សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, September 26, 2012

សម្ពាធពីអ្នកដែលនៅជុំវិញខ្លួន ជាបញ្ហាប្រឈមក្នុងការអភិវឌ្ឍអនាគតយុវវ័យ

មើលកូន គេ​នៅ​ផ្ទះ​ខាង​នោះ គេ​មាន​ការងារ​គេ​ល្អ​ធ្វើ ហើយ​រក​បាន​ប្រាក់ រាប់​រយ​រាប់​ពាន់​ដុល្លារ​ក្នុង​មួយ​ខែៗ​។» តើ​ពាក្យ​សម្តី​នេះ​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ឮពី​ឪពុក​ម្តាយ ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​អ្នក​ដែរ​ឬ​ទេ?
ប្រសិន​បើ​និយាយ​ចំពោះ​ឪពុក​ ម្តាយ វិញ ពាក្យ​មួយ​ប្រយោគ​នេះ​អាច​រាប់​បាន​ថា ជា​ការ​ប្រៀន​ប្រដៅ​មួយ​ដែល​ពួក​គាត់​មាន​គោល​បំណង​ចង់ឲ្យ​កូនៗ​ខិត​ខំ ប្រឹង​ប្រែង​រៀន​សូត្រ និង​ធ្វើ​ការ​ឲ្យ​បាន​ប្រាក់​បៀវត្សរ៍​ច្រើន។ ដោយ​ឡែក សម្រាប់​កូនៗ​វិញ វា​គឺ​អាច​ជា​ការ​ស្តី​បន្ទោស និងជា​សម្ពាធ​មួយ​សម្រាប់​ពួកគេ​នៅ​ក្នុង​ការ​សិក្សា និង​អាជីព​ការងារ។
ជាងនេះ ​ទៅ​ទៀត សម្ពាធ​ពី​មិត្តភក្តិ ក៏​ជា​បញ្ហា ប្រឈម​មួយ​ដែរ ដូច​ជាអ្នក​ទាំង​នោះ​មាន​ចំណេះ​ដឹង​ប្រហាក់​ប្រហែល​គ្នា ខ្លួន​ធ្វើ​ការ​ទទួល​បាន​តំណែង​ទាប និង​បាន​ប្រាក់​បៀវត្សរ៍​តិច ប៉ុន្តែ​មិត្ត​ភក្តិ​ដែល​ធ្វើ​ការ​នៅ​កន្លែង​ដូចគ្នា ឬ​ខុស​គ្នា​នោះ បែរជា​ទទួល​បាន​ការងារ​ល្អ​ប្រសើរ និង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ទៅ​វិញ។
សម្ពាធទាំងនេះ ​បាន​ក្លាយ​ជា កត្តា​មួយ​ដែល​នាំឲ្យ​ការ​សិក្សា ឬក៏​ការងារ​ធ្លាក់​ចុះ នៅ​ពេល​ដែល​យុវវ័យ​កំពុង​ស្ថិត​នៅ​ក្នុង​វ័យ​សិក្សា ក៏​ព្រោះ​តែ​យុវវ័យ​ទាំង​នោះ​ចង់​ប្រណាំង​ប្រជែង​នឹង​អ្នក​ទាំង​នោះ​ដើម្បី លើក​កម្ពស់​គ្រួសារ និង​មុខ​មាត់​ខ្លួន។
ការរង​សម្ពាធ​ដោយ​ពាក្យ​ សម្តី ​ក្តី ឬ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ក្តី សុទ្ធ​តែ​ជំរុញ​ឲ្យ​មនុស្ស​ម្នាក់ៗ​ឲ្យ​ខិត​ខំ ប្រឹង​ប្រែង ​ប៉ុន្តែ​វា​មិន​ប្រាកដ​ទេថា សម្ពាធ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​នោះ​ខ្លាំង​ជាង​មុន​នោះ។ ផ្ទុយ​ទៅ​វិញ វា​បែរ​ជា​អាច​រុញ​ច្រាន​មនុស្ស​ម្នាក់​នោះ​ឲ្យ​ធ្លាក់​ចុះ​បាន។
ជាក់ស្តែង​ លោក ​ប៉ុន ណារិទ្ធ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី១២ គាត់​ត្រូវ​ជ្រើស​មហា​វិទ្យា​ល័យ​មួយ​សម្រាប់​អនាគត​ការងារ។ ប៉ុន្តែ​គាត់​មិន​បាន​ធ្វើតាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ ជ្រើស​រើស ​មុខ​វិជ្ជា​ដែល​ចូល​ចិត្ត​ទេ គឺ​ឪពុក​ម្តាយ​ជា​អ្នក​ជ្រើស​រើស​ឲ្យ ដោយ​មើល​តាម​ស្ថាន​ភាព​អ្នក​នៅ​ជុំវិញ​ខ្លួន ហើយ​មិន​គិត​ពី​សមត្ថភាព​របស់​កូន។ ក្រោយ​ពេល លោក ណារិទ្ធ សិក្សា​បាន​មួយ​រយៈ​ពេល លោកក៏​ឈប់​សិក្សា រួច​ចាប់​ផ្តើម​អាជីព​ការងារ​វិញ ដោយ​ហេតុថា​រៀន​លែង​ចូល។
លោក ណារិទ្ធ​ បានបញ្ជាក់​ថា៖ «ពេល​នោះខ្ញុំ​ចង់​រៀន​ច្បាប់ ប៉ុន្តែ​ប៉ាម៉ាក់​មិន​ព្រម ព្រោះ​គាត់​គិត​ថា​វា​គ្រោះថ្នាក់ ហើយ​គាត់​ចង់​ឲ្យ​ខ្ញុំ​រៀន​ពេទ្យ។ ចុង​ក្រោយ​មាន​តែ​ធ្វើ​តាម​គាត់»។
ដូចគ្នានេះដែរ ស្ថិត​ក្នុង​វ័យ២០​ឆ្នាំ​ កញ្ញា ឃាង សត្ថា​បូរ៉ា​ម៉ាណា ជានិស្សិត​ទទួល​បាន​អាហា​រូបករណ៍​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ហើយ​សព្វ​ថ្ងៃ​ជា​អ្នក​បំពេញ​ការងារ​ស្ម័គ្រ​ចិត្ត​ម្នាក់​បាន​និយាយ​ថា ជា​រឿយៗ​កញ្ញា​តែងឮ​ឪពុក​ម្តាយ​និយាយ​អំពី​ការងារ​ និង​ការ​ជោគ​ជ័យ​របស់​អ្នក​ផ្សេង​ក្នុង​វិស័យ​ការងារ។ ទោះ​ជា​នាង​តែង​គិត​ថា អ្វី​ដែល​ឪពុក​ម្តាយ​និយាយ​នេះ​ក្នុង​គោល​បំណង​ឲ្យ​កញ្ញា​​ធ្វើ​ការងារ​កាន់ ​ តែ​ប្រសើរ​​ប៉ុន្តែ​ម៉ាណា​នៅ​តែ​យល់​ថា រូបនាង​ក៏​កំពុង​តែ​រង​សម្ពាធ​ពី​ឪពុក​ម្តាយ​ទៅវិញ។
អង្គុយ​រក​នឹក​ មួយ​ សន្ទុះ ម៉ាណា​បាន​បន្ត​ទៀត​ថា៖ «នេះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គឺជា​ខ្ញុំ​ដូច​សព្វថ្ងៃ ​ដែល​ជា​មនុស្ស​ព្យាយាម និង​ជា​អ្នក​ប្រកួត​ប្រជែង ម្នាក់»។
ក្រៅពីពាក្យ ​សម្តី​ពី​ឪពុក​ម្តាយ មាន​សម្ពាធ មួយ​ទៀត​ដែល​កើត​ចេញពី​អ្នក​ដែល​មាន​អាយុ​ស្របាល​គ្នា ដែល​ជា​មិត្ត​ភក្តិ ឬ​អ្នក​ស្គាល់​គ្នា​និយាយ​ពី​ការ​ងារ​និង​ប្រាក់​ខែ​របស់​ពួកគេ ពី​ប្រាក់​ខែ​របស់ អ្នក​ដទៃ ក៏​អាច​ជា​សម្ពាធ​មួយ​ដែល​ជំរុញ​ឲ្យ​យុវវ័យ យើង​ព្យាយាម​ធ្វើ​តាម​មិត្ត​ភក្តិ​ដែរ។ បើ​អ្នក​ទាំង​នោះ​ធ្វើ​បាន​សម្រេច​ នោះវា​ជា​រឿង​ល្អ​មួយ ផ្ទុយ​ទៅ​វិញ បើ​មិន​អាច​ធ្វើ​បាន​សម្រេច​ទេ នាំ​ឲ្យ​ពួកគេ​ប្រឈម​មុខ​នឹង​សម្ពាធ​ផ្លូវ​ចិត្ត។
ជាក់ស្តែង លោក ណារិទ្ធ​ មិន​ត្រឹមតែ​រង​សម្ពាធ​ពី​ឪពុក​ម្តាយ​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​គាត់​ក៏​បាន​រង​សម្ពាធ​ពី​មិត្ត​ភក្តិ​ដែល​និយាយ​ពី​ការងារ​របស់ ខ្លួន​មាន​ប្រាក់​ខែ​ខ្ពស់​ផង​ដែរ។
នៅ​ទី​បញ្ចប់ យុវជន​ដែល​រង​សម្ពាធ ព្រម​ទាំង​ការ សម្រេច​ចិត្ត​មិន​ឯករាជ្យ​តាម​អ្វី​ដែល​ខ្លួន​ស្រឡាញ់ នោះ មាន​អ្នក​ខ្លះ​ភ្ញាក់​ខ្លួន ហើយ​ត្រឡប់​ទៅ​ចាប់​អាជីព​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត​វិញ ដូចជា ណា​រិទ្ធ ជា​ដើម។ ប៉ុន្តែ​មាន​មួយ​ចំនួន​ទៀត​ សម្រេច​ចិត្ត​ធ្វើ​តាម​អ្នក​ដ៏ទៃ ហើយ​ក៏​រង​សម្ពាធ​ផ្លូវ​ចិត្ត​នៅ​ជាប់​នឹង​ខ្លួន​រហូត​ដល់​បច្ចុប្បន្ន។
ដើម្បីបក ​ស្រាយ​នៅ​បញ្ហា​ខាង​លើ ​លោក ​សោម ច័ន្ទសុវណ្ណតារា ដែល​ជា​សាស្ត្រាចារ្យ​ចិត្ត​វិទ្យានៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន មាន​ប្រសាសន៍​ថា វា​គឺជា​សម្ពាធ​មួយ​សម្រាប់​យុវជន​បើ​សិន​ជា​ពាក្យ​សម្តី​ទាំង​នោះ​ផ្តល់ ផល​អវិជ្ជមាន​ដល់​ពួក​គេ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិន​បើ​ពួក​គាត់​មិន​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​ឪពុក​ម្តាយ​របស់​គាត់ តម្រូវ​ឲ្យ​ធ្វើ​ទេ នោះ​ពួក​គេ​នឹង​មាន​បញ្ហា​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត​ជាក់​ជា​មិន​ខាន។
លោក​សាស្រ្តាចារ្យ បាន​ផ្តល់​ជា​យោបល់​ទៅ​ឪពុក​ម្តាយ​​របស់​សិស្ស-​និស្សិត​ថា៖ «មាន​តែ​ការ​ព្យាយាម​ស្វែង​យល់​រវាង​ឪពុក​ម្តាយ និង​កូន​ទេ ដែល​អាច​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​ដើម្បី​កាត់​បន្ថយ​នូវ​សម្ពាធ​របស់ កូន និង​ឪពុក​ម្តាយ ដោយ​កូន​ត្រូវ​ចេះ​ឱន​បន្តិច ហើយ​ឪពុក​ម្តាយ​ចេះ​បន្ធូរ​បន្ថយ​បន្តិច នោះ​ទើប​ជា​ការ​ល្អ»។
ការ​ ប៉ង ​ប្រាថ្នា​ខ្ពស់​ជា​អ្វី​ដែល​មនុស្ស​គ្រប់​រូប​តែង​តែ​មាន ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​មិន​គួរ​បណ្តោយ​ឲ្យ​វា​ក្លាយ​ជា​សម្ពាធ​ផ្លូវ​ចិត្ត​ទេ។ អ្នក​គួរ​តែ​ចេះប្រើ​វា​ក្នុង​ផ្លូវ​វិជ្ជមាន​សម្រាប់​ត្រួស​ត្រាយ​អាជីព ការងារ​របស់​អ្នក​ទៅ​ថ្ងៃ​អនាគត។
លើសពី​នេះ​ទៅ​ទៀតនោះ យុវជន​មិន​គួរគិត​ខ្លាំង​ពេក ឬ​ប្រៀប​ធៀប​ខ្លួន​ជាមួយ​អ្នក​ដទៃ​ហួស​ហេតុ​ពេក​នោះទេ។ មនុស្ស​ម្នាក់ៗ​រស់​នៅ​មាន​ស្ថាន​ភាព​គ្រួសារ និង​ការ​យល់​ដឹង​ខុស​ៗ​គ្នា។ ដូច្នេះ​ ទាំង​ឪពុក​ម្តាយ និង​យុវជន​ត្រូវ​ចេះ​មាន​ដែន​កំណត់​នៃ​ការ​ចង់​មាន​ចង់​បាន​របស់​ខ្លួន នោះ​ទើប​ជីវិត​រស់​នៅ​ប្រកប​ដោយ​សុភមង្គល៕
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment