ថ្ងៃ ទី១៤
ខែកុម្ភៈជាទិវានៃសេចក្ដីស្រឡាញ់ដែលយុវវ័យមួយចំនួនធំនៅតែយល់
ច្រឡំថាវាគឺជាថ្ងៃបុណ្យសង្សារនោះវាបានក្លាយជាវប្បធម៌នៃការ
ជូនកាដូ វត្ថុអនុស្សាវរីយ៍ ឬផ្កាដល់គូស្នេហ៍
ឬសង្សារដែលមិនខ្លាចនឹងការចំណាយប្រាក់ដ៏ច្រើននោះទេ។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃទី១៤ ខែកុម្ភៈ យើងសង្កេតឃើញថា
យុវវ័យដែលស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្សទាំងស្រី
ទាំងប្រុសបានធ្វើដំណើរដឹកជញ្ជូនកាដូ
ឬផ្កាចុះឡើងៗតាមដងផ្លូវនានា។ ប្រហែលជាថ្ងៃនោះ
ពួកគេគ្មានម៉ោងរៀនទេមើលទៅ ឬយ៉ាងណានោះទេ។
រំឭកពីបទពិសោធក្នុងឱកាសដ៏ជ្រួលជ្រើមនេះ យុវជនសេង
ចាន់តារាជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែក
រូបវិទ្យា បានប្រាប់ថា
កាលពីលោកនៅរៀនវិទ្យាល័យលោកតែងតែចាត់ទុកថ្ងៃទី១៤
ខែកុម្ភៈជាថ្ងៃបុណ្យសង្សារហើយឆ្លៀតពេលនោះសារភាពស្នេហ៍ចំពោះមុខ
មិត្ដស្រីនិងបបួលគ្នាដើរលេងតែពីរនាក់។
យុវជនវ័យ២០ឆ្នាំរូបនេះបានបន្តថា៖«វាជាឱកាសសម្រាប់គូ
ស្នេហ៍អាចដើរលេងឬចូលការ៉ាអូខេតែពីរនាក់។
កាលណោះខ្ញុំបបួលសង្សារគេចម៉ោងរៀនទៅដើរលេងទៀតផងពីព្រោះបើ
ក្រៅពីម៉ោងរៀនគេត្រូវតែទៅផ្ទះ។
តាមពិតទៅខ្ញុំមិនបានគិតអ្វីច្រើនហួសពីនេះទេខ្ញុំគ្រាន់តែ
ស្រឡាញ់ចង់នៅតែពីរនាក់ជាពិសេសថ្ងៃបុណ្យសង្សារហ្នឹងតែម្តង»។
លោក បានបង្ហើបទៀតថា
មិត្ដភក្ដិប្រុសៗដទៃបន់ឲ្យតែដល់ថ្ងៃបុណ្យសង្សារនេះទេអាងតែ
បានទៅកៀកកើយជាមួយសង្សារតែពីរនាក់ហើយជួនកាលអាចឈានដល់ការរួម
ភេទជាមួយគ្នាតែម្ដង។
ប៉ុន្ដែក្រោយមកស្នេហាកាំរន្ទះបែបនេះមិនអាចនៅស្ថិតស្ថេរឡើយ។
រីឯកញ្ញា សុជាតា (ឈ្នោះហៅក្រៅ)
បានរៀបរាប់ពីបទពិសោធផ្ទាល់ខ្លួនកាលពីរៀននៅវិទ្យាល័យថា៖
«ខ្ញុំបានបត់ផ្កាយក្រដាសមួយក្រឡសម្រាប់ជូនសង្សារជាទីស្រឡាញ់
របស់ខ្ញុំនៅថ្ងៃបុណ្យសង្សារប៉ុន្ដែយើងមិនបានធ្វើអ្វីឲ្យជ្រុល
ជ្រួសនោះទេ។ ក្រោយមក
ដោយសារតែសេចក្ដីស្រឡាញ់ខ្ញុំសុខចិត្ដប្រគល់ខ្លួនឲ្យគេតែមិន
ទាន់បានមួយឆ្នាំផងគេមានសង្សារថ្មីហើយយើងក៏បែកគ្នា។នេះជាបទ
ពិសោធដ៏ជូរចត់ក្នុងជីវិតយុវវ័យរបស់ខ្ញុំហើយខ្ញុំក៏សម្រេច
ចិត្តឈប់រៀន»។
កញ្ញា សុជាតា បានផ្តាំផ្ញើថា៖
«ខ្ញុំសង្ឃឹមថាយុវជនខ្មែរជាពិសេសសិស្សស្រីសូមកុំគិតថាការ
ប្រគល់ខ្លួនឲ្យសង្សារជាការបង្ហាញនូវសេចក្ដីស្រឡាញ់ឲ្យសោះ។បើ
មនុស្សពីរនាក់ពិតជាស្រឡាញ់គ្នាមែនត្រឹមទឹកចិត្ដស្មោះស្ម័គ្រវា
គ្រប់គ្រាន់ហើយ។តែបើគេចង់បានខ្លួនយើងនោះគេស្រឡាញ់ត្រឹមតែ
ខ្លួនយើងមួយរយៈពេលប៉ុណ្ណោះ។ចិត្តយុវវ័យផ្លាស់ប្តូរមិនទៀងទាត់
ទេម្សិលមិញស្រឡាញ់ថ្ងៃនេះអស់ចិត្ត។សូមកុំបណ្តោយខ្លួនឲ្យខូច
អនាគតអស់មួយជីវិត»។
ក្នុងនាមជាម្តាយមួយរូបដែលមានកូនស្រីរៀននៅវិទ្យាល័យពីរនាក់
អ្នកស្រី កែវ ផល្លី បានបង្ហាញពីការព្រួយបារម្ភរបស់គាត់ថា៖
«ខ្ញុំពិតជាបារម្ភណាស់ចំពោះក្មេងសម័យឥឡូវព្រោះពួកគេចូលចិត្ត
ធ្វើតាមគ្នា។ឃើញគេមានសង្សារឯងចង់មានដែរចេះតែជ្រួលជ្រើមបើ
ទោះជាខ្ញុំទុកចិត្តកូនស្រីខ្ញុំយ៉ាងណាក៏ដោយក៏វាមិនអាចដឹង
គ្រប់ពេលវេលាឡើយ»។
អ្នកស្រី ផល្លី
បានបន្ថែមថាអ្វីដែលអាចធ្វើបានអ្នកស្រីនៅតែបន្តប្រដែប្រដៅណែ
នាំកូនៗដោយលើកយកឧទាហរណ៍ជាក់ស្ដែងមកពន្យល់។
ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្សសំពត់បត់ខ្លីត្រឹមជង្គង់
និងអាវកឌុបពណ៌ស កញ្ញា អ៊ុក លីសា
បានរៀបរាប់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួននាងថា៖
«សម្រាប់ទិវានៃសេចក្តីស្រឡាញ់នេះខ្ញុំក៏បានឮអំពីការណែនាំជា
ច្រើនតាមទូរទស្សន៍និងចាស់ទុំដូចជាប៉ាម៉ាក់លោកគ្រូ
អ្នកគ្រូជាដើមហើយខ្ញុំក៏ដឹងថា
ខ្ញុំត្រូវការពារខ្លួនយ៉ាងណាហើយដែរ»។
កញ្ញាវ័យ១៦ឆ្នាំរូបនេះនៅតែអះអាងថា៖«យ៉ាងណាមិញខ្ញុំក៏នៅ
តែមានគម្រោងដើរលេងជាមួយសង្សារខ្ញុំមួយល្ងាចដែរព្រោះគាត់បាន
ណាត់ខ្ញុំរួចហើយ»។
យោងតាមបទពិសោធការងារជាមួយយុវជន លោក អ៊ូ រតនៈ តំណាងយុវជនកម្ពុជា
ជាសមាជិកអគ្គលេខាធិការនៃគម្រោងបុរសជាអ្នកដឹកនាំនៃអង្គការ
សហប្រជាជាតិបានពន្យល់ថាដោយសារតែការសិក្សាអប់រំរបស់យុវជនថ្នាក់
វិទ្យាល័យឬមហាវិទ្យាល័យនៅមានកម្រិតហើយពួកគាត់កំពុងស្ថិតក្នុង
វ័យចង់ដឹងចង់ឮផងទើបចង់ឲ្យនិយមន័យទៅលើថ្ងៃ១៤
ខែកុម្ភៈជាថ្ងៃបុណ្យសង្សារឬការផ្តល់ឲ្យគ្នាទៅវិញទៅមកដែលឈាន
ដល់ការរួមភេទជាដើម។
លោក រតនៈ
បានបញ្ជាក់ថាតាមពិតទិវានៃសេចក្តីស្រឡាញ់គឺជាឱកាសដែលយើងអាចជូន
ដល់មនុស្សទាំងអស់ទាំងគ្រួសារមិត្តភក្ដិចៅហ្វាយនាយ
ឬកូនចៅជាដើមវាមិនសំដៅលើតែគូស្នេហ៍នោះទេ។
លោក
បានបន្ដថាមែនទែនទៅយុវជនគឺជាភាគីដែលសកម្មជាងនារីនៅថ្ងៃនោះ
ហើយពួកគាត់រឹតតែពុះកញ្ជ្រោលក្នុងការល្បួងភាគីខាងស្រីរួមភេទ
ដែលជាឱកាសនៃការចម្លងមេរោគអេដស៍ ឬកាមរោគទៀតផង។ ដូច្នេះ
ទិវានៃសេចក្ដីស្រឡាញ់នេះ
បានក្លាយជាការយកចិត្ដទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល
និងអង្គការនានាតាមរយៈការបង្កើតវិធានការទប់ស្កាត់និងការពារជា
ដើម។
លោក រតនៈ
បានសង្កត់ធ្ងន់ថាយុវតីគឺជាភាគីរងការខូចខាតយ៉ាងខ្លាំងពីព្រោះ
ពួកគាត់អាចប្រឈមនឹងបញ្ហាមានផ្ទៃពោះទាំងវ័យក្មេង។ ជាទូទៅ
នៅពេលដែលស្ថិតក្នុងដំណាក់កាលនេះ
ភាគច្រើនភាគីបុរសតែងតែដោះដៃមិនទទួលខុសត្រូវឡើយ។
ដោយសារតែមើលឃើញពីបញ្ហាកើតឡើងចំពោះសិស្សសាលាមួយចំនួនដែល
តែងតែលួចគេចវេះពីការសិក្សា លោក វ៉ាន់ ទូ
ជាគ្រូបង្រៀនថ្នាក់វិទ្យាល័យមួយរូបបានអះអាងថាលោកគ្រូ
អ្នកគ្រូបានខិតខំរឹងបន្តឹងវិន័យកាន់តែខ្លាំងចំពោះបញ្ហា
អវត្ដមានសម្រាប់ថ្ងៃទី១៤ ខែកុម្ភៈនេះ។
ប្រសិនបើមានសិស្សអវត្ដមានតែមួយថ្ងៃនោះ
វាស្មើនឹងត្រីគុណឬក៏ត្រូវដាក់ឲ្យមានម៉ោងប្រឡងនៅថ្ងៃនោះតែ
ម្ដង។
ស្ថិតក្នុងសម័យសាកលភាវូបនីយកម្មនេះវាពិតជាមិនងាយរាំងខ្ទប់
ទង្វើរបស់យុវជននោះទេប៉ុន្តែមុននឹងប្រព្រឹត្តអ្វីមួយយុវជនមិន
ត្រូវភ្លេចមើលទៅលើបញ្ហាប្រឈមដែលអាចប៉ះពាល់ដល់អនាគតរបស់ខ្លួន
ឡើយ។ថ្វីដ្បិតតែពិភពលោកនេះមានភាពរីកចម្រើនខ្លាំងយ៉ាងណាក៏
ដោយក៏ប្រទេសនីមួយៗនៅមានវប្បធម៌និងអរិយធម៌របស់ខ្លួន។ដូច្នេះ
យុវជនខ្មែរមិនត្រូវភ្លើតភ្លើនទៅតាមការលួងលោមឬអូស
ទាញដោយភ្លេចពីអនាគតកិត្តិយសខ្លួន ឯង គ្រួសារនិងសង្គម ជាតិនោះទេ៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment