សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Saturday, December 1, 2012

យុវជនត្រូវចេះអភិវឌ្ឍខ្លួនដើម្បីសម្រេចគោលដៅអាជីពការងារ

យើង​តែង​តែ​ឮ​ការ​ចោទ​សួរ​តៗ​គ្នា​ថា តើ​ហេតុ​អ្វី​ចាំ​បាច់​ត្រូវ​ខិត​ចំ​រៀន​សូត្រ​? ចម្លើយ​តែ​មួយ​គត់ គឺ​ដើម្បី​ការ​ងារ​ដ៏​ប្រសើរ​ក្នុង​ជីវិត​សម្រាប់​អនាគត​របស់​ខ្លួន​។ ទន្ទឹម​នឹង​មហិច្ឆតា​អនាគត​របស់​យុវជន​ទាំង​នេះ មាន​យុវជន​ខ្លះ​គិត​ថា​មិន​បាច់​ខំ​ប្រឹង​ទេ​ឲ្យ​តែ​មាន​ខ្សែ​ (​ខ្នង)​ឬ​បក្ខ​ពួក​និយម។ ខ្លះ​ទៀត​យល់​ឃើញ​ថា ខ្លួន​គ្មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ដទៃ​។ តើ​មាន​កត្ដា​អ្វី​ខ្លះ​ដែល​ជំរុញ​ឲ្យ​ពួក​គេ​គិត​ដូច្នេះ​? ហើយ​តើ​ពួក​គេ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​ប្រជែង​ហើយ​ឬ​ នៅ?
«​មាន​កត្ដា​ចម្បង​៣​យ៉ាង​សំខាន់​ៗ​ដែល​នាំ​ឲ្យ​និស្សិត​ប្រឈម​ នឹង​ឧបសគ្គ​ចំពោះ​ការ​ស្វែង​រក​ការងារ​បស់​ពួកគេ​។ កត្ដា​សំខាន់​បំផុត​ទី១​គុណភាព​សិក្សា​ដែល​ពួកគេ​ទទួល​បាន​មាន​ការ​ខុស​ ប្លែក​គ្នា​ក្នុង​ការ​ជ្រើស​រើស​សាកល​វិទ្យាល័យ​និង​មុខ​ជំនាញ​។ ទី​ពីរ វា​អាស្រ័យ​លើ​បរិមាណ​នៃ​ចំណេះ​ដឹង​របស់​ពួក​គេ​ផ្ទាល់​ដែល​និស្សិត​មួយ​ ចំនួន​គ្មាន​ជំនាញ​ជាក់​លាក់​និង​ភាសា​ច្បាស់​លាស់​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ ពួកគេ​បាត់​បង់​ឱកាស​ការងារ​។ កត្ដា​ទី​បី ដោយ​សារ​តែ​ទី​ផ្សារ​ការងារ​នៅ​មាន​កម្រិត​វា​ទាម​ទារ​ឲ្យ​យុវជន​ត្រូវ​យក​ ចិត្ដ​ទុក​ដាក់​បន្ថែម​ទៀត​ដែល​បេក្ខជន​សុំ​រក​ការងារ ត្រូវ​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​» នេះ​បើ​យោង​តាម​សម្តី​របស់​លោក ថោង​កែវ​ប៊ុនណាត មន្រ្តី​ការិយាល័យ​ផែនការ​នៃ មន្ទីរ​អប់រំ យុវជន និងកីឡា​រាជធានី។
ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ពី​សាលា មិន​មែន​មាន​ន័យ​ថា យើង​អាច​ធ្វើ​ការងារ​ចំពោះ​មុខ​ជំនាញ​ដែល​បាន​រៀន​នោះ​ទេ។ យុវជន​មួយ​ចំនួន​រមែង​យល់​ច្រឡំ​ថា ខ្លួន​នឹង​ទទួល​បាន​ការងារ​សម​តាម​កម្រិត​បរិញ្ញាបត្រ​របស់​ខ្លួន​ប៉ុន្ដែ​ មិន​បាន​គិត​គូរ​ពី​បទ​ពិសោធ​ដែល​ខ្លួន​មាន​ឡើយ​។ ពួកគេ​ខ្លះ​តែង​តែ​មាន​អំនួត​លើ​ខ្លួន​ឯង​ជ្រុល​ហួស​ហេតុ​ពេក​ភ្លេច​ការ​ តស៊ូ​ព្យាយាម​ទៅ​វិញ​។ ម្យ៉ាង​វិញ​ទៀត​កង្វះ​ទំនុក​ចិត្ដ​និង​ការ​បាក់​ស្បាត​ក៏​ជា​បញ្ហា​ចម្បង​ ដែល​ធ្វើ​ឲ្យ​យុវជន​រង​ការ​បរាជ័យ​ក្នុង​ទី​ផ្សារ​ការងារ​នៅ​កម្ពុជា​ផង​ដែរ ​។
កញ្ញា​អ៊ុល វ៉ាន់ណែត​អាយុ​២១​ឆ្នាំ​ជា​សិស្ស​ឆ្នាំ​២​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​ អន្តរជាតិ​បាន​និយាយ​ថា​៖​«​ខ្ញុំ​គ្មាន​ទំនុក​ចិត្ត​ទៅ​លើ​ខ្លួន​ឯង​ទេ​។​ ខ្ញុំ​ចង់​មាន​ការ​ងារ​ធ្វើ​ប៉ុន្តែ​ខ្ញុំ​គ្មាន​សេចក្តី​ក្លា​ហាន​ដាក់​ ពាក្យ​សុំ​ឡើយ​។​ខ្ញុំ​គិត​ថា​ខ្ញុំ​គ្មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ចំពោះ​ មុខ​តំណែង​នោះ​ឡើយ​ថ្វី​ដ្បិត​តែ​វា​មិន​មែន​ជា​ការ​ងារ​ខ្ពស់​ក៏​ដោយ​»​។
នៅ ​ពេល​ដែល​កញ្ញា​ដឹង​ថា មិត្ដ​ភក្ដិ​ខ្លះ​បាន​ជួប​បញ្ហា​ក្នុង​ការ​ស្វែង​រក​ការ​ងារ​ក្រោយ​បញ្ចប់​ ការ​សិក្សា វា​កាន់​តែ​ធ្វើ​ឲ្យ​កញ្ញា​ខ្លាច​រអា​និង​គិត​ស្មុគ​ក្នុង​អារម្មណ៍​ពី​មួយ​ ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ សំខាន់​បំផុត​នៅ​ពេល​ដែល​ជីវភាព​មិន​ធូរ​ធារ​កញ្ញា​ត្រូវ​គិត​ពី​ការ​ចំណាយ​ ប្រចាំ​ថ្ងៃ ណា​មួយ​បារម្ភ​ពី​ប្រាក់​បង់​ថ្លៃ​សិក្សា​ធ្វើ​ឲ្យ​កញ្ញា​រឹត​តែ​វិល​វល់​ ថែម​ទៀត​។
ផ្ទុយ​ពី​មតិ​របស់​កញ្ញា​វ៉ាន់ណែត​ខាង​លើ លោក​ស៊ិន​និមល អាយុ​២៤​ឆ្នាំ​ជា​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឲ្យ​ដឹងថា លោក​មិន​ដែល​រើស​អើង​ចំពោះ​ការងារ​ឡើយ​។ លោក​មាន​តែ​ពេញ​ចិត្ដ​ចំពោះ​ការងារ​នា​ពេល​បច្ចុប្បន្ន​មិន​ថា​វា​ជា​មុខ​ នាទី​ធំ​ដុំ ឬ​តូច​តាច​នោះ​ទេ​។ វា​អាស្រ័យ​លើ​ភាព​អំណត់​អត់​ធ្មត់​ក្នុង​ការ​លត់​ដំ​ខ្លួន​ដើម្បី​សម្រេច​ គោល​ដៅ​ប៉ុណ្ណោះ​។
តាម​ពិត​ទៅ​ហេតុ​ផល​ចម្បង​ដែល​ធ្វើ​ឲ្យ​យុវ​ជន​មិន ​ទទួល​បាន​ការងារ​គឺ​ពួកគេ​នៅ​ខ្វះ​បទ​ពិសោធ​និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ ​កង្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​និង​មិន​ដឹង​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​នេះ ​ហើយ​ទើប​ជា​កត្ដា​ជំរុញ​ឲ្យ​យុវជន​បាត់​បង់​ឱកាស​ការងារ​ដ៏​សម​ប្រកប​របស់​ ខ្លួន​។
កញ្ញា​ថេង យូ​ហៀង​ជា​អ្នក​សម្រប​សម្រួល​ផ្នែក​គ្រប់​គ្រង​ធន​ធាន​មនុស្ស​នៃ​សណ្ឋាគារ​ Plantation​បាន​ឲ្យ​ដឹង​ពី​នីតិវិធី​ក្នុង​ការ​ជ្រើស​រើស​បុគ្គ​លិក​ថា​ថ្វី ​ដ្បិត​តែ​បទ​ពិសោធ​ពិត​ជា​សំខាន់​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​យ៉ាង​ណា​ក៏ ​ដោយ ក៏​កញ្ញា​នៅ​តែ​ផ្ដល់​ឱកាស​ដល់​បុគ្គលិក​ដែល​កំពុង​តែ​ស្វែង​រក​ការងារ​ថ្មី ​ថ្មោង​ផង​ដែរ ប្រសិន​បើ​ពួកគេ​ពិត​ជា​មាន​ឆន្ទៈ​និង​ការ​តស៊ូ​ចំពោះ​កិច្ចការ​នោះ។
ចំពោះ ​លក្ខណ​សម្បត្តិ​របស់​បេក្ខជន​កញ្ញា​យូ​ហៀង​បាន​បញ្ជាក់​ថា​៖​ «ជា​ធម្មតា​ភាគ​ច្រើន​នៃ​បុគ្គលិក​ដែល​ត្រូវ​បាន​សម្រាំង​ចេញ​ពី​ការ​សម្ភាស ​ទទួល​បាន​លទ្ធ​ផល​ការងារ​ល្អ​ដោយ​សារ​តែ​ពួក​គេ​មាន​ឆន្ទៈ​និង​ចិត្ដ​អំណត់ ​តស៊ូ​ក្នុង​ការ​ងារ​។រី​ឯ​បេក្ខជន​មួយ​ចំនួន​ទៀត​ជួប​ការ​លំបាក​ក្នុង​ពេល​ បំពេញ​ការ​ងារ​ដោយ​សារ​តែ​ពួកគេ​ខ្វះ​ការ​អត់​ធ្មត់​និង​ត​ស៊ូ​ដែល​នាំ​ឲ្យ​ លទ្ធ​ផល​ការ​ងារ​មិន​ល្អ​»​។
យ៉ាង​ណា​មិញ និស្សិត​មួយ​ចំនួន​នៅ​តែ​មិន​អាច​ស្វែង​រក​ការងារ​សមរម្យ​ដែល​ស័ក្ដិ​សម​នឹង ​មុខ​ជំនាញ​របស់​ខ្លួន​ឡើយ​។​លោក​ថោង​កែវ​ប៊ុន​ណាត​បាន​ឆ្លើយ​តប​ថា​វា​អាច​ បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​ដែល​យើង​បាន​កត់​សម្គាល់​ថា​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​កំពុង​តែ​អភិវឌ្ឍ​រីក​ចម្រើន​។​មាន​ស្ថាប័ន​រដ្ឋ ​និង​ឯក​ជន​ជា​ច្រើន​ដែល​បាន​ផ្តល់​ចំណេះ​ដឹង​ដល់​សិស្ស​និសិ្សត​ហើយ​វិធី​ សាស្រ្ត​បង្រៀន​របស់​ពួក​គេ​ខុស​ប្លែក​ពី​គ្នា​។​អ្វី​ដែល​សិស្ស​អាច​ទទួល​ បាន​ក៏​មិន​ដូច​គ្នា​ក្នុង​ករណី​មួយ​ចំនួន​ផង​ដែរ​។
លោក​បាន​បង្ហាញ​ ពី​សុទិដ្ឋិ​និយម​ថា​សម្រាប់​ឱកាស​ការងារ​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ ទី​ផ្សារ​ការងារ​នឹង​កាន់​តែ​ធំ​ទូលាយ​ដែល​ទាម​ទារ​ឲ្យ​និស្សិត​ត្រូវ​ អភិវឌ្ឍ​ខ្លួន​ឯង​ជា​មុន​សិន​។​ពួក​គេ​ត្រូវ​ខិត​ខំ​បង្កើន​ចំណេះ​ដឹង​ផ្នែក ​ភាសា​និង​ជំនាញ​កុំព្យូទ័រ​ដើម្បី​ប្រកួត​ប្រជែង​និង​ចាប់​យក​ឱកាស​ការ​ងារ ​នៅ​អាស៊ី​។
ដើម្បី​ទទួល​បាន​ការ​ងារ​សមស្រប​នឹង​គោល​ដៅ​របស់​ខ្លួន​ យុវជន​គ្រប់​រូប​ត្រូវ​តែ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​សិក្សា​មិន​ត្រូវ​ទុក​ ពេល​វេលា​ឲ្យ​នៅ​ទំនេរ​ឬ​ផ្តោត​តែ​ទៅ​ការ​សិក្សា​តែ​មួយ​មុខ​ពេក​នោះ​ទេ គឺ​យើង​ត្រូវ​ចេះ​រក​ការ​ងារ​ក្រៅ​ម៉ោង​ឬ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ជា​ដើម​ដែល ​ទាក់​ទង​នឹង​មុខ​ជំនាញ​របស់​ខ្លួន​ដើម្បី​ដុស​ខាត់​ចំណេះ​ដឹង​សម្រាប់​ការ​ ងារ​ជាក់​ស្តែង​។​ជា​ការ​ពិត​ណាស់​ការ​ចាប់​ផ្តើម​ដំបូង​វា​មិន​អាច​ងាយ​ ស្រួល​ឬ​បាន​ធ្វើ​មុខ​តំណែង​ធំ​តែ​ម្តង​នោះ​ទេ​។ ដូច្នេះ​យើង​ត្រូវ​ចេះ​កសាង​ទំនុក​ចិត្ត​ចេះ​អត់​ធ្មត់​ចេះ​បន្ទាប​ខ្លួន ឱន​លំទោន​និង​អភិវឌ្ឍ​គុណ​ភាព​របស់​ខ្លួន​ទើប​ជា​មធ្យោ​បាយ​ដ៏​ក្នុង​ការ​ ចាប់​យក​ការងារ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​៕​ ​
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment