កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលពឹងអាស្រ័យភាគច្រើនលើ
វិស័យ កសិកម្ម
ហើយយុវជនក៏ជាកម្លាំងស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិផង
ដែរ។
យុវជនមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសហគមន៍តាមរយៈចូលរួមកិច្ច
ប្រជុំ រាយការណ៍ពីស្ថានភាពរបស់សហគមន៍ ផ្ដល់មតិយោបល់
ចូលរួមការបោះឆ្នោត ធ្វើជាភ្នាក់ងារផ្សព្វផ្សាយ
និងសកម្មភាពផ្សេងៗ។
ប្រសិនបើសហគមន៍បាត់បង់កម្លាំងស្នូលទាំង
នេះ ពួកគេនឹងខ្វះធនធានមួយផ្នែកធំ ដូចជា កម្លាំងពលកម្ម សុវត្ថិភាព
និងផ្សព្វផ្សាយជាដើម។ វាអាចប៉ះពាល់ដល់សន្ទុះសេដ្ឋកិច្ចជាតិ
និងការអភិវឌ្ឍសហគមន៍ដ៏ធ្ងន់ធ្ងរ។ នេះបើយោងតាមសម្ដីរបស់លោក អឿ
សំអាត ជាប្រធានអនុវត្ដគម្រោងរបស់សហគមន៍ជួយស្រុកកំណើតយើង។
ឧទាហរណ៍
យុវជន ឡឹវ វី
ជានិស្សិតទើបបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម
ផ្នែកសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ
បាននិងកំពុងរៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍របស់ខ្លួន
តាមរយៈការអនុវត្ដចំណេះដឹងពីសាលា និងអង្គការ រួមទាំងបទពិសោធ
មកចែករំលែកដល់សហគមន៍របស់លោក
ដោយសារតែលោកមើលឃើញពីកង្វះខាតជាច្រើនក្នុងវិស័យកសិកម្មមួយនេះ។
ដូច្នេះ
លោកបានបង្កើតបណ្ដាញកសិករមួយឡើងដើម្បីចែករំលែកបច្ចេកទេសក្នុងការ
ធ្វើស្រែចម្ការ និងកំណត់តម្លៃកសិផលជាដើម។
នៅពេលដែលយុវជន
នាំគ្នាស្ពាយបង្វេចចេញពីស្រុកកំណើតមករកការងារនៅភ្នំពេញ
និងធ្វើចំណាកស្រុកទៅក្រៅប្រទេស
ក្រុមគ្រួសារអាចនឹងប្រឈមបញ្ហាផងដែរ។ ជាក់ស្ដែង អ្នកស្រី ម៉ៅ
អាយុ៥៣ឆ្នាំមកពីខេត្ដព្រៃវែង
មានកូន៤នាក់ទៅធ្វើការងារនៅភ្នំពេញ
ត្រូវទទួលបន្ទុករ៉ាប់រងការងារស្រែចម្ការតែ២នាក់ប្ដីប្រពន្ធ
ក្រោយពីកូនៗនាំគ្នាទៅធ្វើការនៅទីក្រុងអស់។
អ្នកស្រីបាន
ត្អូញត្អែរថា៖ «ខ្ញុំចាស់ហើយ នៅពេលកូនទៅបាត់អស់
រដូវប្រាំងក្ដៅពេក អត់ទឹកធ្វើស្រែ
អត់មានអ្នកជំនួសដៃជើងជួយបាចទឹកបញ្ចូលស្រែ ហើយនៅរដូវវស្សាវិញ
ទឹកលិចសន្ទូងងាប់អស់ពីព្រោះខ្វះអ្នកលើកទំនប់»។
ស្រដៀង
គ្នាដែរ លោក គឹម សាន អាយុ៦៨ឆ្នាំ មានកូន២នាក់
ដែលជាកសិករនៅស្រុកសង្កែ ខេត្ដបាត់ដំបង
ក៏ជួបការលំបាកក្នុងការបង្កបង្កើនផលតែ២នាក់តា និងយាយដែរ
ក្រោយពីកូនប្រុសរបស់ពួកគាត់ចូលរៀនមហាវិទ្យាល័យ
និងកូនស្រីរៀបការរួចមក។ លោកទាំងពីរកាន់តែចាស់
គ្មានអ្នកណាជួយការងារកាប់គាស់
ធ្វើស្រែចម្ការដែលនេះជាបន្ទុកយ៉ាងធ្ងន់ធ្ងរដែលពួកគាត់ត្រូវ
ប្រឈម។
ដោយសារតែមិនអាចស៊ូទ្រាំនឹងកិច្ចការលំបាកប្រចាំ
ថ្ងៃ កសិករចំណាស់រូបនេះ
គ្មានលទ្ធភាពដាំដុះគ្រប់ដីរបស់គាត់ទាំងអស់ទេ។
ប្រសិនបើនៅ
តាមសហគមន៍ភាគច្រើនខ្វះកម្លាំងចលករដ៏សំខាន់ក្នុងការបង្កបង្កើន
ផល ចុះហេតុអ្វីបានយុវជនយើង
ត្រូវនាំគ្នារត់មករកការងារនៅទីក្រុង និងធ្វើចំណាកស្រុក?
ហើយតើយើងគួរតែមានដំណោះស្រាយយ៉ាងដូចម្ដេច?
ប្រាកដជាមានមូល
ហេតុរបស់ពួកគេ ដូចជា យុវជន រី រឿន ជាកម្មករសំណង់ម្នាក់
បានពន្យល់ប្រាប់ពីមូលហេតុដែលលោកមកធ្វើការនៅភ្នំពេញថា៖
«មកដល់ទីនេះ
ខ្ញុំអាចរកប្រាក់កម្រៃបានច្រើនគួរសមបើធៀបនឹងកាលពេលដែលខ្ញុំ
នៅស្រុកធ្វើស្រែចម្ការ។ យ៉ាងណាមិញ
ឪពុកម្ដាយរបស់ខ្ញុំនៅតែជាអ្នកមើលការខុសត្រូវស្រែចម្ការដដែល
ប្រសិនបើខ្ញុំមិននៅទីនោះ»។
រឿន
គឺជាយុវជនម្នាកក្នុងបណ្ដាយុវជនជាច្រើននាក់ទៀតដែលមករកការងារ
ក្នុងរាជធានី និងធ្វើចំណាកស្រុកទៅក្រៅប្រទេស។
បើយោងតាមរបាយការណ៍ស្រាវជ្រាវស្តីពីការផ្លាស់ប្តូរទីលំនៅរបស់
ប្រជាជនកម្ពុជាពីតំបន់ជនបទទៅតំបន់ទីប្រជុំជន ឆ្នាំ២០១១
ដែលត្រូវបានធ្វើឡើងដោយក្រសួងផែនការ
និងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំប្រទេស កម្ពុជា
(UNFPA) ដែលចុះផ្សាយកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា
ឆ្នាំ២០១២បានបង្ហាញថា ប្រជាជននៅជនបទប្រមាណជា ៥០ភាគរយ
បានចាកចេញពីស្រុកភូមិនៅជនបទចូលមករស់នៅរាជធានីភ្នំពេញ។
លទ្ធផល
នៃការសិក្សាស្រាជ្រាវនេះ ក៏បានបង្ហាញទៀតថា
ក្នុងចំណោមយុវជនធ្វើចំណាកស្រុកភាគច្រើន
ជាមានអាយុពី១៥ទៅ២៩ឆ្នាំ។ នេះជាមូលហេតុមួយ
ដែលធ្វើឲ្យអត្រាមនុស្សចាស់នៅក្នុងភូមិកាន់តែមានកម្រិតខ្ពស់។
ការបន្លាស់ទីពីភូមិស្រុកកំណើតមករកការងារធ្វើនៅទីក្រុងភ្នំពេញ
នេះ បានក្លាយជាក្តីបារម្ភមួយដែលគួរឲ្យកត់សម្គាល់ចំពោះប្រទេស
យើងទាំងមូល ពិសេសនៅជនបទ។
ទាក់ទិននឹងបញ្ហានេះ លោក សំអាត
បានលើកនូវដំណោះស្រាយថាសមាគមន៍របស់លោក
បាននិងកំពុងចូលរួមជួយទប់ស្កាត់ចលនាបន្លាស់ទីរបស់យុវជន
តាមរយៈការអប់រំផ្លូវចិត្ត ផ្តល់ការប្រឹក្សា
និងពន្យល់ណែនាំទៅដល់យុវជនអំពីបញ្ហាដែលនឹងត្រូវប្រឈមនៅពេល
ពួកគេសម្រេចចិត្ដធ្វើចំណាកស្រុក។
ទោះជាយ៉ាងណាក៏ដោយលោកក៏បានសំណូមពរដល់យុវជនឲ្យគិតគូរពីការ
អភិវឌ្ឍសហគមន៍របស់ខ្លួន
ជាជាងការធ្វើចំណាកស្រុកដ៏ប្រថុយប្រថានដែលអាចទទួលបានមកវិញ
នូវលទ្ធផលអវិជ្ជមាន។
ការស្វែងរកការងារល្អធ្វើ
ឬការសិក្សាដើម្បីអនាគតរបស់យើងគឺជារឿងលើសពីសំខាន់សម្រាប់ជីវិត
មនុស្សម្នាក់ៗ ប៉ុន្តែយើងគួរតែចងចាំថា
យើងតែងតែមានភារកិច្ចជាប់ខ្លួនក្នុងការអភិវឌ្ឍសហគមន៍តាមរយៈការ
ចូលរួមជួយសង្គមជាតិយើង ពីព្រោះប្រទេសជាតិត្រូវការធនធានមនុស្ស។
មិនខុសគ្នានោះដែរ ភូមិស្រុករបស់យើងត្រូវការកម្លាំង
និងធនធានមនុស្សជាខ្លាំងសម្រាប់ការអភិវឌ្ឍ។ការអភិវឌ្ឍនេះ
ត្រូវការទាំងកម្លាំងរបស់យុវជនដែលជាដៃជើងមិនអាចខ្វះបាន
និងកម្លាំងរបស់មនុស្សចាស់ដែលជាខួរក្បាល៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment