ក្បួនព្រះរាជដំណើរ របស់ព្រះរាជាសម័យអង្គរ |
ជាទូទៅគេធ្លាប់ដឹងឮពីកិត្តិនាមសម័យ
អង្គរថា ខ្មែរមានទឹកដីធំទូលាយ
ខ្មែរមានស្នាដៃកសាងប្រាសាទដ៏អស្ចារ្យ
ព្រះរាជាមានប្ញទ្ធិខ្លាំងពូកែជាដើម
ប៉ុន្តែតាមជនជាតិចិន លោកជីវ តាក្វាន់
ដែលបានមកប្រទេសខ្មែរនៅចុងសតវត្សរ៍ទី១៣បានកត់ត្រានិទានពីក្បួនព្រះរាជដំណើរយាងចេញពីព្រះរាជវាំងរបស់ព្រះ
រាជាថា មានភាពអធិកអធមគួរឱ្យចាប់អារម្មណ៍ណាស់ ។
បើគេស្រមៃតាមការ និទាននោះ
គឺវាដូចជាផ្ទាំងទស្សនីយភាពសិល្បៈ
ឬការរៀបចំឈុតឆាកសម្រាប់ថតខ្សែភាពយន្តមួយដ៏អស្ចារ្យ ។
តើក្បួនព្រះរាជដំណើររបស់ព្រះរាជាសម័យអង្គរនោះយ៉ាងដូចម្តេចខ្លះ ?
លោកជីវ តាក្វាន់ និទានថា
នៅមុខក្បួនដង្ហែព្រះរាជាមានពួកទាហាន
បន្ទាប់មកមានអ្នកកាន់ទង់ជ័យ និងអ្នកភ្លេង ។
បន្ទាប់មកទៀត
គឺផ្នែកស្រីៗមានគ្នាពីបីរយទៅប្រាំរយនាក់
ប្រកបដោយសម្លៀកបំពាក់មានភ្ញីស្លឹកឈើ
មានផ្កាសៀតក្នុងផ្នួងសក់
និងដៃកាន់ទៀនដែលទោះជានៅពេលថ្ងៃក៏ត្រូវឱ្យឆេះដែរ ។
តពីក្រុមនេះ មានស្រីៗមួយពួកផ្សេងទៀត
កាន់គ្រឿងប្រដាប់ស្តេចធ្វើពីមាស និងប្រាក់
និងគ្រឿងលម្អទាំងអស់សុទ្ធសឹងតែជារបស់ប្លែកៗ ។
បន្ទាប់មកទៀតគឺក្រុមស្រីៗដែលជារាជអង្គរក្សដើរកាន់
លំពែង និងខែល ។
ប្រភពដដែលរៀបរាប់បន្តថា តមកទៀត
គឺក្រុមរទេះពពែ រទេះសេះ សុទ្ធសឹងតុបតែងដោយគ្រឿងមាស ។
គួរឱ្យចាប់អារម្មណ៍ថែមទៀតនោះគឺពួកក្សត្រ
និងពួកនាម៉ឺនសព្វមុខមន្ត្រីជិះដំរីដែលគេមើល
ពីចម្ងាយទៅឃើញតែក្លស់ពណ៌ក្រហមច្រើនដេរដាសសន្ធឹកសន្ធាប់
។ បន្ទាប់ពីផ្នែកនេះ គឺមហេសី
និងស្នំរបស់ព្រះរាជាដែលជិះគ្រែស្នែងរទេះសេះ
និងដំរី ហើយមានក្លស់ជាងមួយរយលាបទឹកមាស ។
ចុងក្រោយបង្អស់
គឺព្រះរាជាគង់ឈរលើដំរី និងព្រះហស្តកាន់ព្រះខាន់ ។
ភ្លុកដំរីនេះស្រោបដោយមាស
ឯក្លស់បាំងព្រះរាជាមានជាងម្ភៃ ដោយពណ៌មាស
និងដងស្រោបមាសដែរ ។
ក្រៅពីនេះមានដំរីដទៃទៀតជាច្រើនដើរអមដំណើរព្រះ
រាជា ព្រមទាំងមានទាហានដទៃទៀតតាមការពារព្រះអង្គ
។ជនណាដែលឃើញព្រះរាជាហើយ ត្រូវតែលុតជង្គង់
ហើយឱនក្បាលដល់ដី ។
តាមរយៈការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជានាសម័យអង្គរមានឋានៈស្មើអាទិទេព ហើយពេលសោយទីវង្គតទៅព្រះអង្គនឹងយាងទៅគង់នៅឋានទេវលោក ។
តាមរយៈការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជានាសម័យអង្គរមានឋានៈស្មើអាទិទេព ហើយពេលសោយទីវង្គតទៅព្រះអង្គនឹងយាងទៅគង់នៅឋានទេវលោក ។
រាជធានីរបស់ព្រះរាជាជាតំណាងចក្រ
វាលទាំងមូល
ប្រាសាទភ្នំនៅកណ្តាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុ
ដែលគេចាត់ទុកថាជាស្នូលនៃចក្រវាល ។ កំពែង
និងគូទឹកជានិមិត្តរូបជួរភ្នំ និងសមុទ្រ
ដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ។
ចំពោះប្រាសាទភ្នំសម្រាប់តម្កល់លិង្គទេវរាជ
អាចប្រើបានសម្រាប់តែព្រះរាជាមួយអង្គប៉ុណ្ណោះ
លុះព្រះអង្គសោយទិវង្គតទៅប្រាសាទនោះនឹងក្លាយជាផ្នូរ
របស់ព្រះអង្គ ។
តាមរយៈការនិទានពីក្បួនព្រះរាជដំណើរដ៏អធិក
អធមរបស់ព្រះរាជានោះ ក៏អាចជាភស្តុតាងមួយថា
ប្រទេសខ្មែរនាសម័យអង្គរពិតជាមានភាពរុងរឿងដល់កំពូលមែន
៕
ប្រភព៖ សារព័ត៌មានកោះសន្តិភាព
No comments:
Post a Comment