សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, December 19, 2012

បុណ្យណូអែល គឺជាថ្ងៃសារភាពស្នេហ៍ឬ?



 
ប្រសិន​បើ​មាន​ឆ្នាំ​ណា​មួយ​ខ្ញុំ​មិន​បាន​ទទួល​កាដូ​ពី​អ្នក​ដែល​ខ្ញុំ​ ស្រឡាញ់​ខ្ញុំ​នឹង​មាន​អារម្មណ៍​ថា​សោក​ស្តាយ​តូច​ចិត្ត​និង​ពិបាក​ចិត្ត​ជា ​មិន​ខាន​» នេះ​ជា​សម្ដី​របស់​ម្ចាស់​ហាង​ថត​រូប​មួយ​កន្លែង​ឈ្មោះ​សេង ស្រីពេជ្រ អាយុ​២០​ឆ្នាំ។​កញ្ញា​តែង​តែ​ទទួល​បាន​កាដូ​ពី​មិត្តភក្ដិ​និង​អ្នក​ដែល​ជា​ ទី​ស្រឡាញ់​គ្រប់​រូប​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​ដ៏​រីក​រាយ​និង​រំភើប​ចិត្ដ ​ក្រៃ​លែង​។
ការ​ជូន​កាដូ​នៅ​ថ្ងៃ​បុណ្យ​ណូអែល​បាន​ដក់​ជាប់​ក្នុង​ ចិត្ដ​របស់​យុវវ័យ​ខ្មែរ​មួយ​ចំនួន​ថ្វី​ដ្បិត​តែ​វា​មិន​មែន​ជា​បុណ្យ​ជាតិ ​យ៉ាង​ណា​ក៏ដោយ​។ យុវវ័យ​ខ្មែរ​មួយ​ចំនួន​បាន​ជ្រើស​រើស​យក​ថ្ងៃ​បុណ្យ​បស្ចិម​ប្រទេស​នេះ​ជា​ ថ្ងៃ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​មិត្ដភក្ដិ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​បន្ទាប់​ពី​ទិវា​នៃ​សេចក្ដី​ស្រឡាញ់​ឬ​យុវវ័យ​ខ្លះ​ និយាយ​ថា ថ្ងៃ​បុណ្យ​សង្សារ​នោះ​។ ពួកគេ​ជឿ​ថា ការ​ជូន​កាដូ​នៅ​ថ្ងៃ​បុណ្យ​ណូអែល​គឺជា​ឱកាស​ល្អ​ក្នុង​ការ​បង្ហាញ​ពី​ អារម្មណ៍​ស្រឡាញ់​ចំពោះ​នរណា​ម្នាក់​។
ចំពោះ​អត្ថន័យ​ដ៏​ជ្រាល​ជ្រៅ យុវជន លឹម កួន អាយុ​១៨​ឆ្នាំ ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​បាន​ឲ្យ​ដឹង​ថា​លោក​ជូន​កាដូ​ សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​ចំពោះ​តែ​ឪពុក​ម្ដាយ និង​មិត្ដ​ស្រី​ប៉ុណ្ណោះ​ព្រោះ​លោក​តែងតែ​សរសេរ​ភ្ជាប់​នូវ​ពាក្យ​ពេចន៍​ជូន ​ពរ និង​ផ្អែម​ល្ហែម​ពីរោះ​ពិសា​។
រីឯ​កញ្ញា អីម វល្លហា អាយុ​១៧​ឆ្នាំ តែងតែ​សន្សំ​លុយ​ដើម្បី​ទិញ​កាដូ​ជូន​សង្សារ​និង​មិត្ដភក្ដិ​ដោយ​ជួន​កាល​ មិន​ហ៊ាន​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ផង​។
យ៉ាង​ណាមិញ​ក្នុង​នាម​ឪពុក​ដែល​ តែងតែ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​កូន​ម្នាក់ លោក​ស្រេង ឡេង អាយុ​៥៦​ឆ្នាំ មិន​ជំទាស់​នឹង​កូន​ដែល​បាន​ទិញ​កាដូ​ឲ្យ​មិត្ដ​ស្រី​ទេ ប៉ុន្ដែ​លោក​មាន​តែ​សប្បាយ​រីក​រាយ​ដែល​កូន​ចេះ​រាប់​អាន​មិត្ដ​ភក្ដិ​។
ខណៈ ​ពេល​ដែល​យុវជន​មួយ​ចំនួន​កំពុង​តែ​ជ្រួល​ជ្រើម​ក្នុង​ការ​ផ្ដោះ​ប្ដូរ​កាដូ ​គ្នា​នោះ​យុវជន​មួយ​ក្រុម​ផ្សេង​ទៀត ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ថ្ងៃ​បុណ្យ​នេះ​ទៅ​វិញ​។ តើ​ពួកគេ​សុទ្ធ​សឹង​តែ​ជា​មនុស្ស​គ្មាន​សេ្នហា​ឬ​គ្មាន​ទម្លាប់​ក្នុង​ការ​ ផ្ដោះ​ប្ដូរ​កាដូ​នេះ​ឬ​?
ជាក់​ស្ដែង​កញ្ញា​ពន ប៉ូឡេនីត អាយុ​១៧​ឆ្នាំ​ជា​សិស្ស​នៅ​វិទ្យាល័យ​បាក់ទូក​ចាត់​ទុក​ការ​ជូន​កាដូ​គឺជា​ រឿង​ធម្មតា​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​ហើយ​កញ្ញា​ក៏​គ្មាន​ទម្លាប់​ធ្វើ​បែប​ នេះ​ដែរ​។ សំខាន់​បំផុត កញ្ញា មិន​ធ្លាប់​ទទួល​បាន​កាដូ​ពី​នរណា​ម្នាក់​នៅ​ក្នុង​ឱកាស​នេះ​ដែរ​។
អ្នកស្រី ​សេង ចន្ឋី អាយុ​៥៥​ឆ្នាំ បាន​បញ្ចេញ​មតិ​ជុំវិញ​ការ​ជូន​កាដូ​នេះ​ថា​៖ «​ខ្ញុំ​មិន​សូវ​ចូល​ចិត្ដ​នឹង​វប្បធម៌​ជូន​កាដូ​នេះ​សោះ​ពីព្រោះ​ខ្ញុំ​ ខ្លាច​ពួក​ប្រុស​ៗ​ប្រើ​កាដូ​នេះ​មក​បោក​ប្រាស់​ក្មេង​ស្រី​ៗ​»។​ប្រសិន​បើ​ អ្នក​ស្រី​ដឹង​ថា ក្មួយ​ស្រី​របស់​អ្នក​ស្រី​មាន​សង្សារ​អ្នក​ស្រី​នឹង​បញ្ចប់​វា​ភ្លាម​ ពីព្រោះ​អ្នក​ស្រី​ជឿ​ថា មាន​សង្សារ​ក្នុង​វ័យ​សិក្សា​មិន​បាន​ទទួល​ប្រយោជន៍​អ្វី​ទេ​ក្រៅ​ពី​ បំផ្លាញ​ការ​សិក្សា​របស់​គេ​ប៉ុណ្ណោះ​។
ដើម្បី​ជា​ការ​ក្រើន​រំឭក​ ចំពោះ​សិស្សា​នុសិស្ស​ អ្នកគ្រូ​លុក​ធីតា​ជា​គ្រូ​បង្ហាត់​អក្សរ​សាស្ដ្រ​ខ្មែរ​នៅ​វិទ្យាល័យ​ហ៊ុន​ សែន​ប៊ុន​រ៉ានី​ផ្សារ​ដើម​ថ្កូវ​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា៖ «​កាល​ពី​ឆ្នាំ​មុន​ឲ្យ​តែ​ជិត​ដល់​ថ្ងៃ​បុណ្យ​ណូអែល​មួយ​ខែ សិស្ស​នាំ​គ្នា​ជ្រួល​ជ្រើម​លែង​មាន​ចិត្ដ​ចង់​រៀន​ហើយ​នាំ​គ្នា​អង្គុយ​បត់ ​កាដូ​សម្រាប់​ផ្ដោះ​ប្ដូរ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​»។
យ៉ាង​ណា​មិញ សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​នេះ អ្នក​គ្រូ បាន​កោត​សរសើរ​ថា​សិស្ស​ឆ្នាំ​នេះ​មិន​សូវ​រំជើប​រំជួល​ប៉ុន្មាន​ទេ​។
ក្រៅ ​ពី​មតិ​រិះ​គន់​និង​ការ​សរសើរ​ខាង​លើ អ្នក​គ្រូ ធីតា បាន​ផ្ដល់​ដំបូន្មាន​មួយ​ចំនួន​ទៅ​កាន់​សិស្សា​នុសិស្ស​គ្រប់​រូប​ពិសេស​ សិស្ស​នារី​ថា៖ «​ក្នុង​នាម​យើង​ជា​ស្ដ្រី​សូម​កុំ​មើល​ឃើញ​កាដូ​បន្ដិច​បន្ដួច​ជា​វត្ថុ​ សំខាន់​ហើយ​ប្រហែស​បណ្ដោយ​ខ្លួន​ពីព្រោះ​បើ​មាន​រឿង​យ៉ាង​ម៉េច​យ៉ាង​ម៉ា​យើង ​គឺជា​អ្នក​អស់​តម្លៃ​»។ អ្នក​គ្រូ បាន​ធ្វើ​ការ​ប្រៀប​ធៀប​ស្ដ្រី​ទៅ​នឹង​នំ​មួយ​ដុំ​ដែល​បុរស​ៗ​តែងតែ​ចង់​ ភ្លក្ស​រសជាតិ​ប៉ុន្ដែ​បើ​នំ​នោះ​ធ្លាក់​ចូល​ក្នុង​ដៃ​គេ​ហើយ​វា​នឹង​លែង​ មាន​តម្លៃ​មិន​ខាន​។
យោង​តាម​ការ​រៀប​រាប់​ខាង​លើ​នេះ ការ​ជូន​កាដូ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​បាន​ក្លាយ​ជា​ទម្លាប់​របស់​យុវជន​ ខ្មែរ​ដែល​ពួកគេ​ចាត់​ទុក​ជា​រឿង​ដ៏​សំខាន់​។ ជួន​កាល​ថ្ងៃ​បុណ្យ​បស្ចិម​មួយ​នេះ បាន​ក្លាយ​ជា​ឱកាស​សារភាព​ស្នេហ៍​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង​។ យ៉ាង​ណា​មិញ ពួកគេ​ប្រហែល​ជា​ភ្លេច​ខ្លួន​ហើយ​ថា នេះ​មិន​មែន​ជា​ទំនៀម​ទម្លាប់​ខ្មែរ​យើង​ឡើយ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់​មិន​គាំទ្រ​ចំពោះ​ស្នេហា​ក្នុង​វ័យ​សិក្សា​នោះ​ ទេ​៕​
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment