នាពេលបច្ចុប្បន្ននេះទីកន្លែងកម្សាន្តជាច្រើនត្រូវបានបើកយ៉ាង
ព្រោងព្រាតនៅក្នុងរាជធានីភ្នំពេញ។
យុវវ័យអាចមានឱកាសដើរលេងជួបជុំសប្បាយ ហ៊ឺហា
ភ្លើតភ្លើនជាមួយមិត្តភក្តិ និងចាយវាយមិនសំចៃដៃ។
នេះសុទ្ធតែជាទង្វើផ្ទុយពីគោលបំណងដែលឪពុកម្តាយខិតខំស្វែងរក
លុយដើម្បីកូន។ តើពួកគាត់បានប្រាក់មកពីណា
នៅពេលដែលយុវវ័យខ្លះគ្មានការងារធ្វើ
និងស្ថិតនៅក្នុងបន្ទុកគ្រួសារ?
ក្នុងនាមជាកូនប្រុសទោលក្នុងគ្រួសារអ្នកជំនួញ លោក ណារិទ្ធ
បាននិយាយពីការចាយវាយរបស់ខ្លួនថាខ្លួនជាមនុស្សចូលចិត្តដើរលេង
ច្រើនកាលពីនៅសិក្សាហើយប្រាក់ដែលឪពុកម្តាយទុកឲ្យសម្រាប់ទៅរៀន
មិនគ្រប់សម្រាប់ការចាយវាយរបស់លោកឡើយ។
ដើម្បីឲ្យគ្រប់ការចាយវាយពេលខ្លះលោកមានតែកុហកពួកគាត់ថា
ខ្លួនត្រូវការលុយទិញសៀវភៅឬរៀនគួរបន្ថែមជាដើម។
យុវជនធ្លាប់ចាយវាយមិនស្កប់ចិត្ដរូបនេះ
បានបង្ហាញពីទស្សនៈរបស់លោកថា៖ «លុយមិនមែនជារឿងសំខាន់នោះទេ
ប៉ុន្តែអ្វីដែលសំខាន់នោះគឺការរាប់អានមិត្តភក្តិ»។
ពីមួយថ្ងៃទៅមួយថ្ងៃ ការដើរលេងបានក្លាយទៅជា«មោហ៍បាំងមុខ»
ដែលធ្វើឲ្យលោកមិនបាននឹកគិតពីឪពុកម្តាយដែលខិតខំតស៊ូដើម្បីកូន
ខណៈដែលការសប្បាយហ៊ឺហាកាន់តែមានសភាពធំទៅៗរហូតដល់យុវជនឈាមរាវ
រូបនេះហ៊ានដាក់ម៉ូតូបញ្ចាំដើម្បីយកប្រាក់ទៅដើរលេងជាមួយ
មិត្តភក្តិ។
នៅពីក្រោយភាពហ៊ឺហាភ្លើតភ្លើននេះ ពួកគេពុំបានដឹងពីផលវិបាកដែលអាចឥទ្ធិពលអាក្រក់ដល់អនាគតរបស់ខ្លួនឡើយ។
ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្ស ដៃកាន់កាំភ្លើងខ្លី ឈ្មោះ
អាជ្រូក (ឈ្មោះហៅក្រៅ) បានចេញធ្វើសកម្មភាពប្លន់ម៉ូតូ
ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយនឹងដៃគូពីរនាក់ទៀត។
នេះគឺជារឿងរ៉ាវប្រមាណជា៥ឆ្នាំមុនរបស់សិស្សមួយក្រុមដែលដាច់
លុយដោយសារតែជ្រុលខ្លួនដើរផ្លូវខុស។នេះបើយោងតាមការរៀបរាប់
របស់យុវជនម្នាក់ទៀតដែលជាអតីតមិត្តភក្ដិរបស់អាជ្រូកដែលសុំមិន
បញ្ចេញឈ្មោះ ដោយបាននិយាយថា៖ «បន្ទាប់ពីចេញពីគុក
អាជ្រូកបានកែខ្លួន ដោយខិតខំរកលុយ
ប៉ុន្តែវាហាក់ដូចជាហួសពេលបន្តិចហើយពីព្រោះអាជ្រូកមិនអាចរក
ការងារណាល្អធ្វើទេក្រៅពីគាត់ធ្វើជាសន្តិសុខ»។
ស្ថិតក្នុងវ័យ៤៧ឆ្នាំ អ្នកស្រី ចែម ចំរើន
ជាអាជីវករមួយរូបនៅតំបន់ភ្នំពេញថ្មី
និងជាម្តាយរបស់កូនបីនាក់ដែលសព្វថ្ងៃពួកគេសុទ្ធតែជានិស្សិត
សាកលវិទ្យាល័យបានឲ្យដឹងថា
ការចំណាយស្មើចំណូលថ្វីដ្បិតតែអ្នកស្រី
និងស្វាមីត្រូវបង្កើនរបរនិងការងារច្រើនជាងមុនដើម្បីផ្គត់ផ្គង់
គ្រួសារក៏ដោយ ព្រោះការចំណាយចំពោះកូនៗក៏ច្រើនជាងមុនដែរ។
ដូច្នេះជារៀងរាល់ថ្ងៃអ្នកស្រីត្រូវភ្ញាក់តាំងពីម៉ោង៣ទៀបភ្លឺ
ដើម្បីធ្វើម្ហូប ហើយចូលសម្រាកនៅម៉ោង១១យប់បន្ទាប់ពីបិទហាង។
អ្នកស្រីបានឲ្យដឹងពីជីវភាពថា៖
«ពីមុនខ្ញុំរកស៊ីលក់ចាប់ហួយតែមួយមុខ
ប៉ុន្តែឥឡូវត្រូវលក់បាយនិងកាត់ក្រណាត់បន្ថែមទៀត
ទើបអាចផ្គត់ផ្គង់ការចំណាយក្នុងផ្ទះទាំងអស់បាន»។
អ្នកស្រី ចំរើន មានអារម្មណ៍មិនខុសអ្វីពីឪពុកម្តាយដទៃទៀត
ដោយបានខិតខំស្វែងរកប្រាក់ដើម្បីឲ្យកូនបានរៀនសូត្រនិងមានចំណេះ
វិជ្ជាខ្ពង់ខ្ពស់។
ដើម្បីទប់ស្កាត់កុំឲ្យកូនឈប់រៀន អ្នកស្រី
ចំរើនបានបញ្ជាក់ថា៖ «បើទោះបីជាលំបាកយ៉ាងណាក៏ដោយ
ក៏ខ្ញុំមិនឲ្យកូនឈប់រៀនដែរ»។
ជាទូទៅឪពុកម្តាយជាច្រើនរូបបានជួបបញ្ហាថវិកាខ្លាំងជាងអ្នក
ស្រី ចំរើន
ពោលគឺរូបគាត់ខ្វះខាតប្រាក់កាក់ហើយកូនមិនស្តាប់តាមគន្លងធម៌
ថែមទៀត។
អ្នកស្រីជឿង យឿង ដែលជាម្តាយរបស់កូន៦នាក់ បានឲ្យដឹងថា
កូនប្រុសម្នាក់របស់អ្នកស្រីចេះតែមានមូលហេតុមកសុំលុយអ្នកស្រី
ជារឿយៗ។
មានពេលមួយកូននោះមកសុំលុយ២០០ដុល្លារដើម្បីទៅធ្វើការនៅឯ
ប្រទេសថៃ
ប៉ុន្តែកូនប្រុសម្នាក់នោះបាត់ពីផ្ទះមិនបាន២ខែផងក៏ត្រឡប់មក
វិញ។
អ្នកស្រីបានរៀបរាប់ទាំងតឹងទ្រូង ពេលរំឭកពីកូនម្នាក់នោះថា៖
«ធ្វើយ៉ាងម៉េចបើស្រឡាញ់កូន យើងមានតែប្រដៅវា
ហើយបើវាមិនស្តាប់ការប្រដែប្រដៅមានតែបណ្តោយវាតែប៉ុណ្ណោះ»។
ការរៀបរាប់ទាំងអស់ខាងលើមិនមែនមានន័យថា
យុវវ័យដែលចាយប្រាក់ឪពុកម្ដាយទាំងអស់
សុទ្ធតែបំផ្លិចបំផ្លាញនោះទេ។
ជាទំពាំងស្នងឫស្សីកំពុងតែតស៊ូស្វិតស្វាញក្នុងការសិក្សាដើម្បី
កសាងអនាគតដែរនេះបើយោងតាមយុវជន ហាក់ ម៉េង
ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញមកពីខេត្តកំពង់ស្ពឺ។
ស្ថិតក្នុងឆ្នាំទី៤ផ្នែកភាសាអង់គ្លេស លោក ហាក់ ម៉េង
បាននិងកំពុងខិតខំសិក្សានិងធ្វើការងារក្រៅម៉ោងសម្រាប់ផ្គត់ផ្គង់
ជីវភាពប្រចាំថ្ងៃ និងការសិក្សា
ព្រោះរូបលោកជាកូនកំព្រាដែលមានតែបងជាអ្នកជួយផ្គត់ផ្គង់។
យុវសិស្ស ហាក់ ម៉េង បានរៀបរាប់ថា៖ «ក្នុងមួយសប្តាហ៍
ខ្ញុំទទួលបានប្រាក់៧ម៉ឺនរៀលពីបងស្រីនិងបងប្រុស
ហើយប្រាក់ទាំងអស់នោះខ្ញុំត្រូវប្រើប្រាស់សម្រាប់ការហូបចុក
សម្លៀកពាក់ ជួលផ្ទះ និងទិញសម្ភារសិក្សា»។
ជារៀងរាល់ពេលដែលមិត្តរបស់លោកបបួលហៅទៅក្រៅជួបជុំគ្នាលោក
បានបញ្ជាក់ថា៖ «ជាទូទៅ ខ្ញុំតែងតែគិតដល់ជម្រើសបី ខ្ចីលុយ
ជំពាក់លុយ ឬមិនទៅ។
ការពិចារណាដិតដល់ទៅជម្រើសចុងក្រោយតែងតែស័ក្ដិសមបំផុតសម្រាប់
ខ្ញុំ»។
គួរបញ្ជាក់ដែរថា យុវជន ហាក់ ម៉េង គឺជាអ្នកដឹកនាំក្រុម WISH
ដែលជួយចុះចែកអំណោយដល់កុមារតាមខេត្ត
បើទោះបីជាលោកមិនមែនជាមនុស្សមានលុយកាក់ធូរធារច្រើនក៏ដោយ។
លោកបានយល់ពីតម្លៃរបស់លុយ និងតម្រូវការរបស់កុមារដែលខ្វះខាតពិតប្រាកដ។
ចុះអ្នកវិញ តើអ្នកបានធ្វើអ្វីខ្លះចំពោះថវិការដែលអ្នកមាន ឬប្រាក់ដែលទទួលបានពីញើសឈាមរបស់ឪពុកម្តាយ?
ជាការពិត ឪពុកម្តាយគ្រប់រូប តែងតែរំពឹងថា
អ្នកនឹងប្រើប្រាស់លុយទាំងនោះឲ្យមានប្រយោជន៍
និងចំគោលដៅក្នុងផ្លូវត្រឹមត្រូវជាពិសេសវាត្រូវតែជាប្រយោជន៍
សម្រាប់ការសិក្សា៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment