សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Thursday, August 23, 2012

ផលប៉ះពាល់ចំពោះសិស្ស-និស្សិតដែលលួចមើលរឿងអាសអភាសក្នុងថ្នាក់រៀន

រូបភាព​អាសអាភាស តែង​តែ​វិវត្ត​ទៅ​តាម​សម័យ​កាល​នៃ​បច្ចេក​វិទ្យា​ និង​ការ​បង្កើត​ថ្មី នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ បែក​ខេម​ពីរ ​ក្នុង​ឆ្នាំ​២០០៧​ ក្រោម​ចំណង​ជើង​ថា​ «ពី​ស៊ីឌី​រូប​ទៅ​ជា​ឌីវីឌី»​។ ខណ:ពេល​បណ្ដាញ​អ៊ីនធឺណិត​កំពុង​តែ​ពេញ​និយម​នៅ​កម្ពុជា​ រូប​ភាព​ និង​រឿង​អាសអាភាស​ ក៏​បាន​វិវត្ដ​ខ្លួន​ពី​សៀវភៅ ទស្សនាវដ្ដី ឬ​វីដេអូ​ រហូត​ដល់​អ៊ីនធឺណិត​ថែម​ទៀត​។ ទាំង​នេះ​បញ្ជាក់​ថា រូបភាព និង​រឿង​អាសអាភាស​ កាន់​តែ​ងាយ​ស្រួល​សម្រាប់​ប្រជាជន​ខ្មែរ ពិសេស​យុវវ័យ​ក្នុង​ការ​ចូល​ទស្សនា​នៅ​គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា។
ប្រសិន ​បើ​ពួក​គេ​លួច​មើល​នៅ​ទី​កន្លែង​ស្ងាត់​ណា​មួយ​ វា​មិន​ថ្វី​នោះ​ទេ​។ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ទ្រាំ​នឹង​រិះ​គន់​មិន​បាន​នោះ​ គឺថា​យុវជន​ខ្លះ​បាន​នាំ​គ្នា​មើល​រឿង​ក្ដៅ​សាច់​ទាំង​នេះ​នៅ​ក្នុង​ពេល សិក្សា ជា​ពិសេស​នៅ​បរិវេណ​សាលា​រៀន​តែ​ម្តង។
 
ប្អូន​ប្រុស​ដែល​ប្រាប់ ​ឈ្មោះ​ហៅ​ក្រៅថា ប្រុស​ស្អាត ​អាយុ​១៧​ឆ្នាំ រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​រៀប​រាប់​ថា​៖ «ខ្ញុំ​មើល​វីដេអូសិច​នៅ​ក្នុង​ថ្នាក់​រៀន​តាម​រយៈ​ទូរស័ព្ទ​ដៃ របស់​ខ្ញុំ ពីព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​គ្រូ​បង្រៀន​ណាស់ ។ គាត់​បង្រៀន​តែ​គាត់ ប៉ុន្ដែ​គាត់​មិន​បាន​ដឹង​ថា ខ្ញុំ​ កំពុង​តែ​ធ្វើ​អ្វី​ទេ ពីព្រោះ​ខ្ញុំ​យក​សៀវភៅ​បាំង​ទូរស័ព្ទ​មិន​ឲ្យ​គាត់​មើល​ឃើញ​ឡើយ។ មិន​មែន​មាន​តែ​ខ្ញុំ​ទេដែល​មើល​រឿង​ក្ដៅ​សាច់​ក្នុង​ថ្នាក់​នោះ នៅ​មាន​សិស្ស​ជាច្រើន​ទៀត​ក៏​មើល​ដែរ​»។
អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ដ​ បំផុត​ ប្អូន​ប្រុស​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា ពួក​គេ​មិន​ខ្មាស​អៀន​អ្វី​ឡើយ​ ដោយ​ក្រុម​ប្រុសៗ​មើល​ជាមួយ​ប្រុសៗ ហើយ​ក្រុម​ស្រីៗ​នាំ​គ្នា​មើល​មួយ​បក្ខ​ទៀត។
រីឯ​យុវនិស្សិត​ម្នាក់​ ឈ្មោះ​កញ្ញា ស.ស.រ ដែល​នេះ​ជា​ឈ្មោះ​អក្សរ​កាត់​ វ័យ​១៩​ឆ្នាំ រៀន​នៅ​សាកល វិទ្យាល័យ​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​បង្ហើប​ពី​អាថ៌កំបាំង​ក្នុង​ពេល​សិក្សា​នៅ​វិទ្យាល័យ​ថា​ ក្រុម​ប្រុសៗ​រមែង​នាំ​គ្នា​មើល​វីដេអូ​សិច​តាម​ទូរស័ព្ទ​របស់​ពួក​គេ ហើយ​ជួន​កាល​ពួក​គេ​បាន​បោះ​ឲ្យ​សិស្ស​ស្រី​មើល​ទៀត​ផង។
កញ្ញា​បាន​ ឃើញ​សិស្ស​ប្រុស​ខ្លះ​លួច​មើល​រឿង​សិច​ដោយ​ត្រូវ​បិទ​បាំង​ពី​ ភ្នែក​គ្រូ​បង្រៀន​ ដោយ​ពួក​គេ​លាក់​ទូរស័ព្ទ​នៅ​ក្រោម​តុ ឬ​យក​សៀវភៅ​បាំង​ ខណៈ​គ្រូ​កំពុង​សរសេរ​មេរៀន​លើ​ក្ដារ​ខៀន។
ទង្វើ​អសីលធម៌​របស់​ សិស្ស-និស្សិត​មួយ​ចំនួន​តូច​ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សាលា និង​ប៉ះពាល់​ដល់​អារម្មណ៍​របស់​សិស្ស-និស្សិត​ដទៃ​ដែល​មក​រៀន​ពិត​ ប្រាកដ​ទៀត​ផង​។
យោង​តាម​របាយការណ៍​សារ​ណា​ថ្នាក់​បញ្ចប់​ផ្នែក​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ របស់​ខ្ញុំ​ផ្ទាល់​ក្នុង​ឆ្នាំ​២០១២​នេះ​ ដែល​បាន​សិក្សា​អំពី «រូបភាព ឬ​រឿង​អាសអាភាស និង​អ្នក​មើល» បាន​រក​ឃើញ​ថា អ្នក​មើល​រូបភាព ឬ​ក៏​រឿង​ទាំង​នោះ​ គឺជា​ចំណង់​ចំណូល​ចិត្ដ​របស់​បុគ្គល​ផ្ទាល់​ខ្លួន​ និងបាន​ឃើញ​ដោយ​ចៃដន្យ​តាម​រយៈ​ឌីសវីដេអូ ​ទូរ​ស័ព្ទ​ដៃ និង​កុំព្យូទ័រ​។ ប៉ុន្តែ​ក្នុង​ចំណោម​ឧបករណ៍​បច្ចេក​វិទ្យា​ទាំង​នោះ ទូរស័ព្ទ​ដៃ​ជា​ឧបករណ៍​ទំនើប​ពេញ​និយម​ជាង​គេ ដោយ​សារ​តែ​វា​តូច និង​ងាយស្រួល​កាន់​មើល​នៅ​ពេល​ណា​ក៏​បាន។​
យ៉ាង​ណា​មិញ ការ​ញៀន​មើល​រឿន​ក្ដៅ​សាច់​ វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​យុវជន​កម្ពុជា និង​សង្គម​ជាតិ។ ការ​ស្រាវជ្រាវ​របស់​ខ្ញុំ បាន​បង្ហាញ​ថា ក្រោយ​ពី​មើល​រឿង​អាសអាភាស​រួច​ អ្នក​ឆ្លើយ​សំណួរ​របស់​ខ្ញុំ​ខ្លះ​ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​មាន​អារម្មណ៍​ផ្លូវ​ភេទ​យ៉ាង​ខ្លាំង ​តែ​អាច​គ្រប់​គ្រង​បាន​ ប៉ុន្តែ​ក៏មាន​យុវជន​ដទៃ​ទៀត ដែល​ទ្រាំ​មិន​បាន ក៏​ស្វះ​ស្វែងរក​សេវាកម្ម​ផ្លូវ​ភេទ​ ឬ​ក៏​ដៃគូ​ស្នេហា​ដែល​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ និង​ជំងឺ​ផ្សេងៗ។ រីឯ​ស្ដ្រី​វិញ អាច​មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​ព្រាង​ទុក ដែល​បង្ក​ឲ្យ​មាន​ការ​រំលូត​កូន​ចោល​ និង​អាច​ប្រព្រឹត្ដ​បទ​ឧក្រិដ្ឋ​ទៀត​ផង​។ ​លទ្ធផល​នេះ ​ក៏​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ របាយការណ៍​របស់​អង្គ​ការ​ទស្សន:​ពិភពលោក​កាល​ពី​ឆ្នាំ​២០០៥ ដល់២០០៦​ និង​របាយការណ៍​របស់​អង្គការ​ដើម្បី​សុខុមាលភាព​របស់​កុមារ​កាល ពី​ឆ្នាំ​២០០៣ ផង​ដែរ។
អ្វី​ដែល​កាន់​តែ​អស្ចារ្យ​ថែម​ទៀត ពួក​គេ​មិន​ត្រឹម​តែ​មើល​ខ្លួន​ឯង​ទេ ប៉ុន្តែបាន​ចែក​រំលែក​រឿង និង​គេហទំព័រ​ក្ដៅ​សាច់​ផ្សេងៗ​ដល់​មិត្ដ​រួម​ថ្នាក់​ស្រីៗ​ដោយ​ គ្មាន​អៀន​ខ្មាស​អី​ទាល់​តែ​សោះ​។
ជាក់​ស្ដែង ម៉ៅ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​យុវសិស្ស​វិទ្យាល័យ​មួយ​ វ័យ​២២​ឆ្នាំ បាន​រៀប​រាប់​ថា៖ «​ខ្ញុំ​ចូល​ចិត្ត​មើល​វីដេអូសិច​បែប​ហិង្សា ហើយ​ខ្ញុំ​ពិត​ជា​ចង់​អនុវត្ត​វា​ខ្លាំង​ណាស់ ពីព្រោះ​​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន  អារម្មណ៍​ត្រេកត្រអាល​បំផុត​។​ ខ្ញុំ​បាន​កុហក​ឪពុក​ម្តាយ​ថា ខ្ញុំ​ត្រូវ​ការ​លុយ​ដើម្បី​រៀន​គួរបន្ថែម ប៉ុន្ដែ​ខ្ញុំ​បាន​ចំណាយ​ពី ៥ ទៅ​១០​ដុល្លារ ​ទៅ​បន្ធូរ​អារម្មណ៍​ជាមួយ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​វិញ»។
បើ​និយាយ​ ពី​បញ្ហា​របស់​វា​វិញ វា​ពិត​ជា​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិស្ស-និស្សិត​ដែល​រៀន​នៅ​ក្នុង​ ថ្នាក់​ជាមួយ​គ្នា​។ វា​ធ្វើ​ឲ្យ​បាត់​បង់​នូវ​សេចក្ដី​ថ្លៃថ្នូរ និង​កិត្ដិយស​របស់​បុគ្គល​ផ្ទាល់​ គ្រួសារ​ និង​សង្គម​ជាតិ ព្រម​ទាំង​ខាត​ពេល​វេលា​រៀនសូត្រ​ និង​រំខាន​អ្នក​ដទៃ​ផង​ដែរ​។
ពាក់ព័ន្ធ ​នឹង​បញ្ហា​ខាង​លើ​ អ្នក​ស្រី​ពុង ឈីវ​កេក​ ជា​ប្រធាន​អង្គការ​លីកាដូ និង​ជា​ប្រធាន​ក្រុម​អនុសញ្ញា​ស្តីពី​ការ​លុប​បំបាត់​រាល់់​ទម្រង់​ នៃ​ការ​រើស​អើង​លើ​ស្រ្តី​ភេទ មាន​ប្រសាសន៍​ថា វា​ជា​សកម្មភាព​អសីលធម៌ នៅ​ពេល​ដែល​កូន​សិស្ស​មួយ​ចំនួន មើល​រូបភាព ឬ​រឿង​អាសអាភាស​ក្នុង​ថ្នាក់​។​ វា​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង ទាំង​ពេលវេលា លុយ​កាក់ និង​កិត្តិយស។
អ្នក ​ស្រី បាន​បន្ដ​ថា​៖ «សាលារៀន​ជា​ថ្នាល​បណ្តុះ​បណ្តាល វា​មិន​មែន​ជា​កន្លែង​សម្រាប់​​មើល​រឿង​អាសអាភាស​ទេ។ ក្រសួង​អប់រំ​គួរ​តែ​បង្កើត​បទ​បញ្ជា​ឲ្យ​តឹងរ៉ឹង​សម្រាប់​ដាក់​ទណ្ឌកម្ម​ ដល់​សិស្ស​ទាំង​នោះ​។​ ម្យ៉ាង​វិញ​ទៀត គ្រូ​បង្រៀន​គួរ​តែ​ប្រុងប្រយ័ត្ន ហើយ​ប្រមូល​នូវ​ឧបករណ៍​អេឡិចត្រូនិក​មក​រក្សា​ទុក​នៅ​លើ​តុ​ដើម្បី​ ទប់ស្កាត់​នូវ​បញ្ហា​ទាំង​នេះ ប្រសិន​បើ​អាច​ទៅ​រួច»។
អ្នក​ស្រី បាន​ឲ្យ​ដឹង​ថា នៅ​ប្រទេស​បារាំង កូន​សិស្ស មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក​រាល់​សម្ភារ     អេឡិចត្រូនិក ចូល​បន្ទប់​រៀន​នោះ​ទេ ដើម្បី​ឲ្យ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មេ​រៀន។
អ្នកស្រី ពុង ឈីវកេក បាន​លើក​ឡើង​ទៀត​ថា៖​ «ប្រទេស​យើង គួរ​តែ​មាន​មុខ​វិជ្ជា​អប់រំ​ផ្លូវ​ភេទ ដើម្បី​អប់រំ​យុវជន​យើង​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អសីលធម៌​នៅ ក្នុង​ថ្នាក់​រៀន​បែប​នេះ​ទៀត​»។​
ឆ្លើយ​តប​នឹង​សំណូមពរ​នេះ​ដែរ លោក ថោង កែវប៊ុនណាត ដែល​ជា​មន្រ្តី​ការិយាល័យ​ផែន​ការ​នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ក្រសួង​អប់រំ និង​សាលា​មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​ដើម្បី​ទប់ស្កាត់​រាល់​បញ្ហា​អសីលធម៌​ របស់​សិស្ស-និស្សិត​មួយ​ចំនួន​តូច ​ដែល​លួច​មើល​រូបភាព ឬ​រឿង​អាសអាភាស​ក្នុង​ថ្នាក់​។​ រឿង​នេះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ និង​ការ​វិវត្ដ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​។
លោក បាន​គូស​បញ្ជាក់​ថា៖​ «យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ពី​បញ្ហា​នេះ ឲ្យ​បាន​ទូលំទូលាយ​។ យើង​មិន​អាច​ទប់ស្កាត់ ក្រុម  យុវជន​កុំ​ឲ្យ​មើល​រឿង​អាសអាភាស​ទេ​ ពី​ព្រោះ​វា​ជា​សិទិ្ធ​របស់​ពួក​គេ ប៉ុន្តែ​យើង​អាច​កាត់​បន្ថយ​ពួក​គាត់​ពី​ការ​ប្រើ​ប្រាស់​នូវ​រូបភាព​ អាសអាភាស តាម ​រយៈ​ការ​ណែ​នាំ​របស់​លោក​គ្រូ​អ្នក​គ្រូ​។ ម្យ៉ាង​វិញ​ទៀត ​យើង​អាច​បង្កើត​ជា​កម្មវិធី​អប់រំ​សីលធម៌​សង្គម​»។
លោក​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​ក្រសួង​មិន​អាច​ទាន់​បង្កើត​នូវ​កម្មវិធី​អប់រំ​សុខភាព ផ្លូវ​ភេទ​នៅ​ឡើយ​ទេ​ដោយ​សារ​តែ​សង្គម​ខ្មែរ​នៅ​កាន់​ទំនៀម​ទម្លាប់​ ប្រពៃណី។​
លោក​បាន​បន្ថែម​ថា​៖ «​យើង​អាច​បញ្ជ្រាប​បញ្ចូល​កម្មវិធី​ម្តង​បន្តិច​ៗ ចៀស​វាង​ការ​បើក​ចំហ​ហួសហេតុ ដែល​អាច​ធ្វើ​ឲ្យ​យុវជន​មាន​ការ​ភ្លើត​ភ្លើន​ខ្លាំង ​ដូច​ជា ករណី​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ជាដើម​។ ជា​ដំបូង​យើង​អាច​បញ្ចូល​កម្មវិធី​អប់រំ​ផ្លូវ​ភេទ​បែប​ស្រាលៗ ស្ដី​ពី​សីលធម៌​សង្គម។
ចំពោះ​ទង្វើ​អសីលធម៌​របស់​និស្សិត​មួយ​ចំនួន លោក​គ្រូ សម ចាន់​សុវណ្ណដារ៉ា បាន​បង្ហើប​ប្រាប់​ថា មាន​និស្សិត​តិច​តួច​ណាស់ ដែល​មើល​រឿង​អាសអាភាស ប៉ុន្ដែ​និស្សិត​ដែល​លេង​ហ្គេម និង​មើល​រូប​តារា​ពេល​កំពុង​រៀន​មាន​ច្រើន។
លោក ​គ្រូ បាន​បង្ហាញ​ពី​ចំណាត់​ការ​ថា​៖ «ខ្ញុំ​តែង​តែ​ប្រមូល​ឧបករណ៍​អេឡិចត្រូនិក​ពី​កូន​សិស្ស    ដើម្បី​ឲ្យ​ពួក​គេ​ផ្តោត​តែ​ទៅ​លើ​មេ​រៀន​របស់​ខ្ញុំ​ប៉ុណ្ណោះ​។ ​ប្រសិន​បើ​មាន​អ្វី​ខុស​ប្លែក​ ​ខ្ញុំ​នឹង​ត្រួត​      ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ចៀស​វាង​ការ​លួច​មើល​រឿង​សិច​ក្នុង​ថ្នាក់​។
ដើម្បី​ទប់​ ស្កាត់​ទង្វើ​អសីលធម៌​ក្នុង​សាលារៀន  ក្រសួង​អប់រំ គួរ​តែ​បង្កើត​បទ​បញ្ជា​ដ៏​តឹងរ៉ឹង​បំផុត​សម្រាប់​ដាក់​ទណ្ឌកម្ម​។​ ​ពិសេស លោក​គ្រូ​អ្នក​គ្រូ​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​​ពី​សកម្មភាព​សិស្សានុសិស្ស​របស់​ ខ្លួន​ទាំង​អស់។ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន លោក​គ្រូ​អ្នក​គ្រូ​ ​គួរ​តែ​សំណូម​ពរ​ឲ្យ​កូន​សិស្ស​បិទ​ ឬ​ក៏​រក្សា​ទុក​ឧបករណ៍​​អេឡិចត្រូនិក​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ខ្លួន​ ​ដើ​ម្បី​ទុក​ពេល​ឲ្យ​ពួក​គេ​អាច​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មេ​រៀន​។​
ចំពោះ ​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​យល់​ឃើញ​ថា សិស្ស-និស្សិត​ខ្លួន​ឯង គួរ​គម្បី​កុំ​មើល​រឿង​អាសអាភាស​នៅ​ក្នុង​សាលា ដែល​អាច​បំផ្លាញ​ដល់​កិត្តិយស​ខ្លួន​ឯង ​ថ្នាក់​រៀន មិត្តភក្ដិ សាលារៀន និង​​សង្គមជាតិ​ទាំងមូល​។ រដ្ឋាភិបាល ក៏​គួរ​តែ​ពិចារណា​ពី​ការ​ដាក់​បញ្ចូល​មុខវិជ្ជា​អប់រំ​ផ្លូវ​ភេទ ​​សម្រាប់​កម្មវិធី​សិក្សា របស់​ជាតិ​ក្នុង​គោល​បំណង​បំបាត់​នូវ​បញ្ហា​ដែល​បាន​កើត​ឡើង​ខាង​លើ៕
 
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment