ដៃទាំងពីរបោះទៅបោះមក ជើងទាំងសងខាងធ្វើចលនាមិនឈប់ឈរ។
នេះជាសកម្មភាពរបស់មនុស្សមួយក្រុមដែលកំពុងតែហាត់ប្រាណយ៉ាងយក
ចិត្តទុកដាក់។
តើហេតុអ្វីបានជាពួកគេទាំងនោះមានសភាពទ្រុឌទ្រោមហើយភាគច្រើន
ជាមនុស្សមានវ័យចំណាស់? ជាទូទៅ
អ្នកហាត់ប្រាណមានសុខភាពរឹងមាំនិងរាងកាយមាំមួនប៉ុន្តែអ្នកដែល
យើងឃើញនៅតាមសួនភាគច្រើនមិនសូវរឹងមាំនោះទេ?
ចុះចំណែកយុវជនវិញតើពួកគេមានដែលហាត់ប្រាណ
ឬលេងកីឡាដើម្បីសុខភាពដែរឬទេ?
មនុស្សទាំងអស់តែងតែយល់ដឹងថាកីឡានាំមកនូវសុខភាពប៉ុន្តែពួក
គេធ្លាប់ហាត់កីឡាជាប្រចាំដើម្បីឲ្យមានសុខភាពល្អដែរទេ?
ឬក៏ទាល់តែជួបបញ្ហាទើបនឹកឃើញដល់កីឡា?
មានប្រជាពលរដ្ឋមួយចំនួននៅកម្ពុជាព្រមហាត់ប្រាណឬលេងកីឡាក្រោម
ការណែនាំរបស់គ្រូពេទ្យដោយហាត់កីឡាដើម្បីព្យាបាលជំងឺជាជាង
ដើម្បីសុខភាពល្អ។
«ខ្ញុំមិនដែលហាត់ប្រាណ
ឬលេងកីឡាពីមុនមកទេរហូតដល់មានការណែនាំពីលោកគ្រូពេទ្យក្រោយ
ពេលខ្ញុំមានជំងឺលើសជាតិខ្លាញ់» នេះជាសម្តីរបស់លោក សៀង
វណ្ណារិទ្ឋអាយុ២១ឆ្នាំជាយុវជនមួយរូបដែលមានជំងឺលើសជាតិខ្លាញ់។
ក្រោយពីការណែនាំរបស់លោកគ្រូពេទ្យនិងការហាត់កីឡាជាប្រចាំអស់
រយៈពេលពីរខែមក លោកក៏បានស្រកទម្ងន់អស់១០គីឡូ
និងមានសុខភាពល្អប្រសើរជាងមុន។
លោកបានលើកឡើងថាបើតាមសម្តីរបស់លោកគ្រូពេទ្យហាត់ប្រាណ
ឬលេងកីឡាពិតជាល្អចំពោះលោកជាងការប្រើប្រាស់ថ្នាំច្រើន
ពីព្រោះវាអាចប៉ះពាល់ដល់សុខភាពទៅថ្ងៃក្រោយ។
លោកបានថ្លែងពីការសោកស្តាយដែលមិនយកចិត្ដទុកដាក់ចំពោះកីឡា
ថា៖ «បើខ្ញុំហាត់ប្រាណ
ឬលេងកីឡាតាំងពីដំបូងខ្ញុំប្រហែលជាមិនលើសជាតិខ្លាញ់ទេ»។ លោក
បានបន្ដថាកីឡាពិតជាជួយលោកបានច្រើនណាស់ព្រោះក្រោយពីបញ្ចេញញើស
រាល់ថ្ងៃមកលោក វណ្ណារិទ្ធ
មានសុខភាពល្អជាងមុនមិនសូវវិលមុខឬមានសភាពឈឺក្បាលជាញឹកញាប់
ឡើយ។
ជាមួយគ្នានេះដែរអ្នកស្រី គង់ ស៊ីមមានបញ្ហាសរសៃចង្កេះ
ឬគាបសរសៃ
ក៏បានទទួលការណែនាំពីគ្រូពេទ្យឲ្យទៅទទួលការព្យាបាលនិងហាត់
ប្រាណ ឬលេងកីឡាជាទៀងទាត់ដែរ ដោយអ្នកស្រីបានលើកឡើងថា៖
«គ្រូពេទ្យបានប្រាប់ថាការគាបសរសៃអាចបណ្តាលឲ្យសាច់ដុំស្វិត
ប្រសិនបើយើងទុកយូរដោយគ្មានការព្យាបាលនិងការលេងកីឡាជំនួយនោះ
ទេ»។
អ្នកស្រីបានបន្តទៀតថាមុនពេលទៅហែលទឹកអ្នកស្រីតែងតែមានសភាព
ស្ពឹកខ្នងនិងចង្កេះ
ប៉ុន្តែក្រោយពីបានទទួលទាំងការព្យាបាលនិងលេងកីឡាជារៀងរាល់ថ្ងៃ
មក អ្នកស្រីមិនសូវចុកចង្កេះទៀតទេ។
វាជាការពិតណាស់ដែលថាកីឡាគឺជាទ្រព្យដ៏មានតម្លៃ
ព្រោះសុខភាពល្អគឺជាទ្រព្យដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។
ដូច្នេះចំណង់រវាងមនុស្សនិងកីឡាគឺជាស្ពានមួយដើម្បីឲ្យមនុស្សអាច
ប្រមូលនូវទ្រព្យដ៏មហាសាលបានដែលជាសុខភាពនោះឯង។
នៅក្នុងវិជ្ជាជីវៈពេទ្យក៏បានបង្ហាញពីផលប្រយោជន៍នៃកីឡាចំពោះ
បុគ្គលគ្រប់រូបផងដែរ។ បើយាងតាមសម្តីរបស់លោក ស៊ីម ធីតា
ដែលជាគ្រូពេទ្យជំនាញទូទៅ បានឲ្យដឹងថា៖ «ការហាត់ប្រាណ
ឬលេងកីឡានាំមកនូវសុខភាពមែនពិតប៉ុន្តែវាមិនមែនមានន័យថា
វាអាចព្យាបាលជំងឺនោះទេ»។កីឡាគ្រាន់តែជាចំណែកមួយក្នុងការ
បញ្ចេញនូវសារធាតុពុលក្នុងខ្លួនឲ្យចេញមកក្រៅប៉ុណ្ណោះ។ដូច្នេះ
អ្នកដែលលេងកីឡា ឬហាត់ប្រាណមិនងាយឈឺទេ។
លោក ចិន រីឆាត អាយុ៤៥ឆ្នាំជាគ្រូបង្ហាត់កីឡា
កាយសម្ព័ន្ធនៅមជ្ឈមណ្ឌលកាយវប្បកម្មអូស្វីតបានឲ្យដឹងថា៖
«កីឡាគឺជាគ្រឿងផ្សំមួយរបស់មនុស្សព្រោះខ្លួនប្រាណមនុស្សប្រៀប
ដូចជាចម្រោះមួយ
ប្រសិនបើគ្មានកីឡាមកច្រោះទេនោះចម្រោះមួយនេះនឹងកកស្ទះជាមិន
ខាន»។
ចំពោះបទពិសោធកីឡាជាច្រើនឆ្នាំលោកបានឲ្យដឹងថាការហាត់ប្រាណ
ឬលេងកីឡាតែមួយមុខមិនអាចធ្វើឲ្យសុខភាពរបស់មនុស្សមានសភាពល្អ
ឥតខ្ចោះទេវាត្រូវបូកបញ្ចូលជាមួយនឹងការហូបអាហារតមផងដែរ។
លោកបានបញ្ជាក់ថា កីឡាធ្វើឲ្យបេះដូងរត់លឿន រំលាយជាតិខ្លាញ់
និងផ្តល់ឈាមទៅគ្រប់ប្រព័ន្ធក្នុងខ្លួនដែលជាហេតុនាំឲ្យមានរាង
កាយមាំមួននិងស្អាត សុខភាពល្អ សាច់ដុំធំ កាត់បន្ថយខ្លាញ់ និងស្រស់
ស្រាយទៀតផង។
ក្រៅពីការលើកឡើងនូវផលប្រយោជន៍នៃកីឡាលោក រីឆាត
ក៏បានដាស់តឿនដល់អ្នកដែលមានបំណងចង់ហាត់ប្រាណ
ឬលេងកីឡាឲ្យដឹងថា៖ «ថ្វីដ្បិតតែការហាត់ប្រាណ
ឬលេងកីឡាល្អចំពោះសុខភាពនិងអាចព្យាបាលជំងឺមួយចំនួនតូចបានក៏
ដោយ
ក៏វាមិនអាចធ្វើឲ្យមនុស្សម្នាក់ដែលធ្លាក់ខ្លួនឈឺខ្លាំងក្លាយជា
សភាពដើមបានឡើយ»។
ដូចនេះលោកសំណូមពរថាយុវជនគួរតែចាប់ផ្តើមយកចិត្ដទុកដាក់ចំពោះ
កីឡាមុនពេលមានជំងឺ។លោកបានបន្ដថាដើម្បីឲ្យកាន់តែមាន
ប្រសិទ្ធភាពអ្នកទាំងនោះគួរតែបង្ហាញប្រវត្តិជំងឺទើបគ្រូបង្ហាត់
អាចផ្តល់វិធីហាត់ត្រឹមត្រូវ។
ចំណែកឯលោក វេជ្ជបណ្ឌិត ធីតា
បានផ្តល់ជាអនុសាសន៍ទៅដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវវ័យ
ឲ្យចាប់យកកីឡាជាលំហាត់ប្រាណប្រចាំថ្ងៃដើម្បីឲ្យមានសុខភាព
មាំមួនដោយលោកលើកឡើងថា៖
«កីឡាពិតជាជួយច្រើនណាស់នៅពេលដែលមនុស្សម្នាក់ទៅហាត់មិនទាន់
ធ្លាក់ខ្លួនឈឺព្រោះវាជួយកម្ចាត់ជាតិស្ករក៏ដូចជាខ្លាញ់ដែលលើស
នៅក្នុងខ្លួនមនុស្ស»។
ជាការពិតណាស់ដែលថាកីឡាជួយការពារមនុស្សពីជំងឺបៀតបៀនផ្សេងៗ
ដូច្នេះហើយលោកវេជ្ជបណ្ឌិតសង្ឃឹមថាមនុស្សគ្រប់រូបត្រូវតែហាត់
ប្រាណឬលេងកីឡាតាំងពីខ្លួននៅក្មេង
ព្រមទាំងហាត់ជាប្រចាំទៅតាមក្បួនខ្នាតត្រឹមត្រូវ៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment