សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Monday, August 6, 2012

តើយុវសិស្សគួរតែមានប៊្រុយយ៉ុងនៅពេលប្រឡងឬ?

ការប្រើប៊្រុយយ៉ុងពេលប្រឡង

«លួច​ចម្លង​ក្នុង​ពេល​ប្រឡង គឺជា​រោគ​ពិស​នៃ​ប្រព័ន្ធ​អប់រំ​។ វា​បាន​ធ្វើ​ឲ្យ​អាប់​ឱន​ដល់​គុណ​តម្លៃ​នៃ​សញ្ញាបត្រ​របស់​ប្រទេស »។ នេះ​បើ​យោង​តាម​កម្មវិធី​សមធម៌​ ភាគ​ទី​៥៧​ របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​។ ប្រាកដ​ណាស់​ ការ​លួច​ចម្លង​បាន​រារាំង​ដល់​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​របស់ សិស្សានុសិស្ស។ នៅ​ពេល​ប្រឡង​ម្ដងៗ សិស្ស​ខ្លះ​រំពឹង​តែ​លើ​ការ​បើក​ចម្លង ជា​​ជាង​ការ​ប្រើ​សមត្ថភាព​របស់​ខ្លួន​។ ទង្វើ​បើក​ចម្លង​ទាំង​អស់​នេះ សឹង​តែ​ក្លាយ​ជា​ទម្លាប់​នៅ​រៀង​រាល់​ការ​ប្រឡង​ទៅ​ហើយ​។ ​ដូច​ដែល​យើង​បាន​ឃើញ​ស្រាប់​ហើយ​ បើ​ទោះ​ជា​លោក​គ្រូ អ្នក​គ្រូ​បាន​រឹត​បន្ដឹង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​លួច​ចម្លង​នៅ​តែ​មាន​វិធី​របស់​ពួក​គេ​។
លទ្ធផល​ដែល​ទទួល​បាន​ពីការ​លួច​ចម្លង​នៅ​ពេល​ប្រឡង​ ពិត​ជា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សិស្ស​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​។
ជា ​រៀងរាល់​ឆ្នាំ មាន​របាយការណ៍​ជា​ច្រើន​អំពី​ការ​លួច​ចម្លង​ក្នុង​ពេល​ប្រឡង​ថ្នាក់​ជាតិ រមែង​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​ហូរហែ ​ប៉ុន្តែ​ពួក​គេ​នៅ​តែ​ឆ្លៀត​បើក​ប្រ៊ុយយ៉ុង​ចម្លង​។ ជួន​កាល​ មាន​ព័ត៌មាន​លេច​ឮ​ពី​ការ​ធ្លាយ​សំណៅ​ចម្លើយ​ទៀត​ផង។ ​
តើ​ការ​លួច​ ចម្លង​ក្នុង​ពេល​ប្រឡង ជះ​ឥទិ្ធពល​អ្វី​ខ្លះ​ដល់​សិស្សានុសិស្ស​ខ្លួន​ឯង និង​សង្គម​ជាតិ​ទាំង​មូល ហើយ​យើង​ត្រូវ​ធ្វើ​​យ៉ាង​ណា​ដើម្បី​ពង្រឹង​គុណភាព​អប់រំ?
យោង​តាម​ លោក ​ថាវ​ និមល​ ជា​គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​ដង្កោ ​បាន​ពន្យល់​ថា៖​ «​ផល​ប៉ះពាល់​ដំបូង​គឺ​សិស្ស​ខ្លួន​ឯង​ វា​អត់​មាន​គុណភាព​ ទៅ​ថ្ងៃ​មុខ​វា​ធ្វើ​អ្វី​អត់​កើត​ ដែល​ទាំងអស់​នេះ​ វា​បង្ក​ជា​វិបត្តិ​សម្រាប់​ខ្លួន​គេ​ និង​សង្គម​ទៅ​ថ្ងៃ​អនាគត​។​ កង្វះ​ធនធាន​មនុស្ស បាន​ជំរុញ​ឲ្យ​ប្រទេស​ជាតិ​អាប់ឱន​កិត្តិយស​នៅ​លើ​ឆាក​អន្តរជាតិ​ ព្រោះ​យុវជន​ជា​សសរ​ទ្រូង​ត្រូវ​ពុក​ផុយ ធ្វើ​ការ​អ្វី​ក៏​អត់​កើត​ ហើយ​វា​ថែម​ទាំង​ជះឥទ្ធិពល​អាក្រក់​ដល់​អ្នក​ជំនាន់​ក្រោយ​ទៀត​ផង​​»។
លោក ​គ្រូ បាន​បន្ថែម​ថា៖​ «ដើម្បី​ពង្រឹង​គុណភាព យើង​មិន​ត្រូវ​គិត​ចង់​ពង្រឹង​តែ​រយៈពេល​ប្រឡង​២​ថ្ងៃ​នោះ​ទេ ប៉ុន្ដែ​ត្រូវ​គិត​គូរ​តាំង​ពី​ពួក​គេ​នៅ​រៀន​ថ្នាក់​បឋមសិក្សា​មក។​ កុំ​ឲ្យ​មាន​ការ​ចម្លង​ បង្រៀន​សិស្ស​ឲ្យ​ប្រើ​តែ​សមត្ថភាព​ផ្ទាល់​ ឲ្យ​សិស្ស​រៀន​ដើម្បី​ចេះ​ មិន​មែន​ដើម្បី​តែ​ជាប់​មួយ​មុខ​នោះ​ទេ​ ហើយ​ក៏​ត្រូវ​ប្ដូរ​ទម្លាប់​លក់​ដូរ​វិញ្ញាសា​ពេល​ប្រឡង​ ព្រោះ​វា​បាន​ជំរុញ​ទឹក​ចិត្ត​សិស្ស​ឲ្យ​សង្ឃឹម​លើ​ការ​បើក​ចម្លង ជាជាង​សមត្ថភាព​»។
មាន​របាយការណ៍​មួយ​ទៀត នៅ​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ចេញ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០០៩ សរសេរ​ដោយ លោក​ឃុត សុភចរិយា​ និង​លោក​ ថា​ ពិសិដ្ឋ ក្រោម​ប្រធាន​បទ «ការ​លួច​ចម្លង​ពេល​ប្រឡង​ដូចជា​ការ​ធ្វើ​ការ​ងារ​ក្រុម»។ សិស្ស​បាន​និយាយ​ថា ​ពួក​គេ​អាច​ចម្លង​បាន​តាម​រយៈ​ទូរស័ព្ទ​ មនុស្ស​ និង​ការ​លាក់​ឯកសារ​ ប៉ុន្តែ វា​ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ធ្វើ​ការ​បដិសេធ​។
កញ្ញា​ ប៉ិច​ សុវណ្ណារ៉ា​ ជា​សិស្ស​ថ្នាក់​ទី​១២ ​នៃ​វិទ្យាល័យ​មួយ​នៃ​រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា​៖​ «សិស្ស​ខ្លះ​អត់​សូវ​មាន​ពេល​រៀន​ ព្រោះ​តែ​រវល់​ការងារ​ក្រៅ​ឬ​ការងារ​គ្រួសារ​ ដូច្នេះ​ការ​​ចម្លង​គ្នា​ពេល​ប្រឡង ​បាន​ជួយ​សម្រាល​បន្ទុក​របស់​ពួក​គេ​ជា ​ច្រើន​។ រីឯ​សិស្ស​ខ្លះ​ទៀត ខិត​ខំ​ព្យាយាម​រៀន​សូត្រ​ដែរ ប៉ុន្ដែ​ហាក់​ដូច​ជា​មិន​រីក​ចម្រើន​អី​សោះ​។ ដូច្នេះ ពួក​គេ​ត្រូវ​តែ​ជ្រើស​រើស​យក​វិធី​នេះ​»។ ​
កញ្ញា បាន​អះអាង​ថា​៖​ «​ចំពោះ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​ក៏​បាន​ខិត​ខំ​ប្រឹង​រំឭក​មេរៀន​សម្រាប់​ពេល​ប្រឡង​ខាង​មុខ​នេះ​ដែរ​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​មុខ​វិជ្ជា​ច្រើន​ពេក​     ​ ដូច្នេះ​ខ្ញុំ​ចាំ​អត់​អស់​ទេ​ មាន​តែ​ត្រៀម​វិញ្ញាសា​មេរៀន​មួយ​ចំនួន​សម្រាប់​ទុក​បើក​ចម្លង​ប៉ុណ្ណោះ​ ​ ប្រសិន​បើ​អាច​ទៅ​រួច»។
ឆ្លើយ​តប​នឹង​ទស្សនៈ​របស់​យុវសិស្ស​ខាង​លើ​ នេះ លោក​ សំ​ សេរីរ័ត្ន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ បាន​ពន្យល់​ថា៖​ «​ចំពោះ​ពាក្យ​ថា​ ដោយ​សារ​តែ​សំណួរ​ចេញ​តែ​នៅ​ក្នុង​សៀវភៅ​ ត្រូវ​តែ​ចម្លង​​ ដើម្បី​ឲ្យ​បាន​ពិន្ទុ​ច្រើន​នោះ​ គឺ​វា​មិន​ពិត​ទេ។​ គេ​មាន​វិធី​ និង​របៀប​កែ​របស់​គេ​»។
ចំពោះ​ការ​លួច​ចម្លង​ក្នុង​ពេល​ ប្រឡង លោក​ សំ​ សេរីរ័ត្ន​ បាន​​ថ្លែង​ប្រាប់​ថា៖ ​«​រាល់​​ការ​ប្រឡង​ថ្នាក់​ជាតិ​ទាំង​អស់​ ក្រសួង​អប់រំ​ តែង​តែ​ចេញ​​បទប្បញ្ញត្តិ​ដល់​សិស្ស​ និង​គ្រូ​ទាំង​អស់​​រួច​ហើយ​​។​ វា​​មិន​មែន​មាន​ការ​លួច​ចម្លង​នោះ​ទេ​ ហើយ​បើ​មាន​ករណី​នេះ​ត្រូវ​បាន​រក​ឃើញ​​ មែន សិស្ស​ដែល​លួច​ចម្លង​នោះ​នឹង​ត្រូវ​បញ្ឈប់​ពីការ​ប្រឡង​ភ្លាម​»​។​
ជាការ ​ពិត ប្រឡង​ជាប់​ដោយ​សារ​តែ​ប្រ៊ុយយ៉ុង​ដែល​មិន​មែន​ជា​សមត្ថភាព​របស់​ខ្លួន​ឯង​ នោះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ខ្លួន​ប្រាកដ​មែន​។ ជាក់​ស្តែង លោក​ ជា​ សុវណ្ណារ៉ា ជា​និស្សិត​ឆ្នាំ​ទី២​នៃ​វិទ្យាស្ថាន​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​កម្ពុជា ​បច្ចុប្បន្ន​កំពុង​តែ​ប្រឈម​នឹង​វិបត្តិ​នេះ​។ ជា​រៀងរាល់​ថ្ងៃ លោក​រៀន​មិន​ទាន់​គេ ព្រោះ​តែ​មូល​ដ្ឋាន​គ្រឹះ​មិន​រឹង​មាំ​។
លោក​ បាន​រៀបរាប់​ទៀត​ថា៖ «​កាល​ពីខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុកដាក់​រៀន​ប៉ុន្មាន​ទេ​ ហើយ​ខ្ញុំ​គ្រាន់​តែ​ចង់​លួច​ចម្លង​ពី​អ្នក​ដទៃ យក​ម៉ាជាប់​ប៉ុណ្ណោះ។ ​ដូច្នេះ ​នៅ​ពេល​មក​សិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ ខ្ញុំ​ពិត​ជា​ពិបាក​រត់​តាម​គេ​មែន​ទែន​​ ពី​ព្រោះ​គេ​ចេះ​ គេ​មាន​គ្រឹះ​រឹងមាំ ប៉ុន្ដែ​សម្រាប់​ខ្ញុំ​ អ្វី​ៗ​ក៏​ថ្មី​ទាំងអស់​ ទាំង​ចំណេះ​ដឹង ទាំង​ភាសា​។​ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​គេ​ណាស់​ ជាពិសេស នៅ​ពេល​ឃើញ​មាន​ឈ្មោះ​ខ្លួន​ឯង​ធ្លាក់ ខ្ញុំ​​មិន​ដឹង​យក​មុខ​ទៅ​ទុក​នៅ​ណា​ទេ​ ហើយ​ក៏​គ្មាន​​អ្នក​ណា​ចង់​ធ្វើ​ការ​ដៃ​គូ ឬ​ក្រុម​ជាមួយ​ខ្ញុំ​ដែរ​​។​
​ ជា​ចុង​ក្រោយ​ លោក សុវណ្ណារ៉ា​ បាន​ផ្តាំផ្ញើ​ថា​៖   «​សូម​យុវ​សិស្ស​ជំនាន់​ក្រោយ​ទាំង​អស់ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ត្រូវ​ដឹង​ថា​ បើ​យើង​មិន​ចេះ​ គឺ​គេ​មើល​ងាយ​យើង​ណាស់​។ ​ប្រសិន​​បើ​យើង​សង្ឃឹម​លើការ​បើក​ចម្លង នោះ​អនាគត​របស់​យើង​នឹង​សូន្យ​តែម្តង​ ពី​ព្រោះ​វា​ជះ​ផល​អាក្រក់​ដល់​យើង​នៅ​ពេល​យើង​ចេញ​ធ្វើ​ការងារ​ ឬ​នៅ​ពេល​ដែល​រៀន​អនុវត្ដ​ជាក់​ស្តែង​ដែល​យើង​ធ្វើ​មិន​កើត​។​ មាន​ខ្ញុំ​មួយ​ជា​គំរូ អ៊ីចឹង​កុំ​ដើរ​ជាន់​ដាន​របស់​ខ្ញុំ​»។​
ដូច្នេះ សូម​យុវជន​ទាំង​អស់​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ និង​ងាក​មក​ប្រើ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ប្រឡង​យក​សញ្ញា​បត្រ​ដ៏​ ពិត​ប្រាកដ​។​ យើង​​ជឿជាក់​ថា​ ប្រសិន​បើ​ប្អូនៗ​ទាំង​អស់​ប្រឡង​ជាប់​ដោយ​សមត្ថភាព​ខ្លួន​ឯង​ នោះ​មិន​ថា​តែ​ប្អូន​ផ្ទាល់​ទេ ​ដែល​មាន​មោទនភាព សូម្បី​តែ​គ្រួសារ និង​សង្គម​ជាតិ​ខ្មែរ​ទាំង​មូល ​ក៏​មាន​កិត្តិយស​ផង​ដែរ​៕

ប្រភព ៖ សារព័ត៌មានភ្នំពេញប៉ុស្តិ៍


No comments:

Post a Comment