ព្រះមហាវីរក្សត្រ នរោត្តម សីហនុ (៣១ តុលា ១៩២២-១៥ តុលា ២០១២) |
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ១១ កើត
ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា
ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
-អំពីការសិក្សា៖
ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គ បានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា ( Lycée Chasseloup Laubat ) នៅព្រៃនគរ ( វៀតណាមខាងត្បូង )។
នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែក នៅសូមៀរ ( Saumur ) ប្រទេសបារាំង។
-ការគ្រងរាជ្យសម្បត្តិ លើកទី១៖
នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គ ឡើងគ្រងរាជសម្បត្តិ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតា នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥។
-ការគ្រងរាជ្យសម្បត្តិលើកទី២៖
ព្រះអង្គទ្រង់ បានឡើងគ្រងរាជ្យជាលើកទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញ នៅថ្ងៃទី៧ ខែ តុលា ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានថ្វាយព្រះបរមនាមថា ព្រះមហាវីរក្សត្រ។
-ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីបារាំង៖
ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គមានមហាជោគជ័យ ក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍ បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងខេត្តស្ទឹងត្រែង។
ឆ្នាំ ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំង បញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំង ព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជអាណាចក្រ កម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។
ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ ១០០ ភាគរយ ជូនជាតិមាតុភូមិ។
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជអាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា "ព្រះមហាវីរបុរសជាតិ -ព្រះបិតាឯករាជ្យជាតិ"៕
No comments:
Post a Comment