តាឥសីនៅក្នុងរឿងព្រេងនិទានខ្មែរ
គឺជាតួអង្គជួយសង្រ្គោះសត្វលោកឲ្យរួចផុតពីសេចក្ដីវិនាស
អន្តរាយគ្រប់ប្រភេទ។ ចំណែកឯបច្ចុប្បន្ននេះ
យើងក៏ឃើញមានឥសីសម័យថ្មី
ដែលជាតួអង្គជួយសង្គ្រោះជីវិតមនុស្សផងដែរ នោះគឺគ្រូពេទ្យ។
ជា
ការពិតណាស់ អ្នកជំងឺប្រាកដជារត់ទៅរកគ្រូពេទ្យឲ្យជួយព្យាបាល
ពីព្រោះពួកគេជាអ្នកសង្គ្រោះដ៏ជំនាញ។ ដូច្នេះ គ្រូពេទ្យ
ត្រូវបានប្រៀបដូចនឹងលោកតាឥសី
ដែលតែងតែប្រោសជីវិតសត្វលោកឲ្យរស់។ ផ្ទុយទៅវិញ
ប្រសិនបើគ្រូពេទ្យគ្មានជំនាញ ក្រមសីលធម៌
និងចិត្តសន្តោសប្រណីនោះទេ តើជីវិតមនុស្ស
អាចជាល្បែងលេងសើចដែរឬទេ? ហើយនរណាជាក្ដីសង្ឃឹមរបស់អ្នកជំងឺ?
យើង
ប្រាកដជាដឹងថា
ដោយសារតែកង្វះជំនឿចិត្ដលើវិស័យសុខាភិបាលក្នុងស្រុក
ទើបប្រជាជនខ្មែរមួយចំនួនបាននិងកំពុងតែស្វែងរកការព្យាបាលជំងឺ
នៅបរទេស ដូចទឹកបាក់ទំនប់ជារៀងរាល់ថ្ងៃ។ ជាក់ស្ដែង
បើនិយាយពីមន្ទីរពេទ្យចារី និងមន្ទីរពេទ្យ ២១៥
ប្រជាជនខ្មែរខ្លះប្រាកដជាស្គាល់។ លើសពីនេះទៀត
មន្ទីរពេទ្យចារីរបស់វៀតណាម
កំពុងតែពង្រីកសាខាមកដល់ប្រទេសរបស់យើង
ដែលស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ។
ភាពទន់ខ្សោយនៃវិស័យ
សុខាភិបាលនៅកម្ពុជា
គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលបាននិងកំពុងតែកើតឡើងចំពោះ
ប្រជាពលរដ្ឋខ្មែរ។ ឧទាហរណ៍ ការធ្វើតេស្តពិនិត្យរកប្រភេទជំងឺ
គឺជាបញ្ហាមួយដែលអ្នកជំងឺជាច្រើនបានជួបប្រទះ
និងតែងតែធ្វើឲ្យពួកគាត់ខ្លាចរអា
មិនទុកចិត្តនូវលទ្ធផលចំពោះតេស្តនោះ ពីព្រោះជួនកាល
គ្មានជំងឺអីសោះ ប៉ុន្ដែគ្រូពេទ្យបែរជារកឃើញថា មានជំងឺនេះ
ឬក៏ជំងឺនោះទៅវិញ។
អ្វីដែលយើងបានលើកឡើងខាងលើ
ប្រជាពលរដ្ឋខ្មែរប្រាកដជាដឹង មិនថាតិចឬក៏ច្រើននោះទេ។ កញ្ញា
ឌី រ័ត្នសុភាវី អាយុ២២ឆ្នាំ
ជាបុគ្គលិកផ្នែកណែនាំភ្ញៀវរបស់ធនាគារមួយ
បានរិះគន់ចំពោះវិស័យសុខាភិបាលបច្ចុប្បន្ននេះថា
កញ្ញាពិតជាគ្មានទំនុកចិត្តចំពោះវិជ្ជាជីវៈរបស់គ្រូពេទ្យ ខ្លះទេ
ពីព្រោះកាលពីប៉ុន្មានឆ្នាំមុន
កញ្ញាធ្លាប់មានបទពិសោធនៃការវិនិច្ឆ័យរោគខុសរបស់គ្រូពេទ្យ
មួយរូបនៅក្នុងរាជធានីភ្នំពេញ។ កញ្ញា សុភាវី បានបន្តថា
គ្រូពេទ្យបានរកឃើញថា
កញ្ញាកើតដុំគីសនៅមាត់ស្បូនដែលពិបាកនឹងធ្វើការវះកាត់
ជាពិសេសមិនធានាចំពោះការព្យាបាលផងដែរ។ លទ្ធផលនៃការពិនិត្យនេះ
បានធ្វើឲ្យកញ្ញាភ័យខ្លាច
និងរស់ក្នុងស្ថានភាពអស់សង្ឃឹមជាច្រើនថ្ងៃ។
កញ្ញា សុភាវី
បានបន្ថែមថា៖ «ប៉ុន្ដែសំណាងល្អ
នៅពេលដែលខ្ញុំទៅពិនិត្យម្តងទៀតនៅមន្ទីរពេទ្យឯកទេសដទៃ
ទើបខ្ញុំដឹងថា ខ្ញុំគ្មានជំងឺអីធ្ងន់ធ្ងរទេ
ហើយវាគ្រាន់តែជាដុំសាច់ស្លូត
នៅជិតតម្រងនោមដែលអាចព្យាបាលបានយ៉ាងងាយប៉ុណ្ណោះ»។
ដោយមាន
បទពិសោធមិនល្អចំពោះការវិនិច្ឆ័យគ្មានជំនាញបែបនេះ កញ្ញា សុភាវី
ពិតជាមិនចង់ឃើញប្រជាពលរដ្ឋដទៃជួបបញ្ហាដូចកញ្ញាឡើយ
ដូច្នេះកញ្ញាសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា
គួរតែយកចិត្តទុកដាក់ចំពោះវិស័យសុខាភិបាលនៅក្នុងប្រទេសយើង។
កញ្ញា បានលើកឡើងថា៖ «ប្រព័ន្ធសុខាភិបាល ត្រូវតែពង្រឹង
និងអភិវឌ្ឍបន្ថែមទៀត មិនថាឧបករណ៍ប្រើប្រាស់
និងសមត្ថភាពរបស់គ្រូពេទ្យឡើយ ដើម្បីបម្រើដល់សេចក្ដីត្រូវការ
និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺន
រាប់លាននាក់»។
ទាក់ទងនឹងការរិះគន់ខាងលើលោក វេជ្ជបណ្ឌិត
ឈឹម ជីវី ជាអ្នកឯកទេសជំងឺទូទៅនៃគ្លីនិកឯកជនមួយ បានបកស្រាយថា
បចេ្ចកវិទ្យាក្នុងការពិនិត្យសុខភាពរបស់ប្រទេសយើង
ពិតជានៅមានកម្រិត ពីព្រោះយើងមិនទាន់មានឧបករណ៍ទំនើបៗ
ដូចបណ្ដាប្រទេសជឿនលឿនទេ។ យ៉ាងណាមិញ លោក បានបន្តថា ពេលខ្លះ
កង្វល់របស់ប្រជាពលរដ្ឋពិតជាត្រឹមត្រូវ ពីព្រោះ សព្វថ្ងៃនេះ
បុគ្គលិកវិស័យសុខាភិបាលរបស់យើង មានលាយឡំគ្រូពេទ្យអាយ
(គ្រូពេទ្យដែលចេះតៗគ្នា គ្មានសញ្ញាបត្រច្បាស់លាស់)
ដែលគ្មានជំនាញត្រឹមត្រូវក្នុងការវិនិច្ឆ័យរោគ។
ម្យ៉ាងវិញ
ទៀត គ្រូពេទ្យមួយចំនួន មានតែសញ្ញាបត្រក្នុងដៃ
ប៉ុន្ដែខ្វះក្រមសីលធម៌ក្នុងខ្លួន
ដែលតែងតែបំភិតបំភ័យអ្នកជំងឺដើម្បីកេងយកផលចំណេញផ្ទាល់
ខ្លួនទៅវិញ។
លោក វេជ្ជបណ្ឌិត មានប្រសាសន៍ទៀតថា៖
«អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាគួរតែធ្វើ
គឺការយកចិត្តទុកដាក់លើបញ្ហាវិស័យសុខាភិបាលឡើងវិញ
តាមរយៈការលុបបំបាត់គ្រូពេទ្យគ្មានជំនាញ
ពង្រឹងក្រមសីលធម៌ដើម្បីជាទំនុកចិត្ដរបស់អ្នកជំងឺទូទៅ»។
ទាក់ទង
ទៅនឹងបញ្ហានេះ អ្នកយកព័ត៌មានរបស់Lift
ព្យាយាមទាក់ទងទៅមន្រ្តីសុខាភិបាលជាច្រើនរូប
ប៉ុន្តែអ្នកទាំងនោះឆ្លើយតបថា ជាប់រវល់។ យ៉ាងណាមិញ
មានមន្ត្រីផ្នែកសុខាភិបាលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ
បានឲ្យដឹងថា គ្រូពេទ្យដែលប្រកបមុខរបរទាំងអស់
ត្រូវតែមានជំនាញទៅតាមកម្រិតរបស់ខ្លួនឲ្យបានច្បាស់លាស់
និងស្របតាមច្បាប់កំណត់របស់ក្រសួងសុខាភិបាល។ ប៉ុន្តែ
នៅតែមានគ្រូពេទ្យមួយចំនួនតូច មិនបានគោរពគោលការណ៍របស់ក្រសួង
ដែលធ្វើការលើសពីជំនាញរបស់ខ្លួន
និងគ្មានវិជ្ជាជីវៈច្បាស់លាស់។
មន្រ្តីសុខាភិបាលរូបនោះ
សូមសំណូមពរដល់គ្រូពេទ្យទាំងអស់
ក្នុងនាមជាអ្នកជួយសង្គ្រោះជីវិតមនុស្ស
មិនគួរមើលឃើញតែលុយជាធំជ្រុលហួសហេតុពេកទេ។
ផ្ទុយទៅវិញ យើងត្រូវតែមានក្រមសីលធម៌ និងវិជ្ជាជីវៈពេទ្យ ព្រមទាំងផ្ដល់ចិត្តសន្តោសប្រណីដល់អ្នកជំងឺផងដែរ។
ដោយ
សារជំងឺកាន់តែវិវត្ដប្លែកជាលំដាប់
និងស្ថានភាពគ្រោះថ្នាក់ក៏កាន់តែធ្ងន់ធ្ងរ
រួមផ្សំនឹងកង្វះវិជ្ជាជីវៈនោះ
បានធ្វើឲ្យអ្នកជំងឺមួយចំនួនដែលមានជីវភាពធូរធារ
និងអស់ជំនឿចំពោះជំនាញពេទ្យនៅកម្ពុជា
ងាកទៅរកការព្យាបាលនៅក្រៅប្រទេស។ ជាងនេះទៅទៀត
ចំពោះអ្នកជំងឺមួយចំនួនដែលមិនសូវធូរធារ
បានប្រើឱសថបុរាណព្យាបាលជំងឺវិញ។ ដូច្នេះ
ការពង្រឹងវិស័យសុខាភិបាលរបស់កម្ពុជាពិតជាសំខាន់ណាស់
វាអាចនឹងស្ដារទំនុកចិត្ដចំពោះសេវាកម្មព្យាបាលប្រកបដោយ
សុវត្ថិភាព និងប្រសិទ្ធភាព
ព្រមទាំងជួយសន្សំសំចៃប្រាក់ដល់ប្រជាពលរដ្ឋកម្ពុជាដែលធ្លាប់តែ
ចំណាយទៅលើការព្យាបាលនៅបរទេស
ហើយបង្វែរថវិកានោះមកចំណាយនៅក្នុងប្រទេសរបស់ខ្លួនវិញ៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment