សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, August 15, 2012

ផលប៉ះពាល់នៃការលក់ត្រី សាច់ និងបន្លែក្នុងបរិស្ថានកខ្វក់


ក្លិន​ស្អុយ ឆ្អេះឆ្អាប ទឹក​ប៉ប៉ិច​ប៉ប៉ាច់​ រួម​នឹង​ក្លិន​បន្លែ​ សាច់​គ្រប់​ប្រភេទ បាន​ក្លាយ​ជា​ទិដ្ឋភាព​ដ៏​សាមញ្ញ​មួយ​ដែល​ប្រជាជន​ចំណាំ​ហៅ​ថា នោះ​ជា​ផ្សារ​ធម្មតា​ ឬ​ផ្សារ​ត្រី​ ផ្សារ​បន្លែ​ជាដើម​។
ទីកន្លែង​ តាំង​លក់​របស់​របរ​សម្រាប់​បរិភោគ​ បែរ​ជា​សិ្ថត​នៅ​លើ​ភក់​ជ្រាំ​ទៅ​វិញ។ តើ​អ្នក​លក់​ដូរ​បាន​គិត​ដល់​អនាម័យ​ដែរ​ឬ​ទេ​? ហើយ​តើ​ចំណែក​ឯ​អ្នក​ទិញ​យក​ទៅ​បរិភោគ​វិញ​ បាន​គិត​គូរ​ដល់​សុខភាព​របស់​ខ្លួន​ដែរ​អត់​?
ស្រី្ត​មេផ្ទះ​មួយ​រូប​ អ្នកស្រី​ ឆ លីដា ​បាន​​ប្រាប់​ពី​បទពិសោធ​ជា​អ្នក​ដើរ​ផ្សារ​ជាង​៤០​ឆ្នាំ​ថា​៖​ «​ពិបាក​មែន​ទែន ថ្វីដ្បិត​តែ​បន្លែ​ ត្រី​ សាច់​ នៅ​ទីនោះ​ មាន​តម្លៃ​ថោក​សមរម្យ ប៉ុន្ដែ​វា​គគ្រិច​ខ្លាំង​ណាស់​។ ក្នុង​នាម​ខ្ញុំ​ជា​ស្ដ្រី​មេ​ផ្ទះ​ តែង​តែ​គិត​ធ្វើ​យ៉ាង​ណា​ឲ្យ​ទិញ​បាន​ហូប​គ្រប់​ ដោយ​សារ​តែ​គ្រួសារ​យើង​មិន​សូវ​បរិបូរណ៍​ដូច​គេ​ឯង​»។
អ្នក​ស្រី បាន​រអ៊ូរ​ទាំ​ថា នៅ​ពេល​មាន​ភ្លៀង​ម្តង​ៗ​ អ្នក​ស្រី​លែង​ចង់​ដើរ​ផ្សារ​តែ​ម្តង ជា​ពិសេស​នៅ​ពេល​មក​ដល់​ផ្ទះ​វិញ អ្នក​ស្រី​ត្រូវ​តែ​លាង​សម្អាត​ជើង     ជាមួយ​អាល់កុល ពីព្រោះ​មេរោគ និង​ដី​កខ្វក់ អាច​ធ្វើ​ឲ្យ​រមាស់​ ឬ​ហៅ​ថា ទឹក​ស៊ី​ជើង​។
ទាក់ទិន​ទៅ ​នឹង​អនាម័យ​ និង​ការ​លក់​ដូរ​នៅ​តាម​ផ្សារ​ប៉ប៉ិច​ប៉ប៉ាច់​ទាំង​នេះ​ អ្នក​ស្រី​សុខ អួច ដែល​ជា​អាជីករ​លក់​បន្លែ​នៅ​ផ្សារ​សេនជូរី​ផ្លាហ្សា ​បាន​ពន្យល់​ថា​៖​ «ផ្សារ​គគ្រិច​អ្នក​ណា​ក៏​ដឹង​ដែរ​ ប៉ុន្តែ​សំខាន់ យើង​ជា​អ្នក​លក់​ត្រូវ​ដាក់​ឲ្យ​តែ​ផុត​ពី​ដី​ទៅ​ វា​រួច​ហើយ​»។
ស្រី្ត ​វ័យ​៦០​ឆ្នាំ​ប្លាយ​រូប​នេះ​ មាន​បទពិសោធ​លក់​បន្លែ​ជាង​៣០​ឆ្នាំ​មកហើយ ហើយ​អ្នក​ស្រី​ក៏​​បាន​សំណូមពរ​ឲ្យ​អ្នក​លក់​ដូរ​ និង​អតិថិជន​ទាំង​អស់​ ត្រូវ​ចេះ​ជួយ​គ្នា​ថែ​រក្សា​អនាម័យ​ផង​ដែរ​​។
អ្នក​ស្រី បាន​លើក​ឡើង​ថា​៖​ «​មាន​អ្នក​ទិញ​ខ្លះ ​ដើរ​បោះ​សំរាម​ឲ្យ​ពាសវាល​​ពាសកាល ខ្លះ​​ទៀត​ ខាស​ស្តោះ​តាម​ផ្លូវ​  អ៊ីចឹង ឲ្យ​មាន​អនាម័យ​ម្តេច​ទៅ​»។
ឆ្លើយ ​តប​នឹង​បញ្ហា​ទាំង​ខាង​លើ លោក កង​ ចយ ជា​ប្រធាន​អនាម័យ​ផ្សារ​ធំ​ថ្មី បាន​អះអាង​ថា​៖​ «ផ្សារ​ណា​ក៏​ដូច​ជា​ផ្សារ​ណា​ដែរ វា​ត្រូវ​ធ្វើ​កិច្ចការ​១០០​ជំពូក​ មិន​ថា​អនាម័យ​ ឬ​របៀប​រៀបរយ​អី​នោះ​ទេ។​ នៅ​ពេល​ខាង​ខ្ញុំ​ដើរ​ត្រួត​ពិនិត្យ ពួក​គាត់​ដាក់​លើ​រាន​លក់​ត្រឹមត្រូវ ប៉ុន្ដែ​គ្រាន់​​តែ​ដើរ​ផុត​កន្ទុយ​ភ្នែក​បន្តិច ក៏​មាន​អាជីករ​ខូច​ខ្លះ ​លួច​ដាក់​លយ​ ឬ​ដាក់​លើ​ដី​ដដែល​ ពី​ព្រោះ​ធ្វើ​អ៊ីចឹង ពួក​គាត់​យល់​ថា ​អ្នក​ទិញ​​ឆាប់​ឃើញ​ ហើយ​លក់​ក៏​​ឆាប់​ដាច់​ដែរ​»​។
លោក​ ចយ​ បាន​បញ្ជាក់​ទៀត​ថា​ ចំពោះ​អ្នក​ដែល​បំពាន​​បទប្បញ្ញត្តិ​លក់ ​ដើម្បី​សណ្តាប់ធ្នាប់​ល្អ​ និង​អនាម័យ​ផ្សារ​ ខាង​លោក ​ត្រូវ​ធ្វើ​ការ​ណែនាំ​តាម​រយៈ​ការ​ប្រកាស​មេក្រូ​ ឬ​​ក៏​ចុះ​ទៅ​ពន្យល់​ផ្ទាល់​ មុន​នឹង​ឈាន​ដល់​ការ​ផាក​ពិន័យ​។​
ប្រធាន ​អនាម័យ​ផ្សារ​រូបនេះ​ បាន​សង្កត់​ធ្ងន់​ថា៖ «ការ​ដែល​អនុវត្ត​នីតិវិធី​បែប​នេះ ជា​វិធី​មួយ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូល​មក​ផ្សារ​របស់​យើង​ ព្រោះ​ថា​ក្រៅ​ពី​តម្លៃ​ទំនិញ​ថោក​សមរម្យ ​កាល​ណា​ផ្សារ​យើង​ស្អាត​ មិន​មាន​ក្លិន​ស្អុយ​ ឆ្អាប​ អ្នកទិញ​ប្រាកដ​ជា​ចូល​ចិត្ដ​មក​ទិញ​នៅ​ទីនេះ​មិន​ខាន»​។
ពាក់ព័ន្ធ​ នឹង​បញ្ហា​សុខភាព លោក​វេជ្ជបណ្ឌិត​ សិទ្ធ​ ចន្ថា​ បាន​ពន្យល់​ថា​៖ «ជា​ធម្មតា​ បន្ថែ​សាច់​មួយ​ចំនួន​បាន​ផ្ទុក​សារធាតុ​គីមី​រួច​ជា​ស្រេច​ហើយ​ ហើយនៅ​​ពេល​មក​ដាក់​លក់​​ក្នុង​​ទីផ្សារ​​កខ្វក់​ទៀត​ ត្រី សាច់ និង​បន្លែ​ទាំង​នោះ ​អាច​នឹង​ឆ្លង​មេរោគ​។  ប្រសិន​បើ​អ្នក​ទិញ​មិន​បាន​លាង​ទឹក​ឲ្យ​ស្អាត​ល្អ​ទេ​នោះ​ វា​នឹងអាច​​បង្ក​​ផល​ប៉ះពាល់​​ដល់​សុខភាព​របស់​ពួក​គេ»។
លោក​វេជ្ជ​ បណ្ឌិត ​បាន​អះអាង​ថា​ ការ​ប៉ះពាល់​រយៈពេល​ខ្លី​ គឺ​ក្រោយ​ពេល​ដែល​យើង​ទទួលទាន​ក្នុង​៤៨​ម៉ោង​ យើង​អាច​រាករូស​។ រីឯ​ផល​ប៉ះពាល់​រយៈ​ពេល​វែង​វិញ អ្នក​ពិសា​អាច​នឹង​មាន​ជំងឺ​មហារីក​ក្រពះ​ ឬ​ពោះវៀន​ជាដើម​។
ចំពោះ​ដំណោះស្រាយ​វិញ លោក​វេជ្ជបណ្ឌិត​ ចន្ថា បាន​ផ្តល់​ជា​មតិយោបល់​ថា​៖ «ដើម្បី​សុខភាព​ អ្នក​ទិញ​គួរ​តែ​មើល​ពី​ការ​ដាក់​លក់​របស់​អ្នក​លក់​ ដូចជា​ បើ​ពួក​គាត់​ដាក់​ខ្ពស់​ពី​ដី​ នោះ​អនាម័យ​វា​ក៏​គ្រាន់​បើ​បន្ដិច ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ ត្រូវ​តែ​លាង​សម្អាត​បន្ថែ​ ឬ​សាច់​ឲ្យ​បាន​ស្អាត​មុន​នឹង​ទទួល​ទាន ឬ​យក​ទៅ​ចម្អិន»។​
យ៉ាង​ណាមិញ ចំពោះ​យុវវ័យ​មួយ​ចំនួន​ដែល​មិន​ចង់​ឃើញ​ទិដ្ឋភាព​ស្អុយ​កខ្វក់​នៅ​តាម​ ផ្សារ​ត្រី​នានា ពួក​គេ​បែរ​ជា​មក​ដើរ​ផ្សារ​ទំនើប​ជំនួស​វិញ​។
អាវ​ ខៀវ​ផ្ទៃ​មេឃ សំពត់​បត់​ខ្លី​ ដែល​បង្ហាញ​ពី​ឯក​សណ្ឋាន​ជា​និស្សិត​ កញ្ញា​ផាន ច័ន្ទរតនា​ វ័យ​១៩​ឆ្នាំ មិន​ចូល​ចិត្ត​ដើរ​ផ្សារ​បន្លែ​ទេ​ ពី​ព្រោះ​នៅ​ទីនោះ គ្មាន​អនាម័យ​ទេ​។​
កញ្ញា បាន​បន្ដ​ថា​៖​ «ខ្ញុំ​មិន​សូវ​ជា​ទៅ​ផ្សារ​ទេ​ ប៉ុន្ដែ​បើ​មាន​ពេល ខ្ញុំ​ជ្រើស​រើស​ដើរ​ផ្សារ​ទំនើប​​វិញ​​ ព្រោះ​វា​ស្អាត និង​មាន​អនាម័យ​»​។
កញ្ញា ​ ច័ន្ទរតនា ​បាន​បញ្ជាក់​ថា​​៖​ ​«​បើសិន​ជា​ផ្សារ​ត្រី​មិន​មាន​ទឹកហូរ​ប៉ប៉ិចប៉ប៉ាច់​ ឬ​ក្លិន​ស្អុយ​នោះ​ទេ ខ្ញុំ​ពិត​ជា​ឧស្សាហ៍​មក​ទិញ​ហើយ​។ ម៉្យាង​វិញ​ទៀត​ ដើម្បី​ឲ្យ​ងាយស្រួល​ដើរ​ទិញ​អីវ៉ាន់​ ខ្ញុំ​សំណូមពរ​ឲ្យ​អ្នក​លក់​ទាំងអស់​ដាក់​ទំនិញ​គាត់​ក្នុង​ស្តង់​ ត្រឹមត្រូវ ​ ព្រោះ​ការ​ដាក់​ទំនិញ​លើ​ដី​ មើល​ទៅ​គ្មាន​អនាម័យ និង​ស្ទះ​ផ្លូវ​ពិបាក​ដើរ​ណាស់​»​។
ដូច្នេះ​ ដើម្បី​សុខភាព​ LIFT​ សូម​ធ្វើ​ការអំពាវនាវ​ទាំង​អាជីវករ​ និង​អតិថិជន​ទាំង​អស់​ជួយ​គ្នា​ថែរក្សា​អនាម័យ​ផ្សារ​ ដូចជា ​ត្រូវ​បោះចោល​សំរាម​ក្នុង​ធុង​សំរាម​ ឬ​ក៏​ចាក់​ទឹក​កខ្វក់​ទៅ​ក្នុង​លូ​។
ម្យ៉ាង ​វិញ​ទៀត​​ សូម​អាជីវករ​ផ្សារ​​ទាំង​អស់​ដាក់​លក់​​ទំនិញ​របស់​​ខ្លួន​ឲ្យ​ខ្ពស់​ហួស​ពី ​ដី​​ដែល​សម្បូរ​មេរោគ​ ដោយ​យោង​តាម​​កម្រិត​ស្តង់ដារ​គឺ​មាន​រយៈ​កម្ពស់​១,២​ម៉ែត្រ​៕

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment