សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Monday, January 7, 2013

បទពិសោធន៍ដាំម្ទេស

ម្ទេស
កសិករ លៀ ម៉េង​លី រស់នៅ​ភូមិ​បំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ជា​អ្នក​មាន​បទពិសោធ​ន៍ដាំ​ម្ទេស​បាន​ផ្លែ​ច្រើន ។ បទពិសោធ​ន៍នេះ​គាត់​ចេះ​ពី​ឪពុក​ម្តាយ​របស់​គាត់​តៗ​មក ។ នៅលើ​ផ្ទៃដី ១០ អារ គាត់​បេះ​ម្តង​បាន ២០ គីឡូក្រាម ជា​សរុប​បាន​ផល​ចំនួន ២៤០-២៦០ គីឡូក្រាម ក្នុង ១ រដូវ ។​
 ទិដ្ឋភាព​ដំណាំ​ម្ទេស​នៅ​ពេល​ចេញ​ផ្លែ​
១.​ការរៀបចំ​ដី និង​ការ​សាប​គ្រាប់​
​ ​មុន​ដាំ គាត់​បាន​រៀប​ថ្នាល​សាប​កូន​លើ​ផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើ​ថ្នាល គាត់​បាន​ជ្រុំ​កាប់​បំផុសដី និង​ដាក់​ជីលា​មក​គោ​ចំនួន ២ ប​ង្គី កប់​ចូលក្នុង​ថ្នាល ។ គាត់​បាន​យក​គ្រាប់ពូជ​ទិញ​ពី​ផ្សារ​ចំនួន ១ ខាំ ទៅ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ រយៈពេល ២​ម៉ោង ទើប​យក​ទៅ​សាប​នៅ​ថ្នាល ។ ក្រោយ​ពី​សាប គាត់​បាន​កាត់​កំទេច​ចំបើង​គ្របពី​លើ រួច​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ ។​
២.​ការរៀបចំ​ដី​ដាំ​កូន​ម្ទេស និង​ការដាំ​កូន​
​ ​គាត់​ភ្ជួរ​រាស់​ដី​ឲ្យ​ម៉ដ្ឋ​ល្មម រួច​កាប់​រណ្តៅ​ដែល​មាន​ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ៥ តឹក និង​ចន្លោះ​ជួរ ៥ តឹក ។ នៅក្នុង​រណ្តៅ​នីមួយៗ គាត់​បាន​ប្រើ​ជីលា​មក​សត្វ​ពុកផុយ​ដាក់​ទ្រាប់​បាត​រណ្តៅ ។ មុន​នឹង​ដក​ស្ទូង គាត់​ស្រោច​ទឹក​ឲ្យ​ជោគ​នៅលើ​ថ្នាល​ដើម្បី​ងាយស្រួល​ដក​កុំឲ្យ​ដាច់​ឫស ។ ក្នុង ១ រណ្តៅ គាត់​ដាំ​កូន​ម្ទេស ១ ដើម ដោយ​ជ្រើសរើស​តែ​ដើម​ថ្លោស​ល្អ ។ ក្រោយ​ពី​ដាំ​កូន​ហើយ គាត់​កាត់​ចំបើង​ធ្វើ​គម្រប រួច​ស្រោច​ទឹក​ឲ្យ​ជោគ ។​
៣.​ការថែទាំ​
​ ​ក្រោយ​ពី​ស្ទូង​ហើយ គាត់​ស្រោច​ទឹក ១ ថ្ងៃ ២ ដង ។ ក្រោយ​ពី​កូន​ម្ទេស​ដុះ​រឹង​ប៉ឹង ស្មៅ​ចាប់ផ្តើម​ដុះ គាត់​បាន​ធ្វើការ​ជ្រុំដី​ដក​ស្មៅ ដើម្បី​បំផុសដី​ឲ្យមាន​ខ្យល់​ចេញចូល ទឹក​ជ្រាប​បានល្អ ។ ក្នុង​ការដាំ​ម្ទេស​នេះ គាត់​ជួបប្រទះ​នូវ​ការបំផ្លាញ​ពី​ស្រមោច​ដែល​រោម​ត្រួយ ធ្វើឲ្យ​ត្រួយ​រួញ​ស្លឹក គាត់​បាន​កំចាត់​វា​ដោយ​រោយ​ផេះ​នៅតាម​គល់ ។ នៅពេល​ម្ទេស​ជិត​ចេញ​ផ្កា គាត់​បាន​ដាក់​ជីកំប៉ុស្តិក​ប់ចូល​ដី​នៅ​ក្បែរ​គល់ ។ ការ​គ្រប​គល់​ធ្វើ​ស្មៅ និង​ស្រោច​ទឹក​បន្ត​រហូត​ដល់​ម្ទេស​ចេញ​ផ្លែ ។​
៤.​ការប្រមូល​ផល​
​ ​ក្រោយ​ពី​ដាំ​បាន​រយៈពេល ៤ ខែ គាត់​ចាប់​ប្រមូល​ផល ដោយ​បេះ​តែ​ផ្លែ​ទុំ​ល្អ ឬក្រហម​ព្រឿងៗ ។ ការ​បេះ​ផ្លែ​ធ្វើឡើង​រយៈពេល ១ អាទិត្យ​ម្តង ។ គាត់​បេះ​ផ្លែ​ម្ទេស​ម្តង​បាន ២០ គីឡូក្រាម លើ​ផ្ទៃដី ១០ អារ ។​ ​ក្នុង​មួយ​ខួប​ជីវិត ​គាត់​បេះ​បាន​ប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០ គីឡូក្រាម ។ តំលៃ​ដែល គាត់​លក់​បាន​ប្រែប្រួល​ពី ៤០០០-៥០០០ រៀល​ក្នុង​១ គីឡូក្រាម ។ ក្នុង​ការដាំ​ម្ទេស​នេះ គាត់​ចំណាយ​តែ​លើ​ការទិញ​ពូជ​តែ​ម្តង​ប៉ុណ្ណោះ ការដាំ​ក្រោយៗទៀត គាត់​រក្សាទុក​ពូជ​ដោយ​ខ្លួនឯង ។​
​សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន ៖
​ ​- រៀបចំ​ថ្នាល​បណ្តុះ​គ្រាប់​ម្ទេស​ដោយ ប្រើ​ជីលា​មក​សត្វ​ពុកផុយ​
​ ​- ត្រាំ​គ្រាប់​ម្ទេស​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​យក​ទៅ​សាប​នៅ​ថ្នាល​
​ ​- កាប់​រណ្តៅ​ដាំ​ដែល​មាន​ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ៥ តឹក និង​ចន្លោះ​ជួរ ៥ តឹក ដោយ​ប្រើ​ជីលា​មក​គោ​ដាក់​ទ្រាប់​បាត​រណ្តៅ​
​ ​- ដក​កូន​ម្ទេស​ដែល​មាន​កំពស់ ១ តឹក និង​មាន​ដើម​រឹងមាំ ឬ ដើម​ថ្លោស​យក​មក​ដាំ​
​ ​- ថែទាំ​ស្រោច​ទឹក និង​ជ្រុំ​បំផុ​សដី ដកស្មៅ​ចោល​
​ ​- កំចាត់​ស្រមោច​រោម​ត្រួយ​ដោយ​ប្រើ​ផេះ​ចង្ក្រាន​បាច​គល់​ម្ទេស​
 ​ ​- ដាក់​ជីកំប៉ុស្តិ​បំប៉ន គ្រប​គល់​ស្រោច​ទឹក​បន្ត​រហូត​ដល់​ម្ទេស​ចេញ​ផ្លែ៕ 
ប្រភព ៖ cen.com.kh

No comments:

Post a Comment