ប្រាសាទបាយ៉ង់ គឺជាស្នាព្រះហស្ថរបស់ព្រះបាទឥសានវរ្ម័នទី ១ ។
ការដែលព្រះមហាក្សត្រអង្គនេះគ្រងរាជ្យក្នុងអំឡុងឆ្នាំ ៦១៥ ដល់ឆ្នាំ
៦៣៧នៃគ្រិស្តសករាជបានជ្រើសរើសទីតាំងកំពូលភ្នំបាយ៉ង់
ដើម្បីស្ថាបនាប្រាសាទបាយ៉ង់
ដែលជាបូជនីយដ្ឋានមួយដ៏សំខាន់ជាងគេក្នុងចំណោមបូជនីយដ្ឋានផ្សេងៗទៀត
នៅក្នុងខេត្តតាកែវ មិនមែនជាការចៃដន្យឡើយ។
ក៏ប៉ុន្តែកត្តាភូមិសាស្ត្រប្រកបដោយទេសភាពដ៏ស្រស់បំព្រងជុំវិញនោះ
បានលាតសន្ធឹងដាច់កន្ទុយភ្នែក
ប្រៀបផ្ទឹមនឹងទេពស្ថានគួរឲ្យត្រេកត្រអាលបំផុត។
ក្នុងទស្សនៈវិទ្យាបុរាណ
ទីនេះបង្កប់នូវភាពស័ក្តិសិទ្ធយ៉ាងសម្បើមអស្ចារ្យ
ព្រោះជាលំនៅស្ថានរបស់ព្រះឥសូរដែលជាព្រះអាទិទេពនៃភ្នំ។
ទិដ្ឋភាពរួមនៃភ្នំបាយ៉ង់ ខេត្តតាកេវ (ម.ត ២០០៧)
មួយវិញទៀតសោត តំបន់នេះ ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយផងដែរ ដែលខកខានពុំបាន ដើម្បីវឌ្ឍនភាពរបស់អាណាចក្រចេនឡា ដែលទើបតែគ្រប់គ្រងប្រទេសជំនួសនគរភ្នំ។ ប្រាសាទបាយ៉ង់ ស្ថិតនៅភូមិពោធិរោង និងភូមិត្រពាំងសង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីខាងត្បូងទីរួមខេត្តតាកែវ និងមានប្រវែង ១២០គីឡូម៉ែត្រពីរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ ដូចប្រាសាទផ្សេងៗទៀតនៅឥសានបុរៈ ប្រាសាទបាយ៉ង់សាងសង់អំពីឥដ្ឋនៅលើកំពូលភ្នំមួយដែលមានកម្ពស់ប្រមាណ ជា ៨០០ម៉ែត្រ ហើយមានចម្ងាយប្រមាណជា ១,៧គីឡូម៉ែត្រ ភាគនិរតីនៃស្រះសង់បុរាណ វត្តលើ ភូមិត្រពាំងសង់។
ប្រាសាទភ្នំបាយ៉ង់ និងក្បាច់លើជញ្ជាំង (ម.ត ២០០៧)
ដើម្បីឡើងទៅកាន់បូជនីយដ្ឋានដ៏ស័ក្តិសិទ្ធិនេះ គេត្រូវចំណាចយពេលដើរពីទិសខាងជើងឆ្លងកាត់ផ្ទាំងថ្មដាតូចធំ ជាច្រើនហើយពីជម្រាលភ្នំទៅកាន់ប្រាសាទ គេចំណាយពេលជាង ១ម៉ោង។ មុននឹងឈានជើងដល់កាំជណ្តើរឡើងទៅកាន់ប្រាសាទបាយ៉ង់ ដែលធ្វើអំពីថ្មបាយក្រៀម ដែលមានចំនួន ៩១ កាំ។ សព្វថ្ងៃនេះ គេអាចធ្វើដំណើរងាយស្រួលជាងមុន ដើម្បីឡើងទៅទស្សនាទីនោះ គឺជិះម៉ូតូឌុបតាមផ្លូវបុរាណនៅចំណុចភូមិត្រពាំងសង់ ដែលបានផ្សារភ្ជាប់ពីជើងភ្នំដល់ផ្នែកខាងលើនៃប្រាសាទនោះតែម្តង។
ប្រាសាទនេះ គឺជាប្រាសាទទោល មានរាងបួនជ្រុង ដោយជ្រុងនីមួយៗមានប្រវែងប្រមាណ ១០ម៉ែត្រ និងកំពស់ប្រមាណជា ១៤ម៉ែត្រ។ ស្របនិងប្រពៃណីស្ថាបត្យកម្មបុរាណ ប្រាសាទរបស់ខ្មែរយើងមានទ្វារពិតមួយដែលស៊ុមធ្វើអំពី ថ្មថ្លើមអណ្តើក (ថ្មក្រែ) បែរមុខទៅទិសខាងកើត និងទ្វារ ៣ទៀតដែលជាទ្វារបញ្ឆោត។ ប្រាសាទនេះ កសាងអំពីឥដ្ឋ នៅសម័យបុរេអង្គរ គឺមានតែប្រាសាទបាយ៉ង់នេះទេនៅលើកំពូលភ្នំខ្ពស់ជាងគេនៅកម្ពុជា។
ប្លង់ និង ចម្លាក់តុបតែងប្រាសាទបាយ៉ង់ (ឯកសាររបស់លោក Mauger)
ផ្តែរដែលស្ថិតនៅផ្នែកខាងលើនៃខ្លោងទ្វារចូល និងសសរពេជ្រធ្វើអំពីថ្មភក់ត្រូវបានបាត់បង់តាមអាយុកាលទៅហើយ។ យ៉ាងណាមិញសោមសូត្រសម្រាប់បង្ហូរទឹកមន្តចេញពីប្រាសាទក៏ដូច្នេះដែរ ។ ម្យ៉ាងវិញទៀតដោយសារ កំពូលប្រាសាទដែលធ្លុះធ្លាយផ្នែកខាងក្នុងនៃប្រាសាទ ស្ថិតក្នុងសភាពសើម ជាពិសេសនៅរដូវវស្សា។ លក្ខណៈដ៏វិសេសវិសាលរបស់ប្រាសាទបាយ៉ង់ គឺក្រៅពីឧត្តមភាពសម្បូរបែបនៃក្បាច់រចនា គឺវត្តមានរបស់មណ្ឌលដ៏ពិសិដ្ឋមួយដែលស្ថិតនៅផ្នែកខាងក្នុង ដើម្បីឲ្យសាសនិកជនដើរភាវនាធម៌ ការដែលឃើញមានផ្លូវដើរជុំវិញដូច្នេះ ជាកត្តាមួយដ៏សំខាន់ដែលអាចជួយយើងបាន។ លោកបានលើកអំពីលក្ខណៈវ័យចំណាស់នៃប្រាសាទថា បាយ៉ង់ក៏ដូចជានៅប្រាសាទបុរេអង្គរផ្សេងៗទៀតដែរ ដែលស្ថិតក្នុងអន្តរកាលរចនាប័ទ្មសម្បូរព្រៃគុក និងព្រៃក្មេង យើងឃើញមានក្បាច់លម្អជាប្រាសាទចម្លងតូចៗអមទាំងសងខាងទ្វារពិត និងទ្វារបញ្ឆោតដែលគេហៅថា វិមានអាកាស ឬប្រាសាទអណ្តែត។ សូមជម្រាបថា ប្រាសាទតូចៗទាំងនោះ គឺជានិមិត្តរូបនៃភាពអវកាសនៃទេវស្ថានទាំងនោះ ដែលតាមពិតទៅ គឺតំណាងឲ្យទេវស្ថានស្ថិតនៅឋានត្រៃត្រិង្ស។
ទិដ្ឋភាពរួមនៃប្រាសាទបាយ៉ង់ និង ចម្លាក់ក្បាច់ (ឯកសាររបស់លោក Mauger)
មិនខុសគ្នាពីប្រាសាទដទៃទៀតនៅលើទីតាំងនៃបូជនីយដ្ឋានបុរេអង្គរ ដ៏ល្បីល្បាញនេះ ឃើញមានការសាងសង់ជាបន្តបន្ទាប់រហូតដល់សតវត្សរ៍ទី ១០ ដល់ ១១នៃគ្រិស្តសករាជ ដូចវត្តមានរបស់បណ្ណាល័យមួយដែលស្ថិតនៅជ្រុងខាងត្បូងឆៀងខាងកើត ព្រមទាំងជណ្តើរធ្វើអំពីថ្មបាយក្រៀមនៅតំណាងពីមុខជាភស្តុតាង ជាក់ច្បាស់។ ក្រៅពីនេះ គេក៏ឃើញមានសំណង់រណបនៅចំពីមុខ ដែលមានសណ្ឋានជាអគារមានដំបូលធ្វើំអំពីឈើប្រក់ក្បឿងរាងបួនជ្រុង ស្មើ ដែលទ្រសសរធំៗចំនួន ៤ ធ្វើអំពីថ្មបាយក្រៀមថែមទៀតផង។
ប្រាសាទនេះពិតជាបូជនីយដ្ឋានសាងសង់ឡើងសម្រាប់ព្រះមហាក្សត្រ ឬសព្វមុខមន្ត្រីជាន់ខ្ពស់មកថ្វាយបង្គំព្រះ ដូចករណីប្រាសាទអាស្រមមហាឥសី ដែលស្ថិតនៅទីក្រុងអង្គរបុរី ឬឥសានបុរៈជាសក្ខីកម្មស្រាប់។ ប្រាសាទរបស់យើងមានបណ្ឌបមួយសម្រាប់ដើរភាវនាធម៌ នេះជាអ្វីមួយដែលយើងពុំធ្លាប់ជួបក្នុងប្រាសាទដទៃៗឯទៀតឡើយ។
ដូចពោលខាងលើ ក្រុមប្រាសាទបាយ៉ង់ គឺជាបណ្តុំសំណង់ស្ថាបត្យកម្មដែលត្រូវបានសាងសង់ជាច្រើនដំណាក់កាល។ អ្វីមួយដែលអាចបញ្ជាក់តាមរយៈក្រៅប្រាសាទបាយ៉ង់ នៅមានប្រាសាទបុរាណជាច្រើនទៀត ដែលបុព្វការីជនខ្មែរបានប្រតិស្ឋាន ដូចជាប្រាសាទនាងសក់ក្រអូប, ប្រាសាទក្តឹបស្លា ផ្កាស្វាយ ឬប្រាសាទដុបតាញាណ, ប្រាសាទព្រះបាទដៃខ្លី និងប្រាសាទព្រះគោជាដើម។
ភ្នំបាយ៉ង់ និង បណ្ណាល័យ ព្រមទាំងប្លង់ (ឯកសាររបស់លោក Mauger)
តាមរយៈក្បាច់រចនាឆ្លាក់នៅលើជញ្ជាំងប្រាសាទឥដ្ឋ និងរាងរៅនៃសំណង់ លោកអាចកំណត់ថា អាយុកាលនៃប្រាសាទបាយ៉ង់ ទោះបីជាបូជនីយដ្ឋាននេះត្រូវបានទទួលនូវការរេចរិលដោយច្រើនអន្លើ ក្តី។ ប្រាសាទនេះសាងសង់ឡើងដោយមានលក្ខណៈជាតួប៉មប្រាង្គតែមួយនៅលើ កំពូលភ្នំប្រាសាទបាយ៉ង់ ត្រូវបានស្ថាបនាឡើងនៅរាជ្យរបស់ព្រះបាទឥសានវម៌ទី១ ក៏មែនពិត ប៉ុន្តែត្រូវបានបន្តរហូតដល់រាជ្យព្រះមហាក្សត្រក្រោយៗទៀត។ ការសន្និដ្ឋានដូច្នេះ គឺអាស្រ័យលើរចនាប័ទ្មផ្តែរឥដ្ឋទាំងពីរប្រភេទ គឺសម្បូរណ៍ព្រៃគុក និងព្រៃក្មេងដែលសំណង់ស្ថាបត្យកម្មដ៏ធំនេះបានបន្សល់ទុកជាតឹកតាង ប្រវត្តិសាស្ត្រពិត។
សិលាចារឹកមួយផ្ទាំងស្ថិតនៅព្រះគុហាហ្លួងស្រុកទូកមាស ខេត្តកំពត ក្នុងរជ្ជកាលព្រះបាទជយវម៌ទី ១ ត្រង់អត្ថបទភាសាខ្មែរចាប់ផ្តើមដោយកាលបរិច្ឆេទឆ្នាំ ៥៩៦សករាជ=៦៧៤ គ្រិស្តសករាជនៅមន្ទីរ (នៃតំបន់ ឬភូមិភាគឈ្មោះ) បុរន្ទបុរះ។ អត្ថបទនេះដោយបញ្ជាក់អំពីអំណោយរបស់មន្ត្រីជាន់ខ្ពស់ពីររូប កាលពីរាជ្យព្រះបាទរៅទ្រវម៌ ដែលប្រហែលជាព្រះបាទរុទ្រវម៌របស់នគរភ្នំ (៥១៤ - ៥៤៥ គ្រិស្តសករាជ) បូជាថ្វាយដល់ព្រះឧុត្បន្នេស្វរៈជា ’ព្រះឥសូរមួយអង្គ ដែលអ្នកស្រុកស្រឡាញ់រាប់អាននៅតំបន់ភ្នំបាយ៉ង់។ ដូច្នេះនៅសម័យនោះ ព្រះឥសូរ ប្រាសាទភ្នំបាយ៉ង់ស័ក្តិសិទ្ធិដ៏អស្ចារ្យ ជាពិសេសដូនតាខ្មែរយើងបានចារយ័ន្តផ្កាប់ ឬបញ្ច្រាសនៅ ’សោមសូត្រ” នៃប្រាសាទព្រះគោស្ថិតក្រោមប្រាសាទបាយ៉ង់ប្រមាណ ២០០ម៉ែត្រ។
ភ្នំគិរីវង់ក៏ដូចភ្នំបាយ៉ង់ ពីមុនជាកន្លែងព្រៃស្តុកមានដើមឈើធំៗក្រាស់ឃ្មឹក តែឥឡូវក្លាយជាវាលរហោស្ថានទៅហើយ ដោយនៅទីនោះមានរ៉ែត្បូងដ៏មានតម្លៃ។ ជារៀងរាល់ឆ្នាំអ្នកស្រុកគិរីវង់ ពិសេសអ្នករស់នៅក្បែរនោះ ក្រោយពីសែនដូនតារដូវបុណ្យភ្ជុំបិណ្ឌរួច ពួកគាត់តែងតែយកម្ហូបអាហារ នំចំណីទៅសែននៅទីនោះបន្តទៀត ដោយទៅអុជធូបបន់ស្រន់សុំសេចក្តីសុខសប្បាយចម្រុងចម្រើន។ ទីនោះជាតំបន់ទេសចរណ៍វប្បធម៌មួយដ៏សំខាន់បំផុតនៃស្រុកគិរីវង់ ខេត្តតាកែវ។
គួរបញ្ជាក់ថា ប្រាសាទបាយ៉ង់នេះត្រូវបានសិក្សាមួយយ៉ាងសំខាន់ដោយលោក ម៉ូហ្សេ កាលពីឆ្នាំ ១៩៣៥ ដែលបានគូរប្លង់ប្រាសាទនេះ ជាហេតុទើបអាចជួយយើងឲ្យស្វែងយល់អំពីចំណាស់ និងសារសំខាន់នៃប្រាង្គប្រាសាទខាងលើនេះ។ ប្រឈមមុខនឹសងសម្ព័ន្ធភាពផ្នែកស្ថាបត្យកម្មបែបនេះ យើងអាចនិយាយបានថា វង្សក្សត្រីយខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជានាសម័យបុរេអង្គរ មានវប្បធម៌រួមយ៉ាងប្រាកដ៕ (ម.ត្រាណេ)
ប្រភព ៖ cen.com.kh
No comments:
Post a Comment