សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Friday, October 12, 2012

ទង្វើប្រាសចាកពីធម៌វិន័យរបស់ព្រះសង្ឃខ្លះអាចធ្វើឲ្យពុទ្ធសាសនិកបាត់បង់ជំនឿ

ស្រោចទឹកមន្ត
ពុទ្ធ ​សាសនា មិន​ត្រឹម​តែ​ទទួល​បាន​ការ​គោរព​ប្រតិបត្ដិ​ពី​សំណាក់​ប្រជា​ពល​រដ្ឋ ខ្មែរ​ដ៏​ច្រើន​លើស​លប់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ស្ថិត​ក្នុង​បាវ​ចនា​របស់​រដ្ឋ​ផង​ដែរ​។ វត្ដ​អារាម​ជា​ទី​កន្លែង​សក្ការ​បូជា​របស់​ពុទ្ធ​សាសនិក​សម្រាប់​ធ្វើ​ ការ​បួង​សួង​សុំ​សេចក្ដី​សុខ ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ញាតិ​សន្ដាន​របស់​ខ្លួន​ដែល​បាន​អនិច្ច​កម្ម​ទៅ និង​ជា​កន្លែង​ស្ងប់​ស្ងាត់​សម្រាប់​ការ​សុំ​សីល និង​តាំង​សមាធិ​រំងាប់​កិលេស​តណ្ហា​។ ព្រះ​សង្ឃ ដែល​តំណាង​ឲ្យ​ព្រះ​ពុទ្ធ​សាសនា គឺជា​តួ​អង្គ​ដែល​ប្រកាន់​ភ្ជាប់​នូវ​ធម៌​អា សន្ដោស​ប្រោស​ប្រណី​ដល់​សត្វ​លោក​ទាំងឡាយ និង​បុគ្គល​គួរ​ឲ្យ​គោរព​របស់​ពុទ្ធ​សាសនិក​ទាំង​អស់​។
ចំពោះ​ធម៌ វិន័យ​របស់​ព្រះ​ពុទ្ធ​សាសនា ព្រះ​សង្ឃ​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​យ៉ាង​តឹង​រ៉ឹង​បំផុត​។ យ៉ាង​ណា​មិញ ថ្មី​ៗនេះ យើង​សង្កេត​ឃើញ​ថា ព្រះ​សង្ឃ​មួយ​ចំនួន កំពុង​តែ​ប្រព្រឹត្ដ​ប្រាស​ចាក​ពី​វិន័យ​របស់​ព្រះ​សម្មា​សម្ពុទ្ធ និង​កំពុង​តែ​បង្ខូច​កិតិ្ដនាម​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ផង ដែរ​។
វា​មិនមែន​ជាការ​ប្រឌិត ឬ​គ្រាន់​តែ​ជា​ពាក្យ​លេច​ឮ​ចេញ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​ទេ ប៉ុន្តែ​កន្លង​មក​មាន​ពុទ្ធ​បរិស័ទ​មួយ​ចំនួន​បាន​ជួប​នូវ​ហេតុ​ការណ៍​ដូច គ្នា​នេះ​ផ្ទាល់​នៅ​តាម​វត្ត​អារាម​។ យើង​តែង​តែ​គិត​ថា ព្រះ​ធម៌​ដែល​ព្រះ​សង្ឃ​សូត្រ​ប្រោះ​ព្រំ​គឺ​ជា​វត្ថុ​ដ៏​ស័ក្តិ​សិទិ្ធ ដែល​ពួក​គេ​ប្រាថ្នា​ទទួល​ប្រកប​ដោយ​អារម្មណ៍​ស្ងប់​សុខ ហើយ​ការ​ប្រតិបត្ដិ​របស់​បុគ្គល​ជា​សង្ឃ ត្រូវ​តែ​ប្រកាន់​នូវ​វិន័យ​ខ្ជាប់​ខ្ជួន​ដើម្បី​ទទួល​បាន​ការ​គោរព​ពី ពុទ្ធ​សាសនិក​ទាំង​អស់​។ ប៉ុន្ដែ​បុគ្គល​ជា​សង្ឃ​មួយ​ភាគ​តូច បែរ​ជា​កាឡៃ​ព្រះ​ធម៌​ពរ​ជ័យ​លាយ​ឡំ​ទៅ​នឹង​សម្ដី​លេង​សើច​ដែល​មិន​គួរ គប្បី​ទៅ​វិញ​។
LIFT បាន​ស្ដាប់​ឮ​ផ្ទាល់​ត្រចៀក​នូវ​ធម៌​ជូន​ពរ​របស់​សង្ឃ​មួយ​អង្គ​ថា៖ «​ចូល​បច្ច័យ​ឲ្យ​បាន​ច្រើន​» និង​សូម​ឲ្យ​មាន​សម្រស់​ស្អាត​ដូច​តារា​នេះ ឬ​តារា​នោះ​ថា «​សូម​ឲ្យ​ស្អាត​ដូច​អម្ពរ​ទេវី​»។
វា​មិន​មែន​ជា​ ពាក្យ សម្ដី​លេង​សើច​ក្រោយ​ពេល​សូត្រ​ធម៌​ប្រោះ​ព្រំ​នោះ​ទេ ប៉ុន្ដែ​ព្រះ​សង្ឃ​ខ្លះ​យក​មក​ប្រើ​លាយ​ឡំ​នឹង​ព្រះ​ធម៌​ផង​ដែរ​។ ពាក្យ​ពេចន៍​ទាំង​នេះ មិន​មែន​ជា​លើក​ទី​១​ទេ ដែល​ពុទ្ធ​បរិស័ទ​បាន​ជួប​នោះ វា​ស្ទើរ​តែ​គ្រប់​ពេល​វេលា​ទាំង​អស់​ដែល​ព្រះ​សង្ឃ​អង្គ​នោះ​សូត្រ​ធម៌ ប្រោះ​ព្រំ​។ ​ជា​ការ​ពិត ​បើទោះ​បី​ជា​មាន​ការ​លេង​សើច​បន្តិច​បន្តួច​ក៏​ដោយ ក៏​មិន​គួរ​ធ្វើ​ឡើង​នៅ​ពេល​ដែល​កំពុង​សូត្រ​ធម៌ ឬក៏​សូត្រ​ច្រំ​ដែលៗ ​ជារឿយៗ​នោះ​ទេ។
តាម​សម្តី​របស់​សិស្ស​ម្នាក់​ឈ្មោះ អ៊ុន កញ្ញា អាយុ ១៩ឆ្នាំ ជា​ពុទ្ធ​សាសនិក​ម្នាក់​ដែល​ជួប​បទ​ពិសោធ​ស្រ​ដៀង​គ្នា បាន​អះអាង​ថា​៖ «ខ្ញុំធ្លាប់​មក​ស្រោច​ទឹក​ជា​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ប៉ុន្មាន​ដង​ដែរ​ពេល​ ដែល​នោះ​ខ្ញុំ​ក៏ធ្លាប់​ជួប​បទ​ពិសោធ​ស្រដៀង​គ្នា​នេះ​ដែរ ពី​ដំបូង​ខ្ញុំ​គិត​ថា​គ្រាន់តែ​ជា​ការ​លេង​សើច​ម្តងម្កាល ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ជួប​ប្រទះ​ម្តង​ទៀត ខ្ញុំ​ចាប់​ផ្តើម​គិត​ថា កាល​ដែល​មក​ទទួល​ពរ​បែប​នេះ​ដូច​ជា​គ្មាន​ប្រយោជន៍ ខ្ញុំ​គិត​ថា បើ​ខ្ញុំ​ចង់​ស្រោច​ទឹក​ម្តង​ទៀត​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​អ្នក​មាន​គុណ​ស្រោច​ ឲ្យ វិញ វា​ប្រសើរ​ជា​ជាង»។
លោក ប៉ុក វណ្ណ​ធី ជា​ទី​ប្រឹក្សា​ឧទ្ទេស​នាម​អាចារ្យ​នៃ​ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែង​ថា មិន​មែន​តែ​ប្រជា​ពលរដ្ឋ​ទេ​ដែល​ជួប​បញ្ហា​ដូច​គ្នា​នេះ សូម្បី​តែ​លោក​ក៏ធ្លាប់​បាន​ឮ​ពាក្យ​ជូនពរ​ប្រោះ​ព្រំ​នេះ​ដែរ ដោយ​ លោក​បាន​លើក​ឡើង​ថា វា​គ្រាន់​តែ​ជា​ទង្វើ​ដែល​ចង់​បាន​ប្រជា​ប្រិយ​ភាព​របស់​ព្រះ​សង្ឃ​អង្គ នោះ​ប៉ុណ្ណោះ។ ការ​ជូន​ពរ​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​របស់​ព្រះ​ធម៌ គឺ​វណ្ណៈ​ដែល​មាន​ន័យ​ថា ពណ៌​សម្បុរ​ស្អាត ប៉ុន្ដែ​មិន​មែន​ស្អាត​ដូច​តារា​នោះ​ទេ​។
លោក វណ្ណធី បាន​ប្រៀប​ធៀប​ទង្វើ​ខុស​ឆ្គង​របស់​ព្រះ​សង្ឃ​មួយ​ចំនួន​ទៅ​នឹង​ការ​គោរព ច្បាប់​ចរាចរណ៍ ដែល​មនុស្ស​គ្រប់​រូប​តែងតែ​ប្រព្រឹត្ដ​ខុស​ម្ដង​ម្កាល​ចៀស​មិន​ផុត​។ ប៉ុន្ដែ​ប្រសិន​បើ​មាន​រឿង​នេះ​កើត​ឡើង លោក​នឹង​រាយ​ការណ៍​ទៅ​ដល់​ក្រសួង និង​គណៈ​សង្ឃ​នាយក​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។​ការ​និមន្ដ​តាម​ផ្លូវ​តូច​ ៗ ដូច​ជា ផ្សារ​ ឬ​ពិព័រណ៍​មនុស្ស​ច្រើន​កុះ​ករ អាច​ប៉ះ​ពារ​មក​លើ​ព្រះ​សង្ឃ​ដែល​ខុស​នឹង​វិន័យ​ជា​មិន​ខាន​។
អ្នក​ ស្រី កែវ សុផាវី អាយុ​៤២​ឆ្នាំ ជា​អ្នក​លក់​បន្លែ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ដ​ចំពោះ​ទង្វើ​ប្រាស​ចាក​ធម៌​វិន័យ​របស់​ព្រះ សង្ឃ​មួយ​ចំនួន​ ដោយ​បាន​អះ​អាង​ថា៖ «​កាល​ពី​ជំនាន់​មុន ព្រះ​សង្ឃ​តែង​តែ​ខ្លាច​រអា និង​គោរព​វិន័យ​ខ្លាំង​ណាស់ ប៉ុន្ដែ​បច្ចុប្បន្ន​នេះ ខ្ញុំ​ឃើញ​សង្ឃ​អង្គ​ខ្លះ​និមន្ដ​បិណ្ឌ​បាត​ក្នុង​ផ្សារ​ដែល​ជា​កន្លែង ប្រជ្រៀត​តូច​ចង្អៀត​ទាំង​ស្រី​ទាំង​ប្រុស​»។
ចំពោះ​បញ្ហា​នេះ លោក​ ប៉ុក វណ្ណ​ធី បាន​ឲ្យ​ដឹង​ថា ព្រះ​សង្ឃ​និមន្ដ​ក្នុង​ផ្សារ​មិន​ខុស​វិន័យ​ទេ ប្រសិន​បើ​លោក​និមន្ដ​ទៅ​តែ​កន្លែង​ធំ​ទូលាយ​។ ប៉ុន្ដែ​ព្រះ​សង្ឃ​មិន​អាច​និមន្ដ​ទៅ​ទី​កន្លែង​តូច​ចង្អៀត​ដែល​អាច​ប៉ះ​ពារ ឧបាសក ឧបាសិកា​ឡើយ​។
ទង្វើ​ខុស​ឆ្គង​របស់​ព្រះ​សង្ឃ​មួយ​ចំនួន អាច​អូស​ទាញ​សាសនា​ឲ្យ​អាប់​ឱន និង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ព្រះ​សង្ឃ​ដទៃ​។ ព្រះ​ចៅ​អធិការវត្ដ​នីមួយ​ៗ​គួរ​តែ​ពង្រឹង​វិន័យ​ឲ្យ​បាន​តឹង​រ៉ឹង​ដើម្បី កុំ​ឲ្យ​ពុទ្ធ​បរិស័ទ​អស់​ជំនឿ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា​។ នេះ​បើ​យោង​តាម​សម្ដី​អ្នក​គោរព​ប្រតិបត្ដិ​សាសនា​យ៉ាង​ខ្ជាប់​ខ្ជួន ម្នាក់​ឈ្មោះ មាស សុគន្ធា វ័យ​៥១​ឆ្នាំ​។
ព្រះ​ពុទ្ធ​សាសនា​ត្រូវ​បាន ​គោរព​ប្រតិបត្ដិ​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើស​លប់ ប៉ុន្ដែ​ការ​ប្រព្រឹត្ដិ​ប្រាសក​ចាក​ក្រម​វិន័យ​របស់​ព្រះ​សង្ឃ​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​ពុទ្ធ​បរិស័ទ​អស់​ជំនឿ​។
ទង្វើ​ប្រាស​ចាក​ធម៌​វិន័យ ព្រះពុទ្ធ​សាសនា​គួរ​តែ​ត្រូវ​បាន​លុប​បំបាត់ និង​មាន​វិធានការ​ម៉ឺង​ម៉ាត់​ដើម្បី​ជា​សេចក្ដី​ទុក​ចិត្ដ​របស់​ពុទ្ធ បរិស័ទ​៕
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment