សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Tuesday, January 22, 2013

ភេសជ្ជៈស្ករខ្ពស់បង្កើនកម្លាំង ឬបន្ថយសុខភាព?

នៅ​ពេល​បច្ចុប្បន្ន​នេះ ភេសជ្ជៈ​បំប៉ន​កម្លាំង​មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ។ ភេសជ្ជៈ​មួយ​នេះ​ផ្តល់​ទាំង​គុណ​ប្រយោជន៍ និង​គុណ​វិបត្តិ ដែល​មាន​គុណ​សម្បត្តិ​របស់​វា ជួយ​ដល់​អ្នក​ពិសា​ឲ្យ​មាន​កម្លាំង​កំហែង បំបាត់​ការ​ស្រេក​ទឹក ក៏​ដូច​ជា​ចូល​រួម​ក្នុង​ការ​បង្កើន​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ជួប​ជុំ​ គ្នា​ផង​ដែរ។
ជាង​នេះ​ទៅ​ទៀត ការ​ទទួល​ទាន​ភេសជ្ជៈ​បំប៉ន​កម្លាំង​ក៏​ត្រូវ​បាន​ណែ​នាំ​ដោយ​គ្រូ​ពេទ្យ​ មួយ​ចំនួន​ទៅ​ដល់​អ្នក​ជំងឺ​របស់​គាត់ ពេល​ដែល​អ្នក​ជំងឺ​នោះ​អស់​កម្លាំង​និង​ល្ហិត​ល្ហៃ​ជាដើម។
កញ្ញា សួស សុខ​សេរី និស្សិត​ផ្នែក​ភាសា​អង់គ្លេស​ម្នាក់​បាន​ប្រាប់​ថា បង​ស្រី​របស់​កញ្ញា​មាន​ការ​នឿយ​ហត់​អស់​កម្លាំង​ហើយ​បង​ស្រី​កញ្ញា​បាន​ទៅ​ ជួប​គ្រូ​ពេទ្យ​និង​ពិភាក្សា​យោបល់​ជា​ញឹក​ញាប់ ហើយ​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា​ឲ្យ ឧស្សាហ៍​ផឹក​ភេសជ្ជៈ​ផ្អែមៗ ប៉ូវ​កម្លាំង​ជា​ប្រចាំ ព្រោះ​អាច​ជួយ​ឲ្យ​គាត់​មាន​ជាតិ​ស្ករ​ក្នុង​ខ្លួន​គ្រប់​គ្រាន់ ពេល​គាត់​ឈឺ»។
ទោះ​បី​ជា​ភេសជ្ជៈ​បំប៉ន​កម្លាំង​ផ្តល់​នូវ​គុណ​សម្បត្តិ​យ៉ាង​ច្រើន​ក៏​ដោយ​ក៏​វា​ផ្តល់​នូវ​ផល​ប៉ះ​ពាល់​ផង​ដែរ​។

យោង​តាម​សម្តី​របស់​លោក​ស៊ីម ធីតា វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ នៅ​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​អរុណរះ បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​ភេសជ្ជៈ​បំប៉ន​កម្លាំង​អាច​ជំរុញ​ឲ្យ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម ​ខ្ពស់។ លោក​ក៏​បញ្ជាក់​ដែរ​ថា ឲ្យ​តែ​ជាតិ​ស្ករ​ក្នុង​ខ្លួន​របស់​មនុស្ស​ស្មើ ឬ​លើស​ពី ១២៦ ដែល​វាស់​ដោយ​ឧបករណ៍​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម (កំណត់​ដោយ​អង្គការ​សុខភាព​ពិភព​លោក) មិន​ថា​ចំពោះ​យុវវ័យ​ឬ​មនុស្ស​ចាស់​ទេ​ពួក​គាត់​គឺ​កំពុង​តែ​មាន​ជំងឺ​ទឹក​ នោម​ផ្អែម​ក្នុង​ខ្លួន ។
លោក​វេជ្ជ​បណ្ឌិត​បាន​ពន្យល់​បន្ថែម​ថា៖ «វា​ក៏​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​ដែរ​ដូច​ជា​វ័យ ពូជ ភាព​ធាត់ និង​ទម្លាប់​នៃ​ការ​រស់​នៅ​ជា​ដើម ដែល​ជំរុញ​ឲ្យ​មាន​អ្នក​ជំងឺ​ជាតិ​ស្ករ​ស្រាប់​មាន​ជាតិ​ស្ករ​ក្នុង​ខ្លួន​ កាន់​តែ​ច្រើន​ឡើង​រហូត​ដល់​ហួស​កម្រិត​»។
រីឯ​យុវវ័យ​ខ្លះ​ដែល​គាត់​មាន​ការ​មមាញឹក​ខ្លាំង​ក្នុង​ការ​សិក្សា​និង​ ការងារ បាន​ជ្រើស​យក​ភេសជ្ជៈ​បំប៉ន​កម្លាំង​មក​ធ្វើ​ជា​ដំណោះ​ស្រាយ។
អ្នកស្រី ចំរើន ជា​អាជីវករ​ម្នាក់បាន​និយាយ​ប្រាប់​ពី​ការ​អង្កេត​នៃ​ការ​លក់​ដូរ​របស់​គាត់ ​ថា៖ «អតិថិជន​ដែល​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគ​ច្រើន​គឺ​ជា​យុវវ័យ ក្មេងៗ​សិស្ស​សាលា»។ អ្នកស្រី​បាន​បន្ថែម​ថា អ្នក​ដែល​ទិញ​ភេសជ្ជៈ គឺ​ជា​មនុស្ស​ដដែលៗ ដែល​ពួក​គាត់​និយម​រសជាតិ​របស់​វា។
ជាក់​ស្តែង ពេល​កំពុង​រវល់​និង​មមា​ញឹក​នឹង​ការ​សិក្សា លោក ឱម ដារ៉ារុណ ដែល​ជា​និស្សិត និង​ជា​វិស្វករ​មួយ​រូប​បាន​រៀប​រាប់​ថា ដោយ​សារ​តែ​ជាប់​រវល់​នឹង​ការ​សិក្សា​និង​ការ​ងារ​ដែល​ស្ទើរ​តែ​រក​ពេល​ សម្រាក​គ្មាន​លោក​ដារ៉ារុណ​តែង​តែ​ទទួល​ទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ ដើម្បី​បំប៉ន​កម្លាំង​។​លោក​បាន​បញ្ជាក់​ថា៖​«ពេល​អស់​កម្លាំង​ខ្ញុំ​ចូល​ ចិត្ត​ញ៉ាំ​ភេសជ្ជៈ​ផ្អែមៗ​ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ខ្ញុំ​កម្លាំង ហើយ​ប្រសិន​បើ​ការងារ​មមា​ញឹក​ខ្លាំង ខ្ញុំ​មាន​តែ​ញ៉ាំ​កាហ្វេ​នៅ​ពេល​យប់ កុំ​ឲ្យ​ការងារ​ធ្វើ​មិន​ទាន់​ពេល​វេលា​»។
វិធី​សាស្រ្ត​បែប​នេះ​ប្រហែល​ជា​ល្អ​ក្នុង​កាលៈ​ទេសៈ​មួយ​ចំនួន​ប៉ុណ្ណោះ ​ប៉ុន្តែ​សិស្ស-និស្សិត​គួរ​គប្បី​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​នូវ​ភេសជ្ជៈ ​បំប៉ន​កម្លាំង​ជា​មុន​សិន​ពីព្រោះ​សារ​ជាតិ​ក្នុង​ការ​បំប៉ន​កម្លាំង​មាន​ ជាតិ​ស្ករ​ខ្ពស់​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ជាតិ​ស្ករ​ក្នុង​ ខ្លួន ទោះ​យ៉ាង​ណា​ក៏​មាន​ភេសជ្ជៈ​បំប៉ន​ខ្លះ​ក៏​មាន​ជាតិ​ស្ករ​តិច​ផង​ដែរ។
បើ​យោង​តាម​សម្តី​របស់​លោក វេជ្ជបណ្ឌិត​ធីតា បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖ «ផឹក​ភេសជ្ជៈ​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ គឺ​មិន​មាន​បញ្ហា​នេះ​ទេ ប៉ុន្តែ​ទម្លាប់​ដដែលៗ មិន​មែន​ជា​រឿង​ល្អ​នោះ​ឡើយ»។
គេហទំព័រ TheSun ដែល​ចុះ​ផ្សាយ​កាល​ពីថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា នៅ​សហរដ្ឋ​អាមេរិក​ក៏​មាន​ករណី​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយ​ជំងឺ​បេះដូង​បន្ទាប់​ពី​ផឹក​ភេសជ្ជៈ​បំប៉ន​កម្លាំង​មួយ​ ប្រភេទ ដែល​មាន​ឈ្មោះ​ថា Monster Energy Drink អស់​ពីរ​កំប៉ុង​ក្នុង​រយៈពេល​២៤​ម៉ោង ដែល​គេ​ជឿ​ថា​ភេសជ្ជៈ​មួយ​នេះ​មាន​ជាប់​ទាក់​ទង​នឹង​ការ​ស្លាប់​របស់​កុមារី ​រូប​នោះ​និង​ការ​ស្លាប់​៥​ករណី​ផ្សេង​ទៀត។
ជា​ចុង​ក្រោយ លោក​វេជ្ជបណ្ឌិត ស៊ីម ធីតា បាន​ផ្តល់​ជា​យោបល់​ថា ដើម្បី​ឲ្យ​មាន​កម្លាំង​មិន​អាស្រ័យ​ទាំង​ស្រុង​លើ​ជាតិ​ស្ករ​នោះ​ទេ ប៉ុន្តែ​វា​អាស្រ័យ​លើ​ចំណី​អាហារ​ដែល​ផ្តល់​ថាមពល មាន​ជាតិ​សាច់ និង​ជាតិ​ខ្លាញ់​ជាដើម។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត យើង​គួរ​ថែរក្សា​សុខភាព​របស់​ខ្លួន​ផង​ដែរ ដូច​ជា​ការ​ហាត់​ប្រាណ​មិន​ជំពាក់​ខ្យល់​ (ហាត់​ប្រាណ​មិន​ឲ្យ​លើស​កម្លាំង) ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន​កន្លះ​ម៉ោង ហើយ​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍៕​
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment