យុវវ័យឥឡូវ ចូលចិត្ដបង្កាត់ភ្លើងស្នេហ៍នៅវ័យក្មេងខ្ចី
ឬវ័យសិក្សាដោយនាំគ្នាលាក់បាំងពីឪពុកម្ដាយ។
ភាពភ្លើតភ្លើនអាចធ្វើឲ្យពួកគេប្រឈមនឹងបញ្ហាជាច្រើន
រួមទាំងការលួងលោមរបស់ដៃគូស្នេហា
ងាយធ្លាក់ទៅក្នុងការជួញដូរផ្លូវភេទ ការចាប់រំលោភ
ការរួមភេទមិនទាន់គ្រប់អាយុ ការឆ្លងជំងឺកាមរោគ និងជំងឺអេដស៍
ជាពិសេស បញ្ហារំលូតកូនដោយគ្មានសុវត្ថិភាព។
តាមការពិត
ការរំលូតកូនរបស់ស្ដ្រីវ័យក្មេងៗ ហាក់ដូចជាគ្មានសុវត្ថិភាពទេ
ពីព្រោះពួកគេហ៊ានធ្វើវាដោយខ្លួនឯងដែលមិនទៅរកពេទ្យជំនាញ
ច្បាស់លាស់ ហើយវាអាចបណ្ដាលមកពីខ្វះការយល់ដឹង មានភាពអៀនខ្មាស
និងលាក់កំបាំងពីឪពុកម្ដាយ។
បើយោងតាមរបាយការណ៍ស្ទង់មតិខាង
ប្រជាសាស្ដ្ររបស់កម្ពុជា
ដែលតែងតែធ្វើការស្ទង់មតិរៀងរាល់៥ឆ្នាំម្តង បានឲ្យដឹងថា
ក្នុងចំណោមយុវវ័យដែលមានអាយុពី១៥ទៅ២៤ឆ្នាំ
បានរំលូតកូនចេញ២,៣ភាគរយក្នុងឆ្នាំ២០០៤
រហូតដល់៤,៧ភាគរយក្នុងឆ្នាំ២០១០
ហើយអ្នកជំនាញនៃការស្ទង់មតិមានជំនឿថា ទិន្នន័យជាក់ស្ដែង
អាចនឹងខ្ពស់ជាងនេះ។
ដោយសារតែធ្លាប់រំលូតកូនតាំងពីអាយុ
១៧
ឆ្នាំរហូតដល់ជាង១០ដងនៅក្នុងគ្លីនិកឯកជនដោយគ្រូពេទ្យវៀតណាម
ដែលគ្មានស្លាកយីហោត្រឹមត្រូវ អ្នកនាង ស្រីម៉ៅ
បច្ចុប្បន្នវ័យ៣២ឆ្នាំ មិនដឹងថា
គ្លីនិកនោះមានសុវត្ថិភាពខ្ពស់កម្រិតណាទេ
ប៉ុន្ដែអ្នកនាងមិនឃើញកើតបញ្ហាគ្រោះថ្នាក់អ្វីឡើយក្រៅពីឈឺ ក្បាល
ស្រវាំងភ្នែក និងចុកចង្កេះបន្ដិចបន្ដួចនោះ។ អ្នកនាង ប្រាប់ថា
សេវាកម្មរំលូតកូនមានតម្លៃត្រឹមតែ៣០ដុល្លារប៉ុណ្ណោះ
ហើយភាគច្រើនជាយុវវ័យអាយុចន្លោះពី១៦ទៅ២០ឆ្នាំ
ដែលខ្លះមានសង្សារជូនមកផងដែរ។
នេះបញ្ជាក់ឲ្យឃើញថា
យុវវ័យដែលមានសង្សារ ប្រឈមនឹងការរំលូតកូនចេញដោយគ្មានសុវត្ថិភាព
ពីព្រោះពួកគេចង់លាក់លៀមពីឪពុកម្ដាយ និងអ្នកដទៃ។ ទង្វើបែបនេះ
អាចធ្វើឲ្យពួកគេបាត់បង់ជីវិតជាយថាហេតុ។
ចំពោះបញ្ហាប្រឈម
ខាងលើនេះ លោក វ៉ា ជីវ័ន ជានាយកប្រតិបត្ដិនៃអង្គការរ៉ាក់
បានឲ្យដឹងថា ក្មេងស្រីដែលរំលូតកូននៅក្មេងពេក
និងនៅកន្លែងគ្មានសុវត្ថិភាព នឹងអាចលែងមានកូនទៀត ការធ្លាយ
ឬរហែកស្បូន ជំងឺមហារីក និងការធ្លាក់ឈាម ដែលអាចបាត់បង់ជីវិត។
សត្វ
មមាចប្រឡែងភ្លើង ដែលមិនចេះរាងចាល ថ្វីដ្បិតតែមានរបាយការណ៍
ព័ត៌មាន
និងការអប់រំជាច្រើនទាក់ទងនឹងហានិភ័យក្នុងការរំលូតកូនដោយ
គ្មានសុវត្ថិភាពដែលកើតចេញពីការបង្កាត់ភ្លើងស្នេហ៍ក្មេងខ្ចី
យ៉ាងណាក៏ដោយ ក៏សកម្មភាពដ៏គឃ្លើនរបស់ពួកគេនៅតែមិនថមថយឡើយ។
ជាក់
ស្ដែង ស្រីប៉ាយ
គឺជាឈ្មោះកាត់របស់យុវសិស្សអនុវិទ្យាល័យនៅក្នុងខេត្ដកណ្ដាល
វ័យ១៥ឆ្នាំ បាននិយាយថា មិត្ដភក្ដិរួមថ្នាក់របស់ប្អូនវ័យ១៧ឆ្នាំ
បានជ្រុលជ្រួសជាមួយសង្សាររហូតដល់មានផ្ទៃពោះ
ហើយព្យាយាមលេបថ្នាំរំលូតកូនចេញដោយខ្លួនឯង
ពីព្រោះមិត្ដភក្ដិរបស់ប្អូនមិនហ៊ានទៅរកសេវាកម្មរំលូតរបស់រដ្ឋទេ
ខ្លាចលេចឮដល់ឪពុកម្ដាយ។
រីឯប្អូនស្រីផ្ទាល់វិញ
មិនបានល្អូកល្អិនជាមួយសង្សាររហូតដល់រួមភេទនោះទេ
ដោយគ្រាន់តែនិយាយទូរស័ព្ទសាសងគ្នា ឬញ៉ាំអាហារជាមួយគ្នាប៉ុណ្ណោះ។
ប្អូនស្រី បានអះអាងថា៖
«ខ្ញុំយកសង្សារដើម្បីធ្វើឲ្យខ្ញុំសប្បាយចិត្ដ។
ខ្ញុំមិនបានជម្រាបប្រាប់ឪពុកម្ដាយឲ្យដឹងនោះទេ
ពីព្រោះខ្ញុំខ្លាចគាត់មិនឲ្យទាក់ទងគ្នា»។
ចំណែកឯការឆ្លង
កាត់រឿងរ៉ាវស្នេហារហូតដល់មានផ្ទៃពោះ៤ខែរបស់យុវតី ឡ.ស.ណ
វ័យ១៩ឆ្នាំ
ដែលទើបតែសិក្សាថ្នាក់ទី៩នៃអនុវិទ្យាល័យមួយក្នុងខេត្ដតាកែវ
បានដាច់ចិត្ដទៅរំលូតកូនចេញដោយសារតែខ្លួននៅក្មេង
គ្មានការទទួលខុសត្រូវគ្រប់គ្រាន់
ហើយមិត្ដប្រុសបោះបង់នាងចោលទៀត។
អ្នកស្រី
ដែលជាម្តាយរបស់យុវតីរូបនេះ បាននិយាយថា
គាត់មានការសោកស្តាយណាស់ដែលគាត់មើលកូនស្រីមិនបានល្អ។
គាត់តែងតែគិតថា កូនទៅរៀន តែមិនដឹងថាកូនស្រីទៅធ្វើបែបនេះសោះ។
ចំពោះ
ប្អូនប្រុស ដារ៉ា វ័យ១៦ឆ្នាំ
ជាសិស្សអនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ
បានឲ្យដឹងអំពីទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយគូសង្សារថា
ប្អូនទាំង២ មិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសទេ
ពីព្រោះខ្លាចមានបញ្ហាដែលដោះស្រាយមិនចេញ ជាពិសេស
ខ្លាចលេចឮដល់ឪពុកម្ដាយ។ ពួកគេគ្រាន់តែដើរលេង
មើលកុនជាមួយគ្នាប៉ុណ្ណោះ។
យ៉ាងណាមិញ
របាយការណ៍សិក្សាអំពីអាកប្បកិរិយារួមភេទរបស់បុរសមិនទាន់រៀបការ
អាយុពី១៥ទៅ២៤ឆ្នាំចំនួន៦៦៥នាក់ដែលធ្វើឡើងដោយ មីហ្គេន អ័រ
(MEGAN R) ក្នុងឆ្នាំ២០០៦ បានបង្ហាញថា យុវជន ១ភាគ៣ បានរួមភេទ
ហើយពាក់កណ្ដាលទៀត ចាប់ផ្ដើមរួមភេទក្នុងវ័យ២៣ឆ្នាំ។
របាយការណ៍នោះបានបញ្ជាក់ទៀតថា យុវជន៧១ភាគរយ
បានប្រើស្រោមអនាម័យក្នុងពេលរួមភេទចុងក្រោយបង្អស់
ដែលសបញ្ជាក់ឲ្យឃើញថា បញ្ហាប្រឈមរបស់ពួកគេនៅតែមាន។
លោក
ជីវ័ន បានណែនាំថា
ស្ដ្រីមិនត្រូវទៅទិញថ្នាំសម្រាប់រំលូតកូនស្រេចតែចិត្ដនឹកឃើញ
នោះទេ ពួកគាត់ត្រូវតែមកពិភាក្សា
និងពន្យល់ពីរបៀបប្រើឲ្យបានច្បាស់ជាមួយអ្នកជំនាញ។
ប្រសិនបើពួកគាត់ជួបប្រទះបញ្ហានៅពេលប្រើថ្នាំលេបទម្លាក់នោះ
ពួកគាត់អាចមករកសេវាកម្មរបស់អង្គការរ៉ាក់
ពីព្រោះរ៉ាក់ផ្ដល់សេវាកម្មរំលូតក្រោយពីពួកគេជួបបញ្ហានេះ។
លោក
បានពន្យល់ទៀតថា៖ «មានមនុស្សជាច្រើន
ដែលរាប់បញ្ចូលទាំងបុគ្គលិកសុខភាពទៀត ពុំបានដឹងថា
ការរំលូតកូននៅប្រទេសកម្ពុជាស្របច្បាប់នោះទេ។ អាស្រ័យហេតុនេះ
ទើបធ្វើឲ្យស្រ្តីដែលមានបំណងរំលូតកូន
ជ្រើសរើសយកសេវាកម្មគ្មានសុវត្ថិភាព»។
គួរបញ្ជាក់ថា
អង្គការ៉ាក់ បានផ្តល់ការអប់រំទាក់ទាក់ទៅនឹងសុខភាពផ្លូវភេទ
និងបំណិននៃជីវិតជាង ១៥ឆ្នាំហើយដល់យុវវ័យកម្ពុជា ពីអាយុ ១០ទៅ
២៤ឆ្នាំ។ នាពេលថ្មីៗនេះ អង្គការរ៉ាក់
បានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងអប់រំ យុវជន
និងកីឡា ក្នុងការបង្កើតជាមុខវិជ្ជាបំណិននៃជីវិត
ដែលអាចពន្យល់យុវវ័យចំពោះការសម្រេចចិត្តនៅពេលបម្រែបម្រួលនៃ
សរីរាង្គកាយរបស់ខ្លួន។
លោក ជីវ័ន អះអាងថា៖
«យើងបណ្តុះបណ្តាលយុវជន
និងយុវតីដែលជាក្រុមមិត្តអប់រំមិត្តក្មេងៗនៅក្នុងសាលារៀន
រាប់ពាន់នាក់
ហើយពួកគេអាចផ្តល់ព័ត៌មានទាក់ទងនឹងសុខភាពបន្តពូជដល់អ្នកនៅ
ក្នុងភូមិរបស់ខ្លួនថែមទៀត។ ម្យ៉ាងទៀត
យើងក៏បានផ្តល់សេវាកម្មមិត្តអប់រំមិត្តនៅក្នុងគ្លីនិករបស់
យើងផងដែរ»។
អ្នកស្រីវេជ្ជបណ្ឌិត សន ចាន់ណា
ជាប្រធានផ្នែករោគស្រ្តីនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
បានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាយើង ការរំលូតកូន
គឺជាទង្វើស្របច្បាប់តាំងពីឆ្នាំ១៩៩៧
ប៉ុន្តែវាត្រូវបានធ្វើឡើងនៅក្នុងតែមន្ទីរពេទ្យ មណ្ឌលសុខភាព
គ្លីនិកសុខភាព
ឬមន្ទីរសម្ភពដែលជាកន្លែងបុគ្គលិកត្រូវបានបណ្តុះបណ្តាល
និងទទួលស្គាល់ដោយក្រសួងសុខាភិបាលប៉ុណ្ណោះ។
ការរំលូតអាចស្របច្បាប់ទៅបាន ចំពោះស្រ្តីដែលមានផ្ទៃពោះ
ពី១២សប្តាហ៍ចុះ តែបើលើសពីនេះ
វាអាស្រ័យទៅតាមលក្ខខណ្ឌចាំបាច់ណាមួយ។
អ្នកស្រី
បានបន្ថែមថា ការយល់ដឹងអំពីច្បាប់រំលូតនៅក្នុងស្រុកខ្មែរ
នៅមិនទាន់ទូលំទូលាយនៅឡើយទេ ពីព្រោះមានស្ដ្រី
ឬក្មេងស្រីមួយចំនួននៅបន្ដស្វែងរកសេវាកម្មរំលូតក្នុងគ្លីនិក
ឯកជន ដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងប្រឈមគ្រោះថ្នាក់ខ្ពស់។
ដូច្នេះ
ក្នុងនាមជាយុវវ័យ គួរគប្បីខិតខំសិក្សា
ជាជាងការបង្កាត់ភ្លើងស្នេហ៍ក្នុងវ័យសិក្សា។ ចំពោះអាណាព្យាបាល
គួរតែដាស់តឿនកូនៗរបស់ខ្លួនកុំឲ្យភ្លើតភ្លើនទៅតាមចិត្តចង់
ពេក។ ការផ្សព្វផ្សាយអំពីច្បាប់រំលូតរបស់ក្រសួងសុខាភិបាល
និងអង្គការជាដៃគូ ក៏ជាកិច្ចការយ៉ាងសំខាន់ផងដែរ
ហើយរាជរដ្ឋាភិបាល
គួរតែបង្កើតមុខវិជ្ជាអប់រំផ្លូវភេទដើម្បីបញ្ជ្រាបចំណេះដឹង
ប្រជាពលរដ្ឋមូលដ្ឋាន។
អ្នកស្រីវេជ្ជបណ្ឌិត ចាន់ណា
ដែលមានជំនាញផ្នែករោគស្ដ្រី
បានអំពាវនាវឲ្យយុវវ័យគួរតែចេះការពារខ្លួនប្រសិនបើមាន
ទំនាក់ទំនងស្នេហា។ ក្នុងករណីដែលថ្លោះធ្លោយ
សូមអញ្ជើញមកស្វែងរកសេវាកម្ម ពិភាក្សា និងរំលូតដោយសុវត្ថិភាព
នៅតាមមណ្ឌលសុខភាព អង្គការ និងមន្ទីរពេទ្យរដ្ឋ៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment