សេចក្តីជូនដំណឹង
សេវាប្រឹក្សាយោបល់ផ្នែកជំនាញកសិកម្ម នៃអង្គការ NASTO សូមប្រកាសផ្អាកមួយរយៈពេលវែង ដោយគ្មានការកំណត់ អាស្រ័យហេតុនេះសូមសិក្ខាកាម និងមិត្តអ្នកអានទាំងអស់មេត្តាជ្រាបជាដំណឹង, សូមអរគុណ

Sunday, November 11, 2012

ទឹកចិត្តម្តាយ

ពេលម្តាយក្រមុំស្រស់ប្រិមប្រិយ
ក្រអូបឥតបីគ្រប់វេលា
សម្លៀកបំពាក់សមសោភា
ស្រស់ស្រីពុំងារសក់រំសាយ។

ស្រលាញ់ខ្លួនណាស់តែងផ្ចិតផ្ចង់
ទៅណាម្តងៗមើលរាងកាយ
រៀបចំខ្លួនប្រាណមិនរាយមាយ
គួរគយគន់ឆ្ងាយកល្យាណី។

ពេលមានកូនម្តាយមិនសូវគិត
ពីខ្លួនឯងពិតស្រវាបី
បុត្រភ្ងាសំលាញ់លើសលប់អ្វី
សន្តោសប្រណីរាល់យប់ថ្ងៃ។

រាត្រីម្តាយសំរាន្តមិនឆ្អែត
រវល់បើកភ្នែកមើលបុត្រថ្លៃ
ក្រែងមានស្រមោច ឬសត្វអ្វី
ខាំទិចពិសីពៅមាសមុំ។


បុត្រជុះបុត្រនោមម្តាយមិនថា
ឲ្យតែពុំងារបានសុខុម
សុខភាពបវរល្អឧត្តម
ទើបអស់បារម្ភពីបុត្រស្ងួន។

ម្តាយឈឺម្តាយថ្កាត់មិនហាស្តី
លំបាកម្តេចក្តីម្តាយខំធួន
ទោះបីហត់នឿយមិនគេចពួន
ម្តាយនៅមាំមួនមិនត្អួញឡើយ។

កូនមានកំហុសម្តាយជេរស្តី
ប្រដៅស្រដីគ្មានកន្តើយ
អាណិតអាសូរបុត្រគ្មានត្រើយ
ជេរស្តីរួចហើយហៅរកវិញ។

ចិត្តម្តាយចង់ឲ្យកូនបានខ្ពស់
ថ្កុំថ្កើនសក្តិយសទ្រព្យពោរពេញ
ដោយភាពសុខដុមគ្មានទោម្នេញ
ពុំគិតចំណេញពីកូនហោង។

លុះកូនធំឡើងចេះដឹងក្តី
សក្តិសមឥតបីល្អហ្មត់ហ្មង
ម្តាយសែនត្រេកអរពេកកន្លង
នួនល្អងដើរតាមដំបូន្មាន។

ជាតិថ្កុំជាតិថ្កើនដោយសារស្ងួន
កម្លាំងមាំមួនប្រឹងប្រែងរៀន
ចំណេះគ្រប់មុខធ្វើជាយាន
នាំជាតិឆ្ពោះឈានអភិវឌ្ឍន៍។

ដោយលោកស្រី ហង្ស ភារី

No comments:

Post a Comment