គោះត្រឡោក |
ល្បែងគោះត្រឡោក
ជាល្បែងមួយយ៉ាងដែលមនុស្សប្រុសជំទង់ៗឬចំណាស់ៗដែលគេលេងក្នុងពេល
ណាក៏បាន តែគេច្រើនតែលេងក្នុងពេលលើកជំនូន-ស៊ីស្លា
ឬមង្គលការកូន គឺពេលហែកូនប្រុសទៅជូនជំនូន
ឬទៅចូលរោងនៅផ្ទះខាងស្រី ក្នុងពេលនោះ គេតែងរកអ្នកចេះគោះត្រឡោក
មកលេងជាកំសាន្ត ។
មនុស្សអ្នកលេងមានតែម្នាក់ទេ ។ មុននឹងលេង គេយកត្រឡោកល្អៗ២ ទំហំប៉ុនគ្នា មកកាន់នៅដៃស្ដាំ ១ ដៃឆ្វេង ១ ហើយគេអង្គុយ ឬឈរ គោះប្រជល់គ្នាតាមចង្វាក់ មាន ៧ គឺ:
មនុស្សអ្នកលេងមានតែម្នាក់ទេ ។ មុននឹងលេង គេយកត្រឡោកល្អៗ២ ទំហំប៉ុនគ្នា មកកាន់នៅដៃស្ដាំ ១ ដៃឆ្វេង ១ ហើយគេអង្គុយ ឬឈរ គោះប្រជល់គ្នាតាមចង្វាក់ មាន ៧ គឺ:
ទី១ គោះលើក្បាល
ទី២ គោះខាងមុខ
ទី៣ គោះខាងក្រោមឃ្លៀកស្ដាំ
ទី៤ គោះខាងក្រោមឃ្លៀកឆ្វេង
ទី៥ គោះខាងក្រោមជើងស្ដាំ
ទី៦ គោះខាងក្រោមជើងឆ្វេង
ទី៧ គោះខាងក្រោយខ្នង
លុះគោះគ្រប់ ៧ ថ្នាក់ហើយ គេចាប់គោះពីទី ១ សាជាថ្មីឡើងទៀត តាមលំដាប់ហូរហែទៅ ។
បើគោះបែបឈរ គេគោះបណ្ដើរ ច្រៀងបណ្ដើរតាមបទ ឬទំនុកដែលគេចេះ ។
នៅពេលហែកូនកំលោះទៅជូនជំនូន ឬទៅចូលរោងការ
ឬនាំកូនក្រមុំចុះពីផ្ទះទៅចូលរោងខាងប្រុស គេតែងគោះបែបឈរ
គឺអ្នកគោះត្រឡោក គេឈររេរាំធ្វើជាស្ទាក់មុខកូនកម្លោះ
មិនឲ្យឡើងទៅលើផ្ទះខាងស្រី ឬកូនក្រមុំមិនឲ្យចូលទៅរោងខាងប្រុស ។
បើម្ដាយឪពុកនៃសាមីខ្លួនទាំងសងខាងអាណិតគ្នា កុំឲ្យឈរយូរពេក
ខ្លាចនឿយហត់ ឬខ្មាស់គេ គេយកវត្ថុអ្វីមួយមានស្រានិងសាច់ក្លែម
ឬប្រាក់ជាដើមតាមសមគួរ សូមអ្នកគោះត្រឡោកនោះ
បើអ្នកគោះគេសុខចិត្តព្រមបើកឲ្យទៅ ទើបចូលទៅបាន ។
ល្បែងនេះ ជាល្បែងមួយយ៉ាង នាំឲ្យអ្នកទស្សនាកើតសេចក្ដីរីករាយ
ហើយជាល្បែងដែលរាប់ចូលក្នុងការហាត់ប្រាណ នាំឲ្យដៃកើតសាច់ដុំ
និងឲ្យដៃរហ័សរហួន ៕
ប្រភព ៖ cen.com.kh
No comments:
Post a Comment