សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Tuesday, August 21, 2012

យុវជនសម័យទំនើបដែលចេះភាសាបរទេសខ្លះ ស្ទើរតែភ្លេចភាសាខ្លួនឯង


ធម្មជាតិ​របស់​មនុស្ស ការ​ប្រាស្រ័យ​ទាក់ទង​គ្នា តែងតែ​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រើ​ភាសា​និយាយ​ស្តី ហើយ​ចំពោះ​ភាសា​ខ្មែរ​ដូច​គ្នា​វិញ​ ការ​និយាយ​ប្រែប្រួល​ទៅ​តាម​តំបន់​ ដែល​ខ្លះ​និយាយ​លឿន​ យឺត បែប​រដឺន​ៗ​ និង​ខ្លះ​ទៀត​និយាយ​ខ្មែរ​បែប​ប៉ៃឡាំៗ​ដូច​ខ្មែរ​កម្ពុជា​ក្រោម​។ ចុះ​ហេតុ​អ្វី​បាន​ជា​យុវជន​សម័យ​ទំនើប​មួយ​ចំនួន​ បែរ​ជា​ខំ​និយាយ​ភាសាជាតិ​ឯង​របៀប​រដិប​រដុប​ ឲ្យ​ដូច​ជនជាតិ​បរទេស​រៀន​និយាយ​ភាសា​ខ្មែរ​ទៅ​វិញ?
ចាប់​តាំង​ពី​ កម្ពុជា​ប្រតិបតិ្ដ​ទីផ្សារ​សេរី​នៅ​ឆ្នាំ​១៩៩០​មក​ រដ្ឋាភិបាល​បាន​បើក​ចំហ​ឲ្យ​ពលរដ្ឋ​ខ្មែរ​សិក្សា​ភាសា​បរទេស​យ៉ាង​ទូលំ​ ទូលាយ ទៅ​តាម​ចំណូល​ចិត្ដ​របស់​បុគ្គល​ម្នាក់ៗ។ ទោះ​បី​ជា​លោក​គ្រូ អ្នកគ្រូ​មួយ​ចំនួន​គ្រាន់​តែ​ចេះ​បង្រៀន​ភាសា​បរទេស​តៗ​គ្នា​ក៏ ដោយ​ ក៏​អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន​មួយ​រយៈ​សិន ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ការងារ​ដែល​ត្រូវ​ការ​ភាសា​បរទេស។
បច្ចុប្បន្ន ​នេះ​ ការ​សិក្សា​ភាសា​បរទេស​របស់​យុវវ័យ​កាន់​តែ​មាន​សន្ទុះ​រីក​ចម្រើន​ខ្លាំង​ ឡើងៗ​ ដែល​ទន់​អណ្តាត​ស្រួល​គន្លាស់​ជាង​មនុស្ស​ចាស់​ រហូត​ដល់​ពេល​ខ្លះ​ខិត​ខំ​កាច់​តុង​ភាសា​គេ​ជ្រុល​ពេក​ អ្នក​ទាំង​នោះ​ទៅ​ជា​និយាយ​ភាសា​ខ្មែរ​ខ្លួន​ឯង​មិន​ច្បាស់​ទៅ​វិញ​។ ជា​ពិសេស អ្នក​ដែល​បាន​ចុះ​ទៅ​ធ្វើ​កម្ម​សិក្សា​នៅ​ក្រៅ​ប្រទេស​ម្តងម្កាល តែងតែ​ខិត​ខំ​កាច់​ស្ទីល​តាំង​ពី​អត្តចរិត​ជ្រុល​ហួស​ហេតុ​ ហើយ​អ្នក​ខ្លះ​ទៀត​ដើរ​ពើង​ទ្រូង​រហូត​ដល់​ឃើញ​មិត្ត​ភក្ដិ ឬ​អ្នក​ល្មមៗ​មិន​ស្មើ​នឹង​ខ្លួន​ទេ​។ ឯ​អ្នក​ខ្លះ​ទៀត​គ្រាន់​តែ​ចេះ​ភាសា​បរទេស​មួយ​មុខ​ប៉ុណ្ណឹង​ ធ្វើ​ឫក​ដូច​ជា​អស្ចារ្យ អ៊ីចឹង។ ប្រសិន​បើ​ពួក​គេ​មាន​សង្សារ​ជា​ជន​បរទេស​ទៀត​ផង​នោះ គឺ​ហាក់ដូច​បាន​ហោះ​ឡើង​ទៅ​លើ​មេឃ​អ៊ីចឹង​ ដែល​មើល​មក​ខ្មែរ​ដូច​គ្នា​ ឬ​មិត្តភក្ដិ​លែង​ចង់​ស្គាល់​គ្នា​ហើយ។
ចំណែក​ឯ​បរទេស​និយម​ជ្រុល​មួយ ​ចំនួន​ទៀត​ ខិតខំ​និយាយ​បែប​រដិប​រដុប ​ត្រដិតៗ​ទៅ​តាម​​ស្ទីល​ជន​បរទេស​ដែល​រៀន​និយាយ​ភាសា​ខ្មែរ​ ដែល​ធ្លាប់​តែ​និយាយ​ច្បាស់​សោះ​ហ្នឹង​ ទៅ​ជា​និយាយ​ស្តាប់​មិន​បាន​ទៅ​វិញ​។ ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ចុះ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​និយាយ​បែប​នេះ​? តើ​នេះ​មក​ពី​រៀន​ភាសា​គេ​ច្រើន​ពេក​ទើប​និយាយ​ភាសា​ខ្មែរ​ខ្លួន​ឯង​មិន​ ត្រូវ? ឬ​ក៏​អ្នក​ទាំង​នោះ​ប្រហែល​ជា​ចង់​បង្ហាញ​ថា ចេះ​វិជ្ជាគុន​ភាសា​បរទេស​ច្រើន​?
ពេល​ខ្លះ ដល់​ពេល​និយម ភាសា​បរទេស​ជ្រុល ឲ្យ​តែ​មតិ​យោបល់​របស់​ជន​បរទេស​ គឺ​សុទ្ធ​តែ​ត្រូវ​ទាំង​ងងឹត​ងងុល ពោល​គឺ «Yes!!!»​ «OK!!!»​។ រីឯ​គំនិត​របស់​ខ្មែរ​គ្នា​ឯង​វិញ គឺ​សុទ្ធ​តែ​ខុស​ មិន​សមហេតុ​សម​ផល​។​ ហើយ​អ្នក​ខ្លះ​ទៀត ​ថែម​ទាំង​មិន​យក​ត្រចៀក​ស្តាប់​ទៀត​ផង​ បើ​អ្នក​ណា​ម្នាក់​និយាយ​ភាសា​ខ្មែរ​ជាមួយ​ខ្លួន​។​ លើស​ពី​នេះ​ទៀត បុគ្គល​មួយ​ចំនួន លែង​ចង់​អាន​អក្សរ​ខ្មែរ សូម្បី​តែ​វាយ​កុំព្យូទ័រ​ក៏​មិន​អាច​វាយ​អក្សរ​ខ្មែរ​យូនី​កូដ​បាន​ដែរ គឺ​ចេះ​តែ​វាយ​ភាសា​បរទេស​តែ​ប៉ុណ្ណោះ​។​
ម្យ៉ាង​វិញ​ទៀត ចំពោះអ្នក​ចេះ​ភាសា​ខ្លាំង​ជ្រុល​ពេក​ទៅ ​នៅ​ពេល​ឡើង​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខា​សាលា ឬក៏​ប្រជុំ​ជាមួយ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ម្តងៗ ពួក​គេ​និយាយ​ទៅ​កាន់​សិក្ខាកាម​ដែល​ចូល​រួម​នោះ​ថា៖ «សួស្តី​អ្នក​ទាំង​អស់​គ្នា!» ដែល​ភាសា​អង់គ្លេស​ហៅថា​៖​ «Hello​ everybody!» ​នោះ ​ដោយ​មិន​គិត​ថា​អ្នក​ចូល​រួម​នោះ​ចាស់​ឬ​ក៏​ក្មេង​ជាង​ខ្លួន​ឡើយ។ ទំាង​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​វប្បធម៌​ខ្មែរ​ដែល​ចេះ​គោរព​ចាស់​ទុំ​ ស្គាល់​បង​ ស្គាល់​ប្អូន​ និង​អ្នក​មាន​បុណ្យ​សក្តិ​តូច​ធំ។ ​ឧទាហរណ៍​ពី​ទម្លាប់​និយាយ​ស្ដី​ល្អៗ នៅ​បណ្តា​ក្រសួង​មន្ទីរ​នានា យ៉ាង​ហោច​ណាស់​ ពួក​គាត់​មាន​ប្រសាសន៍​ថា៖ «សូម​គោរព​លោក-លោក​ស្រី ​ដែល​មាន​វត្តមាន​នៅ​ទីនេះ​!»។​
ឧទាហរណ៍​មួយ​ទៀត យុវវ័យ​ដែល​និយម​ភាសា​បរទេស​ខ្លះ​ប្អូន​ខ្ញុំ​ដល់​ទៅ​៥ ទៅ​១០​ឆ្នាំ ​ពេល​សួរ​ខ្ញុំ​ថា​៖ «សុប្រាជ្ញ ​ធ្វើ​ការ​នៅ​ទីណា​ឥឡូវ​?» មាន​ន័យ​ថា គាត់​នឹង​ខ្ញុំ​មាន​អាយុ​ស្មើ​គ្នា។ លែង​មាន​បង លែង​មាន​ប្អូន​អស់​រលីង​។ ឯ​ឪពុក​ម្តាយ​សម័យ​ថ្មី​ខ្លះ​ទៀត ថែម​ទាំង​មិន​ឲ្យ​កូន​រៀន​ភាសា​ខ្មែរ​ខ្លួន​ឯង​ទៀត​ផង​។​ ទាំង​នេះ​ហើយ​គេ​ហៅ​ថា​សម័យ​កាល​នៃ​ភាសា​បរទេស​និយម ខ្មែរ​មិន​ចំ​ខ្មែរ បរទេស​មិន​ចំ​បរទេស​។​
តាម​ពិត​ទៅ ​យុវវ័យ​ដែល​ចាយ​រាង ​ប្រើ​ភាសា​បរទេស​រដិប​រដុប​មួយ​ចំនួន​នោះ​គឺ​បាន​តែ​និយាយ​ល្អ​មើល​ទេ​ ប៉ុន្ដែ​មិន​ល្អ​ហូប​នោះ​ទេ​ គឺ​សរសេរ​មើល​មិនសូវ​យល់ ​ស្តាប់​មិន​សូវ​បាន និង​​ប្រើ​ការ​មិន​កើត​។ បើ​និយាយ​​ទាក់​ទង​ទៅ​​​នឹង​ភាសា​បច្ចេក​ទេស​​វិញ ​គឺ​ធ្វើ​ភ្នែក​ឡឺនឡង់​ៗ​។​
​គួរ​ឲ្យ​កត់​សម្គាល់​​ដែរថា ​សកម្មភាព​​របស់​យុវជន​ដែល​ខំ​ប្រឹង​និយាយ​ភាសា​ខ្មែរ​ខ្លួន​ឯង​បែរ​រដិប​​ រដុប​ រតាក់​រតុប​នេះ ​គឺ​ផ្ទុយ​ទៅ​នឹង​ឥរិយា​បថរបស់​កូន​ជន​អន្តោប្រវេសន៍​ទាំង​ស្រប​ច្បាប់​ ទាំង​ខុស​ច្បាប់​ ដូចជា​ជន​ជាតិ​ ចិន​ និង​វៀត​ណាម ដែល​ពួក​គេ​ខំ​​រៀន​និយាយ​​ភាសា​ខ្មែរ​ឡើង​រ៉ិល។ បើ​ពួក​គេ​ចាប់​កំណើត​នៅ​ស្រុក​ខ្មែរ​ទៀត ​ពួក​គេ​និយាយ​ខ្មែរ​ច្បាស់​ក្រឡែត​លែង​ដឹង​ថា ពួក​គេ​ជាជន​អន្តោប្រវេសន៍​ហើយ។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​យុវជន​ខ្មែរ​ខ្លួន​​ឯង​ ខំ​និយាយ​ភាសា​ខ្មែរ​ខ្លួន​ឯង​រតាក់​រតុប បរទេស​និយម​ ភ្លេច​ថា​ខ្លួន​ឯង​ជា​អ្នកណា​?​ ដូច​មាន​សុភាសិត​មួយ​បាន​ប្រដែ​ប្រដៅ​កូន​ខ្មែរ​​របស់​លោក​កវី​ ក្រម ង៉ុយ​ថា​៖ «កុំដៀល​អ្នក​ស្រែ ត្រកូល​ឯង​ខ្មែរ កុំ​ប្រែ​ក្រឡាស់​!...»។
សរុប ​មក​ យើង​ទទួល​ស្គាល់​ថា វា​គឺជា​ដំណាក់​កាល​នៃ​ការ​វិវត្ត​ភាសា​និយាយ​ និង​ភាសា​បរទេស​ ប៉ុន្តែក៏​មិន​ត្រូវ​ភ្លេច​ភាសា​ខ្មែរ​ខ្លួន​ឯង​រហូត​ដល់​និយាយ​ខ្មែរ​លែង ច្បាស់​នោះ​ដែរ​។​ ដូច្នេះ ផលវិបាក នឹង​ធ្លាក់​ទៅ​លើ​យុវជន​ខ្លួន​ឯង​ដែល​ពួក​គេ​មិន​អាច​ប្រាស្រ័យ​ការងារ​ ល្អ​ជាមួយ​អ្នក​ដទៃ​នៅ​ក្នុង​ស្ថាប័ន​នានា និង​ការ​សរសេរ​ជា​លិខិត​ស្នាម​​បែប​បទ​រដ្ឋ​បាល​ដែល​មាន​រចនា​សម្ព័ន្ធ ច្បាស់​លាស់​។​ ជាង​នេះ​ទៅ​ទៀត ​យុវជន​ត្រូវ​តែ​គិត​គូរ​ឡើង​វិញ​ពី​ភាសា​ជាតិ​ខ្លួន​ឯង​ផង ទំាង​ការ​សសេរ​ ទាំង​ការ​និយាយ​ស្តី​។​ កុំ​ភ្លេច​ថា​ខ្មែរ​មាន​វប្បធម៌ ​អរិយ​​ធម៌​ល្អ​ៗ​ជា​ច្រើន៕


ប្រភព ៖ ភ្នំពេញប៉ុស្តិ៍


No comments:

Post a Comment