ក្រុមអ្នកគាំទ្រតារាដែលគេស្គាល់ជាភាសាអង់គ្លេសថា«Fan»បាន
និងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនកម្ពុជា។
យើងអាចកត់សម្គាល់បានថាក្រុមអ្នកគាំទ្រតារាភាគច្រើនសុទ្ធតែជា
យុវវ័យប្រុសស្រីក្មេងដែលចូលចិត្តវិស័យចម្រៀងហើយស្ម័គ្រចិត្ត
ធ្វើជាអ្នកគាំទ្រយ៉ាងពេញទំហឹងចំពោះតារាដែលខ្លួនពេញចិត្ត។
អាកប្បកិរិយារបស់ក្រុមគាំទ្រតារាមានសកម្មភាពពុះកញ្ជ្រោលខ្លាំង
ខុសពីអ្នកគាំទ្រធម្មតាព្រោះពួកគេគឺជាអ្នកគាំទ្រដែលមានទំនាក់
ទំនងជិតស្និទ្ធជាមួយនឹងតារាផ្ទាល់ហើយពួកគេក៏តែងតែប្រមូលផ្តុំ
គ្នានៅមុខឆាកតន្ត្រីរៀងរាល់ពេលដែលមានវត្តមានរបស់តារាចម្រៀង
ល្បីក្នុងដួងចិត្តទៅច្រៀងនៅតាមប៉ុស្តិ៍ទូរទស្សន៍ឬការប្រគំ
តន្ត្រីនានា។
ជាការពិតយើងប្រាកដជាមានការកោតសរសើរចំពោះក្រុមហ្វេនដែលតែង
តែជួយគាំទ្រតារាខ្មែរយើងដោយទឹកចិត្តស្មោះសរស្ទើរតែគ្រប់ពេល
វេលានិងគ្រប់ទីកន្លែងប៉ុន្តែតើការគាំទ្រតារាជាក្រុមហ្វេនបែប
នេះអាចធ្វើឲ្យយុវវ័យរបស់យើងចំណាយពេលវេលាច្រើនភ្លេចការសិក្សា
និងបង្កើននូវភាពស្និទ្ធស្នាលជ្រុលហួសហេតុដែលអាចប៉ះពាល់ដល់
វប្បធម៌ខ្មែរដែរឬទេ?
យុវជនមា្នក់ឈ្មោះ ឈុន
នីជាមេក្រុមអ្នកគាំទ្រតារាល្បីមួយរូបនៅក្នុងផលិតកម្មធំមួយ
បាននិយាយថាក្រុមរបស់លោកមានចំនួនប្រមាណជាជាង៤០នាក់តែងតែឆ្លៀត
ពេលទំនេរពីការសិក្សាទៅតាមគាំទ្រតារារបស់ពួកលោកគ្រប់កម្មវិធី
តន្ត្រី។
លោកបញ្ជាក់ថាការគាំទ្រនិងការបង្កើតជាក្រុមហ្វេននេះមិនមែនជា
ការរៀបចំពីម្ចាស់ផលិតកម្មឬអ្នកចម្រៀងនោះទេប៉ុន្ដែវាសុទ្ធតែ
ផ្តើមចេញពីការស្ម័គ្រចិត្តប៉ុណ្ណោះ។
លោក ឈុន នី បន្តថាចំពោះការចំណាយផ្សេងៗ
ដូចជាការធ្វើស្លាកគាំទ្រអគ្គិសនីកាដូតុក្កតាឬផ្កាដែលទិញ
សម្រាប់ផ្តល់ជូនតារារបស់ពួកលោកនៅលើឆាកនោះគឺសុទ្ធតែបានមកពី
ការរៃអង្គាសឬក៏ជាថវិកាបានមកពីសមាជិកណាមួយនៃក្រុមហេ្វនទាំង
មូល។ជាងនេះទៅទៀតអ្វីៗដែលក្រុមហ្វេនរបស់លោកធ្វើគឺជាសន្តាន
ចិត្តចំពោះការស្រឡាញ់សិល្បៈ និងតារារបស់ពួកលោកប៉ុណ្ណោះ។
ការបង្កើតក្រុមគាំទ្រតារាអាចជាវិធីសាស្ត្រល្អមួយក្នុងការជួយ
លើកស្ទួយសិល្បៈចម្រៀងខ្មែរយើងបច្ចុប្បន្នមែនប៉ុន្តែវាក៏អាចជះ
ឥទ្ធិពលអវិជ្ជមានមួយចំនួនផងដែរសម្រាប់យុវវ័យដែលមិនបានគិតគូរ
ដិតដល់ចំពោះបញ្ហានេះ។
អ្នកស្រី នង ធីតា
អាយុ៥២ឆ្នាំជាគណនេយ្យករនៃស្ថាប័នរដ្ឋមួយកន្លែងបានបញ្ចេញនូវ
ទស្សនៈមិនសូវពេញចិត្តចំពោះការចំណាយពេលវេលានិងលុយកាក់របស់
យុវវ័យដើម្បីទៅធ្វើការគាំទ្រតារានេះថាបើជាការគាំទ្រធម្មតាគឺ
មិនថ្វីនោះទេ
ប៉ុន្តែបើពួកក្មេងៗទាំងនេះបានចំណាយពេលច្រើនរួមទាំងលុយកាក់
សម្រាប់ទៅគាំទ្រតារាគ្រប់កម្មវិធីនោះគឺពិតជាមិនល្អឡើយ។
អ្នកស្រីបានបញ្ជាក់ប្រាប់ថា៖«បើកូនខ្ញុំវិញខ្ញុំនឹងមិនឲ្យ
ទៅគាំទ្រតារាអីដល់ថ្នាក់ហ្នឹងទេព្រោះវាចោលពេលវេលាអត់
ប្រយោជន៍ហើយខ្ញុំក៏ចង់ផ្តាំដល់ក្មេងៗទាំងឡាយសូមកុំចំណាយពេល
វេលាទៅរឿងអ៊ីចឹងច្រើនពេក។
សូមឲ្យពួកគេគាំទ្រដល់តារាល្មមៗទៅបានហើយទុកពេលរៀនសូត្រវិញ
ប្រសើរជាង»។
កញ្ញា ម៉ូលីកា
វ័យ២៤ឆ្នាំជាបុគ្គលិកផ្នែកជំនួយការផលិតនៃអង្គការមួយនៃរាជធានី
ភ្នំពេញបាននិយាយពីការមិនពេញចិត្តនូវទង្វើដែលពួកក្រុមអ្នក
គាំទ្រតារាទាំងនោះធ្វើថា៖
«ខ្ញុំហួសចិត្តនៅពេលដែលខ្ញុំបានមើលវីដេអូមួយតាមរយៈគេហទំព័រ
ហ្វេសប៊ុកដែលក្រុមហេ្វនរបស់តារាមួយក្រុមបានធ្វើខួបកំណើតឲ្យ
តារាចម្រៀងល្បីម្នាក់។
ពួកគេអង្គុយបត់ជើងនៅខាងក្រោមតារាក្នុងដួងចិត្ដរបស់ពួកគេ
អង្គុយលើកៅអីហើយពួកគេលើកនំខួបកំណើតផងច្រៀងផងដែលអ្នកខ្លះទៀត
បញ្ចេញនូវក្តីរំភើបដល់ថ្នាក់ចង់រលីងរលោងទឹកភ្នែក។ខ្ញុំគិតទៅ
វាដូចជាហួសហេតុមែនទែនហើយខ្ញុំចង់ដឹងថាតើពួកគេដែលធ្លាប់
ធ្វើបែបហ្នឹងដាក់ឪពុកម្តាយរបស់ពួកគេដែរឬទេ?»។
យ៉ាងណាមិញបើយើងងាកទៅជ្រុងម្ខាងទៀតនៃអ្នកគាំទ្រទាំងនោះយើង
អាចសង្កេតឃើញថាការគាំទ្រហួសហេតុរវាងអ្នកគាំទ្រនារីនិងអ្នក
ចម្រៀងបុរសដែលបង្ហាញចេញជាភាពស្និទ្ធស្នាលខ្លាំងក៏អាចបង្កផល
ប៉ះពាល់ដល់វប្បធម៌ខ្មែរផងដែរ។
លោក ម៉ៅ កេង
ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាពមានប្រសាសន៍ថាតាមពិតទៅ
សង្គមមានការជឿនលឿនដូច្នេះការស្រឡាញ់ចូលចិត្តតារានិងក្រុម
គាំទ្រតារាគឺវាជារឿងធម្មតាទេ
ពីព្រោះវាអាចជាទំនើបកម្មនៃពិភពលោក។ប៉ុន្តែលោកក៏មានការមិនពេញ
ចិត្តចំពោះក្មេងៗខ្លះដែលពួកគេមិន
គួរបង្ហាញចេញនូវភាពស្និទ្ធស្នាលពេករហូតដល់ហក់ឱបថើបតារាដែល
ខ្លួនបានស្រឡាញ់ចូលចិត្តនោះទេពីព្រោះទង្វើបែបនេះអាចប៉ះពាល់
ដល់ប្រពៃណីជាតិ។
កញ្ញា ពេជ្រ សោភា ជាតារាល្បីមួយដួងប្រចាំផលិតកម្មហង្សមាស
និងមានក្រុមអ្នកគាំទ្រជាច្រើននាក់ បាននិយាយថា៖
«ខ្ញុំមានអារម្មណ៍សប្បាយចិត្តនៅពេលដែលទទួលបានការគាំទ្រច្រើន
ប៉ុន្តែចំពោះការស្និទ្ធស្នាលរវាងក្រុមហេ្វនមកលើខ្ញុំដូចជាការ
ថើបមិនសូវមានទេតែបើមានក៏ខ្ញុំមិនសូវប្រកាន់ដែរពីព្រោះនេះ
គ្រាន់តែជាការស្រឡាញ់ចូលចិត្តរបស់គាត់»។
យ៉ាងណាមិញ កញ្ញាថ្លែងសារភាពថា៖«ខ្ញុំក៏មើលលើអាយុរបស់ពួកគាត់ដែរបើជាប្អូនៗខ្ញុំមិនថាអីនោះទេ»។
កញ្ញា ពេជ្រ សោភា បានបញ្ជាក់ថា៖
«ខ្ញុំចង់ប្រាប់ថាបើអ្នកទាំងអស់គ្នាស្រឡាញ់ខ្ញុំអ្នកត្រូវ
ស្រឡាញ់ខ្លួនឯងនិងគ្រួសារឲ្យបានច្រើនទើបល្អ»។
ពិតប្រាកដណាស់សិល្បៈតែងតែត្រូវការការគាំទ្រហើយការបង្កើតជា
ក្រុមអ្នកគាំទ្រនេះក៏ជាកត្តាល្អមួយសម្រាប់រុញច្រានវិស័យសិល្បៈ
ខ្មែរឲ្យមានការរីកចម្រើន។ប៉ុន្ដែប្រិយមិត្តទាំងឡាយគួរតែគិត
គូរពីបញ្ហាអវិជ្ជមានដែលអាចកើតមានឡើងព្រោះបើតាមបទពិសោធរបស់
ខ្ញុំផ្ទាល់ការសិក្សាគឺត្រូវការពេលច្រើនដើម្បីធ្វើការហ្វឹក
ហាត់ទើបមានលទ្ធផល។
ដូច្នេះ
យុវវ័យគួរចំណាយពេលទំនេរពីម៉ោងសិក្សានៅសាលាទៅគិតគូរពីការ
សិក្សាបន្ថែមដែលអាចផ្ដល់ពន្លឺសម្រាប់អនាគតរបស់យើងវិញវាប្រសើរ
ជាងរីឯការគាំទ្រឬស្រឡាញ់ចូលចិត្តតារារូបណា
យើងមិនត្រូវភ្លេចខ្លួនគិតតែពីរឿងដើរតាមតារាហើយលែងរវីរវល់
ការសិក្សានោះទេ៕
ប្រភព ៖ LIFT
No comments:
Post a Comment