ ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បើក​បរ​ដែរ​។​ លោក ស្រេង ឡេង អាយុ​៥០​ឆ្នាំ ជា​អ្នក​ដែល​តែងតែ​ធ្វើ​ដំណើរ​ទៅ​មក​ដោយ​ម៉ូតូ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​លោក​បើក​បរ​នៅ​តាម​ផ្លូវ​សាធារណៈ​ម្តង​ៗ​ លោក​តែងតែ​ប្រុង​ប្រយ័ត្ន​ជានិច្ច ព្រោះ​ថា​បើ​ទោះបីជា​លោក​គោរព​ច្បាប់​ចរាចរណ៍ ធ្វើ​ដំណើរ​ដោយ​សម្រួល​ក៏​ដោយ ក៏​នៅ​តែ​មាន​គេ​ជិះ​មក​ប្រជែង ជាពិសេស ក្រុម​មនុស្ស​ដែល​មាន​វ័យ​ប្រមាណ​ជា​តិច​ជាង​៣០​ឆ្នាំ។
លោក បាន​បន្ត​ថា ពួក​គាត់​បើកបរ​ពុំ​ដែល​គោរព​សិទ្ធិ​​អាទិភាព ភ្លើង​សញ្ញា ឬ​ច្បាប់​ចរាចរណ៍​អ្វី​ឡើយ ឲ្យ​តែ​អាច​ទៅ​មុន​បាន ពួក​គាត់​តែង​តែ​ជិះ​បំពាន។
មិន​ខុស​ពី​លោក​ឡេង​ប៉ុន្មាន​នោះ​ទេ យុវតី​មួយ​រូប​ ដែល​កំពុង​តែ​សិក្សា​នៅ​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជ​សាស្ត្រ​ បាន​ឲ្យ​ដឹង​ថា ពេល​ខ្លះ​មាន​អ្នក​បើកបរ​មួយ​ចំនួន​មិន​ព្រម​អធ្យាស្រ័យ​ឲ្យ​គ្នា​នោះ​ឡើយ សូម្បី​តែ​មួយ​វិនាទី ​ពួក​គាត់​តែង​តែ​ដណ្តើម​ឈ្នះ​រៀងៗ​ខ្លួន។ នៅ​ពេល​មាន​ផ្លូវ​ស្ទះ​ម្តង​ៗ​ពួក​គាត់​តែង​តែ​​ប្រជែង​ទៅ​មុខ និង​ស៊ីផ្លេឲ្យ​គេ​ចៀស​ផ្លូវ​ជានិច្ច។
យុវតី​ដែល​មាន​វ័យ​ប្រមាណ​ជា​ ២២​ឆ្នាំ​រូប​នេះ​បាន​​លើក​ឡើង​ថា៖ «មាន​អ្នក​ខ្លះ​ផ្លូវ​ស្ទះសឹង​ស្លាប់​ រក​តែ​ដក​ដង្ហើម​ទៅ​ណា​មិន​បាន​ផង គាត់​ចេះ​តែ​ស៊ី​ផ្លេ​ពេញ​ផ្លូវ​ឲ្យ​គេ​ជៀស ហើយ​មាន​អ្នក​ខ្លះ​ទៀត​ជិះ​វ៉ា​ទៅ​វ៉ា​មក ឲ្យ​តែ​មាន​ប្រឡោះ​អាច​ទៅ​បាន​ដោយ​មិន​ខ្វល់​ពី​នរណា​គេ​ថា​យ៉ាង​ម៉េច​ទេ។ មាន​ពេល​ខ្លះ​ទៀត​គាត់​ជិះ​មក​កៀក ហើយ​ប៉ះ​ដៃ​ម៉ូតូ​ខ្ញុំ ឡើង​ភ័យ​ស្ទើរ​តែ​ដួល​ម៉ូតូ​ផង​ក៏​មាន​ដែរ​»។
ពាក់ព័ន្ធ​នឹង​បញ្ហា​ គ្រោះថ្នាក់​ចរាចរណ៍ និង​សុជីវធម៌​របស់​អ្នក​បើកបរ​នេះ​ លោក ចេវ ហាក់ នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំ​ពេញ បាន​លើក​ឡើង​ថា ទន្ទឹម​នឹង​អ្នក​ចេះ​បើកបរ មាន​ប័ណ្ណ​បើកបរ អ្នក​ក៏​ត្រូវ​តែ​មាន​សុជីវធម៌​ និង​យោគយល់​គ្នាផង​ដែរ​ ដើម្បី​បន្ថែម​លើ​ច្បាប់​ដែល​យើង​ចេះ​​នោះ ​ទើប​​អាច​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ថ្វី​ដ្បិត​តែ​សុជីវធម៌​នៅ​ក្នុង​ការ​បើកបរ​ ពុំ​បាន​ចែង​នៅ​ក្នុង​ច្បាប់​ក៏​ពិត​មែន ប៉ុន្តែ​បើ​ពួក​គាត់​ពុំ​គោរព​សិទ្ធិ​អាទិភាព បើកបរ​បំពាន​លើ​ភ្លើង​សញ្ញា ស្លាក​សញ្ញា បើក​បរ​មិន​ត្រូវ​តាម​គន្លង ច្បាប់​នឹង​ធ្វើ​ការ​ផាក​ពិន័យ។
លោក ចេវ ហាក់ បាន​សំណូមពរ​ថា៖ «សូម​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍  ហើយ​អ្នក​បើកបរ​ទាំង​អស់​គួរ​តែ​គោរព​ច្បាប់​ចរាចរណ៍ ​មាន​សុជីវធម៌​នៅ​ក្នុង​ខ្លួន និង​ចងចាំ​ថា​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក​ថា កុំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍»៕

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment