សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, October 10, 2012

ប្រាសាទបាគង

ប្រាសាទបាគង
ដូចប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទព្រៃមន្ទីរ ប្រាសាទបាគងស្ថិតក្នុងក្រុមរលួស តែ ស្ថិតចំកណ្តាលនៃទីក្រុងអង្គរទី១ ឬហរិហល័យ ដោយមានចម្ងាយប្រមាណជា ១២គ.ម ពីទីរួមខេត្តសៀមរាបបច្ចុប្បន្ន ។ សូមជម្រាបថា ប្រាសាទអង្គរទាំងនោះ ស្ថិតមិនឆ្ងាយពីគ្នាប៉ុន្មានទេ ពី ១ ទៅ ២គ.ម កន្លះតែប៉ុណ្ណោះ ។

ប្លង់នៃប្រាសាទបាគង (ឯកសារបារាំង)
ស្ថិតនៅខាងត្បូងនៃប្រាសាទព្រះគោ នៅក្នុងភូមិបាគង ស្រុកបាគងខេត្តសៀមរាប។ ប្រាសាទបាគងត្រូវបានសាងសង់ឡើង ដោយព្រះបាទឥន្ទ្រវរ្ម័នទី១ នៅឆ្នាំ៨៨១ នៃគ.ស ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ដ៏មានមហិទ្ធិឫទ្ធិ ។ ជាប្រាសាទមុនគេ សាងសង់អំពីថ្មភក់ ប្រកបដោយនិម្មាបនកម្មដ៏ល្អប្រណិត ដែលមានឈ្មោះដើមថា ថ្មនៃឥសៈ  ហើយតំណាងភ្នំសុមេរុ ព្រោះស្ថិតចំកណ្តាលនៃទីក្រុងហរិហល័យ ។
ការសិក្សាបានឲ្យដឹងថា ប្រាង្គកណ្តាលឬតួប៉មនៃប្រាសាទ ត្រូវបានជួសជល់នៅ ស.វទី១២ ក្នុងរជ្ជកាលរបស់ព្រះបាទសុរិយាវរ្ម័នទី២ ដូច្នេះហើយ ក្បាច់ក្បូរលំអមួយចំនួនស្ថិតក្នុងរចនាប័ថ្មអង្គរវត្ត ។ សូមជម្រាបថា រវាងឆ្នាំ១៩៣៦ និង ១៩៤៤ កំពូលនៃប្រាង្គកណ្តាលនេះដែលរលំបាក់ ត្រូវបានជួសជល់ដោយលោក ហ្លែស្ស ។
តួប៉មលណ្តាលកំពុងជួសជល់និងក្រោយការជួសជល់ (ឯកសារបារាំង)
ប្រាសាទបាគងមានកំពែង ២ ជាន់ គឺកំពែងខាងក្រៅនិងកំពែងខាងក្នុង ។ កំពែងខាងក្រៅមានទំហំ ៩០០គុណ៧០០ ម៉ែត្រ ហ៊ុមព័ទ្ធដោយគូទឹក ដែលតំណាងឲ្យមហាសមុទ្រនៃលោកធាតុវិទ្យាឥណ្ឌា ។ ផ្លូវចូលកាន់ប្រាសាទមានពីរ គឺខាងកើតនិងខាងលិច ដែលលំអដោយនាគញីឈ្មោលមួយគូរលូនអមសងខាងផ្លូវ ។ តែឥឡូវនេះ ត្រូវបានបាក់បែកសឹងតែទាំងអស់ គ្រាន់តែបន្សល់នៅក្បាល និងដងខ្លួនមួយចំនួនដែលររចរឹលប៉ុណ្ណោះ ។ រីឯចម្លាក់លំអទាំងឡាយនៅតាមជញ្ជាំងនៃខឿន ត្រូវបានខូចខាតទាំងអស់ លើកលែងតែថ្មមួយដុំនៅលើជញ្ជាំងខាងត្បូង នៅថ្នាក់ទី៤ ឆ្លាក់រូបយក្ខដែលសែសសល់ ។
ប្លង់ប្រាសាទបាគង តំណាងឲ្យចក្រវាឡ (ឯកសារសិលាបារាំងចុងបូព៌ា )
ដូចពោលខាងលើ ប្រាសាទបាគងគឺជាប្រាសាទភ្នំមានរាងជាសាជី ស្ថិតក្នុងកំពែងទី៣ គឺប្រាសាទភ្នំ ដែលដូចពោលខាងលើ តំណាងឲ្យភ្នំសុមេរុ នៅចំកណ្តាលទ្វីបទាំង ៥ ដែលនៅទីនេះតំណាងដោយថ្នាក់ទាំង ៥នៃប្រាសាទ ។ សូមជម្រាបថា ថ្នាក់ទាំង ៤ ផ្នែកខាងក្រោមគឺតំណាងឲ្យភពទាំង ៤ នៃចក្រវាឡ ដែលមានតាំងរូបគ្រុឌ យក្សនិងនាគជាដើម នៅគ្រប់មុខប្រាសាទទាំង ៤ ទិស តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ។ រីឯថ្នាក់ទី ៥ គឺជាទេវស្ថានឬឋានសួគ៌តំណាងដោយប្រាង្គកណ្តាលដែលត្រូវបានគេចាត់ទុកថា ជាភ្នំសុមេរុផ្ទាល់ ។
យើងឃើញមានប្រាសាទឥដ្ឋចំនួន ៨ ស្ថិតជុំវិញប្រាសាទផ្នែកខាងក្រោម ។ នៅលើបាទដ្ឋានយើងឃើញមានជណ្តើរនៅគ្រប់អ័ក្ស ។ ជណ្តើរទាំងនោះ នាំសាសនិកជនទៅកាន់ទីលាននៃថ្នាក់នីមួយៗ បន្តបន្ទាប់លើគ្នា ពិសេសទៅកាន់ប្រាង្គកណ្តាលដែលជាកន្លែងស័ក្តិសិទ្ធជាងគេបំផុត ។ មើលពីចំងាយតួប៉មកណ្តាលនេះផុសឡើងផុតពីដំបូលសំណង់ប្រាសាទតូចៗ នៅជុំវិញ ធ្វើអំពីថ្ម ដែលជាប្រាសាទឧបសម្ព័ន្ធ ។
ដូចនេះ ប្រាសាទរបស់យើង ត្រូវបានសាងសង់ឡើង តាមលោកធាតុវិទ្យាឥណ្ឌូ-ខ្មែរ តំណាងឲ្យភ្នំព្រះសុមេរុ ហើយគឺជានិមិត្តរូបនៃចក្រក្រវាឡ ។
សូមរំលឹកឡើងថា គឺនៅក្នុងប្រាង្គកណ្តាលខាងលើនេះហើយ ដែល ក្នុងអតីតកាល ព្រះបាទឥន្ទ្រវរ្ម័នទី១ បានកសាងព្រះវិស្ណុមួយអង្គ ដៃ៨ ព្រមទាំងលិង្គរាជ្យមួយឈ្មោះថា ស្រីឥន្ទ្រស្វរៈ ដើម្បីជានិមិត្តរូបនៃសម័យកាលរបស់ទ្រង់ ។ តាមខ្លឹមសារសិលាចារឹក ដែលគេបានរកឃើញនៅឆ្នាំ១៩៣៥ យើងដឹងទៀតថា ការកសាងបារាយណ៍មួយយ៉ាងធំឈ្មោះថា ឥន្ទ្រាតត្តកៈ ដើម្បីផ្តល់ទឹកសម្រាប់វិស័យកសិកម្ម ៕

ប្រភព ៖ ខេមបូឌាផេក

No comments:

Post a Comment