សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Tuesday, September 17, 2013

កវី នូ កន អ្នកប្រើពាក្យ "ប្រលោមលោក" មុនគេ

កវី នូ កន
សៀវភៅ​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០ របស់លោក ឃី​ង ហុក​ឌី បាន​កត់សំគាល់ថា លោក នូ កន ជា​អ្នក​ប្រើ ពាក្យ​ថា “ ប្រលោមលោក ” មុនគេ សម្រាប់​បកប្រែ​ភាសា​បារាំង​ថា roman សំដៅ​ដល់​ប្រភេទ​រឿង​ជា​ពាក្យរាយ​ធម្មតា មិនមែនជា​រឿង​ល្បែង​ដែល​ខ្មែរ​យើង​ពី​បុរាណ​តែងតែ​សរសេរ​ជា​ពាក្យកាព្យ​។​

​ នូ កន ជា​កវី​ពុទ្ធសាសនិក និង ជា​មន្ត្រី​រាជា​ការ​ដ៏​មានឈ្មោះ​ល្បី​ម្នា​ក់នា​ចុង​សតវត្ស​ទី​២០ ក្នុង​រជ្ជកាល​ព្រះករុណា នរោត្តម ។ កវី​រូបនេះ​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ដ៏​ល្បី ល្បាញ​មួយចំនួន ហើយ​ស្នាដៃ​ដែល​ខ្មែរ​គ្រប់​ស្រទាប់​ស្គាល់​ជាងគេ​គឺ​រឿង ទាវ​ឯក ។​


​ខាងក្រោម​នេះ​ជា​សម្រង់​ដកចេញ​ពី​រឿង ទាវ​ឯក​៖
- ឯ​ទាវ​មៀងមើល​ឃើញ​អ្នក​ឯក ល្អល្អះ​ចម្លែក ឈរ​នៅក្រៅ ស្គាល់​ជា​អ្នក​ប្រុស ឆោម​ស្រងៅ  ស្រែកហៅ​មេ​នោម​ក​មើល​ផង​។​
- អង្គុយ​និត្យនៅ​នា​បង្អួច ក្នុង​ចិត្ត​កើត​កួច ភក្ត្រ​សៅហ្មង ទន្ទឹង​រឹង​ថប់ ក្រៃ​កន្លង លុះ​ឯក​ដល់​ហោង បាន​ស្បើយ​ទុក្ខ​។​
- ទើប​ឯក​ឆ្លាស​ឆ្លើយ ឆ្លង​វាចា  ថា​ហៃ​ប្អូន​ភ្ងា នាង​បាន​សុខ ឯ​បង​នេះ​សោត សឹង​កើតទុក្ខ តាំងពី​ឈមមុខ ទុក្ខ​បង​ធ្ងន់​។      

​ រឿង​ទាវ​ឯក មាន​ទម្រង់​ដូច​រឿង​ទុំ​ទាវ ដែល​និពន្ធ​ដោយ​ភិក្ខុ​សោម​ដែរ ដែលជា​ហេតុ នាំអោយ អ្នកខ្លះ​យល់ថា លោក នូ កន ចំលង​តាម​រឿង​ទុំ​ទាវ ។ ទោះយ៉ាងណា​លោក​បាន​អះអាង​នៅក្នុង​អារម្ភកថា ថា​លោក​បាន​ចេះ​ចាំ​រឿង​ទាវ​ឯក​នេះ​ដោយសារ​បានឮ​អ្នកចំរៀង​ហ្លួង​ច្រៀង ថា្វ​យ​ព្រះករុណា នរោត្តម ព្រះ​សណ្តាប់​នៅក្នុង​ព្រេះ​បរមរាជវាំង ។ ហេតុនេះ រឿង​ទាវ​ឯក នេះ​មិនមែនជា​ការកើត​គំនិត​គិត​កែខៃ​ច្នៃ​និពន្ធ របស់លោក នូ កន ទេ គឺ​លោក​គ្រាន់តែ​ជា​អ្នក​ចងក្រង​ប៉ុណ្ណោះ ។ លោក​ក៏បាន​បន្ថែមទៀតថា រឿងនេះ​មាន​ពិត​ដំណាល​តាម​ពាក្យបុរាណ និង សាស្ត្រា​ដែល​គិត​មកទល់ពេលនេះ​មាន​អាយុកាល​ប្រមាណ​ជា​ប្រាំ​រយ​ឆ្នាំ​ហើយ ។​

​ស្នាដៃ​របស់​បណ្ឌិត នូ កន ដទៃទៀត​រួមមានៈ​
- ទាវ​ឯក ( រឿង​ល្បែង​, ភ្នំពេញ ១៩៤២ )
- តុង ឈិន ( ប្រលោមលោក​ពាក្យរាយ​, ភ្នំពេញ ១៩៤៧ )
- ពិម្ពា​និព្វាន​, ១៩៦០
 - សាម​កុក ( រឿង​យុទ្ធសាស្ត្រ​សង្គ្រាម ចិន លោក​បកប្រែ​ពី​ភាសា​ថៃ ។ គួរកត់សំគាល់ ថា លោក នូ កន ពុំ​ចេះ​ភាសា​ចិន​ទេ​ប៉ុន្តែ​ក៏ដូចជា​បញ្ញា​វ័​ន្ត​ខ្មែរ ឯទៀតៗ​នា​សម័យ​នោះដែរ​គឺ​លោក​ចេះ​ភាសា​សៀម​យ៉ាងច្បាស់ ) ។​

​នូ កន កើត​នៅ​ឆ្នាំ​១៨៧៤ នៅ​ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅក្នុង​គ្រួសារ​កសិករ ឳ​ពុក​ឈ្មោះ នូ ម្តាយ ឈ្មោះ អ៊ុក ។ សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០ របស់លោក ឃី​ង ហុក​ឌី សរសេរថា ម្តាយ​ឈ្មោះ នូវ ឳ​ពុក​ឈ្មោះ អ៊ុក ទៅវិញ ។ យើង​យល់ថា បិតា​ឈ្មោះ នូ មាតា ឈ្មោះ អ៊ុក ទើប​ត្រឹមត្រូវ ត្បិត នូ ជា​នាមត្រកូល​របស់លោក​។​

​វ័យ​បាន​៩​ឆ្នាំ កុមារ នូ កន បាន​ទៅ​ស្នាក់​សិក្សា​នៅ​វត្ត​អង្គ​ត្នោត ឃុំ និង ស្រុក​ដដែល នៅក្នុង សំណាក់​ចៅអធិការ នាម អ៊ិន លុះដល់​វ័យ​១៤​ឆ្នាំ​បាន​សាង ផ្នួស​ជា​សាមណេរ ហើយ​បាន​លាចាក​សិក្ខា​នៅ​ឆ្នាំ បន្ទាប់ ។ អាយុ​១៧​ឆ្នាំ យុវជន​អនាគត​កវី​បណ្ឌិត​យើង​បាន​ទៅធ្វើជា​ស្មៀន​ចៅហ្វាយខេត្ត​ទ្រាំង (​សព្វថ្ងៃ​កម្ពុជា ក្រោម ឬ វៀតណាម​ខាងត្បូង ) ។ ឆ្នាំ​១៨៩១ លោក​បាន​ផ្លាស់​ទៅធ្វើ​ការ​ក្នុង​ព្រះបរមរាជវាំង​ក្នុង​ក្រុមព្រះ​អាល័ក្ខណ៍ នា​រជ្ជកាល​ព្រះករុណា នរោត្តម ។ ៤ ឆ្នាំ​ក្រោយមក ព្រះករុណា បាន​ផ្លាស់​លោក​អោយ ទៅធ្វើ​ការ​ផ្នែក​សុរិយោដី និង ក្រសួង​រតនាគារ ពេលនោះ​អ្នកឧកញ៉ា ពិ​ភក្តិ​ទិព្វ​រាជ ម៉ម បាន​តាំងងារ​លោក​ជា ម៉ឺន​ភក្តី​អក្សរ ។ ឆ្នាំ​១៩០២ លោក​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា​អ្នកប្រាជ្ញ​ផ្នែក​អក្សរសាស្ត្រ​។​

​ឆ្នាំ​១៩០៣ រដ្ឋបាល​បារាំង​បាន​ចាត់​លោក​អោយធ្វើជា​ចៅហ្វាយខេត្ត​កំពង់សៀម​រយៈ ពេល ២​ខែ​បន្ថែម​តួនាទី​ជា​គ្រូបង្រៀន​ច្បាប់ និង ទំនៀម​ទំលាប់​ខ្មែរ​នៅក្នុង​សាលាខេត្ត​នេះ​ផង ។ ឆ្នាំ​១៩០៨ លោក​ត្រូវបាន​រដ្ឋបាល​បារាំង​ចាត់​អោយទៅ​បន្ត​សិក្សា​ច្បាប់​នៅ​ប្រទេស​ បារាំង​លុះ ត្រឡប់មកវិញ លោក​ទទួលបាន​តំណែង​ជា​បន្តបន្ទាប់​គឺៈ​ចៅហ្វាយខេត្ត​ពញ្ញាលឺ​, ចៅហ្វាយខេត្ត​ស្ទឹងត្រែង​, ឧ​កញា​សភា​មន្ត្រី​ចៅក្រម​សាលាឧទ្ធរណ៍​, ឧក​ញា​ពិ​ភក្តិ​វិនិច្ឆ័យ​, ចៅហ្វាយខេត្ត​កំពង់សៀម កំពង់ធំ​, ឧក​ញា​មហា​វិនិច្ឆ័យ​ចាងហ្វាង​សាលាឧទ្ធរណ៍ ក្រុម​រដ្ឋប្បវេណី​, ឧក​ញា​វិបុល​រាជ​ភួ​ឈួ​យ​សេនាបតី​ក្រសួង​ជើង​ទឹក ថ្នាក់​ឧ​ត្ត​ម​មន្ត្រី​លេខ​២, ឧក​ញា​វិបុល​រាជ​ភួ​ឈួ​យ​ក្រសួង​ពាណិជ្ជការ​។​

​លោក​បាន​ចូលនិវត្តន៍ ​នៅ​ឆ្នាំ​១៩៣១ ហើយ​បាន​ឈរឈ្មោះ និង ជាប់​ជា​តំណាង រាស្ត្រ​មណ្ឌល​កោះ​សុទិន ក្នុងគណៈ​បក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៤៦ ( សៀវភៅ​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០ ថា​ឆ្នាំ​១៩៤៥ ) ។​

​ អ្នកនិពន្ធ សុទ្ធ ប៉ូ​លីន ត្រូវជា​ចៅ​របស់​បណ្ឌិត នូ កន បាន​សរសេរ​នៅក្នុង​អារម្ភបទ​រឿង តុង​ឈិន ថា​ឧក​ញាក​វី​បណ្ឌិត​រូបនេះ​បាន​អនិច្ចកម្ម​នៅ​ឆ្នាំ​១៩៥០ ប៉ុន្តែ​ឯកសារ អ្នកនិពន្ធ​ដែលមាន​ឈ្មោះ​ល្បី របស់លោក លី ធា​ម​តេង អះអាងថា លោក នូ កន បាន​អនិច្ចកម្ម​នៅ​ឆ្នាំ​១៩៤៧ ។ សៀវភៅ​អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី​២០ របស់លោក​ឃី​ង ហុក ឌី បាន​កត់សំគាល់ថា យើង​គប្បី​យកតាម​ឯកសារ​របស់លោក​លី ធា​ម​តេង ត្បិត​ជា​ឯកសារ​សិក្សា​ក្រោយ មានការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ ។ រីឯ​រូបគំនូ​ពាក់កណ្តាល​ខ្លួន​របស់លោក នូ កន តាំងនៅ វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត ដាក់ថា នូ កន ( ១៨៧៤-១៩៤៧ )។

ប្រភព ៖ http://library.cen.com.kh/library/read_online_html?token=NDllYTU4NjFhZWU1MDk3MjNlZGI3MGY2ZTM4NWI1

No comments:

Post a Comment