សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, November 7, 2012

គំរូមិនល្អជះឥទ្ធិពលអាក្រក់ដល់យុវជន

ប្រដាល់សេរីខ្មែរ និងបរទេស
សំឡេង​ហ៊ោ​កញ្ជ្រៀវ​ខ្ញៀវខ្ញារ ដៃ​កាន់​លុយ​ក្ដាប់​យ៉ាង​ណែន​ស្រែក​មិន​សំចៃ​ជា​កម្លាំង​ចិត្ដ​ដល់​កីឡាករ​ ដែល​ខ្លួន​គាំ​ទ្រ​ថា៖ «វ៉ៃ​ទៅ វ៉ៃ​ទៅ!!! ហ៊ាន​ភ្នាល់​ទេ យក​ខៀវ​ដប់​ស៊ី​ប្រាំ​ៗ»​នេះ​ជា​ការ​ប្រកូក​ប្រកាស​ភ្នាល់​គ្នា​តាម​តៀម​ កាហ្វេ​ផ្សេងៗ ដែល​អម​ដោយ​រូបភាព​ពី​កញ្ចក់​ទូរទស្សន៍​នៃ​ការ​ប្រកួត​ប្រដាល់​។
ជា​ ការ​ពិត​ណាស់ ការ​ប្រកួត​ប្រដាល់ ជា​ប្រភេទ​កីឡា​មួយ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ការ​និយម​ខ្ពស់ ជា​ពិសេស​សម្រាប់​មនុស្ស​វ័យ​កណ្តាល​ឡើង​ទៅ។ យើង​សង្កេត​ឃើញ​ថា មិន​ថា​អ្នក​និយម​នៅ​តាម​ទី​ប្រជុំជន ឬ​ចុង​កាត់​មាត់​ញក​ណា​ទេ ឲ្យ​តែ​មាន​ការ​ប្រកួត​ប្រដាល់​តាម​កញ្ចក់​ទូរទស្សន៍​ម្តងៗ ប្រជាជន​ក្មេង​ចាស់ ប្រុស​ស្រី​មួយ​ចំនួន តែង​តែ​ជុំ​គ្នា​អង្គុយ​ត្រៀប​ត្រា​ទស្សនា​ដោយ​មិន​ប៉ព្រិច​ភ្នែក។ ជាង​នេះ​ទៅ​ទៀត​បុគ្គល​មួយ​ចំនួន​ដែល​ចូលចិត្ត​ប្រព្រឹត្ត​ល្បែង​ស៊ី​សង តែង​តែ​ឆ្លៀត​កេះ​បបួល​គ្នា​ភ្នាល់​យ៉ាង​រំភើយ ដោយ​មិន​បាន​គិត​ថា​នេះ​ជា​ទី​សាធារណៈ​ដែល​អាច​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​ អ្នក​នៅ​ជុំវិញ​ខ្លួន​នោះ​ទេ​។
យុវជន​ម្នាក់​ឈ្មោះ​កាត់​ថា ស.ណ បាន​ប្រាប់​ថា៖ «ដំបូង​ខ្ញុំ​ចេះ​តែ​មើល​ទេ ប៉ុន្តែ​លុះ​ឃើញ​គេ​ភ្នាល់​គ្នា​គួរ​ឲ្យ​សប្បាយ​ហើយ​មាន​គេ​មក​បបួល​ញយៗ​ដង​ ពេក ក៏​ហ៊ាន​ភ្នាល់​នឹង​គេ​ដែរ​ទៅ​»។
តាម​រយៈ​សម្តី​ខាង​លើ​នេះ យើង​អាច​សង្កេត​ឃើញ​ថា បំណិន​នៃ​ការ​ភ្នាល់​ប្រដាល់​គឺ​ចេះ​ចាំ​តាម​គ្នា គ្មាន​គម្ពីរ​ណា​បង្រៀន​ទេ​នេះ​គឺ​ជា​ទង្វើ​ដោយ​ប្រយោល​ដែល​ចេះ​ពី​មនុស្ស​ ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​ប្រសិន​បើ​ទង្វើ​ខាង​លើ នៅ​តែ​បន្ត​រីករាល​ដាល​ទៀត​សង្គម​ជាតិ​ទាំង​មូល ជា​ពិសេស​ក្មេងៗ​ជំនាន់​ក្រោយ ប្រាកដ​ជា​យល់​ថា នេះ​ជា​រឿង​ត្រឹម​ត្រូវ​នា​ពេល​ប្រកួត​ប្រដាល់​ម្តងៗ។
កញ្ញា ចាន់ ផល្គុណ ជា​និស្សិត​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​ថា៖ «វា​ស្ទើរ​តែ​ក្លាយ​ជា​កេរ​ដំណែល​របស់​តៀម​កាហ្វេ​ទៅ​ហើយ​ខ្ញុំ​ក៏​គ្មាន​ អ្វី​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​ទិដ្ឋ​ភាព​ដែល​ដុះ​ស្លែ​បែប​នេះ​ដែរ​»។
បើ ​តាម​ការ​មើល​ឃើញ​ជាក់​ស្តែង​នា​ពេល​បច្ចុប្បន្ន អ្នក​ដែល​ប្រព្រឹត្តិ​បែប​នេះ ភាគ​ច្រើន​គឺ​អ្នក​ដែល​ប្រកប​របរ​រត់​ម៉ូតូ​ឌុប សំណង់ និង​អ៊ំៗ​ចាស់​ៗ​ជា​ដើម។ បើ​និយាយ​ពី​ជីវិត​ប្រចាំ​ថ្ងៃ ពួក​គាត់​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ជីវភាព​មិន​បរិបូណ៌​ទេ​ប៉ុន្តែ​គាត់​បែរ ​ជា​យក​ប្រាក់​ញើស​ឈាម​ដែល​ខំ​ប្រឹង​ធ្វើ​ការ​សស្រាក់​ក្រោម​កម្ដៅ​ថ្ងៃ មក​ផ្សង​ព្រេង​ក្នុង​ល្បែង​ភ្នាល់​ទៅ​វិញ ដោយ​គ្មាន​បាន​ពិចារណា​អំពី​តម្រូវ​ការ​ក្នុង​គ្រួសារ ជា​ពិសេស​កូនៗ​ដែល​រង់​ចាំ​ចំណូល​ដែល​គាត់​រក​បាន​នៅ​ឯផ្ទះ។
យុវ​ សិស្ស សុខផេង វ័យ​១៥​ឆ្នាំ បាន​ឲ្យ​ដឹង​ពី​ស្ថាន​ភាព​គ្រួសារ​ខ្លួន​ថា៖ «ប៉ា! គាត់​ចូលចិត្ត​លេង​ល្បែង​ណាស់។ បើ​បាន​វក់​មើល​ប្រដាល់​ហើយ ម៉ាក់​ឲ្យ​ធ្វើ​អី​ក៏​គាត់​មិន​ធ្វើ​ដែរ ហើយ​តែង​តែ​មក​យក​លុយ​ពី​ម៉ាក់ ទៅ​ចាក់​ប្រដាល់។​ពេល​ខ្លះ​គាត់​ឈ្លោះ​គ្នា​ទៀត​ផង​ពេល​ណា​ម៉ាក់​មិន​ឲ្យ​ លុយ​ទៅ​ចាក់​ប្រដាល់»។
មិន​មែន​ត្រឹម​តែ​ការ​ភ្នាល់​ប្រដាល់​ដែល​ជា​ ឥទ្ធិពល​អាក្រក់​ទេ ល្បែង​ស៊ី​សង​ផ្សេង​ទៀត​ក៏ជា​គំរូ​មិន​ល្អ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ដែរ​ ដូច​ជា ភ្នាល់​បាល់ បៀ​អា​ប៉ោង និង​ជល់​មាន់ ជា​ដើម។ ជាង​នេះ​ទៅ​ទៀត​គ្រូ​បង្រៀន​ដែល​ដើរ​តួ​នាទី​ជា​អ្នក​អប់រំ​នៅ​ជុំវិញ​ខ្លួន ​ប្រសិន​បើ​ពួក​គាត់ មាន​ចេតនា ឬ​អចេតនា​ក្តី​ក្នុង​ការ​បង្ហាញ​ពី​គំរូ​អវិជ្ជមាន​ដល់​សិស្ស​នោះ​សិស្ស​នឹង ​ចងចាំ ហើយ​ប្រព្រឹត្ត​តាម​ទង្វើ​របស់​គ្រូ​ជាក់​ជា​មិន​ខាន។
តាម​រយៈ ​ការ​ស្រង់​មតិ​ពី​យុវជន​ចំនួន​២១​នាក់​មក​ពី​សាលា​ផ្សេងៗ​គ្នា​ក្នុង​រាជ​ ធានី និង​ខេត្ត បាន​ឲ្យ​ដឹងថា​យុវជន​ចំនួន​១១​នាក់​ដែល​ធ្លាប់​បាន​ឃើញ​ដោយ​ផ្ទាល់​ពី​ទង្វើ ​របស់​លោក​គ្រូ​លេង​ល្បែង​ស៊ី​សង​រួម​មាន​ល្បែង​ភ្នាល់​បាល់ទាត់​បាល់​ទះ​ ប្រដាល់​លេង​បៀ​និង​ប្រជល់​មាន់​ឬ​ចាក់​ទឹក​ភ្លៀង​ជាដើម។
បទ​ពិសោធ​ ផ្ទាល់​ក្នុង​នាម​ជា​អ្នក​និពន្ធ ក៏​ធ្លាប់​បាន​ឃើញ​នូវ​ការ​ប្រព្រឹត្រ​ល្បែង​ស៊ី​សង​ទាំង​នៅ​ក្នុង​និង​ក្រៅ ​សាលា​របស់​គ្រូ​បង្រៀន​មួយ​ចំនួន​ផង​ដែរ​។ មតិ​របស់​អ្នក​ទាំង​នោះ​បាន​បញ្ជាក់​ថា​ពេល​ខ្លះ​គ្រូ​យក​បុង​បាល់​មក​វិភាគ ​ក្នុង​ថ្នាក់​នៅ​ពេល​ចេញ​លេង​ហើយ​ថែម​ទាំង​សួរ​យោបល់​ពី​សិស្ស​ថា​តើ​គួរ​ ជ្រើស​រើស​យក​ក្រុម​មួយ​ណា​ដែល​ស្ដែង​ជា​ទង្វើ​មួយ​មិន​ល្អ​និង​ជះ​ឥទ្ធិ​ពល ​ដល់​សិស្ស​ទៀត​ផង​។
ជា​អគ្គ​នាយក​សាលា​រៀន​វ៉េស្ទឡាញន៍ និង​សាលា​រៀន​ណត្សឡាញន៍ លោក​ប៉ិច បូឡែន ក៏​បាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អាកប្បកិរិយា​ដែល​ជា​គំរូ​មិន​ ល្អ​ចំពោះ​សិស្សា​នុសិស្ស​ថា៖ «ទង្វើ​បែប​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ទៅ​ដល់​សិស្ស មិន​ថា​ដោយ​ប្រយោល ឬ​ផ្ទាល់​ទេ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​សិស្ស​ទៅ​ថ្ងៃ​អនាគត។ ប្រសិន​បើ​មាន​ករណី​នេះ​កើត​ឡើង​ក្នុង​សាលា​របស់​ខ្ញុំ សាលា​នឹង​ចាត់​វិធាន​ការ​ព្រមាន និង​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​កិច្ច​សន្យារ​ការងារ​តែ​ម្ដង​»។
សាលា​ និយាយ​ពី​វិន័យ សង្គម​និយាយ​ពី​ច្បាប់​ហេតុ​ដូច​នេះ​ហើយ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ល្បែង​ស៊ី​សង​ខុស​ច្បាប់​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ តាម​ច្បាប់​ជាក់​ជា​មិនខាន។
លោក ទូច ជីវ៉ា ជា​ប្រធាន​គម្រោង​ទាក់ទង​នឹង​កុមារ​នៃ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​ កម្ពុជា បាន​ឲ្យ​ដឹង​ថា៖​«​នេះ​ជា​ប្រភេទ​បទ​ល្មើស​មជ្ឈិម ហើយ​ស្ថាន​ទម្ងន់​ទោស​ក៏​មិន​សូវ​ធ្ងន់​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​ថែម​ទៀត​ផង»។
បើ​យោង​តាម «ច្បាប់​ស្តី​ពី​ការ​បង្រ្កាប​ល្បែង​ស៊ី​សង» ក្នុង​ជំពូក​ទី​៣ ស្តី​អំពី​ទោស​បញ្ញត្តិ មាត្រា​៤ បាន​ចែង​ថា៖ «ជន​ណា​លេង​ល្បែង​ស៊ី​សង ជន​នោះ​ត្រូវ​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​ពី​ចំនួន​មួយ​ម៉ឺន​រៀល (១០០០០) រហូត​ដល់​ប្រាំ​ម៉ឺន​រៀល (៥០០០០) ឬ​ដាក់​គុក​ពី​មួយ​សប្តាហ៍​ដល់​មួយ​ខែ»។
លោក ទូច ជីវ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ស្ថាន​ទម្ងន់​ទោស គឺ​ធ្ងន់​ជាង​បុគ្គល​ទៅ​ទៀត ប្រសិន​បើ​កន្លែង​នោះ​គ្មាន​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋា​ភិបាល។​រី​ឯ​ការ​នាំ ​ឬ​អនុញ្ញាត​ឲ្យ​ក្មេង​ចូល​ក្នុង​វង់​ល្បែង​វិញ​ស្ថាន​ទម្ងន់​ទោស​នឹង​ត្រូវ ​គុណ​ទ្វេ​ដង​»។
សរុប​មក​យើង​បាន​ដឹង​ហើយ​ថា រាល់​ការ​ប្រព្រឹត្ត​ល្បែង​ស៊ីសង​ទាំង​អស់ សុទ្ធ​តែជា​អំពើ​ខុស​ច្បាប់ ហើយ​វា​ប៉ះពាល់​ដល់​អ្នក​នៅ​ជុំ​វិញ​ខ្លួន​និង​សង្គម​។ ដូច្នេះ​ឪពុក​ម្តាយ​និង​គ្រូ​បង្រៀន​ដែល​មាន​តួនាទី​ជា​គំរូ​ល្អ​ដល់​កូនៗ​ និង​សិស្ស​គួរ​តែ​ពិចារ​ណា​ឡើង​វិញ​នូវ​ទង្វើ​មិន​សមរម្យ​របស់​ខ្លួន​ដែល​ ខ្លួន​បាន​ប្រព្រឹត្ត​ដោយ​ចេតនា ឬ​អចេតនា​ក្ដី៕ ​
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment