កូនសម្លាញ់...!
អ្នកដែលគេសាងខ្លួនរហូតដល់មានជីវភាពស្ថិតស្ថេរនោះ គឺតិចណាស់ដែលមានទ្រព្យសម្បត្តិកេរមរតកមកសាងខ្លួន។ ភាគច្រើនគេចាប់ផ្តើមមកពីការលំបាក មានតែកម្លាំងកាយកម្លាំងចិត្តជាកេរមរតក ហើយប្រើកម្លាំងកាយ កម្លាំងចិត្តនោះមកតស៊ូក្នុងជីវិត ជាមនុស្សតស៊ូនឹងជីវិត គឺតស៊ូបែបក្បាលទល់មេឃ ជើងទល់ដី ឬធ្ងន់ក៏ស៊ូស្រាលក៏ស៊ូ ទើបគេមានជីវភាពល្អ មានជីវភាពស្ថិតស្ថេរដូចដែលយើងបានឃើញ។ ចំណែកប្រភេទមនុស្ស ដែលធ្ងន់មិនស៊ូ ស្រាលមិនស៊ូនោះ គឺគិតតែសុខស្រួលចូលចិត្តតែសប្បាយហ៊ឺហា គ្មានឱកាសអាចសាងខ្លួនបាននោះទេ ទោះបីមានទ្រព្យសម្បត្តិច្រើនសម្រាប់ដេកស៊ីក៏ដោយ ក៏ត្រូវបំផ្លាញអស់ដែរ។
កូនអើយ! ចាស់បុរាណបានប្រដៅមកយូរហើយថា "ជីវិតគឺការតស៊ូ សត្រូវគឺថ្នាំកម្លាំង" ពាក្យថាសត្រូវនៅទីនេះ ក្រៅពីចង់សំដៅលើមនុស្សហើយនៅមានន័យដល់ការលំបាក និងឧបសគ្គផ្សេងៗទៀតដែរ។ បើមនុស្ស យើងត្រូវតស៊ូក្នុងជីវិត ត្រូវតែជួបជាមួយនឹងការលំបាក តែសូមឲ្យកូនគិតថា ការលំបាកនោះជាថ្នាំប៉ូវកម្លាំង ដែលជំរុញឲ្យយើងមានភាពអត់ធ្មត់ និងការព្យាយាមដើម្បីយកឈ្នះការលំបាកទៅឲ្យដល់គោលដៅ គឺភាពសប្បាយឲ្យបាន។
ឳពុកម្តាយ គ្មានមរតកដែលជាទ្រព្យសម្បត្តិឲ្យកូនទេ ឬបើមានឲ្យក៏មិនច្រើនណាស់ណាដែរ។
កុំរួញរា កុំខ្ជិលច្រអូស ហើយកុំទម្រើសខ្លួន ឬដេករង់ចាំវាសនា ថ្ងៃណាមួយកូនប្រាកដជាអាចងើបឡើងក្លាយជាអ្នកមានយ៉ាងសប្បាយរីករាយ។
No comments:
Post a Comment