សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Friday, December 28, 2012

អ្នកសុំទាន និងអ្នកលក់ដូរអាចរំខានចិត្តភ្ញៀវទេសចរ

មុខ​របរ​សុចរិត​សុទ្ធ​តែ​ជា​ការងារ ឬក៏​អាជីវកម្ម​ដ៏​ត្រឹម​ត្រូវ​ដែល​ខុស​ពី​ចោរ​ឆក់​ចោរ​ប្លន់​ទ្រព្យ​សម្បត្ដិ​អ្នក​ដទៃ​។ យ៉ាង​ណា​មិញ ប្រសិន​បើ​អាជីវកម្ម​នោះ ប៉ះ​ពាល់​ទៅ​ដល់​បុគ្គល​ណា​ម្នាក់ ឬ​សង្គម​ជាតិ​ទាំង​មូល​តើ​វា​បាន​ជះ​ឥទ្ធិពល​អ្វី​ខ្លះ​?
យើង​សង្កេត​ឃើញ​ថា មុខ​របរ​សុចរិត​មួយ​ចំនួន​បែរ​ជា​ត្រូវ​រង​នូវ​ការ​រិះ​គន់​តាម​រយៈ​សកម្មភាព​អង្វរ​លន់​តួ​និង​បង្ខំ​ភ្ញៀវ​ឲ្យ​ទិញ​ទំនិញ​របស់​ខ្លួន​ទៅ​វិញ​។ នៅ​តាម​រមណីយ​ដ្ឋាន​មួយ​ចំនួន អ្នក​លក់​ដើរ​តាម​ភ្ញៀវ​តាំង​ពី​ដើម​ផ្លូវ​រហូត​ដល់​ចុង​ផ្លូវ​ដោយ​ខំ​អង្វរ​ពួកគេ​ឲ្យ​ទិញ​ទំនិញ​របស់​ខ្លួន​។ ម្យ៉ាង​វិញ​ទៀត យើង​ឃើញ​មាន​ក្មេង​ខ្លះ​ដើរ​តាម​សុំ​លុយ គក់​ច្របាច់​ស្មា​ចាប់​ដៃ​ចាប់​ជើង​បក់​ផ្លិត​និង​សម្ដែង​សកម្មភាព​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ទើស​ទាល់​ចិត្ត​អស់​អារម្មណ៍​សប្បាយ​រីក​រាយ​រលីង​។
ជា​ការ​ពិត​ណាស់​វា​អាច​ជា​មធ្យោបាយ​ក្នុង​ការ​លក់​ទំនិញ​ប៉ុន្ដែ​វា​មិន​មែន​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​ចង់​ទៅ​កម្សាន្ដ​សប្បាយ​ធុញ​ទ្រាន់​រង្គៀស​ចិត្ដ​នោះ​ទេ​។
លោក ហេង គង់ អាយុ​៥៥​ឆ្នាំ ជា​ប្រជា​ពលរដ្ឋ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​លោក​ពិត​ជា​មិន​ពេញ​ចិត្ត​ក្នុង​ការ​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​លោក​ទៅ​ដើរ​កម្សាន្ដ​នៅ​តាម​រមណីយដ្ឋាន​ដែល​មាន​ក្មេង​សុំ​ទាន ឬ​លក់​របស់​របរ​គ្មាន​សណ្ដាប់​ធ្នាប់​ទេ។ លោក​បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​សុខ​ចិត្ត​នៅ​ផ្ទះ​វិញ​បើ​ទៅ​ដើរ​លេង​នៅ​កន្លែង​ដែល​ពោរ​ពេញ​ទៅ​ដោយ​ក្មេង​សុំ​ទាន​ឬ​អ្នក​លក់​រំខាន​ចិត្ដ​បែប​នោះ​»។
រី​ឯ​កញ្ញា បុត្ត ពៅបុប្ផា អាយុ​២៥​ឆ្នាំ ក៏​មិន​ស្វាគមន៍​ចំពោះ​សកម្មភាព​រំខាន​របស់​អ្នក​លក់​នៅ​តាម​តំបន់​ទេសចរណ៍​មួយ​ចំនួន​ដែរ​។ កញ្ញា​មិន​ចង់​ស្ដាប់​រឿង​រ៉ាវ​កម្សត់​ដែល​អ្នក​លក់​តែង​តែ​រ៉ាយ​រ៉ាប់​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​គេ​ទិញ​ទំនិញ​របស់​ខ្លួន​ឡើយ​ខណៈ​ដែល​កញ្ញា​កំពុង​តែ​ដើរ​លម្ហែ​កាយ​។ កញ្ញា​បាន​បញ្ជាក់​ថា៖​«​ម្យ៉ាង​វិញ​ទៀត ខ្ញុំ​ខ្លាច​បាត់​អីវ៉ាន់​នៅ​ពេល​ដែល​ពួកគេ​មក​ចោម​រោម​សុំ​ឲ្យ​ទិញ​នេះ​ទិញ​នោះ​»។
យើង​ទទួល​ស្គាល់​ថា ភ្ញៀវ​ទាំង​អស់​មិន​សុទ្ធ​តែ​ធុញ​ទ្រាន់​នឹង​ទង្វើ​របស់​អ្នក​លក់ ក្មេង​សុំទាន ឬ​ក្មេង​គក់​ច្របាច់​ឡើយ​ប៉ុន្ដែ​អ្វី​ដែល​ពួកគេ​អត់​ទ្រាំ​មិន​បាន​នោះ​គឺជា​សម្ដី​ដដែលៗ​គួរ​ជ្រក់​ជ្រីញ​ដែល​តែងតែ​បន្លឺ​ថា​៖ «​បង​ជួយ​ទិញ​មួយ​ទៅ​ជួយ​ទិញ​មួយ​ទៅ​ជួយ​ទិញ​មួយ​ទៅ»​។
កញ្ញា​វង់ សុវណ្ណារម្យ អាយុ​២២ឆ្នាំ បាន​បន្ទរ​ថា​៖ «​ខ្ញុំ​មិន​សូវ​ចូល​ចិត្ត​អ្នក​លក់​អស់​ទាំង​នោះ​ទេ ពី​ព្រោះ​ពេល​ដែល​ប្រាប់​គាត់​ថា​មិន​ទិញ​ហើយ​គាត់​នៅ​តែ​មិន​ព្រម​ទៅ ហើយ​បែរ​ជា​នៅ​ឈរ​ទន្ទេញ​ពាក្យ​ដដែលៗ​ដាក់​ខ្ញុំ​ទៀត»។​កញ្ញា​បន្ត​ថា ពួក​គេ​ចូល​ចិត្ត​មក​រុំ​ព័ទ្ធ​ភ្ញៀវ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​ទ្រព្យ​សម្បត្ដិ​ផ្ទាល់​ខ្លួន​។
កញ្ញា វ័ន បញ្ញា វ័យ​២០​ឆ្នាំ បាន​បន្ថែម​ថា​៖ «ពេល​ប្រាប់​ថា​អត់​ទិញ​ហើយ​នៅ​តែ​មិន​ទៅ​ពិត​ជា​គួរ​ឲ្យ​ធុញ​ខ្លាំង​ណាស់​ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​អ្នក​ដែល​សាំ​ញ៉ាំ​ទេ»។
នៅ​ពេល​ដែល​ទង្វើ​ដ៏​គួរ​ឲ្យ​រំខាន​នោះ​ត្រូវ​បាន​រិះគន់​យើង​ក៏​គួរ​តែ​មើល​ទៅ​លើ​កត្តា​មួយ​ចំនួន​ដែល​អ្នក​លក់​ជួប​ប្រទះ​ដែរ​។ ជាក់​ស្ដែង ប្អូន​ប្រុស​កែវ ឧត្តម អាយុ​១៥​ឆ្នាំ​ជា​អ្នក​ដើរ​លក់​ចង្រិត​លីង​បាន​ប្រាប់​ពី​មូល​ហេតុ​ផ្ទាល់​ខ្លួន​ថា គ្រួសារ​របស់​ប្អូន​ក្រី​ក្រ​ពេក​បូក​រួម​នឹង​ខ្លួន​គ្មាន​ចំណេះ​វិជ្ជា​អ្វី​ជា​ទុន​បន្ដិច​ណា​សោះ​ប្អូន​ប្រុស​ក៏​សម្រេច​ចិត្ដ​មក​ប្រកប​របរ​នេះ​តែ​ម្ដង​។​ប្អូន​ប្រុស ឧត្ដម បាន​លើក​ឡើង​ថា​៖ «​ដើម្បី​ឲ្យ​គេ​ទិញ​ទំនិញ​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​ខំ​អង្វរ​គេ​រហូត​ដល់​ទន់​ចិត្ដ​ហើយ​ទិញ​អីវ៉ាន់​របស់​ខ្ញុំ​ទោះ​បី​ជា​គេ​ធុញ​ទ្រាន់​នឹង​សម្ដី​របស់​ខ្ញុំ​យ៉ាង​ណា​ក៏​ដោយ​»។
ស្រដៀង​គ្នា​ដែរ កញ្ញា​ឌីណា អាយុ​១៩​ឆ្នាំ​ជា​អ្នក​លក់​ម្នាក់​ទៀត បាន​ប្រាប់​ថា​ការ​សួរ​សុំ និង​អង្វរ​គ្រាន់​តែ​ជា​អ្វី​ដែល​កញ្ញា​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​ភ្ញៀវ​ទិញ​ទំនិញ​របស់​ខ្លួន​ប៉ុណ្ណោះ​។ កញ្ញា​រៀប​រាប់​ទាំង​ទឹក​មុខ​រាប​ស្មើ​ថា៖ «គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​គេ​ស្អប់ ឬក៏​ធុញ​ទ្រាន់​នោះ​ទេ ប៉ុន្ដែ​ព្រោះ​តែ​ជីវភាព​បូក​រួម​នឹង​គ្មាន​ចំណេះ​វិជ្ជា​ទើប​នាំ​ឲ្យ​ខ្ញុំ​ចាប់​យក​ការ​លក់​បែប​នេះ»​។
ពាក់ព័ន្ធ​នឹង​បញ្ហា​ដ៏​រំខាន​ខាង​លើ​នេះ​ក្រសួង​ទេសចរណ៍​បាន​ចាត់​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​ការ​រំខាន​ពី​សំណាក់​អ្នក​លក់​ក្មេង​គក់​ច្របាច់ និង​អ្នក​សុំ​ទាន​ផង​ដែរ​។​យោង​តាម​សម្ដី​របស់​លោក​ហោ សារុន​ដែល​ជា​អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ព្យាយាម​ទប់​ស្កាត់​កុំ​ឲ្យ​ពួកគេ​រំខាន​ដល់​ភ្ញៀវ​ទេសចរ​ដែល​ពួកគេ​នាំ​គ្នា​មក​សុំ​ទាន និង​អាច​ឈាន​ដល់​ករណី​លួច​ទៀត​ផង​»។
លើស​ពី​នេះ​ទៅ​ទៀត​លោក​សារុន បាន​អះ​អាង​ទៀត​ថា​៖ «​កាល​ពី​ពេល​កន្លង​មក​ក្រសួង​ទេសចរណ៍​បាន​សហការ​ជា​មួយ​ខាង​អាជ្ញាធរ​ដែនដី​ក្នុង​រៀប​ចំ​មិន​ឲ្យ​កើត​មាន​បញ្ហា​នេះ​តាម​រយៈ​ការ​ប្រមូល​ក្មេងៗ​ទាំង​នោះ​ទៅ​ដាក់​នៅ​មន្ទីរ​សង្គម​កិច្ច​ប៉ុន្ដែ​វា​ហាក់​ដូច​ជា​ការ​វែក​ចក​ក្នុង​បឹង​អ៊ីចឹង​ដែរ​»៕
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment