សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Wednesday, June 13, 2012

គិតមុននិយាយ


កូនសម្លាញ់...!

មាត់មនុស្សយើងនោះ នាំទាំងសុខ និងទុក្ខមកឲ្យយើង។
មានពាក្យដាស់តឿនជាច្រើនទាក់ទងជាមួយមាត់ ដូចជា "ស្លាប់រស់ក៏ព្រោះតែមាត់"​
ពេលកូនទាក់ទងជាមួយអ្នកណា ធ្វើការនៅឯណាក៏ដោយ របស់ដែលអ្នកត្រូវ
ប្រយ័ត្នជាងគេនោះគឺមាត់។

លោកពោលថា "ចូរទុកមាត់នៅក្នុងចិត្ត កុំទុកចិត្តនៅក្នុងមាត់" គឺចង់និយាយអីឲ្យទុកក្នុងចិត្ត
កុំនិយាយគ្រប់យ៉ាងតាមចិត្តគិតអី និយាយច្រើន ឱកាសខុសក៏មានច្រើន
និយាយតិច ខុសតិច ពេលចាំបាច់ត្រូវនិយាយ ក៏គួរនិយាយយ៉ាងមានសតិ និយាយល្មមៗ
និយាយឲ្យល្អត្រូវតាមធម៌ ហើយមានប្រយោជន៍ លោកពោលថា 
"សម្តីដែលឮពេកនោះ សម្តីដែលខ្លាំងពេកនោះ សម្តីដែលហួសពីការពិត
សុទ្ធតែអាចសម្លាប់អ្នកនិយាយដែលល្ងង់ខ្លៅបានទាំងអស់"
មនុស្សសម័យនេះពូកែនិយាយ និងនិយាយបានច្រើនណាស់ តែកូនពិចារណាមើលឲ្យច្បាស់ មនុស្សពូកែនិយាយបែបនោះ តើមានប៉ុន្មាននាក់ទៅដែលនិយាយល្អនោះ ធ្វើឲ្យកើតសាមគ្គីភាព ធ្វើឲ្យគ្រប់គ្នាមានការសប្បាយចិត្ត?

តែយើងកុំទៅហាមមិនឲ្យគេនិយាយ គឺមិនបានទេ គេនិយាយល្អ ឬមិនល្អយ៉ាងណា និយាយឲ្យអ្នកណាវាជាសិទ្ធិផ្ទាល់ខ្លួនរបស់គេទេ។ គេនិយាយ គេត្រូវតែទទួលខុសត្រូវដោយខ្លួនឯង ដែលសំខាន់កូនកុំទៅនិយាយដូចគេទៅបានហើយ។

គិតឲ្យច្បាស់មុនពេលនិយាយជានិច្ច។ បើនិយាយពីអ្នកដទៃនោះ យើងត្រូវតែប្រយ័ត្ន ព្រោះយើងមិនបានស្គាល់គេច្បាស់ទេ មិនដឹងពីអារម្មណ៍នឹកគិតរបស់គេ ច្បាស់ដូចខ្លួនរបស់គេទេ យើងយកមកគិតខ្លួនឯងថា គេជាបែបនោះ គេជាបែបនេះ ហើយយកទៅនិយាយអាក្រក់ពីគេ មើលទៅមិនយុត្តិធម៌នោះទេ។

ល្អបំផុត គឺកុំនិយាយពីអ្នកដទៃ ដោយមិនដឹងរឿងដែលពិតប្រាកដ 
ទោះបីជាដឹងមែន ក៏មិនគួរនិយាយ បើចាំបាច់ត្រូវនិយាយ 
គួរនិយាយយ៉ាងមានសតិ និយាយដោយប្រុងប្រយ័ត្ន
ព្រោះការនិយាយពីអ្នកដទៃនោះ ប្រថុយចំពោះភាពជាសត្រូវនឹងគ្នា
ហើយក៏ជាបាបកម្មដែរ ប្រយ័ត្នទៅ គឺល្អណាស់ទៅហើយ !

No comments:

Post a Comment