លោក ហ៊ុន សែន |
៤ មេសា ឆ្នាំ ១៩៥១ ៤ មេសា ឆ្នាំ
២០១១ គឺមានរយៈពេល ៦០
ឆ្នាំហើយដែលលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន បាន ចាប់កំណើតឡើង។
នេះបើយោងតាមថ្ងៃខែឆ្នាំកំណើតផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ដែលបានកំណត់តាមកាលបរិច្ឆេទនៃការចូលរួមនៅក្នុងចលនាតស៊ូរំដោះ ប្រជាជាតិតាមការអំពាវនាវរបស់សម្តេចឪ
នរោត្តម សីហនុ ក្រោយពីរដ្ឋប្រហារទម្លាក់ព្រះអង្គ។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន
បានចូលព្រៃម៉ាគីតស៊ូរំដោះជាតិនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៧០
ជាមួយនឹងយុវជនផ្សេងទៀត ប្រមាណ ៣០០នាក់។ តាមពិតថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់លោកនាយករដ្ឋមន្ត្រីមិន មែនថ្ងៃទី៤
ខែមេសាឡើយ ហើយឈ្មោះ
ពីកំណើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន គឺហ៊ុន ប៊ុនណាល់
ដែលជាឈ្មោះជួននឹងឈ្មោះឪពុកលោកផង និងដើម្បីឲ្យស័ក្តិសមនឹងភាពថ្លោសរបស់គាត់ពេលកើតមកផង។ នៅក្នុងឱកាសនៃខួបកំណើតរបស់លោកថ្ងៃនេះ
លោកនាយករដ្ឋមន្រ្តីហ៊ុន
សែន
នឹងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន។
គឺនៅកណ្តាលអធ្រាត្រ ក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ថ្ងៃអង្គារទី
៥ សីហា ឆ្នាំ១៩៥២ ដែលទារកហ៊ុន ប៊ុនណាល់ បានចាប់កំណើតឡើងក្នុងគ្រួសាររបស់លោកហ៊ុន
នាង ដែលជាឪពុក និងលោកស្រី ឌី ប៉ុក ជាម្តាយនៅក្នុងភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម ដែលជាត្រកូលកសិករ។
យោងតាមឯកសារស្រាវជ្រាវនានា កុមារា ហ៊ុន ប៊ុនណាល់ ត្រូវឪពុកម្តាយបញ្ជូនឲ្យចូលសិក្សានៅសាលាវត្ត
គឺវត្តបុទមកេស ហៅវត្តពាម
ដោយស្នាក់នៅធ្វើជាកូនសិស្សលោក
បើទោះបីជាផ្ទះរបស់គាត់នៅជិតវត្ត ក៏ដោយ។
យោងតាមសៀវភៅ មានចំណងជើងថា «សម្តេចអគ្គមហាសេនាបតីហ៊ុន សែន នាយករដ្ឋមន្ត្រីចេញពីត្រកូលកសិករ» អ្នកស្រុកចាស់ទុំបានឲ្យដឹងថា
កុមារា ហ៊ុន ប៊ុនណាស់
ជាក្មេងស្លូតបូត
មិនចូលចិត្តការឈ្លោះប្រកែកវាយតប់គ្នាទេ។ ប៉ុន្តែគាត់ជា
ក្មេងក្រមិចក្រមើមបែបជាកុមារវៃឆ្លាតម្នាក់។ គាត់មាននិស្ស័យខាងការសិក្សារៀនសូត្រ
ជាក្មេងឧស្សាហ៍ព្យាយាម
ហើយរៀនពូកែ ទៀតផង។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងប្រាប់អ្នកនិពន្ធសៀវភៅ
«ហ៊ុន
សែន បុរសខ្លាំងរបស់កម្ពុជា» នាពេលកន្លង
មកពេលលោកនៅកុមារភាពថា ៖ «ខ្ញុំស្អប់ក្មេងៗព្រហើន ដែលចេញមកពីគ្រួសារអ្នកមានអំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ភ
ហើយដែលមើលងាយអ្នកក្រ។
ពួកគេមិនដែលមើលសៀវភៅរៀនគេទេ ហើយរៀនអន់ ប៉ុន្តែពួកគេតែងតែប្រឡងជាប់»។
ក្នុងវ័យ ១៣ ឆ្នាំ កុមារា ហ៊ុន
ប៊ុនណាល់ បានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ជាមួយនឹងព្រះសង្ឃមួយអង្គព្រះនាម
គឹម ច្រែងមកស្នាក់នៅក្នុងវត្តនាគវ័ន ដើម្បីបន្តការសិក្សាដោយសារតែនៅតំបន់ជនបទក្នុងសម័យនោះមិនមាន សាលាគ្រប់គ្រាន់
នោះឡើយ។ ទាំងកុមារា ហ៊ុន ប៊ុនណាល់
និងម្តាយជាទីស្រលាញ់របស់លោកមានការអាឡោះអាល័យគ្នាយ៉ាងខ្លាំងនៅ ពេលដែល
កុមាររូបនេះលាគាត់មកទីក្រុងភ្នំពេញ។ កុមារា ប៊ុនណាល់ បានបន្តការសិក្សារបស់ខ្លួននៅសាលាឥន្ទ្រទេវី។ ជីវិតជាក្មេងវត្តបាន
ហែលឆ្លងកាត់នូវការលំបាកយ៉ាងខ្លាំង
ដោយត្រូវងើបពីដំណេកពីយប់ដើម្បីដាំបបរប្រគេនព្រះសង្ឃ ដើរបិណ្ឌបាត
សូត្រធម៌ បោស សំអាតទីធ្លាវត្តជាដើម។ លោកនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់អ្នកនិពន្ធសៀវភៅ«ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា»ថា នៅពេលខ្លះ លោកត្រូវទទួលទណ្ឌកម្មដោយសារតែដើមឈើធំពីរដើមនៅក្នុងវត្ត ពេលខ្លះត្រូវទទួលទណ្ឌកម្មពីព្រះសង្ឃដោយសារតែបានចង្ហាន់
យឺត។ ជាមួយគ្នានេះ
កុមារាហ៊ុន ប៊ុនណាល់
ក៏ត្រូវទៅរែកទឹកមកដាក់វត្តពីផ្លូវកម្ពុជាក្រោមដែរ។
ភាព កម្សត់ទុរគតនៅពេលនោះមិនបានឲ្យកុមារាប៊ុនណាល់
ចុះចាញ់ឡើយ ការតស៊ូនៅតែមានជានិច្ច។
លោកនាយករដ្ឋ មន្ត្រីបានថ្លែងនៅក្នុងសៀវភៅ
ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា
អំពីទុក្ខលំបាករបស់ខ្លួនក្នុងនាមជាក្មេងវត្ត
ដោយបានដេករបៀប ចល័តទៅតាមកន្លែងដែលទំនេរ។ «ពេលណារងា ខ្ញុំដេកក្រោមគ្រែព្រះសង្ឃដើម្បីឲ្យកក់ក្តៅ។
ពេលណាមានមូស ពួកយើងសុំលោកសង្ឃឲ្យទម្លាក់ជើងមុងផុតគ្រែដើម្បីការពារកុំឲ្យ មូសខាំពួកយើង»។ នេះគឺជាការរំលឹកឡើងវិញរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ពីអនុស្សាវរីយ៍ក្នុងវ័យកុមាររបស់លោកជាក្មេងវត្ត។
ជាមួយ គ្នានេះដែរ លោកហ៊ុន សែន បានបង្ហើបឲ្យដឹងពីការចេះលេងអុករបស់គាត់ថា
នៅថ្ងៃអាទិត្យ ក្មេងវត្តត្រូវរកចង្ហាន់ឲ្យបានមុនពេលបន្តិច ហើយគឺនៅរៀងរាល់ថ្ងៃអាទិត្យនេះហើយដែលក្មេង
វត្ត ហ៊ុន សែន រៀនលេងអុក នៅពេលដែលគាត់ឈប់សំចតតាមតូបកាត់សក់ក្នុងដំណើរបិណ្ឌបាតរបស់ គាត់។ ជាងកាត់សក់ដែលដាក់ចង្ហាន់ដល់ព្រះសង្ឃតែងតែផ្តល់ក្តារអុកដល់ អតិថិជនរបស់គេដែលរង់ចាំវេនកាត់សក់របស់ខ្លួន។
ក្មេងវត្តហ៊ុន សែន
ក៏បានឈរ បន្តជាមួយពួកគេដែរដើម្បីលេងអុក។ លោកនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់អ្នកនិពន្ធសៀវភៅ
ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជាថា៖ «ខ្ញុំចេះលេងអុកដោយមើលអ្នកដទៃលេង»។ រហូតមកទល់នឹងពេលនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន ត្រូវបានគេដឹងថា
ជាអ្នកលេងអុកដ៏ពូកែម្នាក់។
យុវជនហ៊ុន ប៊ុនណាល់ បានបញ្ឈប់ការសិក្សានៅវិទ្យាល័យឥន្រ្ទទេវីនៅឆ្នាំ
១៩៦៩ ហើយចាកចេញពីសាលានៅមុនពេលលោកប្រឡង។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងតាមរយៈសៀវភៅ
ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជាថា
ការចាកចេញពីវត្តនាគវ័ន
ត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ ដោយសារតែ«ព្រឹត្តិការណ៍ក្នុងវត្ត» ដែលប៉ូលិសរបស់សម្តេចឪ នរោត្តម
សីហនុចាប់បងប្អូន ជីដូនមួយរបស់លោក
ហើយលោកខ្លាច។ ក្រោយមកលោកចង់វិលត្រឡប់មកវត្តនាគវ័នវិញ ក្រោយពីបងជីដូនមួយលោកត្រូវបាន
ដោះលែងឲ្យមានសេរីភាព។
ប៉ុន្តែការប៉ុនប៉ងវិលត្រឡប់របស់លោកត្រូវបានអាក់ខានដោយសារតែ មានរដ្ឋប្រហារថ្ងៃទី
១៨ មីនា ឆ្នាំ ១៩៧០ ទម្លាក់សម្តេចឪ
នរោត្តម សីហនុពីតំណែង។
រដ្ឋប្រហាររបស់លន់ នល់ទម្លាក់សម្តេចឪ
បានកាត់ផ្តាច់ការសិក្សារបស់យុវជនហ៊ុន ណាល់ ហើយប្រែក្លាយជីវិតក្មេងវត្ត ម្នាក់នេះទៅជាយុទ្ធជនរំដោះជាតិពីក្រញាំដៃនៃក្រុមអ្នកធ្វើរដ្ឋ ប្រហារ
និងអ្នកគាំទ្រពីក្រោយ។ គឺនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៧០ ដែលលោកនាយករដ្ឋមន្ត្រីបានចូលធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចឪពីទីក្រុងប៉េកាំង
ឲ្យកូនចៅព្រះអង្គចូលព្រៃម៉ាគីតស៊ូ។ នៅក្នុងការតស៊ូនេះ យុវជន ហ៊ុន
ប៊ុនណាល់ បានប្តូរឈ្មោះមកជា
ហ៊ុន សំរេច វិញដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន។ ក្នុងបទសម្ភាសដល់អ្នកនិពន្ធសៀវភៅ
ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា លោកនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងម៉ឺងម៉ាត់ថា៖
«ខ្ញុំចូលព្រៃ ពីព្រោះខ្ញុំមើលឃើញពពកភ្លើងសង្គ្រាមកំពុងពូនផ្តុំនៅឯជើងមេឃរួច ទៅហើយ»។
ទើបតែចូលព្រៃម៉ាគី និងហាត់ហ្វឹកហ្វឺនទ័ពបានប្រមាណពីរសបា្តហ៍
យុវជន ហ៊ុន សំរេចត្រូវបានតែងតាំងជាមេបញ្ជាការកងអនុសេនាតូចដែលមានទាហាន ចំនួន
៣៦ នាក់នៅក្រោមបញ្ជា។ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៧០ គឺជាការប្រយុទ្ធលើក
ដំបូងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងសម័យតស៊ូ ហើយសមរភូមិបានចាប់ផ្តើមឡើងនៅក្នុងស្រុកស្នួលខេត្តក្រចេះ ប្រយទ្ធជាមួយនឹងកងទ័ពរបស់របបសាធារណរដ្ឋលន់
នល់។ ការប្រយុទ្ធគ្នាមានពេលខ្លះឈ្នះ
មានពេលខ្លះចាញ់ ពេលខ្លះបាក់ទ័ព
ប៉ុន្តែទឹកចិត្តប្រយុទ្ធនៅតែមានដើម្បីប្រទេសជាតិ។
លោកហ៊ុន សំរេច
បានឡើងតួនាទីរហូត គឺសីហា ឆ្នាំ
១៩៧៥ជាប្រធានសេនាធិការកងវរសេនាធំ។ ប៉ុន្តែអកុសល មួយថ្ងៃនៃការរំដោះប្រទេសចេញពីរបបលន់
នល់ គឺនៅថ្ងៃទី១៦ មេសា
ឆ្នាំ ១៩៧៥ លោក ហ៊ុន សែន ដែលបានប្តូរឈ្មោះពីហ៊ុន សំរេច នៅឆ្នាំ
១៩៧៥ បានត្រូវរបួសធ្ងន់ សន្លប់អស់៧ យប់ ៧ ថ្ងៃ ហើយបានបណ្តាលឲ្យ
លោកពិការភ្នែកខាងឆ្វេង។
នៅថ្ងៃ៥ មករា ឆ្នាំ ១៩៧៦ លោកមេបញ្ជាការ ហ៊ុន
សែន បានរៀបអាពាហ៍ពិពាហ៍ជាមួយយុវនារី
ប៊ុន រ៉ានី ដែលជាគ្រូ
ពេទ្យម្នាក់។ កាលនោះគឺលោកទាំងពីរបានរៀបការក្នុងរបបប៉ុល
ពត ចំនួន
១៣ គូ ហើយគូលោកនាយករដ្ឋមន្ត្រី ជាគូទី១៣។ ដោយដឹង និងជាសាក្ស៊ីផ្ទាល់ភ្នែកចំពោះគោលនយោបាយប្រល័យពូជសាសនៃរបបប៉ុល ពត
នៅឆ្នាំ១៩៧៧ លោក ហ៊ុន សែន
បានចាកចេញពីគ្រួសារជាទីស្រឡាញ់ម្តងទៀតដើម្បីដឹកនាំចលនាមួយ ក្នុងគោលបំណងរំដោះប្រទេសកម្ពុជា និងប្រជាជនរបស់លោកពីរបបប្រល័យពូជសាសន៍នេះ។
នៅឆ្នាំ១៩៧៨ លោក ហ៊ុន សែន
បានក្លាយទៅជាប្រធានស្ថាបនិកនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ។
ដោយការសហការជាមួយចលនាស្នេហាជាតិដទៃៗ និងមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម
នៅថ្ងៃទី៧ មករា
ឆ្នាំ១៩៧៩ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានរំដោះប្រទេសកម្ពុជានិង ប្រជាជនចេញពីរបបប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ។
នៅ ថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ១៩៧៩ លោក
ហ៊ុន សែន បានជួបជុំគ្រួសារឡើងវិញ
ប៉ុន្តែកូនរបស់លោកឈ្មោះហ៊ុន ម៉ាណែត
នៅពេលនោះមិនស្គាល់ថា លោកជាឪពុករបស់ខ្លួនឡើយ បានហៅលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន ជាឪពុកថា ពូៗជាច្រើនសបា្តហ៍
នេះដោយសារតែលោកពុំបានស្ថិតនៅជាមួយគ្រួសារ និងកូន
ដោយជាប់រវល់ក្នុងការតស៊ូរំដោះប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ធ្លាប់បានមានប្រសាសន៍ថា
លោកមានភាពក្តុកត្តូលរំជួលចិត្តជាខ្លាំងនៅពេលដែលបានជួបមុខ ក្រុមគ្រួសាឡើងវិញ
បន្ទាប់ពីបានបែកគ្នាអស់ជាច្រើនខែឆ្នាំ។
ចាប់ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ លោក
ហ៊ុន សែន បានទទួលតំណែងផ្សេងៗនៅក្នុងរដ្ឋាភិបាលកម្ពុជា ដូចជានៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម័យរដ្ឋកម្ពុជា។
ក្នុងនាមជារដ្ឋមន្រ្តីក្រសួងការបរទេស នៅឆ្នាំ១៩៧៩ និងក្នុងនាមជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការ បរទេសពីឆ្នាំ
១៩៨១ ដល់ ១៩៨៥ និងបន្ទាប់មកជានាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការ បរទេសពីឆ្នាំ១៩៨៥ដល់១៩៩១
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការដាក់នូវមូលដ្ឋានសម្រាប់អនុវត្តសន្តិភាព ការបង្រួបបង្រួមជាតិ
និងការអភិវឌ្ឍន៍កម្ពុជា។
តាមរយៈការចូលរួមចំណែកនិងការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ លោកបានក្លាយជាស្ថាបត្យករដែលមិនអាចខ្វះបានចំពោះកិច្ចព្រម ព្រៀង
ទីក្រុងបារីសស្តីពីកម្ពុជា។
ជាលទ្ធផលនៃការអនុវត្ត កិច្ចព្រមព្រៀងនេះ
និងការបោះឆ្នោតជាតិឆ្នាំ១៩៩៣
ពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៨ លោក ហ៊ុន សែន បានបម្រើប្រទេសកម្ពុជាជាសហនាយករដ្ឋមន្រ្តីនិងបន្ទាប់មកជានាយក រដ្ឋមន្រ្តីទីពីរនៅក្នុងរដ្ឋាភិបាលចម្រុះលើកទីមួយ។ នៅក្នុងតំណែងនេះ ជាថ្មីម្តងទៀតលោកបានក្លាយជាអ្នកការពារសមិទ្ធផលជាតិនិងជា អ្នកការពារកិច្ចព្រម
ព្រៀងសន្តិភាពទីក្រុងប៉ារីស
សមិទ្ធផលរបស់លោកក្នុងអំឡុងពេលនេះរួមមាន ការបំពេញបាននូវការប្តេជ្ញាចិត្តការកែលំអផ្លូវថ្នល់នៅតាមជនបទ សាលារៀន
មន្ទីរពេទ្យ មណ្ឌលសុខភាពផ្សេងៗ
លទ្ធភាពទទួលបានទឹកស្អាត ខណៈកំពុងអនុវត្តគោលនយោបាយឈ្នះ-ឈ្នះដែលបានបញ្ចប់ការគំរាមកំហែង និងបង្រួបបង្រួមខ្មែរក្រហមឲ្យចូលមកក្នុងរដ្ឋាភិបាលកម្ពុជា។
នៅ ខែកក្កដា ឆ្នាំ១៩៩៨ ការបោះឆ្នោតទូទៅបាននាំមកនូវជ័យជម្នះដល់គណបក្សប្រជាជនកម្ពុជា ដែលលោក
ហ៊ុន សែន ជាអនុប្រធានគណបក្ស។
លោកបានក្លាយជានាយករដ្ឋមន្រ្តីតែមួយនៃព្រះរាជាណាចក្រកម្ពុជា ដោយដឹកនាំរដ្ឋាភិបាលចម្រុះទីពីរដែលមានការចូលរួមពីគណបក្សធំ ពីរគឺ
គណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយបានប្រកាសជាឱឡារិកថារដ្ឋាភិបាលរបស់លោកជារដ្ឋាភិបាលតម្រង់ ទៅរកសេដ្ឋកិច្ច។
ក្រោមការដឹកនាំរបស់លោក
ប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅអាស៊ាន។
សម្តេច ហ៊ុន សែន
ដែលជាបេក្ខជននាយករដ្ឋមន្រ្តី
នៅក្នុងគណបក្សប្រជាជនកម្ពុជា ជាថ្មីម្តងទៀតបានដឹកនាំគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យនៅ ក្នុងការបោះឆ្នោតទូទៅខែកក្កដា
ឆ្នាំ២០០៣។ បន្ទាប់ពីរយៈ១១ខែនៃភាពលំបាកនយោបាយ លោកបានទទួលជោគជ័យនៅក្នុងការបង្កើតរដ្ឋាភិបាលចម្រុះជាមួយ គណបក្សហ៊្វុនស៊ិនប៉ិច។
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤
នៅក្រោមច្បាប់ថ្មីដែលអនុញ្ញាតឲ្យមានការបោះឆ្នោតកញ្ចប់ សភាជាតិបានបោះឆ្នោតជ្រើសរើសលោកធ្វើជានាយករដ្ឋមន្រ្តី ហើយបានឲ្យសច្ចានុម័តទៅលើរដ្ឋាភិបាលចម្រុះអាណត្តិទីបីរវាង គណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច។
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៤ នៅក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទីបីនៃរដ្ឋសភា
សម្តេច ហ៊ុន សែន បានប្រកាសនូវ«យុទ្ធសាស្រ្តចតុកោណ»ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព បន្ថែមទៅយុទ្ធសាស្រ្តត្រីកោណរបស់លោកនៅក្នុងអាណត្តិមុន។
នៅ ថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០០៥
សមាជគណបក្សប្រជាជនកម្ពុជា
បានចេញសេចក្តីសម្រេចជាឯកកច្ឆ័ន្ទ បានតែងតាំងលោក
ហ៊ុន សែន ដែលជាអនុប្រជាគណបក្ស ជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្រ្តីនៅនីតិកាលទីបួននៃសភាជាតិ ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ បន្ទាប់ពីឈ្នះការបោះឆ្នោតទូទៅនៅថ្ងៃទី២៧
កក្កដា ឆ្នាំ២០០៨ ដែលពេលនោះគណបក្សប្រជាជនកម្ពុជាបានឈ្នះកៅអីចំនួន៩០ក្នុងចំណោម កៅអី១២៣នៅក្នុងរដ្ឋសភា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន ត្រូវបានតែងតាំងដោយនីតិកាលទីបួននៃរដ្ឋសភា និងអនុម័តដោយព្រះមហាក្សត្រព្រះករុណា
ព្រះបាទ សម្តេចព្រះបរមនាថនរោត្តមសីហមុនី ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិប្រាំឆ្នាំ(២០០៨‑២០១៣)ទៀត។
នៅ ក្នុងបទសម្ភាសពិសេសមួយកាលពីខែមិថុនា
ឆ្នាំ ២០០៨ លោកបានបញ្ជាក់ពីគោលដៅនយោបាយរបស់លោកទៅថ្ងៃអនាគតថា លោកនឹងបន្តឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី និងបម្រើប្រជារាស្ត្ររហូតដល់ពួកគាត់លែងត្រូវការលោក។ លោកនាយករដ្ឋមន្ត្រីហ៊ុន
សែន បានថ្លែងថា៖«ការពិតធ្វើនាយករដ្ឋមន្ត្រីហត់ណាស់
ពិតជាហត់ ក៏ប៉ុន្តែយើងត្រូវទទួលយកនូវការហត់នឿយនេះដើម្បីសេចក្តីសុខរបស់ ប្រជាពលរដ្ឋ។
ប្រជាជនបើគេមិនស្រលាញ់ខ្ញុំទេ
គឺគេពិតជាមិនបោះឆ្នោតឲ្យគណបក្សប្រជាជនទេ។ គណបក្សប្រជាជនបានប្រើប្រាស់ឈ្មោះរបស់ហ៊ុន សែនទៅឃោសនាបោះឆ្នោតថា
បើគណបក្សប្រជាជនឈ្នះឆ្នោត ហ៊ុន សែន នឹងធ្វើជានាយករដ្ឋមន្ត្រី។
ន័យនេះច្បាស់ណាស់ថា
បើពេញចិត្តហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជន»។
«ខ្ញុំ ត្រូវរែកពុននូវភារកិច្ចនេះជាបន្តដើម្បីសេចក្តីសុខរបស់ ប្រជាជន
ហើយក៏ទៅតាមសំណូមពររបស់ប្រជាជន ប៉ុន្តែបើ ប្រជាជនមិនបោះឆ្នោតឲ្យ
គឺមានន័យថា គាត់លែងត្រូវការយើងហើយ។ យើងក៏មិនបាច់ប្រឹងនៅតទៅទៀតដែរ
យើងចាកចេញ ដោយគ្មានការស្តាយស្រណោះអ្វីទេ។ ប៉ុន្តែធម្មតាអ្នកធ្វើនយោបាយមិនចង់ចាញ់ទេ
ត្រូវតែឈ្នះ»។ នេះគឺជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី។
លោកបានបន្តទៀត ថា៖ «យើងខិតខំបណ្តុះបណ្តាលធនធានមនុស្សដើម្បីបន្តវេនក្នុងបក្ស។ យើងបាន និងកំពុងចាប់ផ្តើមកសាងបណ្តើរៗហើយដោយបានបញ្ជូនមន្ត្រីវ័យក្មេង របស់គណបក្សទៅកាន់គ្រប់រចនាសម្ព័ន្ធរបស់រដ្ឋផងដែរ
ព្រោះយើង មិនអាចរស់រហូតដល់អាយុ
៥០០ឆ្នាំទេ ហើយខ្ញុំក៏គ្មានកម្លាំងឯណាទៅធ្វើនាយករដ្ឋមន្ត្រីរហូតដល់អាយុ ៩០
ឆ្នាំ ឬអាយុ ១០០ឆ្នាំ នោះដែរ។
ក៏ប៉ុន្តែខ្ញុំមានលទ្ធភាពធ្វើនាយករដ្ឋមន្ត្រីរហូតដល់ក្រុម ប្រឆាំង
អាយុចាស់ទ្រុឌទ្រោម អស់កម្លាំងប្រកួតប្រជែងព្រោះពួកនេះពិសពុលខ្លាំងណាស់ អ៊ីចឹងមានតែយកហ៊ុន
សែនទៅទប់ស្កាត់ទេ។ ខ្ញុំនឹងឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី រហូតដល់ប្រជាជនលែងត្រូវការ។
ខ្ញុំសូមបញ្ជាក់ថា ទាល់តែមានការគាំទ្រ ទើបយើងអាចទៅរួច គ្មានការគាំទ្រ គឺយើងមិនអាចទៅរួចទេ»៕
ផ្សេងៗពីសម្តេច ហ៊ុន សែន
- ខ្សែស្រឡាយក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
- នាយករដ្ឋមន្ត្រីហ៊ុន សែន និងសម្តេចឳនរោត្តមសីហនុ ជាតួអង្គសំខាន់ក្នុងការស្ថាបនាកិច្ចព្រមព្រៀងសន្តិភាព
- ហ៊ុន សែន ៖ អ្នកបញ្ចប់អង្គការចាត់តាំងនយោបាយខ្មែរក្រហម ជាមួយយុទ្ធសាស្ត្រឌីហ្វីដ (DIFID) នាំយកសន្តិភាពឲ្យកម្ពុជា
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment