ស្ថិតនៅក្នុងភូមិភាគឦសាននៃខេត្តកំណើតរដ្ឋខ្មែរដំបូងគេបង្អស់
ដែលសម្បូរទៅដោយប្រាសាទបុរាណខ្មែរប្រមាណជា
៣គីឡូម៉ែត្រស្ថិតក្នុងវត្តបារាយណ៍ ភូមិដូនពែង សង្កាត់បារាយណ៍
ក្រុងដូនកែវ នៅក្បែរទីរួមខេត្តតាកែវមាន ’ប្រាសាទនាងសក់ក្រអូប
ឬប្រាសាទជប់ពល” មួយត្រូវបានសាងសង់ឡើងអំពីឥដ្ឋ។
ទេវស្ថានមានរាង ៤ជ្រុង ដោយជ្រុងនីមួយនៃប្រាសាទមានប្រវែងប្រមាណប្រាំពីរម៉ែត្រ។ ខ្លោងទ្វារនៃប្រាសាទនេះបែរមុខទៅទិសខាងកើតជាប់ខឿនព្រះវិហារនៃ ព្រះពុទ្ធសាសនាខ្មែរ។ កម្ពស់នៃប្រាសាទនាងសក់ក្រអូបសព្វថ្ងៃនេះ មានត្រឹមតែ ១៣ម៉ែត្រប៉ុណ្ណោះ ព្រោះដំបូលដែលធ្វើអំពីឈើ ត្រូវដួលរលំបាក់បាត់អស់ទៅហើយ។ ម្យ៉ាងវិញទៀតខឿនប្រាសាទក៏ត្រូវកប់ទៅក្នុងដីដែលនៅជាប់ខឿនព្រះវិហារ នៃព្រះពុទ្ធសាសនាខ្មែរ ហើយដែលមានដើមឈើតូច ធំដុះព័ទ្ធជុំវិញ។
ទិដ្ឋភាពប្រាសាទនាងសក់ក្រអូប (ម.ត ២០១១)
ប្រាសាទនាងសក់ក្រអូបមានគូទឹកព័ទ្ធជុំវិញ ទទឹងនៃគូទឹក មានទំហំប្រមាណជា ៣០ម៉ែត្រ គួរឲ្យគយគន់ជាអនេក ហើយនៅខាងមុខប្រាសាទយើងឃើញមានបារាយណ៍មួយដ៏ធំ បណ្តោយប្រមាណជា ៥០០ម៉ែត្រ និងទទឹង ១០០ម៉ែត្រ ដែលពីដើមមានការប្រណាំងទូកនៅពេលចូលឆ្នាំម្តងៗ តែឥឡូវនេះបានត្រូវខកខានទៅវិញ។ មូលហេតុដែលបណ្តាលមកពីគ្រោះធម្មជាតិរាំងស្ងួតដោយដីល្បាប់ និងដុះស្មៅយ៉ាងច្រើន។
ដូចបូជនីយដ្ឋាននាសម័យចេនឡាមួយចំនួនទៀតដែរ ប្រាសាទនាងសក់ក្រអូបក៏មានការពាក់ព័ន្ធទៅនឹងដំណាលរឿងព្រេងបុរាណ ខ្មែរ។
សំណល់ស្ថាបត្យកម្មក្រោយប្រាសាទ និង នៅជិតគូរទឹក (ម.ត ២០១១)
តាមរយៈចាស់ៗក្នុងស្រុកភូមិឲ្យដឹងថា កាលពីដើមឡើយ មានផ្លូវអាថ៌កំបាំងមួយដ៏ស័ក្តិសិទ្ធផ្សារភ្ជាប់ប្រាសាទនេះទៅនឹង ភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល ដែលនៅទីនោះក៏មានផ្លូវអាថ៌កំបាំងមួយទៀតផងដែរ។ នៅក្នុងរូងភ្នំនេះសុទ្ធសឹងតែ មានសត្វក្អែប ខ្ទួយ និងពស់ត្បាល់អ្នកតាចាស់ស្រុកដ៏គួរឲ្យព្រឺព្រួច ដែលបានបីបាច់ថែរក្សានៅទីនោះ។ សព្វថ្ងៃនេះរូងភ្នំត្រូវបានបិទជិតទៅហើយ ដូច្នេះសត្វអ្នកតាទាំងនោះ ក៏ឈប់មានទៅទៀតផងដែរ។
យោងតាមការសិក្សាវិភាគដ៏ស៊ីជម្រៅនៃសំណង់ប្រាសាទ ជាពិសេសទម្រង់ប្រាសាទ និងសំណល់ក្បាច់លម្អមួយចំនួនដូចគ្នា ស្លាកស្នាមនៃវិមានអាកាសខ្លោងទ្វារដែលរលុបស្ទើរមើលសឹងតែមិនឃើញ ស្រមោលទៅហើយនោះ បុរាណវិទូយើងក៏លើកឡើងថា ’ប្រាសាទនាងសក់ក្រអូប” របស់យើងស្ថិតក្នុងរចនាប័ថ្មកំពង់ព្រះ។ យ៉ាងណាមិញវត្តមានរបស់ថ្ពក់ធ្វើអំពីថ្មមួយចំនួនជាប់នៅលើជញ្ជាំងនៅ ផ្នែកខាងក្នុងនៃប្រាសាទ ក៏ជាព័ត៌មានបង្ហាញនូវឯកភាពផ្នែកបច្ចេកទេសសាងសង់ក្នុងសម័យចេនឡា ផងដែរ។
អំពីថ្ពក់ថ្មខាងលើនេះថា សូមជម្រាបថា បុព្វបុរសខ្មែរធ្វើសម្រាប់ទ្រសំណង់ដំបូលឈើប្រក់ក្បឿងបែបនេះ ក៏ត្រូវបានលោកជួបប្រទះនៅក្រុមប្រាសាទខាងត្បូងនៃ ប្រាសាទសម្បូរព្រៃគុក ខេត្តកំពង់ធំ សព្វថ្ងៃផងដែរ។
ក្លោងទ្វារប្រាសាទ ផ្នែកខាងក្នុងប្រាសាទ និង សោមសូត្រ (ម.ត ២០១១)
ចំណុចជាវិជ្ជមានមួយទៀត គឺវត្តមានរបស់ស៊ុមទ្វារចូលដែលធ្វើអំពីថ្មថ្លើមអណ្តើក និងគំនរថ្មប្រភេទនេះមួយចំនួននៅក្បែរប្រាសាទនាងសក់ក្រអូប ហើយអ្វីមួយដែលជាភស្តុតាងបញ្ជាក់អំពីចំណាស់នៃបូជនីយដ្ឋានខាងលើនេះ ទោះបីយើងពុំបានឃើញសំណល់សិលាចារឹកនៅលើទីតាំងនេះក៏ដោយ។
នាសម័យបុរាណប្រាសាទនាងសក់ក្រអូប ជាបូជនីយដ្ឋានមួយដែលបានដើរតួនាទីយ៉ាងសំខាន់បំផុត ហើយសារសំខាន់នេះត្រវបានគូសបញ្ជាក់តាមរយៈសំណល់ថ្មសម្រាប់ បង្ហូរទឹក ’មន្ត” ពីខាងក្នុងប្រាសាទចេញមកខាងក្រៅប្រាសាទ ដែលនៅទីនោះសាសនិកជនខ្មែរស្រង់ទឹកមន្តដើម្បីយកទៅប្រើប្រាស់ តាមសេចក្តីត្រូវការរៀងៗខ្លួន។ វត្តមាននៃ ’ថ្មសោមសូត្រ” ខាងលើនេះធ្វើឲ្យយើងប្រមើលមើលនូវការប្រារព្ធពិធី ’សិវរាត្រី” ដោយពួកព្រាហ្មណ៍នៅប្រាសាទ ខាងលើនេះសម្រាប់សេចក្តីសុខសប្បាយរបស់ប្រជានុរាស្ត្រនៅពេលថ្ងៃពេញបូ ណ៌ណាមួយប្រចាំឆ្នាំ។
ទំហំដ៏ធំធេងរបស់កសិណទឹកដ៏ថ្លាហ៊ុមព័ទ្ធជុំវិញសំណង់ប្រាសាទ ក៏ជាសញ្ញាបញ្ជាក់នូវអត្រានៃប្រជាពលរដ្ឋដែលរស់នៅតាមភូមិស្រុក នានាក្បែរនេះដែលបានស្ថាបនា ហើយបានទ្រទ្រង់បូជនីយដ្ឋានដ៏ពិសិដ្ឋនេះ៕ (ម.ត្រាណេ)
ប្រភព ៖ cen.com.kh
No comments:
Post a Comment