សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Saturday, November 17, 2012

ទ្រព្យសម្បត្តិឳពុកម្តាយមិនមែនសម្រាប់ឲ្យកូនបំផ្លិញបំផ្លាញ

ខណៈ​ដែល​សាកល​ភាវូ​បនីយកម្ម​កំពុង​តែ​រីក​ចម្រើន ​យុវជន​សម័យ​ទំនើប​ខ្លះ​កំពុង​តែ​ភ្លើត​ភ្លើន​និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​ សម្បត្ដិ​របស់​ឪពុក​ម្ដាយ​យ៉ាង​ពាលា​អាវា​សែ។​ទង្វើ​អបាយ​មុខ​ដែល​យុវជន​ គឃ្លើន​កំពុង​តែ​ប្រព្រឹត្ដ​នោះ ភាគ​ច្រើន​ដូចជា​ការ​ដើរ​លេង​គេច​សាលា ស៊ី​ផឹក​លេង​វីដេអូ​ហ្គេម​និង​ល្បែង​ស៊ី​សង​ព្រម​ទាំង​សេពគប់​មិត្ដ​ភក្ដិ​ មិន​ល្អ​ជា​ដើម​។ ជាង​នេះ​ទៅ​ទៀត​នោះ​ពួកគេ​ហ៊ាន​ប្រព្រឹត្ដ​បទ​ឧក្រិដ្ឋ​និង​ប្រើ​គ្រឿង​ញៀន​ ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​របស់​ឪពុក​ម្ដាយ និង​គ្រួសារ​ទាំង​មូល​។
គួរ ​ឲ្យ​កត់​សម្គាល់​ថា យុវតី​ប្រមាណ​ជាង​៧០​ភាគរយ​ក្នុង​ចំណោម​១២៣៦​នាក់​និង​យុវជន​៩១​ភាគរយ​ចំណោម ​១២៥៣​នាក់​ដែល​បាន​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​ចាប់​ពី​អាយុ​១០​ដល់​២៤​ ឆ្នាំ​បាន​បង្ហាញ​ថា ពួកគេ​បាន​សេព​គ្រឿង​ស្រវឹង​តាម​មិត្ដ​ភក្ដិ​អូស​ទាញ​។ នៅ​ក្នុង​នោះ​យុវតី​៣,៥​ភាគរយ​និង​យុវជន​១៥,២​ភាគរយ​បាន​ប្រើ​ប្រាស់​គ្រឿង​ ញៀន​។​ម្យ៉ាង​វិញ​ទៀត យុវជន​ជាង​៤១​ភាគរយ​និង​យុវតី​ជាង​២៣​ភាគរយ​ក្នុង​ចំណោម​អ្នក​ចូល​រួម​ក្នុង ​ការ​ស្ទង់​មតិ​បាន​ឈាន​ដល់​ការ​រួម​ភេទ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ស្ដី​អំពី​ការ​ស្ទង់​មតិ​យុវវ័យ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ខ្ពស់​កាល​ពី​ឆ្នាំ​២០១០​។
ទង្វើ​អបាយមុខ​រួម​មាន​ការ​សេព​គ្រឿង​ស្រវឹង គ្រឿង​ញៀន និង​រួមភេទ​សុទ្ធ​តែ​ត្រូវ​ចំណាយ​ប្រាក់​កាក់​របស់​ក្រុម​គ្រួសារ​ដែល​យុវជន ​ខ្លះ​ហ៊ាន​គំរាម​កំហែង​ឪពុក​ម្ដាយ​យក​ប្រាក់​មក​ចាយ​វាយ​ទៀត​ផង​។
អ្នក ​មាន​បទ​ពិសោធ​ចំពោះ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ផ្ទាល់​យុវជន​សុភ័ក្រ​វ័យ​ ២០​ឆ្នាំ​មិន​ស្ដាយ​ស្រណោះ​ម៉ូតូ​ដែល​ឪពុក​ម្ដាយ​ខំ​ទិញ​សម្រាប់​ធ្វើ​ដំណើរ ​ទៅ​សាលា​រៀន​ទេ​បែរ​ជា​យក​ទៅ​លក់​ដើម្បី​ដើរ​លេង​ជាមួយ​មិត្តភក្តិ ប្រើ​គ្រឿង​ញៀន​គ្រឿង​ស្រវឹង​និង​ចាយ​ខ្ជះ​ខ្ជាយ​នៅ​ក្នុង​ក្លិប​កម្សាន្ត​ ទៅ​វិញ​។
ការ ​សប្បាយ​ភ្លើត​ភ្លើន​រហូត​ដល់​ភ្លេច​ខ្លួន​ឯង​ថា​កំពុង​ប្រព្រឹត្ដ​អ្វី​ដែល ​ប្រាស​ចាក​នឹង​សីលធម៌​សង្គម​បាន​រុញ​ច្រាន​ឲ្យ​សុភ័ក្រ ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ឲ្យ​តែ​បាន​លុយ​មក​ទិញ​គ្រឿង​ញៀន​ដែល​ពេល​ខ្លះ ​សុភ័ក្រ បាន​លួច​លុយ​ឪពុក​ម្ដាយ​និង​លក់​វត្ថុ​មាន​តម្លៃ​ក្នុង​ផ្ទះ​ទៀត​ផង​ដោយ​ គ្រាន់​តែ​ដោះ​សា​ថា​៖ «​ថ្វីដ្បិត​តែ​ឪពុក​ម្ដាយ​ខំ​ប្រដែរ​ប្រដៅ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​មិន​ខ្ចី​ខ្វល់​ដែរ​ពីព្រោះ​ខ្ញុំ​គ្រប់​គ្រង​ខ្លួន​ឯង​មិន​បាន»​។
មិន ​ថា​តែ​យុវជន​រូប​នេះ​ទេ​ដែល​សប្បាយ​ក្នុង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​ សម្បត្ដិ​គ្រួសារ សូម្បី​តែ​យុវតី​វ័យ​២១​ឆ្នាំ កញ្ញា​ស្រី​លីន​ដែល​បាន​ឈប់​រៀន​តាំង​ពី​ថា្នក់​ទី​១១​តែង​តែ​ដើរ​លេង​ជាមួយ ​មិត្ដ​ភក្ដិ​គេច​សាលា​រៀន​និង​ចាយ​វាយ​ប្រាក់​ដែល​ឪពុក​ម្ដាយ​ផ្ដល់​ឲ្យ​ទៅ ​ដើរ​ច្រៀង​ខារ៉ាអូខេ​ផឹក​ស្រា​និង​ចូល​ក្លិប​យ៉ាង​ព្រងើយ​ទៅ​វិញ​។
កញ្ញា ​ទទួល​ស្គាល់​ថា​៖ «​ខ្ញុំ​ដឹង​ថា​វា​មិន​ល្អ​ទេ ប៉ុន្ដែ​ធ្វើ​ម៉េច​បើ​វា​ផ្ដល់​ការ​សប្បាយ​ឲ្យ​ខ្ញុំ​និង​ធ្វើ​ឲ្យ​ខ្ញុំ​ ហ៊ឺហា​ទាន់​សម័យ​ទៀត​»។
កូនៗ​មួយ​ចំនួន​ដែល​កំពុង​តែ​សប្បាយ​មិន​គិត​ ពី​អនាគត​របស់​ខ្លួន​ប្រហែល​ជា​មិន​បាន​ដឹង​ពី​ការ​លំបាក​របស់​ឪពុក​ម្ដាយ​ ទេ​មើល​ទៅ​ថា​តើ​ទឹក​ចិត្ដ​របស់​ពួក​គាត់​ព្រួយ​បារម្ភ​ចំពោះ​រូប​ខ្លួន​ដល់ ​កម្រិត​ណា?
ជាក់​ស្ដែង​អ្នក​ស្រី សាវុន​វ័យ​៥១​ឆ្នាំ​ជា​អាជីវករ​ម្នាក់​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ ​២០១០​ដាច់​ចិត្ដ​ប្រកាស​កាត់​កាល់​កូន​ប្រុស​ច្បង​ដែល​ធ្លាប់​តែ​បីបាច់​ ថ្នាក់​ថ្នម​តាំង​ពី​បាត​ជើង​ក្រហម​រងាល​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ប៉ូលិស​ដោយ​ សារ​តែ​អ្នកស្រី​អស់​លទ្ធភាព​គ្រប់គ្រង​រាល់​សកម្មភាព​បំផ្លិច​បំផ្លាញ​របស់ ​កូន​ទៀត​។
គ្មាន​ឪពុក​ម្ដាយ​ណា​ចង់​ធ្វើ​បែប​នេះ​ដាក់​កូន​ទេ ប្រសិន​បើ​កូន​ស្ដាប់​ដំបូន្មាន​របស់​គាត់​នោះ​។ យ៉ាង​ណា​មិញ​អ្នកស្រី​នៅ​តែ​ឆ្លៀត​ជួយ​ផ្ដល់​លុយ​កាក់​ដល់​កូន​គាត់​ជានិច្ច ​។
រី​ឯ​យុវជន ស៊ីរ៉ាណូ វ័យ​១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​វិទ្យា​ស្ថាន​ភាសា​បរទេស​និង​វិទ្យា​ស្ថាន​ ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ពី​បទ​ពិសោធ​របស់​ខ្លួន​ថា​លោក​សោក ​ស្ដាយ​ណាស់​នៅ​ពេល​ដែល​ដើរ​លេង​ជាមួយ​មិត្ដ​ភក្ដិ​រហូត​ដល់​ភ្លេច​ការ​ សិក្សា​។ ទម្រាំ​តែ​អាច​ដក​ខ្លួន​ពី​អំពើ​ឧបាយ​មុខ​នេះ​បាន​លោក​ត្រូវ​អរគុណ​ដល់​មជ្ឈ ​មណ្ឌល​អភិវឌ្ឍន៍​មនុស្ស​នៅ​លើ​ពិភព​លោក​(OPERACY) ដែល​បាន​បង្រៀន​ពី​ភាគ​ជោគ​ជ័យ​តាម​រយៈ​អំណាច និង​ការ​ដឹក​នាំ​ផ្ទាល់​ខ្លួន​។
យុវជន ស៊ីរ៉ាណូ បាន​ផ្ដែរ​ផ្ដាំ​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​អ្នក​រាល់​គ្នា​នឹង​ចំណាយ​ទ្រព្យ​របស់​ក្រុម​គ្រួសារ​ ក្នុង​ផ្លូវ​ល្អ ហើយ​សូម​កុំ​ធ្វើ​តាម​គំរូ​អាក្រក់​របស់​ខ្ញុំ។​សូម​ព្យាយាម​រៀន​សូត្រ​និង​ យក​ពេល​វេលា​មក​ធ្វើ​អ្វី​ឲ្យ​មាន​ប្រយោជន៍​ដល់​ខ្លួន​ឯង​គ្រួសារ​និង​សង្គម ​វិញ​»​។
ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ លោក​គឹម​ហៃ​ជា​អ្នក​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​នៃ​អង្គ​ការ​ខាណា (Khana) បាន​ផ្តល់​ដំបូន្មាន​ថា​យុវ​ជន​ត្រូវ​តែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ចាប់​រំលោភ ​មាន​ផ្ទៃ​ពោះ​វ័យ​ក្មេង​ក្រុម​ជើង​កាង និង​បទ​ឧក្រិដ្ឋ​ផ្សេងៗ​។​បើ​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ត្រូវ​ចេះ​ ពិភាក្សា​ជា​មួយ​ក្រុម​គ្រួ​សារ លោក​គ្រូ​អ្នក​គ្រូ ឬ​អ្នក​ជំនាញ​សេវា​គាំ​ពារ​ដែល​អ្នក​ទុក​ចិត្ត។
លោក គឹមហៃ បាន​លើក​ឡើង​ទៀត​ថា​៖ «​ឪពុក​ម្តាយ ត្រូវ​ចំណាយ​ពេល​ជា​មួយ​កូន​ជា​ជាង​គ្រាន់​តែ​ឲ្យ​លុយ​និង​ផ្គត់​ផ្គង់​ខាង​ ផ្នែក​សម្ភារ។ ម្យ៉ាង​វិញ​ទៀត រាជ​រដ្ឋាភិបាល​និង​ភ្នាក់​ងារ​សុខ​ភាព​គប្បី​ផ្សព្វ​ផ្សាយ​ពី​សុខ​ភាព​របស់ ​យុវជន​ការ​ផ្ដល់​ប្រឹក្សា​និង​ជំនាញ»។
លោក​ថោង​កែវ​ប៊ុនណាត​ជា​ មន្រ្តី​ការិយាល័យ​ផែន​ការ​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជ​ធានី​បាន​ បញ្ជាក់​ថា៖ «​យុវជន​ដែល​បាន​ដើរ​ផ្លូវ​ខុស​សូម​លះ​បង់​ចោល​ទៅ ហើយ​ក្រឡេក​មើល​គំរូ​ល្អ​របស់​យុវជន​ដទៃ​នៅ​ក្នុង​សង្គម​វិញ​។​សូម​ចំណាយ​ ពេល​ដែល​មាន​តម្លៃ​មក​ជួយ​អភិវឌ្ឍ​ប្រទេស​តាម​រយៈ​ការ​ងារ​ស្ម័គ្រ​ចិត្ត​ឬ​ ក៏​ព្យាយាម​រៀន​សូត្រ​ជា​ជាង​ធ្វើ​អំពើ​អា​ក្រក់​ដែល​សង្គម​ស្អប់​ខ្ពើម»៕​
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment