ខ្លះកាន់ក្តាប់កាក់ពេញៗដៃយកទៅដាក់ចូលក្នុងម៉ាស៊ីនដើម្បី
លេងហ្គេមវ៉ៃបុក ខ្លះលេងហ្គេមញាត់កាក់ បាញ់ពីងពាង
ខ្លះទៀតបាញ់ត្រី។
នេះជាសកម្មភាពរបស់យុវជន៦នាក់កំពុងអង្គុយនៅលើកៅអីទល់មុខគ្នា
ភ្នែកខំសម្លឹងចុះក្រោមមើលអេក្រង់មិនហ៊ានព្រិច
ខណៈត្រីជាច្រើនកំពុងតែហែល ហើយមនុស្ស៦នាក់នោះកំពុងតែញាប់ដៃ
និងខិតខំផ្ចិតផ្ចង់ប្រុងប្រយ័ត្នបាញ់ឲ្យចំត្រីដើម្បីយកកាក់នៅ
ផ្សារទំនើបមួយ។
បើសិនជាបានឃើញនូវសកម្មភាពទាំងអស់នេះផ្ទាល់
ភ្នែកមួយភ្លែត
អ្នកនឹងគិតថាវាគ្រាន់តែជាល្បែងកម្សាន្តសប្បាយមួយ
ប្រភេទប៉ុណ្ណោះនៅកន្លែងនោះ
ប៉ុន្តែបើសិនជាអ្នកឈរមើលឲ្យយូរបន្តិច នោះអ្នកប្រហែលជាឆ្ងល់ថា
តើវាគឺជាការលេងល្បែងកម្សាន្ត ឬការលេងល្បែងស៊ីសង។
នៅរយៈពេល
ប៉ុន្មានឆ្នាំនេះ
យើងសង្កេតឃើញមានបើកកន្លែងលេងហ្គេមព្រោងព្រាតនៅតាមផ្សារទំនើប
នានា។ ស្របពេលដែលល្បែងមួយនេះកំពុងតែពេញនិយមចំពោះយុវវ័យ
យើងសង្កេតឃើញថា យុវជនមួយចំនួនលេងរហូតដល់ភ្លេចបាយភ្លេចទឹក
ភ្លេចការសិក្សា ដោយខំប្រឹងអង្គុយលេងដើម្បីឈ្នះកាក់ច្រើន
ហើយកាក់ទាំងនោះ ពួកគេអាចយកទៅលក់បន្តឬដូរយកលុយវិញបានទៀត។
លោក
មុយ ផាត ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនសេរីភាព បានឲ្យដឹងថា៖
«សិស្សដែលទៅក្រៅដើម្បីលេងហ្គេម ឬប្រព្រឹត្តទង្វើផ្សេងៗ
មិនត្រូវបានដាក់ទណ្ឌកម្មឡើយ
ដោយហេតុតែលោកគ្រូអ្នកគ្រូមិនបានដឹងថាពួកគេចេញទៅធ្វើអ្វី ទេ
ប៉ុន្តែយើងអាចកត់អវត្តមានសិស្សម្នាក់នោះទុកជូនអាណាព្យាបាលរបស់
ពួកគេ»។
លោកគ្រូ បានបន្តថា កន្លងមក
មានឪពុកម្តាយរបស់សិស្សមួយចំនួនតូចមករកកូននៅសាលារៀនដែល
ដោយពួកគាត់មិនដឹងថាកូនបានមករៀនដែរឬអត់ទេ
ព្រោះពួកគាត់បានតាមដានឃើញកូនរបស់ខ្លួនតែងតែមិនទៅសាលា
ហើយបែរជាទៅដើរលេងជាមួយមិត្តភក្តិ ឬទៅលេងហ្គេមទៅវិញ។ យ៉ាងណាមិញ
សាលាមិនអាចជួយដោះស្រាយចំពោះការគេចសាលារបស់សិស្សបានទេ
ពីព្រោះលោកគ្រូ អ្នកគ្រូអាចមើលថែបានតែសិស្សដែលចូលសាលាប៉ុណ្ណោះ
មិនមែនសិស្សដែលគេចមិនចូលសាលានោះទេ។
ករណីរបស់យុវសិស្ស
ម្នាក់ដែលវក់លេងហ្គេមខ្លាំងរហូតដល់ភ្លេចការ សិក្សា លោក ឡេង
សិទ្ធិបញ្ញា បានឲ្យដឹងថា៖ «ខ្ញុំចាប់ផ្តើមលេង JX
តាំងពីឆ្នាំ២០០៨មកម្ល៉េះ ហើយពេលនោះខ្ញុំ ពិតជាវក់ខ្លាំងមែនទែន។
ខ្ញុំបានចំណាយពេលវេលា និងថវិការបស់ខ្ញុំជាច្រើនទៅលើវា
រហូតដល់ភ្លេចរៀនសូត្រទៀតផង ព្រោះបើមិនធ្វើដូច្នេះទេ នោះ Hero
របស់ខ្ញុំនឹងមិនខ្លាំងដូចគេឡើយ»។
ប្រាកដណាស់ថា
គ្រប់ល្បែងកម្សាន្តទាំងអស់ត្រូវបានបង្កើតឡើង គឺដើម្បីការសប្បាយ
ដែលជួយឲ្យមនុស្សលម្ហែកាយនាពេលទំនេរ។ ប៉ុន្តែការសប្បាយនេះ
ក៏វាអាស្រ័យលើបុគ្គលខ្លួនឯងផងដែរ ចំពោះការបែងចែកពេលវេលាលេង
និងការសិក្សា។
យ៉ាងណាមិញ លោក អាន សិរីវឌ្ឍនៈ អាយុ២១ឆ្នាំ
ដែលលោកតែងតែចំណាយពេលវេលាខ្លះពីការសិក្សាទៅលេងហ្គេម
បាននិយាយថា៖ «ជាធម្មតាទាល់តែពេលណាទំនេរ អត់រៀន ទើបខ្ញុំទៅលេង
ជួនកាលមួយសប្តាហ៍ម្តង ឬមួយខែម្តង
ហើយជួនកាលមួយសប្តាហ៍ពីរដងអីក៏មានដែរ»។
លោក បានបន្ដថា៖
«កន្លែងដែលខ្ញុំលេងហ្នឹង គឺកាក់អាចប្តូរមកជាលុយវិញបាន
ដូច្នេះប្រសិនបើខ្ញុំឈ្នះ
ខ្ញុំអាចយកលុយទៅញ៉ាំអីលេងជាមួយមិត្តភក្តិ
ប៉ុន្តែការពិតទៅលេងយូរហើយមិនដែលបានឈ្នះម្តងនោះឡើយ»។
ដោយសារតែ
មើលឃើញពីបញ្ហាមួយចំនួនទើបលោក សិទ្ធិបញ្ញា បានសំណូមពរថា៖
«វាគ្មានប្រយោជន៍អ្វីឡើយ យើងលះបង់ពេលវេលា លុយកាក់
ក៏ដូចជាសុខភាពរបស់ខ្លួនដើម្បីគ្រាន់តែធ្វើឲ្យHero
របស់យើងខ្លាំងប៉ុណ្ណោះ។ ដូច្នេះ
យុវជនគ្រប់រូបគួរគប្បីដឹងពីគុណវិបត្តិ
និងគុណសម្បត្តិរបស់ហ្គេមគ្រប់ប្រភេទ»។
ទាក់ទិននឹងការលេង
ល្បែងទាំងអស់នេះ លោក មេធាវី ចាន់ ហឿន ដែលជាប្រធានផ្នែកនីតិកម្ម
នៅការិយាល័យមេធាវី អឹម អ អេស បានបកស្រាយថា៖
«បើតាមបទពិសោធរបស់ខ្ញុំ
ដើម្បីឲ្យដឹងថាតើល្បែងមួយជាល្បែងស៊ីសងឬអត់
យើងត្រូវមើលលើកត្តា៣ធំៗដូចជា ទី១យើងត្រូវមើលថា
តើល្បែងទាំងនោះអាចបង្កឲ្យមានភាពអសន្តិសុខឬក៏មានភាពគ្រោះ
ថ្នាក់ដល់សង្គមដែរឬទេ
ដូចជាអ្នកដែលលេងចាញ់អាចប្រែខ្លួនទៅធ្វើការលួច ឆក់ ប្លន់។ ទី២
មើលលើកម្រិតនៃផលប៉ះពាល់ ថាតើវាធ្ងន់ធ្ងរដែលឬទេ និងទី៣
យើងត្រូវផ្តោតទៅលើបំណងរបស់អ្នកលេងថាគេលេងដើម្បីកម្សាន្តឬក៏
ចង់មានចង់បាន»។
លោកបានបង្ហើបឲ្យដឹងថា
បើមើលទៅលើការលេងកម្សាន្តរបស់អតិថិជននៅតាមផ្សារទំនើបដែល
ប្រើប្រាស់កាក់ដើម្បីបញ្ជាទៅលើម៉ាស៊ីនហ្គេមនីមួយៗ
មិនអាចរាប់បញ្ចូលជាល្បែងស៊ីសងទេ
ទោះបីជាការឈ្នះកាក់ទាំងនោះអាចប្តូរជាលុយវិញបានក៏ដោយ
ព្រោះថាវាមិនបានចូលក្នុងលក្ខខណ្ឌទាំង៣ខាងលើនោះឡើយ។
លោក
មេធាវី បានលើកឡើងទៀតថា
យោងតាមសារាចររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
ចំពោះការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
ជាពិសេសល្បែងហ្គេមខុសច្បាប់ដែលនៅជិតគ្រឹះស្ថានសិក្សា
អគ្គស្នងការដ្ឋាននគរបាលជាតិប្រគល់ភារកិច្ចឲ្យប៉ុស្តិ៍នគរបាល
រដ្ឋបាលជាអ្នកទទួលខុសត្រូវក្នុងការក្តាប់ និងបង្រ្កាបគ្រប់ករណី
ដោយប្រកាន់យកវិធានការផ្តន្ទាទោសគ្មានការលើកលែង គ្មានអន្តរាគមន៍
និងដោយស្មើភាពគ្នាចំពោះមុខច្បាប់៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment