សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Tuesday, August 21, 2012

យុវជនគួរនាំគ្នាធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស?


«ខ្ញុំ​អាច​រក​ចំណូល​ប្រហែល​ជា ១ម៉ឺន​បាត (ប្រមាណ​ជា ៣០០​ដុល្លារ​)​ ក្នុង​មួយ​ខែ បើ​ធៀប​នឹង​ការ​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ​វិញ ខ្ញុំ​ទទួល​បាន​ប្រាក់​ខែ​ត្រឹម​តែ​៧០​ដុល្លារ​ប៉ុណ្ណោះ​»។ សម្តី​មួយ​ប្រយោគ​នេះ បាន​បង្ហាញ​ពី​មូលហេតុ​ដែល​កញ្ញា អឿ អាន អាយុ​២៥​ឆ្នាំ សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​ជា​កម្មការិនី​រោងចក្រ​នៅ​ប្រទេស​ថៃ រយៈ​ពេល​៣​ខែ​ទៀត​។
ប្រាកដ​ណាស់​ ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ ពិត​ជា​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​បរទេស​ដោយ​ផ្ដោត​ចម្បង​លើ​ប្រាក់​ចំណូល​ ខ្ពស់​។ យុវជន​ដែល​ត្រៀម​ខ្លួន​ចេញ​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ក្រៅ​ស្រុក​ លោក សុខ ណា អាយុ​២៤​ឆ្នាំ ក៏​បាន​លើក​ឡើង​ពី​មូលហេតុ​ផ្ទាល់​ខ្លួន​ថា៖ «ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ មិន​ត្រឹមតែ​បាន​ប្រាក់​ខែ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ថែម​ទាំង​មាន​ឱកាស​បាន​ទៅ​ស្គាល់ និង​ឃើញ​ពិភព​ខាង​ក្រៅ​ទៀត​ផង»។
ប្រសិន​បើ​យើង​ក្រឡេក​មើល​តែ​មួយ​ ជ្រុង​ យើង​នឹង​ឃើញ​ពី​អត្ថ​ប្រយោជន៍​ចំពោះ​ការងារ​ចំណាក​ស្រុក ប៉ុន្តែ​ពួក​គេ​អាច​ប្រឈម​នឹង​បញ្ហា​ជាច្រើន រួម​ទាំង​ ការ​ស៊ាំ​នឹង​អាកាសធាតុ ទំនាក់​ទំនង​ ការ​នឹក​ស្រុក​កំណើត និង​ផ្ទះ​សម្បែង​ ការ​ដើរ​ហើរ​ ជា​ពិសេស​ ការ​អនុវត្ដ​ការងារ​ជាក់​ស្ដែង។
លោក មករា ជា​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ តាំងពី​ឆ្នាំ​២០០៣ បាន​លាត​ត្រដាង​ពី​បញ្ហា​ខ្លះៗ ដែល​លោក​បាន​ជួប​ប្រទះ​ផ្ទាល់​នៅ​ពេល​ទៅ​ដល់​ប្រទេស​កូរ៉េ​ដំបូង​ថា៖ «ធម្មតា​ទេ​ ស្រុក​គេ​មិន​ដូច​ស្រុក​យើង​ឡើយ។ ​ខ្ញុំ​ពិបាក​ទ្រាំ​នឹង​អាកាសធាតុ​ណាស់ ព្រោះ​វា​ត្រជាក់​ខ្លាំង ​និង​អាច​ធ្វើ​ឲ្យ​យើង​ហូរ​ឈាម​ច្រមុះ​ទៀត»​។ ឯ​ទំនាក់​ទំនង​ប្រើ​ភាសា​ក្នុង​ពេល​បំពេញ​ការងារ​ជាមួយ​បរទេស​ និង​ម្ហូប​អាហារ​ ក៏​ជា​ផល​លំបាក​របស់​លោក មករា​ ផង​ដែរ។ លោក បាន​រំឭក​ពី​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​ដែល​មិន​អាច​បំភ្លេច​បាន​នោះគឺ ពលករ​ខ្មែរ​ម្នាក់ ដេក​ស្លាប់​យ៉ាង​អាណោច​អាធ័ម ពីព្រោះ​វា​អាច​បណ្ដាល​មក​ពី​បាក់​កម្លាំង ចាញ់​អាកាសធាតុ​ និង​ហូប​មិន​គ្រប់​គ្រាន់​។
ការងារ​លំបាក​របស់​ពលករ​ខ្មែរ​នៅ​បរទេស​ គឺជា​បញ្ហា​ដ៏​ធំ​មួយ​ ប៉ុន្ដែ​ក្ដី​បារម្ភ​របស់​ឪពុក​ម្ដាយ ឬ​ក៏​អាណាព្យាបាល ក៏​ជា​កង្វល់​ដេក​មិន​លក់ បក់​មិន​ល្ហើយ​ផង​ដែរ​។
លោក យេង សុផល​ ក្នុង​នាម​ជា​ឪពុក​ដែល​កូន​ប្រុស​ម្នាក់​ទៅ​ធ្វើ​ការ​ស្រុក​ក្រៅ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ថា៖ «ខ្ញុំ​ចេះ​តែ​ខ្លាច​កូន​រាប់​អាន​មិត្ត​ខុស ហើយ​ណា​មួយ​បារម្ភ​ខ្លាច​គេ​ចាប់​កូន​ផង ​និង​មិន​ដឹង​ពី​សុខទុក្ខ​កូន​យ៉ាង​ណា​ទេ»។ ​យ៉ាង​ណា​មិញ លោក​បាន​ទទួល​ស្គាល់​ថា​៖ «ការ​ពិត​ទៅ ធ្វើការ​នៅ​ស្រុក​គេ​មិន​បាន​ចំណូល​អី​ច្រើន​ទេ ធៀប​នឹង​ស្រុក​យើង បើ​មិន​ធ្វើ​ការ​ថែម​ម៉ោង»។
ពាក់​ព័ន្ធទៅ​នឹង​សុវត្ថិភាព​របស់​ពលករ​ ចំណាក​ស្រុក បើ​យោង​តាម​លោក ឃ្លាំង រីម ជា​អ្នក​សម្រប​សម្រួល​គម្រោង​ត្រីកោណ​នៅ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា បញ្ហា​ប្រឈម​ដែល​ពលករ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស គឺ​អាស្រ័យ​ទៅ​លើ​ទីកន្លែង​​ការងារ​ថា​តើ​គាត់​ជា​ស្រី​ឬ​ប្រុស រួម​ទាំង​កត្តា​ជា​ច្រើន​ទៀត។
លោក​បាន​បន្ត​ថា៖ «​បញ្ហា​ទាំង​នោះ​មាន​ដូច​ជា ការ​ទំនាក់​ទំនង ចំណេះ​ដឹង​វប្បធម៌ សិទ្ធិ​ និង​​វិធី​ការពារ​សិទ្ធិ​របស់​ខ្លួន​ ដើម្បី​បញ្ចៀស​ការ​កេង​យក​ផល​ចំណេញ និង​រំលោភ​បំពាន​ផ្សេង​ៗ​»។
យ៉ាង​ណា​មិញ បញ្ហា​ទាក់ទង​នឹង​សុវត្ថិភាពរ​បស់​ពលករ​ចំណាក​ស្រុក​ តែងតែ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​អត្ថបទ​កាសែត​ជា​រឿយ​ៗ​។ ជាក់ស្តែង ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា​កន្លង​ទៅ​ថា ពលការិនី ម៉ែន ចន់វាសនា ជា​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​កម្ពុជា​ដំបូង​ដែល​បាន​ប្តឹង​ផ្តល់​ឈ្នះ ក្តី​រវាង​ថៅកែ​របស់​នាង​នៅ​តុលាការ​ម៉ាឡេស៊ី ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​រំលោភ​សិទ្ធិ​ពី​ថៅកែ​ទៅ​លើ​កូន​ឈ្នួល។ រីឯ​កាសែត​កោះ​សន្តិភាព បាន​ផ្សាយថា ពលករ​ខ្មែរ​ម្នាក់​ដែល​ស្លាប់​ក្នុង​ទឹក​ដី​ថៃ​បាន​ត្រូវ​ភាគី​ថៃ​បញ្ជូន​ មក​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​ម៉ោង​១​រសៀល​ ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១២។ ចំណែក​ឯ​កាល​ពី​ថ្ងៃទី​២០​ ខែ​មិថុនា​ ភ្នំពេញ ប៉ុស្តិ៍ ដដែល​ ក៏​បាន​ផ្សាយ​អំពី​ថៃ​ចាប់​កម្មករ​ខ្មែរ​ស្រប​ច្បាប់​៤០​នាក់​កោរសក់ សម្រាត​ខោអាវ ជំរិត​យក​ប្រាក់ ដែល​ពួក​គេ​ជា​កម្មករ​សំណង់​ស្រប​ច្បាប់ និង​មាន​លិខិត​ឆ្លង​​ដែន​ត្រឹមត្រូវ​។
ថ្វីដ្បិត​តែ​បញ្ហា​ជីវភាព និង​ប្រាក់​កម្រៃ​ថោក ជា​មូលហេតុ​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន​យ៉ាង​ ណា​ក៏​ដោយ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ផ្សេង​ទៀត​ក៏​មិន​គាំទ្រ​នឹង​ការងារ ចំណាក​ស្រុក​ដ៏​ប្រថុយ​ប្រថាន​នោះ​ឡើយ​។ ​ម្យ៉ាង​វិញ​ទៀត​ ការ​ធ្វើ​ចំណាក​ស្រុក អាច​ធ្វើ​ឲ្យ​ប្រទេស​យើង​ខ្វះ​កម្លាំង​ពលករ ឬ​ធនធាន​មនុស្ស​ដើម្បី​អភិវឌ្ឍ​ជាតិ​។
លោក ហា ចំរុង អាយុ២៤ឆ្នាំ ជា​កម្មករ​សំណង់ បាន​សម្តែង​ពី​ការ​មិន​គាំទ្រ​ចំពោះ​ការងារ​ចំណាក​ស្រុក​ថា៖ «បើ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ និង​នៅ​ទី​នេះ ខ្ញុំ​សុខចិត្ត​ធ្វើ​ការ​នៅទី​នេះ​​វិញ ពី​ព្រោះខ្ញុំ​មិន​ចេះ​ភាសា​គេ ណា​មួយ​បែក​ឆ្ងាយ​ពី​គ្រួសារ និង​ធ្លាប់​ដឹង​ឮ​ពី​បញ្ហា​ដែល​កើត​ឡើង​ជា​ហូរហែ»។
ជម្រើស​មិន​ធ្វើ​ ចំណាក​ស្រុក​ ត្រូវ​បាន​គាំទ្រ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​ឲ្យ​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ កំពង់​ផែ​ក្រុង​ព្រះ​សីហនុ កាល​ពី​ថ្ងៃ​ទី០១ ខែ​ឧសភា​ ឆ្នាំ​២០១២​។ លោក ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​ ដោយ​ហេតុ​ថា ធនធាន​មនុស្ស​របស់​យើង​នៅ​មាន​កម្រិត​សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម​ ឧស្សាហកម្ម និង​វិស័យ​សំណង់​ជា​ដើម​។
ដោយ​ឡែក ការ​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​បរទេស​ខុស​ច្បាប់ មិនមែន​ជា​វិធី​ដ៏​ល្អ​នោះ​ទេ ខណៈ​រាជរដ្ឋាភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា កំពុង​តែ​ព្យាយាម​ធ្វើ​លិខិត​សម្គាល់​ឲ្យ​ពលករ ​ដែល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​លើក​មុនៗ​។​
សរុបមក ផល​ប្រយោជន៍​ និង​បញ្ហា​ប្រឈម​របស់​ពលករ​ចំណាក​ស្រុក​កម្ពុជា នៅ​តែ​ជា​ក្ដី​កង្វល់​របស់​ប្រជា​ពលរដ្ឋ និង​រាជ​រដ្ឋាភិបាល​។
ដើម្បី ​ធានា​ដល់​សុវត្ថិភាព បើ​អ្នក​ចង់​ទៅ​បម្រើ​ការ​នៅ​បរទេស​ អ្នក​គួរ​តែ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​បញ្ហា​ធ្លាប់​កើត​ឡើង ទាំង​នេះ និង​គួរ​ស្វែងយល់​ពី​ស្ថាប័ន ឬ​កន្លែង​ធ្វើ​ការ​ដែល​អ្នក​នឹង​ទៅ​ធ្វើ​នោះ​ថា​តើ​អាច​ទុក​ចិត្ត​បាន​ដែរ​ ឬទេ។
ម្យ៉ាង​វិញ​ទៀត យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន សែន​ ក៏​ដូចជា​ទិដ្ឋភាព​ការងារ​ជាក់ស្តែង​នៅ​កម្ពុជា យើង​ឃើញ​ថា​ ឱកាស​ការងារ ក្នុង​ស្រុក​ នៅ​តែ​មាន​ច្រើន ឲ្យ​តែ​យើង​ម្នាក់​ៗ​ព្យាយាម​តស៊ូ​ពុះ​ពារ​ និង​ខិតខំ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បាន​ល្អ​ប្រសើរ នោះ​ជោគជ័យ​ក្នុង​ជីវិត​នឹង​កើត​ឡើង​ជាក់ជា​មិន​ខាន៕

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment