សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Thursday, March 28, 2013

ស្រីស្អាត ៖ ទាល់តែខាត់ស្បែកឲ្យសរខ្ចីទើបហៅថាស្អាត និងទាន់សម័យឬ?

សម្រាប់​ទស្សនៈ​ប្រជាជន​អឺរ៉ុប​ភាគ​ច្រើន​ចូល​ចិត្ដ​និយម​ស្បែក​ពណ៌​ សូកូឡា ប៉ុន្តែ​ចំពោះ​ប្រជាជន​អាស៊ី​វិញ​យើង​ឃើញ​ថា មនុស្ស​ភាគ​ច្រើន​ពេញ​ចិត្ត និង​ឲ្យ​តម្លៃ​ទៅ​លើ​សម្បុរ​ស្បែក​ពណ៌​ស។ ជា​ទូទៅ ស្រ្តី​ខ្មែរ​កើត​មក​មាន​សម្បុរ​ស្បែក​ពណ៌​សណ្តែក​បាយ​ពី​ធម្មជាតិ។ ដោយ​សារ​តែ​ការ​យល់​ឃើញ​ថ្មី​និង​ពេញ​និយម​ចំពោះ​ស្បែក​ស បាន​ជំរុញ​ឲ្យ​យុវវ័យ​ភាគ​ច្រើន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សម្បុរ​ស្បែក ​ពណ៌​ស​ទោះ​បី​ជា​ពួកគេ​ដឹង​ថា​ទង្វើ​បែប​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក ​ទៅ​ថ្ងៃ​ក្រោយ និង​ខាត​បង់​ប្រាក់​កាក់​យ៉ាង​ណា​ក៏​ដោយ​។

យុវវ័យ​បច្ចុប្បន្ន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ទាន់​សម័យ​ទៅ​នឹង​ការ​ ផ្លាស់​ប្តូរ​ថ្មី​របស់​សង្គម​។ បើ​ទោះ​បី​ជា​ខ្លួន​មាន​សម្រស់​ស្អាត​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​តែ​ព្យាយាម​ខាត់ ​ស្បែក​កាន់​តែ​ស​ថែម​ទៀត​។
កញ្ញា លុយ គន្ធា អាយុ​២៥​ឆ្នាំ បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថា ស្បែក​ពណ៌​ខ្មៅ​មិន​ស្អាត​ទេ ហើយ​ក៏​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ភាគ​ច្រើន​មាន​សម្បុរ​ស ហើយ​ខ្ញុំ​យល់​ថា ស្បែក​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​លើក​សម្រស់​របស់​ពួក​គេ​ផង​ដែរ។ មាន​វិធី​ជា​ច្រើន​ដែល​ពួក​គេ​បាន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស​ ស្រស់​ស្អាត ក្នុង​នោះ​ខ្ញុំ​ក៏​បាន​ធ្វើ​តាម​នូវ​វិធីសាស្រ្ត​មួយ​ចំនួន​តាម​ពួក​គេ​ដែរ ដូច​ជា​ការ​បក​ស្បែក​និង​លាប​ឡេ​ដែល​លាយ​ស្រាប់​ជាដើម​»។
បើ​ទោះ​បី​ជា​ពួក​គេ​ដឹង​ថា វិធី​ដែល​ពួក​គេ​កំពុង​តែ​ប្រើ វា​ប៉ះ​ពាល់​ទៅ​ដល់​ស្បែក និង​ខាត​បង់​ថវិកា​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មិន​រា​រែក​ក្នុង​ការ​ព្យាយាម​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស​ ទៀត​នោះ​ឡើយ​។​កញ្ញា គន្ធា បាន​បន្ថែម​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ​ថា វា​អាច​ប៉ះ​ពាល់​ទៅ​ថ្ងៃ​អនាគត​ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​នៅ​តែ​បន្ត​ ធ្វើ​ដូច្នេះ​ដោយ​មិន​ខ្វល់​អ្វី​ទាំង​អស់​»។
កញ្ញា គន្ធា ធ្លាប់​បាន​ធ្វើ​ការ​បក​ស្បែក​ឲ្យ​ស​ប្រមាណ​ជា​ពីរ​ទៅ​បី​ដង​រួច​មក​ហើយ។ លើក​ដំបូង កញ្ញា​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ បន្ទាប់​ពី​បាន​បក​ស្បែក​រួច​ហើយ​កញ្ញា​ចាំ​បាច់​ត្រូវ​តែ​ប្រើ​ប្រាស់​នូវ​ ឡេ​ការ​ពារ​កម្តៅ​ថ្ងៃ​ដើម្បី​ជួយ​ទប់​ស្កាត់​ការ​ត្រឡប់​មក​កាន់​សភាព​ដើម​ វិញ​។
ការ​ពិត​ណាស់ មនុស្ស​មួយ​ចំនួន​មាន​សម្បុរ​ស្បែក​ស្អាត​ស្រាប់​ពី​កំណើត​ប៉ុន្តែ​ពួក​គេ​ នៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​នោះ​ទេ ហើយ​ពួក​គេ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្បែក​កាន់​តែ​ស​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​ មួយ​ថ្ងៃ។​ផលិត​ផល​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជា​ច្រើន​ត្រូវ​បាន​ទទួល​ ស្គាល់ និង​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​មុន​នឹង​ចរាចរ​លើ​ទីផ្សារ​។
យ៉ាង​ណា​មិញ​មនុស្ស​មួយ​ចំនួន​និយម​នៅ​តែ​ជាវ​ផលិតផល​ដែល​ត្រូវ​បាន​ផ្សែ ​ផ្សំ​ជា​ថ្មី​ដើម្បី​ជំនួយ​ដល់​ស្បែក​ឲ្យ​ស​និង​ប្រសិទ្ធ​ភាព​រហ័ស​ដោយ​មិន ​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​ដល់​ផល​ប៉ះ​ពាល់​នោះ​ទេ។
កញ្ញា អ៊ែម រស្មី អាយុ​១៧​ឆ្នាំ បាន និយាយ​ថា៖​«ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​ស្បែក​ខ្ញុំ​ស​ជាង​នេះ បើ​ទោះ​បី​ជា​ខ្ញុំ​សព្វ​ថ្ងៃ​មាន​សម្បុរ​សណ្តែក​បាយ​ក៏​ដោយ​។ ខ្ញុំ​ក៏​ធា្លប់​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ដែរ​ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​គិត​ថា វា​ប្រហែល​ជា​មិន​អី​ទេ ពី​ព្រោះ​បើ​មិន​សាក​ល្បង​ក៏​យើង​មិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​របស់​វា​ ដែរ»។
កញ្ញា បាន​បន្ថែម​ថា៖ «មុន​ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​វិធី​បក​ស្បែក​ឲ្យ​ស​ខ្ញុំ​ ក៏​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ដែរ​ប៉ុន្តែ​ដោយ​សារ​តែ​ខ្ញុំ​បាន​ឃើញ​មិត្ត ​ភក្តិ​របស់​ខ្ញុំ​អាច​ទទួល​បាន​លទ្ធផល​ដូច​ដែល​ពួក​គេ​ចង់​បាន»។
មាន​មនុស្ស​មួយ​ចំនួន​យល់​ថា ចំណាប់​អារម្មណ៍​ចំពោះ​រូប​សម្រស់​ពិត​ជា​សំខាន់ ពី​ព្រោះ​ដំបូង​ឡើយ​យើង​មិន​បាន​ធ្វើ​ការ​ពិចារណា ឬ​ក៏​វាយ​តម្លៃ​ពី​អត្ត​ចរិត​ខាង​ក្នុង​ឡើយ។​មនុស្ស​មួយ​ចំនួន​តូច​ចូល​ ចិត្ត​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​រូប​រាង​ខាង​ក្រៅ​របស់​មនុស្ស។ តើ​វា​ពិត​ជា មាន​សារៈ​សំខាន់​ណាស់​មែន​ទេ​ក្នុង​ការ​ដែល​ទទួល​ស្គាល់​ថា ស្បែក​ពណ៌​ស​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍?
កញ្ញា អ៊ុល វណ្ណែត អាយុ​១៩​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ «មនុស្ស​ជា​ច្រើន ជា​ពិសេស​បុរសៗ តែង​តែ​ឲ្យ​តម្លៃ​ទៅ​លើ​លក្ខណ​សម្បត្តិ​ខាង​ក្រៅ​ប៉ុណ្ណោះ​។ បើ​រូបរាង​ខាង​ក្រៅ​មិន​ស្រស់​ស្អាត​នោះ​ទេ ពួក​គេ​ក៏​មិន​ចាប់​អារម្មណ៍​ចង់​ដឹង​ពី​អត្ត​ចរិត​របស់​យើង​ដែរ​។ ដូច្នេះ​ខ្ញុំ​ចំណាយ​លុយ​ច្រើន​គួរ​សម​ជា​ប្រចាំ​ខែ​ដោយ​គ្រាន់​ទិញ​នូវ​ ផលិតផល​សម្អាង​សម្រាប់​ប្រើ​ប្រាស់​»​។
យ៉ាង​ណា​មិញ​លោក ប៉ែន ប្រុស បាន​និយាយ​ថា៖ «ជា​ការ​ពិត​នៅ​ពេល​ដែល​ខ្ញុំ​ក្រឡេក​មើល​ទៅ​ស្រី​ដែល​ស្អាត ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ទៅ​លើ​សម្បុរ​ស​ដែរ ប៉ុន្តែ​បើ​សិន​ជា​ខ្ញុំ​មាន​មិត្ត​ស្រី​ឬ​ក៏​ប្រពន្ធ​វិញ​មិន​ចាំ​បាច់​អី​ ត្រូវ​ធ្វើ​ដល់​ថា្នក់​នោះ​ទេ ពីព្រោះ​វា​អាច​មាន​ផល​ប៉ះ​ពាល់​ទៅ​ថ្ងៃ​អនាគត»។
លោក​បាន​បន្ថែម​ថា៖ «មាន​មនុស្ស​ប្រុស​ជា​ច្រើន​ដឹង​ច្បាស់​ណាស់ និង​អាច​កត់​សម្គាល់​បាន​ចំពោះ​សម្រស់​ពី​ធម្មជាតិ​របស់​ស្រ្តី​»​។
ទោះ​ជា​យ៉ាង​ណា ក៏​នៅ​មាន​វិធី​ថែ​រក្សា​ស្បែក​តាម​បែប​ធម្មជាតិ​ដែល​មាន​ប្រសិទ្ធ​ភាព​ហើយ​ មាន​ការ​ពេញ​និយម​ប្រើ​កាល​ពី​ជំនាន់​មុន​ផង​ដែរ ដូច​ជា​ការ​ប្រើ​ប្រាស់​អម្ពិល​ទុំ ម្សៅ​ល្មៀត ទឹក​ដោះ​គោ​ឆៅ ឬ​ក៏​ពង​មាន់​ស្រែ​ជាដើម។ ថ្វី​ដ្បិត​តែ​វា​មិន​មាន​ប្រសិទ្ធភាព​រហ័ស​ដូច​ជា​ផលិត​ផល​ដែល​មាន​ជាតិ​ គីមី ប៉ុន្តែ​វា​ក៏​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ស្បែក​យើង​ផង​ដែរ​។
បច្ចុប្បន្ន​នេះ យុវវ័យ​មួយ​ចំនួន​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្រើ​ប្រាស់ នូវ​ផលិត​ផល​ធម្មជាតិ​ទាំង​នោះ​ដែរ។ ជាក់​ស្តែង កញ្ញា ម៉ែន ច័ន្ទ​មុទិតា ជា​និស្សិត​ឆ្នាំ​ទី៤​នៃ​វិទ្យាស្ថាន​ស៊ីតិក បាន​និយាយ​ថា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ប្រើ​ប្រាស់​ទាំង​ពីរ​ប្រភេទ ប៉ុន្តែ​ភាគ​ច្រើន​ខ្ញុំ​ចូល​ចិត្ត​ប្រើ​ផលិត​ផល​ធម្មជាតិ​ជាង ពីព្រោះ​វា​ងាយ​ស្រួល និង​មិន​សូវ​ចំណាយ​ថវិកា​ច្រើន​។ ម្យ៉ាង​ទៀត វា​ក៏​អាច​ផ្តល់​នូវ​លទ្ធផល​ដែល​ខ្ញុំ​ពេញ​ចិត្ត​ដែរ»។
កញ្ញា​បាន​បន្ថែម​ថា៖ «ខ្ញុំ​ប្រើ​ប្រាស់​នូវ​ពង​មាន់​ស្រែ​សម្រាប់​លាប​មុខ ខ្ញុំ​សង្កេត​ឃើញ​ថា​បន្ទាប់​ពី​ការ​ប្រើ​រួច​ស្បែក​មុខ​ខ្ញុំ​មាន​សភាព​តឹង ​និង​មាន​សំណើម​ដែល​អ្នក​អាច​សាក​ល្បង​បាន​»​។
អ្នក​នាង អ៊ឹត ស្រីមុំ ជា​អ្នក លក់​គ្រឿង​សម្អាង​នៅ​ផ្សារ​ពោធិ៍ចិនតុង បាន​ថ្លែង​ថា​យុវវ័យ​មួយ​ចំនួន​ធំ​និយម​ទិញ​ផលិត​ផល​ដែល​ធ្វើ​ឲ្យ​ស្បែក​ស។ អ្នក​នាង​ស្រី​មុំ បាន​បញ្ជាក់​ថា​៖ «ផលិត​ផល​ដែល​លាប​សម្រាប់​ឲ្យ​ស្បែក​ស​លក់​ដាច់​ជាង​គេ​នៅ​ក្នុង​ហាង​របស់​ ខ្ញុំ។ ជា​ទូទៅ​មាន​មនុស្ស​ជា​ច្រើន​និយម​ប្រើ​ប្រាស់ មិន​ថា​ចាស់ ឬ​ក៏​ក្មេង​នោះ​ទេ»។
អ្នក​នាង បាន​លើក​ឡើង​ថា៖ «ផលិតផល​ប្រភេទ​ហ្នឹង​ភាគ​ច្រើន​មាន​តម្លៃ​ថ្លៃ​ហើយ​អ្នក​ដែល​ប្រើ​ប្រាស់​ នឹង​ត្រូវ​ការ​ចំណាយ​ច្រើន។ វា​មិន​មែន​ជា​បញ្ហា​ទេ​ដរាប​ណា​អតិថិជន​ជ្រើស​រើស​យក​នូវ​ផលិត​ផល​ដែល​ ត្រឹម​ត្រូវ​ពី​អ្នក​ឯកទេស​ជំនាញ​ច្បាស់​លាស់។ បញ្ហា​ស្ថិត​ត្រង់​ថា​នៅ​ពេល​ដែល​អតិថិជន​មួយ​ចំនួន​ទិញ​ឡេ​ដែល​លាយ​បន្ថែម​ ដោយ​ពុំ​មាន​ការ​ពិនិត្យ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត។
អ្នក​ស្រី គឹម សុធាវី អាយុ​៥៦ឆ្នាំ​បាន​បន្ដ​ថា៖ «​កូន​ស្រី​របស់​ខ្ញុំ​ចំណាយ​ប្រាក់​ជា​ច្រើន​លើ​សម្ភារ​ប្រើ​ប្រាស់ ជា​ពិសេស​គ្រឿង​សម្អាង។​វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ​ដរាប​ណា​គេ​ខិត​ខំ​រៀន​ សូត្រ​»។
វា​ជា​ការ​ពិត​ណាស់​ដែល​មនុស្ស​គ្រប់​រូប​ចំា​បាច់​ត្រូវ​ប្រើ​ប្រាស់​ គ្រឿង​សម្អាង​សម្រាប់​ថែរក្សា​សម្ផស្ស ប៉ុន្តែ​មុន​នឹង​ប្រើ​ប្រាស់ យើង​ត្រូវ​គិត​ពិចារណា​ទៅ​លើ​ទំហំ​នៃ​ផល​ប៉ះ​ពាល់ និង​ការ​ចំណាយ​ទៅ​លើ​វា​។ មនុស្ស​មិន​អាច​វាយ​តម្លៃ​តែ​សម្បក​ខាង​ក្រៅ​នោះ​ទេ៕

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment