សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, August 15, 2012

រៀនឧបករណ៍តន្ត្រីបុរាណខ្មែរ ធ្វើឲ្យខ្លួនអាប់ឱន?


បុរាណ​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​មិន​ត្រឹម​តែ​សម្រាប់​បម្រើ ការ​កម្សាន្ដ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ត្រូវ​​បាន​ប្រើ​ក្នុង​កម្មវិធី​ផ្សេង​ៗ ​និង​ផ្តល់​នូវ​ពុទ្ធិ​ដល់​មនុស្ស​តាម​រយៈ​អត្ថន័យ​ដ៏​មាន​ខ្លឹម​សារ​របស់ វា​ផង​ដែរ​។ តន្ត្រី​បុរាណ​ខ្មែរ ​បង្ហាញ​ពី​អត្តចរិត និង​ភាព​ថ្លៃ​ថ្នូរ​របស់​បង​ប្អូន​ជនជាតិ​ខ្មែរ​តាំង​ពី​បុរាណ​កាល​រហូត ដល់​បច្ចុប្បន្ន​នេះ​។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក​ញ៉ុក ស៊ីណាត ជា​គ្រូ​បង្គោល​នៅ​ក្នុង​សមាគម​សិល្បៈ​ខ្មែរ​អមតៈ និង​សមាគម​អាស៊ីសា។
បច្ចុប្បន្ន យុវជន​មួយ​ចំនួន​ បាន​ខិតខំ​សិក្សា​ពី​មុខ​ជំនាញ​ឧបករណ៍​ភ្លេង​បុរាណ​ដើម្បី​ជួយ​លើក​ ស្ទួយ​តម្លៃ​សម្បត្ដិ​ជាតិ​មិន​អាច​កាត់​ថ្លៃ​នេះ​។ ជាក់​ស្ដែង​ យុវជន ឆេង ភារម្យ បាន​ប្រាប់​ពី​តម្លៃ​នៃ​សិល្បៈ​បុរាណ​ខ្មែរ​ថា​៖ «ដំបូង​ឡើយ​ ខ្ញុំ​គិត​ថា​ ខ្ញុំ​សិក្សា​ស្រាវជ្រាវ​ឧបករណ៍​តន្ដ្រី​ខ្មែរ​ ដោយ​សារ​តែ​ឧប​និស្ស័យ​ និង​តំណពូជ​ពង្ស​ជា​អ្នក​សិល្បៈ។ ​ប៉ុន្តែ​ឥឡូវ​នេះ ទើប​ខ្ញុំ​ដឹង​ថា ការ​សិក្សា​សិល្បៈ​បុរាណ​ខ្មែរ​ ពិត​ជាមាន​សារៈ​សំខាន់​ណាស់​»។


ថ្វីដ្បិត​តែ​យុវជន​ភាគ​ច្រើន​តែង​តែ​ យល់​ច្បាស់​ពី​តម្លៃ​នៃ​វប្បធម៌​ សិល្បៈ​បុរាណ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​ហាក់​ដូច​ជា​មិន​សូវ​ចូល​ចិត្ដ​ និង​ជួយ​លើក​ស្ទួយ​ប៉ុន្មាន​ទេ​។ ប្រហែល​ជា​ពួក​គេ​មើល​ឃើញ​អ្នក​សុំ​ទាន​លេង​ភ្លេង​បុរាណ​ខ្មែរ​នៅ​តាម​ ដង​ផ្លូវ​ និង​គិត​ថា វា​គ្មាន​អត្ថប្រយោជន៍​អ្វី​ចំពោះ​ខ្លួន​ហើយ។
លោក យន់ ខៀន (យន់ ធារ៉ា) ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​បច្ចេកទេស​វប្បធម៌​នៃ​ក្រសួង​ វប្បធម៌​ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ថា៖ «កត្តា​ដែល​នាំ​ឲ្យ​យុវជន​បច្ចុប្បន្ន​មិន​ចាប់​អារម្មណ៍​លើ​ការ​សិក្សា ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ គឺ​ការ​វិវត្ដ​នៃ​សង្គម។ មិន​ថា​នៅ​ប្រទេស​ណា​ក៏​ដោយ លំហូរ​វប្បធម៌​បរទេស រមែង​ជះ​ឥទ្ធិពល​អវិជ្ជមាន និង​ធ្វើ​ឲ្យ​កែប្រែ​ទំនៀម​​ទម្លាប់​ខ្លះៗ​ជា​ពុំ​ខាន ហើយ​ការ​ប្រគំ​តូរ្យ​តន្រ្តី​ក៏​តាម​នោះ​ផង​ដែរ។ សំខាន់​បំផុត​ យុវជន​សម័យ​បច្ចុប្បន្ន ចូល​ចិត្ត​ចាប់​យក​អ្វី​ដែល​ថ្មី និង​ទាន់​សម័យ​»។
ជា ​ទូទៅ ការ​ស្រឡាញ់​ចូល​ចិត្ដ​អ្វី​មួយ ​ វា​អាស្រ័យ​ចម្បង​លើ​ការ​បណ្ដុះ​គំនិត​បន្ដិច​​ម្ដងៗ​។ អ្នក​ឯកទេស​ភ្លេង​បុរាណ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​រៀប​រាប់​ពី​មូលហេតុ​ដែល​យុវជន​មិន​ចាប់​អារម្មណ៍​នឹង​ការ​សិក្សា​ភ្លេង ​បុរាណ​ខ្មែរ​នេះ​ថា៖ ​«យើង​ចូល​ចិត្ត​មើល​បាល់​ទាត់​ដោយ​សារ​តែ​យើង​ចេះ​លេង​វា។ យ៉ាង​ណាមិញ ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​មាន​អត្ថន័យ​យ៉ាង​ណា វា​អាស្រ័យ​លើ​ការ​យល់​ដឹង​របស់​ប្រជាពល​រដ្ឋ​ខ្មែរ»។
លោក ស៊ីណាត បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ស្រដៀង​គ្នា​ថា​៖ «ដោយ​សារ​តែ​យុវជន មិន​បាន​ឲ្យ​តម្លៃ​ឧបករណ៍​អស់​ទាំង​នោះ និង​មិន​ចង់​សិក្សា​​ស្រាវជ្រាវ​ច្បាស់​លាស់​ទៀត ទើប​វា​​ធ្លាក់​ចុះ»។
ទិដ្ឋភាព ​ជាក់​ស្តែង ដែល​បង្ហាញ​ពី​ការ​ប្រើប្រាស់​ឧបករណ៍​ភ្លេង​ខ្មែរ​បាន​បង្អាក់​យុវជន បច្ចុប្បន្ន​ពី​ចំណង់​សិក្សា​អំពី​វា​។ តម្រូវ​ការ​ផ្នែក​ភ្លេង​បុរាណ​មិន​សូវ​មាន​ច្រើន​ក្នុង​ទីផ្សារ​ការងារ នៅ​កម្ពុជា​ទេ ហើយ​អាជីព​ជា​អ្នក​លេង​ភ្លេង​ ក៏​មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​ដែរ បើ​ប្រៀបធៀប​នឹង​ការងារ​ដទៃ​។ នេះ​បើ​យោង​តាម លោក អូន ជា​អ្នក​លេង​ភ្លេង​បុរាណ​នៅ​ក្នុង​ពិធី​មង្គល​ការ ដែល​មាន​បទពិសោធ​ជាង​២០​ឆ្នាំ។ ហេតុ​ដូច្នេះ​ ទើប​លោក​មិន​បាន​បន្ដ​ចំណេះ​នេះ​ទៅ​ក្មេង​ជំនាន់​ក្រោយ និង​មិន​ជំរុញ​កូន​ឲ្យ​ចាប់​យក​អាជីព​ដូច​រូប​លោក​ឡើយ​។ ​
យ៉ាង​ណា​ មិញ ដើម្បី​ថែ​រក្សា​សិល្បៈ​បុរាណ​ខ្មែរ​ឲ្យ​បាន​គង់​វង្ស លោក​ យន់ ខៀន បាន​លើក​ឡើង​ថា​៖​ «ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ អាស៊ាន​នឹង​ច្របាច់​វប្បធម៌​របស់​ខ្លួន​បញ្ចូល​គ្នា។ ដូច្នេះ ជំហាន​ទី​មួយ ​យើង​កំពុង​តែ​ប្រមូល ​និង​ចង​ក្រង​ រួម​ទាំង​ថត​នូវ​ភ្លេង​បុរាណ​ទាំង​អស់​មក​ទុក​ជា​ឯកសារ។ ទី​ពីរ​ ​យើង​ផ្តោត​សំខាន់​ទៅ​លើ​ការ​ផ្សព្វផ្សាយ តាម​រយៈ​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សាលារៀន​ជា​ដើម។ ​ថ្វីដ្បិត​តែ​ក្មេងៗ​ឥឡូវ​ភ្លេច​ក៏​ដោយ ក៏​នៅ​ពេល​ពួក​គេ​​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់ ចង់​សិក្សា​ស្វែង​យល់​ពី​វា​ យើង​នៅ​មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ពួក​គេ»។​
ចំណែក​លោក ថោង កែវប៊ុនណាត ជា​បុគ្គលិក​ការិយាល័យ​ផែនការ​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា៖ «ការ​បង្រៀន​ភ្លេង​ វា​​ទាក់ទង​នឹង​សាលា​ជំនាញ។ ​ដូច្នេះ​មាន​តែ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ទេ​ជា​អ្នក​ដើរ​តួ​សំខាន់​ ជាង​គេ​។​ រីឯ​សាលា​ដទៃ​ដែល​នៅ​ក្រោម​ឱវាទ​របស់​ក្រសួង​អប់រំ មាន​ថ្នាក់​សិល្បៈ​បង្រៀន​អំពី​របាំ និង​ឧបករណ៍​ភ្លេង​ដែរ ប៉ុន្តែ​ជា​ទ្រឹស្តី​ប៉ុណ្ណោះ»។
ក្រៅពី​សាលា​រដ្ឋ​ខាង​លើ សាលា​រៀន​ឯកជន វេស្ទឡាញន៍ ក៏​កំពុង​តែ​រៀប​ចំ​បញ្ចូល​មុខ​វិជ្ជា​អំពី​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ ក្នុង​កម្មវិធី​សិក្សា​របស់​ខ្លួន​ផង​ដែរ។
លោក​ប៉ិច បូឡែន អគ្គ​នាយក​សាលា​រៀន​វេស្ទឡាញន៍ និង​ណត្សឡាញន៍ បាន​បង្ហើប​ប្រាប់​ថា៖ «យើង​នឹង​បើក​ថ្នាក់​បង្រៀន​មុខ​វិជ្ជា​សិក្សា​ថ្មី​នេះ ដោយ​សារ​តែ​ភ្លេង​បុរាណ​ខ្មែរ​នេះ​ពីរោះ និង​មាន​អត្ថន័យ​បង្កប់​ភាព​ទាក់ទាញ។ ប្រសិន​បើ​កែច្នៃ​យក​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​យើង មក​លាយ​បញ្ចូល​ជាមួយ​ឧបករណ៍​ភ្លេង​សម័យ​ទំនើប វា​កាន់​តែ​ពីរោះ​ថែម​ទៀត ដែល​​​យើង​ចង់​ឲ្យ​កូន​ខ្មែរ បាន​ស្គាល់ ​បាន​ដឹង និង​នាំ​គ្នា​ជួយ​អភិរក្ស​ឧបករណ៍​តន្រ្តី​ខ្មែរ​ទាំង​អស់​គ្នា»។
ទាក់ ​ទិន​ទៅ​នឹង​កម្មវិធី​សិក្សា​មុខ​វិជ្ជា​ស្តី​ពី​ឧបករណ៍​ភ្លេង​បុរាណ​ ខ្មែរ​នេះ LIFT ក៏​បាន​ទាក់ទង​ជាមួយ​សាលា​រដ្ឋ​ចំនួន​២​ផង​ដែរ ប៉ុន្តែ​ដោយ​ហេតុ​ថា​ការ​ប្រឡង​សញ្ញា​បត្រ​ទុតិយភូមិ​កំពុង​ចូល​មក​ដល់ លោក​នាយក និង​លោក​គ្រូ​ អ្នក​គ្រូ កំពុង​មមាញឹក​ខ្លាំង ហើយ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​​នឹង​សំណួរ​ខាង​ លើ​នេះ​បាន​ទេ។
ដូច្នេះ ក្នុង​នាម​ជា​កូន​ខ្មែរ ដែល​មាន​កេរដំណែល​ដ៏​ល្អ​ផូរផង់​ពី​ដូន​តា គួរ​តែ​ចេះ​នាំ​គ្នា​ថែ​រក្សា​សម្បត្តិ​ទាំង​នោះ ​និង​កុំ​ឲ្យ​វា​បាត់​សាបសូន្យ ទើប​នាំ​គ្នា​ខំ​ស្រោច​ស្រង់វា​វិញ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា «ក្របី​បាត់​ទើប​ធ្វើ​របង»៕
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment